ក្រុមយុវជន និង​ពលរដ្ឋ​ខេត្តតាកែវ ស្នើឱ្យ​អាជ្ញាធរ​ទប់​ស្កាត់​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​ដោយ​ខុសច្បាប់

ដោយ៖​ អាស៊ីសេរី
2020.12.22
ក្រុមយុវជន និង​ពលរដ្ឋ​ខេត្តតាកែវ ស្នើឱ្យ​អាជ្ញាធរ​ទប់​ស្កាត់​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ កន្លែង​​លក់​អាហារ​របស់​ជនជាតិ​វៀតណាម នៅ​ភូមិ​ថ្មបីដុំ ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ជាប់​ព្រំដែន​វៀតណាម។ រូបថត​ថ្ងៃ​២៥ កក្កដា ឆ្នាំ​២០១៧។
Photo provided

ក្រុមយុវជន និង​ពលរដ្ឋ​រស់នៅ​ខេត្តតាកែវ ស្នើឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ទប់​ស្កាត់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ ដែល​លួចចូល​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម ឋិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ។ ការលើកឡើង​នេះ គឺ​បន្ទាប់ពី​អាជ្ញាធរ​ស្រុក​ចំនួន​ពីរ​ថ្មីៗ​នេះ បាន​ស្នើឱ្យ​អភិបាល​ខេត្តតាកែវ លោក អ៊ួច ភា ចាត់វិធានការ​លើ​មន្ត្រី​យោធា​ព្រំដែន​ដែល​លួច​នាំ​ជនជាតិ​វៀតណាម​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់។

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម និង​ក្រុមយុវជន​ឱ្យ​ដឹង​នៅ​ថ្ងៃទី២២ ធ្នូ ថា សមត្ថកិច្ច​ព្រំដែន និង​យោធា​កម្ពុជា​នៅតែ​បណ្តែត​បណ្តោយ​ឱ្យ​ជនជាតិ​វៀតណាម ឆ្លងដែន​ចូល​មក​ដី​ខ្មែរ​បាន​ដោយ​ងាយ​តាម​ច្រករបៀង​ក្នុងស្រុកបូរីជលសារ ស្រុកកោះអណ្តែត និង​ស្រុកគិរីវង្ស ដោយសារតែ​អំពើពុករលួយ និង​គ្មាន​ប្រព័ន្ធ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ច្បាស់លាស់។

ពលរដ្ឋ​រស់នៅ​ស្រុក​កោះអណ្តែត ខេត្តតាកែវ លោក មាន សារី ប្រាប់ អាស៊ីសេរី ថា ច្រករបៀង​មួយ​ចំនួន​ដូចជា​ច្រកកំពង់ក្រសាំង ច្រកគិរីវង្ស ច្រកបាក់ដៃ មាន​ជនជាតិ​វៀតណាម​ឆ្លងដែន​ចូល​ដីខ្មែរ​ដោយ​ខុសច្បាប់​ជាប្រចាំ។ លោកថា ជនជាតិ​វៀតណាម​ខ្លះ ឆ្លង​ចូល​មក​ធ្វើ​កសិកម្ម ទិញ​អេតចាយ និង​មក​តាំងទីលំនៅ​ក្នុង​ទឹកដី​ខ្មែរ​តាម​បណ្តោយ​ព្រំដែន​មួយ​ចំនួន​ដូចជា នៅ​តំបន់ថ្មបីដុំ មាន​ជនជាតិ​វៀតណាម​រស់នៅ​ច្រើនជាង​ពលរដ្ឋ​ខ្មែរ៖ «វា​ចូល​មក​រកស៊ី ខ្លះ​លក់​អេតចាយ ខ្លះ​លក់ដូរ​អ៊ីចឹង​ណា។ ទាហាន និង​ប៉ូលិស​វា​មានៗហើយ ដឹង​ហើយថា​ប៉ូលិស​ឥលូវ​គេ​គិត​រឿង​លុយកាក់។ មុន​ចូល​នៅ​ច្រក​ព្រំដែន វា​បង់​លុយកាក់​ឱ្យ​គេ​បាន​ទៅ​រស់នៅ។ វៀតណាម​ចេញចូល​ធម្មតា បើ​ចូល​នេសាទ​ត្រី ក៏​គ្មាន​នរណា​ហាមឃាត់​ដែរ»

ពលរដ្ឋ​រូបនេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​មាន​ប្រសិទ្ធភាព និង​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ណា​ដែល​ប្រព្រឹត្តិ​អំពើពុករលួយ​លួច​នាំ​ជនជាតិ​វៀតណាម​ចូល​ដីខ្មែរ​ខុសច្បាប់។

ការលើកឡើង​នេះ គឺ​បន្ទាប់ពី​អភិបាលស្រុក​ចំនួន២ គឺ​អភិបាល​ស្រុក​បូរីជលសារ និង​អភិបាល​ស្រុកគិរីវង្ស បាន​ស្នើ​ឱ្យ​អភិបាល​ខេត្តតាកែវ លោក អ៊ួច ភា ចាត់វិធានការ​ចំពោះ​យោធា​ព្រំដែន​មួយ​ចំនួន​ដែល​លួច​នាំ​ជនជាតិ​វៀតណាម​ឆ្លង​ចូល​ដី​ខ្មែរ​ដោយ​ខុសច្បាប់។ ដំណឹង​នេះ​ត្រូវ​បាន​ប្រព័ន្ធឃោសនា​របប​ក្រុងភ្នំពេញ និង​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ចុះផ្សាយ​មួយរយៈពេល​ខ្លី ហើយ​លុបចោល​ទៅវិញ​ភ្លាមៗ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អភិបាល​ខេត្តតាកែវ លោក អ៊ួច ភា ចាប់តាំង​ពី​ថ្ងៃទី១៨ រហូតដល់​ថ្ងៃទី២២ ខែធ្នូ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរសព្ទ​ហៅ​ចូល​ច្រើនដង​ ​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី១៨ ធ្នូ។ ចំណែក​ស្នងការ​ខេត្តតាកែវ លោក សុខ សំណាង និង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ដោយសារ​ពួក​លោក​មិន​លើក​ទូរសព្ទ។

ចំណែក​ប្រធាន​គណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ប្រាប់ អាស៊ីសេរី ថា កន្លងទៅ គណៈប្រតិភូ​គណបក្ស​របស់​លោក​បាន​ចុះ​ស៊ើប​អង្កេត​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្តតាកែវ និង​ខេត្ត​មួយ​ចំនួន​ទៀត រក​ឃើញ​ថា អាជ្ញាធរខ្មែរ​ដែល​មាន​តួនាទី​គ្រប់គ្រង​ច្រករបៀង នៅតែ​ធូររលុង​ច្រើន។ លោក​បញ្ជាក់ថា ជនជាតិ​វៀតណាម អាច​ចូល​មក​ដីខ្មែរបាន​ដោយ​គ្រាន់តែ​បង់​ប្រាក់​ជូន​សមត្ថកិច្ច​ព្រំដែន ជាការស្រេច៖ «យើង​ឃើញ​ហើយ​ថា មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​ខេត្ត​ជាប់​ព្រំប្រទល់​កម្ពុជា និង​ខេត្ត​របស់​វៀតណាម។ ក៏ប៉ុន្តែ ការគ្រប់គ្រង​នៅ​មាន​ភាព​ធូររលុង ហើយ​មាន​កន្លែង​ខ្លះ គឺថា ពលរដ្ឋ​វៀតណាម​គាត់​ចេញចូល​មក គាត់​បង់​តែ​លុយ​ចូល​ទៅ។ ខ្ញុំ​សង្កេតឃើញ​ថា អាជ្ញាធរ​ហាក់ដូចជា​មាន​ភាពបណ្តែត​បណ្តោយ​ច្រើន​ក្នុង​ការ​ចេញចូល​រវាង​កម្ពុជា និង​វៀតណាម​ហ្នឹង។ ដូច្នេះ​ហើយ ដូច​ខ្ញុំ​គិតថា រដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ​គួរតែ ធ្វើការ​រឹត​បណ្តឹង​ឱ្យ​បាន​រឹងមាំ​ជាងនេះ»

កន្លងទៅ ក្រុម​ការងារ ១០០រាត្រី ធ្លាប់​លើក​ពី​ក្តីបារម្ភ​ថា ភូមិថ្មបីដុំ ក្នុង​ខេត្តតាកែវ នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​វៀតណាម ព្រោះ​តំបន់​នោះ​មាន​ជនជាតិ​វៀតណាម​រស់នៅ​ជាង ៩០ភាគរយ ឆ្លង​ចូល​ទឹកដី​ខ្មែរ​ជាប់​បង្គោល​ព្រំដែន​លេខ ២៦៥។

សមាជិក​ក្រុមការងារ ១០០រាត្រី ដែល​ចុះ​ស្រាវជ្រាវ​រឿង​នេះ លោក ឃីម សុខុម សង្កេតឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​ធ្វេសប្រហែស​មិន​ទប់ស្កាត់​ជនជាតិ​វៀតណាម​ឆ្លង​ចូល​ដីខ្មែរ​ខុសច្បាប់​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ករណី​នេះ រដ្ឋាភិបាល​គ្មាន​យន្តការ​កែ​ទម្រង់​ទាល់តែសោះ។ លោក​សង្កេតឃើញ​ថា ប្រជាជន​វៀតណាម​បាន​ជួល​ដី​ពី​ពលរដ្ឋខ្មែរ​តាម​បណ្តោយ​ព្រំដែន​ដើម្បី​ធ្វើ​កសិកម្ម និង​ខ្លះទៀត​មក​តាំងទីលំនៅ៖ «អង្គការ​ផ្សេងៗ​ធ្លាប់ធ្វើការ​ស្នើ ទាំង ១០០រាត្រី ក៏ធ្លាប់​ជូន​របាយការណ៍​ហ្នឹង​ទៅ​ដែរ ប៉ុន្តែ​គាត់​មិន​ធ្វើតាម​ទេ គាត់​មិន​យកចិត្តទុកដាក់​នូវ​អ្វី​ដែល​យើង​លើកឡើង។ យើង​ក៏​អត់មាន​ថា ត្រូវធ្វើ​ម៉េច​ទេ មិន​ថែម​ប៉ុណ្ណឹង​ទេ ថែមទាំង​ទទួល​បានការ​គំរាមកំហែង»

កន្លងទៅ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ស្នើ​ឱ្យ​អាជ្ញាធរ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ពង្រឹង​វិធានការ​ច្បាប់ ទប់ស្កាត់​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម។ រដ្ឋាភិបាល​ទទួលស្គាល់​ថា ការហូរ​ចូល​ជនជាតិ​វៀតណាម​ច្រើន នឹង​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ក្នុងការគ្រប់គ្រង។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ឱ្យដឹងថា តាំងពី​ដើម​ឆ្នាំ២០១៧ ដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរ​បាន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ពី​ជនបរទេស​ចំនួន​ជិត ៤ម៉ឺនច្បាប់ (៣៧.៤៣៦) ពី​ជនបរទេស​ចំនួន​ជិត ៧​ម៉ឺននាក់ (៦៩.៩៥៧) ក្នុងនោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។