ពលរដ្ឋ​ស្វាយរៀង​ចោទ​អាជ្ញាធរ​ថា​ខ្វះ​សមត្ថភាព​គ្រប់គ្រង​ច្រក​ព្រំដែន​ជាមួយ​វៀតណាម

ដោយ មួង ណារ៉េត
2018-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ជនជាតិ​វៀតណាម ដើរ​កាន់​សន្លឹក​ឆ្នោត​លក់​អោយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​ក្នុង​ទី​រួម​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។
ស្ត្រី​ជនជាតិ​វៀតណាម ដើរ​កាន់​សន្លឹក​ឆ្នោត​លក់​អោយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​ក្នុង​ទី​រួម​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។
Photo: RFA

ប្រជាពលរដ្ឋ​ខ្មែរ​រស់​តាម​តំបន់​ព្រំដែន​ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង​អះអាង​ថា អាជ្ញាធរ​ខ្មែរ​ខ្វះ​សមត្ថភាព​គ្រប់គ្រង​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដូចជា​បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម ដឹក​ទំនិញ​ចេញចូល​ទឹកដី​ខ្មែរ​ដោយ​សេរី មិន​ថា​យប់​ឬ​ថ្ងៃ​នោះ​ទេ។ ការ​លើកឡើង​ដូច្នោះ ដោយសារតែ​អាជ្ញាធរ​កម្ពុជា​-​វៀតណាម បាន​បើ​កិច្ចប្រជុំ​ប្ដេជ្ញា​មួយ ដែល​មន្ត្រី​ចូលរួម​អះអាង​ថា មាន​មូល​បំណង​បន្ត​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ច្រក​ទ្វារ​ព្រំដែន និង​ការ​ត្រួតពិនិត្យ​សកម្មភាព​ចេញ​-​ចូល​ឆ្លងដែន​រវាង​ប្រទេស​ទាំងពីរ។

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ខេត្ត​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន ហាក់ដូចជា គ្មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ច្រក​ទ្វារ​ព្រំដែន និង​ត្រួតពិនិត្យ​សកម្មភាព​ចេញ​-​ចូល​ឆ្លងដែន​រវាង ប្រទេស​កម្ពុជា​-​វៀតណាម​នោះ​ទេ ដោយសារតែ​ពួកគេ ភាគច្រើន​ពាក់ព័ន្ធ​ជាមួយ​អំពើពុករលួយ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព លើកឡើង​ថា សព្វថ្ងៃ​នេះ អាជ្ញាធរ​កម្ពុជា បាន​បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម​ចេញចូល​ទឹកដី​ខ្មែរ​ដោយ​សេរី ហើយ​ជនជាតិ វៀតណាម​ខ្លះ បាន​នាំ​ទំនិញ​សព្វសារពើ​មក​លក់​ក្នុង​ប្រទេស​កម្ពុជា បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់ មុខ​របរ​ទៀត​ផង​។ លើស​ពី​នេះ ជនជាតិ​វៀតណាម​ខ្លះ ក៏​ចូល​មក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដែរ​ដូចជា ពាក់ព័ន្ធ​គ្រឿងញៀន​ជាដើម៖ «វា​អាច​ច្រើន​ណាស់​រឿង​ខុសច្បាប់​ខុស​អី​នេះ ជូន​កាល​វា​មក​ទៅ វា​ឲ្យ​លុយ​តាម​ប៉ុស្តិ៍​តាម​អី​តិច​តូច​អ៊ីចឹង​ទៅ វា​ចូល​មក​ស្រុក​ខ្មែរ​ទាំង​យប់ ហើយ​ភ្លឺ​នៅ​ស្រុក ខ្មែរ​អ៊ីចឹង​ទៅ។ គេ​មិនសូវ​រង់ចាំ​ពេល​បើក​ច្រក​ព្រំដែន​ត្រឹមត្រូវ​នោះ​ទេ។ ទំនិញ​នាំចូល​ភាគច្រើន មាន​ជ្រូក​រស់ សាច់​ជ្រូក ពង​ទា និង​ត្រី​ចិញ្ចឹម​ជាដើម។ ពួកគេ​ដឹង​តាម​ម៉ូតូ តាម​ឡាន​អ៊ីចឹង​ទៅ»

ពលរដ្ឋ​រូប​នេះ បន្ត​ថា ដោយឡែក​សម្រាប់​ភាគី​វៀតណាម​វិញ គឺ​បាន​អនុវត្ត​ច្បាប់​នៅ​តាម​តំបន់ ព្រំដែន​រឹងមាំ និង​មាន​ប្រសិទ្ធភាព​ជាង​កម្ពុជា ដោយ​ពួកគេ តែងតែ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មកវិញ​ជា​បន្ត​បន្ទាប់ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ប្រទេស​វៀតណាម ដើម្បី​លក់​ស្ករ​ត្នោត និង​ទៅ​សុំ​ទាន​ជា ដើម។

ពលរដ្ឋ​មួយ​រូប​ទៀត រស់នៅ​ក្រុង​បាវិត លើកឡើង​ស្រដៀង​គ្នា​ថា អាជ្ញាធរ​ខ្មែរ​ពិតជា​កង្វះ​សមត្ថភាព គ្រប់គ្រង​ច្រក​ព្រំដែន​មែន ដោយ​ពួកគេ​ភាគច្រើន តែងតែ​ទទួល​សំណូក​ពី​ជនបរទេស ជា​ថ្នូរ​ឲ្យ​នាំ​ទំនិញ​ចូល​តាម​ច្រក​របៀង និង​ច្រក​អន្តរជាតិ​ដោយ​សេរី ពុំ​មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​នោះ​ទេ។

លោក​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​សុទ្ធតែ​មើល​ឃើញ​បញ្ហា​ទាំងនេះ ប៉ុន្តែ​ពួកគេ​ខ្លាចរអា​ក្នុង​ការ​និយាយ ដោយសារតែ​កន្លងមក មានការ​ព្រមាន​ធ្ងន់ៗ​ពី​របប​លោក ហ៊ុន សែន ថា​មិន​ឲ្យ​ប្រជាពលរដ្ឋ ចេះ ដឹង​រឿងរ៉ាវ​នៅ​តាម​ព្រំដែន៖ «មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដូច​ជា​ការ​នាំចូល​បន្លែ​ត្រី​សាច់​មក​លក់​តាម​ផ្សារ​របស់​ខ្មែរ​យើង​នៅ​តាម​ព្រំដែន គឺ​មាន​ច្រើន។ ទំនិញ​ទាំងអស់ នេះ​ភាគច្រើន មក​តាម​ច្រក​របៀង ដូច្នេះ​មិន​ដឹង​ថា ត្រឹមត្រូវ​ឬ​អត់​នោះ​ទេ។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ចំណីអាហារ​ទាំងអស់​នេះ»

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ និង​មេបញ្ជាការ​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម លោក ហ្វាង ស៊ុន​ជៀន បាន​បើក​កិច្ចប្រជុំ​មួយ ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​១៤ ខែ​ធ្នូ ដើម្បី បន្ត​សហការ​ដឹកនាំ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ច្រក​ទ្វារ​ព្រំដែន និង​ការ​ត្រួតពិនិត្យ​សកម្មភាព​ចេញ​-​ចូល​ឆ្លងដែន ការ​នាំចេញ​-​នាំចូល​ជាដើម។ លើស​ពី​នេះ ភាគី​ទាំងពីរ ក៏​ប្ដេជ្ញា​បន្ត​បង្កើត​កិច្ចសហការ​លើកកម្ពស់​ប្រសិទ្ធភាព​ប្រយុទ្ធ​ប្រឆាំង​បទល្មើស ពិសេស​បទល្មើស​គ្រឿងញៀន រត់ពន្ធ​មនុស្ស និង​ជួញដូរ​មនុស្ស នៅ​តំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​មូលដ្ឋាន​ខេត្ត​ស្វាយរៀង ដើម្បី​ឆ្លើយតប​នឹង​កង្វល់​របស់ ពលរដ្ឋ​បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​១៥ ធ្នូ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំខេត្ត​ស្វាយរៀង លោក នុត ប៉ូពិណ្ណារ័ត្ន មាន​ប្រសាសន៍ ថា ការ​នាំ​ទំនិញ​ចូល​កម្ពុជា​ដោយ​ជនជាតិ​វៀតណាម​តាម​ច្រក​របៀង និង​ច្រក​ព្រំដែន​អន្តរជាតិ​ខេត្ត ស្វាយរៀង​នេះ គឺ​កើតឡើង​យូរ​ណាស់​ហើយ តែ​មិន​អាច​ទប់ស្កាត់​បាន​ឡើយ។ លើស​ពី​នេះ ជនជាតិ​វៀតណាម បាន​ចូល​មក​លក់​ឆ្នោត និង​បន្លែ ផ្លែឈើ ត្រី សាច់ ដោយ​ខ្លួនឯង​តែម្ដង។ លោក​សង្កេត​ឃើញ​ថា បទល្មើស​គ្រឿងញៀន ក៏​កើតឡើង​ច្រើន​ណាស់​ដែរ នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ចំណែក​ការ​ជួញដូរ​មនុស្ស​វិញ មិនសូវ​កើតមាន​ទេ។

ក្រសួងការពារជាតិ​បង្ហាញ​របាយការណ៍​ថា ចាប់ពី​ខែ​មករា ដល់​ដើមខែ​តុលា ឆ្នាំ​២០១៨​នេះ កង​យោធពល​ខេមរភូមិន្ទ បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ នៅ​តាម​ព្រំដែន សរុប​ជាង ៤​ពាន់​(.២៣៣) លើក ដែល​ក្នុង​នោះ​មាននៅ​ព្រំដែន​កម្ពុជា​-​ថៃ​ជាង​២​ពាន់​( .០៥៤) លើក ព្រំដែន​កម្ពុជា​-​វៀតណាម​ជាង​១​ពាន់​(.០០៨)​លើក និង​ព្រំដែន​កម្ពុជា​-​ឡាវ​ជាង​១​ពាន់ (.១៧១) លើក៖ «បើ​យើង​ពិនិត្យមើល​ជាក់ស្ដែង គឺថា​ព្រលឹម​ឡើង​វៀតណាម​ព្រាត​ដើរ​លក់​ឆ្នោត​ក្នុង​ខេត្ត​ស្វាយរៀង ហើយ​មាន​ទំនិញ ត្រី​សាច់​អី​ផង​ដែរ។ អ្នកខ្លះ​ជិះ​ម៉ូតូ​មក​ស្លាក​លេខ​វៀតណាម​តែម្ដង»

លោក នុត ប៉ូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ដើម្បី​បញ្ចៀស​ការរិះគន់​របស់​ប្រជាពលរដ្ឋ និង​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ខុសច្បាប់ សកម្មភាព​ល្មើសច្បាប់​តាម​ព្រំដែន និង​ទប់ស្កាត់​ការ​នាំ​ទំនិញ​ចូល​កម្ពុជា ដោយ​សេរី​នោះ​ទេ គឺ​អាជ្ញាធរ​កម្ពុជា គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ព្រំដែន​ឲ្យ បាន​តឹងរ៉ឹង យ៉ាងហោចណាស់​ឲ្យ​បាន​ដូច​វៀតណាម​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល