អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​សម្រេច​ផ្អាក​អគារ​សំណង់​៣ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ

ដោយ ហេង រស្មី
2019-07-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៩។
អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​សម្រេច​ផ្អាក​សំណង់​អគារ​ចំនួន​បី​ជា​បណ្ដោះអាសន្ន​ក្នុង​ចំណោម ៥​អគារ​ដែល​រក​ឃើញ​ថា គ្មាន​ច្បាប់​អនុញ្ញាត និង​សាងសង់​ខុស​បច្ចេកទេស​។ មន្ត្រី​សហជីព​ខាង​កិច្ចការ​សំណង់​នៅតែ​ដាក់​មន្ទិល​សង្ស័យ​ថា របប​ក្រុងភ្នំពេញ​នឹង​មិន​អាច​ធ្វើ​កិច្ចការ​ឯករាជ្យ​បានទេ និង បាន​ចាត់ទុកថា រាល់​វិធានការ​កន្លងមក​គឺ អាជ្ញាធរ​នៅតែ​អនុវត្តន៍​តាម​ស្តង់ដារ​ពីរ ដោយ​មិន​យក​ច្បាប់​ជា​គោល​នោះ​ទេ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី២ កក្កដា ថា ការសម្រេច​របស់​អាជ្ញាធរ​នេះ​បាន​កើតមានឡើង​បន្ទាប់​អាជ្ញាធរ រក​ឃើញ​ថា អគារ​ដែល​បាន​សាងសង់​ទាំង​៣​នេះ​គ្មាន​គុណភាព និង​ពុំមាន​ច្បាប់​អនុញ្ញាត​សាងសង់។

លោក​បញ្ជាក់​ថា អគារ​ទាំងនោះ​ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ហើយ​អាជ្ញាធរ​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន​ដើម្បី​រង់ចាំ​គណៈកម្មការ​ជំនាញ ធ្វើការ​វាយតម្លៃ​រួចរាល់​សិន​ទើប​អនុញ្ញាត​ឱ្យ​ដំណើរការ​សាងសង់​វិញ៖ «រាល់​គម្រោង​ទាំងអស់​គឺ​ត្រូវ​ទទួល​ការវាយតម្លៃ​ទៅលើ​លក្ខណៈ​បច្ចេកទេស​ដែល​មាន​ស្តង់ដារ​បច្ចេកទេស និង​កំណត់​ដោយ​ក្រសួង​ដែនដី ហើយ​ក្រសួង​ដែនដី​លោក​បាន​បង្កើត​ក្រុមការងារ​ដែល​ពិនិត្យ​ចុះ​មក​វាយតម្លៃ​គុណភាព និង​បទដ្ឋាន​បច្ចេកទេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​យើង​ហ្នឹង»

របប​ក្រុងភ្នំពេញ​បានសម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​មាន​សមាសភាព​ចំនួន​១៥ រូប ដោយមាន​ការចូលរួម​ពី​ក្រសួង​ដែនដី ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួងបរិស្ថាន និង​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ខែ​មិថុនា​បាន ស្នើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​សំណង់​ខុសច្បាប់ ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទៅ​។​

លិខិត​ចេញ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា របស់​លោក ជា សុផារ៉ា ផ្ញើ​ជូន​លោក ហ៊ុន សែន បញ្ជាក់​ថា វិធាន​ការដែល​លោក​ចង់​ឱ្យ​អនុវត្ត​ចំពោះ​ការដ្ឋាន​សំណង់​ដែល​ខុសច្បាប់​ទាំងនោះ​រួមមាន​៖

ក្រសួង​រ៉ែ និង​ថាមពល​អាច​ចាត់​មិន​ឱ្យ​មានការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​អាច​ចាត់​មិន​ឱ្យ​ផ្គត់ផ្គង់​ទឹក​ស្អាត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ត​បណ្ដាញ​លូ​ភ្ជាប់​ទៅ​លូ​សាធារណៈ ក្រសួង​ព័ត៌មាន​អាច​បិទ​មិន​ឱ្យ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឯ​ស្ថាប័ន និង​អង្គភាព​ផ្សេងទៀត​មិន​ត្រូវ​ផ្ដល់​លិខិត​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម។

លិខិត​ដដែល​បញ្ជាក់​ទៀត​ថា សំណើ​វិធានការ​បែបនេះ​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការដ្ឋាន​សំណង់​សណ្ឋាគារ អគារ​ស្នាក់នៅ​រួម អគារ​ពាណិជ្ជកម្ម រោងចក្រ សិប្បកម្ម និង​សំណង់​ផ្សេងៗ​ទៀត ដែល​គ្មាន​ច្បាប់​អនុញ្ញាត ការសាងសង់​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​លើកលែង​លំនៅឋាន​ផ្ទាល់​របស់​ពលរដ្ឋ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សុខ គីន មិន​មាន​ជំនឿ​​ទៅលើ​វិធានការណ៍​របស់​របប​ក្រុងភ្នំពេញ​ទេ។ លោក​និយាយ​ថា វិធានការ​កន្លងមក អាជ្ញាធរ​នៅតែ​អនុវត្តន៍​តាម​ស្តង់ដារ ពីរ​ដោយ​មិន​យក​ច្បាប់​ជា​គោល​នោះ​ទេ។

លោក​បញ្ជាក់​ថា នៅ​មាន​សំណង់​អគារ​ជាច្រើន​ទៀត​ដែល​លោក​បាន​រក​ឃើញ​កំពុង​សាងសង់​គ្មាន​គុណភាព ថា​តើ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​មាន​វិធានការ​បែប​ណា​ចំពោះ​អគារ សំណង់​ទាំងនោះ​។​

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់​មាន​ប្រសាសន៍ ថា ករណី​សំណង់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​បាន​រក​ឃើញ​ថា​មាន​សំណង់​អគារ​ចំនួន ៥​ទីតាំង​កំពុង​សាងសង់ ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត បន្ទាប់ពី​មាន​ករណី​បាក់​រលំ​អគារ ៧​ជាន់​នៅ​ក្នុង​ខេត្ត​នេះ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​២៨​នាក់​ស្លាប់ និង​២៦​នាក់​របួស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល