សមាគមគ្រូនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃ៥តុលានាទីលានប្រជាធិបតេយ្យ
2014.09.30

មន្ត្រីសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យកទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំទិវាគ្រូបង្រៀនពិភពលោក នៅព្រឹកថ្ងៃទី៥ ខែតុលា ប៉ុន្តែមិនអនុញ្ញាតឲ្យដើរហែក្បួនតាមផ្លូវសាធារណៈនោះទេ។
មន្ត្រីសមាគមគ្រូបង្រៀន ឲ្យដឹងថា អាជ្ញាធរបានកំណត់សមាជិកសមាគមប្រមាណ ៣០នាក់ ដើម្បីយកញត្តិដាក់ជូនក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជំនួសការដើរហែក្បួនទ្រង់ទ្រាយធំ ព្រោះបារម្ភខ្លាចប៉ះពាល់សណ្ដាប់ធ្នាប់សង្គម ជាដើម។
បន្ទាប់ពីបើកកិច្ចប្រជុំពេញមួយព្រឹករវាងមន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នាសាលប្រជុំសាលារាជធានីព្រឹកថ្ងៃទី៣០ ខែកញ្ញា រួចមក លោក ឃួង ស្រេង អភិបាលរងសាលាក្រុងភ្នំពេញ បានអនុញ្ញាតឲ្យសមាគមគ្រូជួបជុំគ្រូបង្រៀនមកពី ២៥រាជធានីខេត្ត ដើម្បីប្រារព្ធទិវាពិភពលោក និងសម្ដែងមតិផ្សេងៗ។
លោក ឃួង ស្រេង បានបញ្ជាក់ក្នុងកំណត់ហេតុប្រជុំរួមថា អាជ្ញាធរមិនជំទាស់ការរៀបចំទិវាគ្រូបង្រៀនពិភពលោកទេ ប៉ុន្តែមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀន ដើរហែក្បួនតាមផ្លូវសាធារណៈនោះទេ ប៉ុន្តែអាចចាត់តំណាងគ្រូបង្រៀនមកពីតាមរាជធានីខេត្តនីមួយៗ នាំយកញត្តិដាក់ជូនស្ថាប័នពាក់ព័ន្ធជំនួសវិញ។
អ្នកស្រី អ៊ុក ឆាយ៉ាវី អនុប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាគ្រូបង្រៀនម្នាក់ បានឲ្យដឹងថា ទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ ការលើកកម្ពស់គុណភាពអប់រំ។ អ្នកគ្រូបន្តថា ក្រុមគ្រូបង្រៀនក៏នឹងយកពិធីជួបជុំនេះ សម្ដែងពីកង្វល់ និងទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលជូនគ្រូបង្រៀនម្នាក់ៗ ឲ្យបាន ១លានរៀលក្នុង១ខែ៖ «លោកគ្រូអ្នកគ្រូចង់សម្ដែងដែលគ្រូបង្រៀនប្រឈមមុខសព្វថ្ងៃ ដូចជាទាមទារប្រាក់ខែ និងសិទ្ធិសម្ដែងមតិ ឬសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ ក៏ដូចជាមានការរើសអើងពីអាជ្ញាធរ និងមានការរើសអើងពីក្រសួងអប់រំ កន្លងមក»។
តាមគម្រោង ការប្រារព្ធទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ សមាជិកគ្រូបង្រៀនមកពី ២៥រាជធានីខេត្ត ដឹកនាំដោយ លោក រ៉ុង ឈុន មានគម្រោងដើរហែញត្តិចេញពីទីលានប្រជាធិបតេយ្យ ដើម្បីយកញត្តិដាក់ជូនក្រសួងអប់រំ យុវជន និងកីឡា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។ លោក រ៉ុង ឈុន បញ្ជាក់ថា ខ្លឹមសារញត្តិមានដូចជា ស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលគ្រូបង្រៀន ឬមន្ត្រីរាជការឲ្យបាន ១លានរៀល ស្នើបញ្ឈប់ការរើសអើងសមាគម ឬបំបិទសិទ្ធិសម្ដែងមតិរបស់ក្រុមគ្រូបង្រៀន ជាដើម៖ «ហើយយើងទាមទារធ្វើម៉េចឲ្យមានសាលារៀន គ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាលឲ្យបានគ្រប់គ្រាន់។ ហើយក៏ដូចជាសម្ភារៈសិក្សាផងដែរ ធ្វើម៉េចត្រូវផ្តល់ឲ្យសិស្ស ឲ្យគ្រូហ្នឹង ឲ្យបានគ្រប់គ្រាន់ ក្នុងឆ្នាំសិក្សានីមួយៗ»។
ទាក់ទិនបញ្ហានេះ លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានស្នើដល់សមាគមគ្រូបង្រៀន ត្រូវរៀបចំទិវានេះឲ្យស្របតាមប្រធានបទដែលបានដាក់ចេញ និងបានព្រមព្រៀងគ្នា។ ជាងនេះ រាល់ការសម្ដែងមតិ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។
មន្ត្រីសាលារាជធានី ស្នើដល់សមាគមគ្រូបង្រៀន ដឹកនាំដោយ លោក រ៉ុង ឈុន ត្រូវគោរពតាមស្មារតី ឬខ្លឹមសារដែលបានព្រមព្រៀង និងចុះហត្ថលេខារួមគ្នា។
ចំណែក លោក ស៊ឹម វុទ្ធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ បានទទូចដល់ការរៀបចំទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ស្នើកុំឲ្យសមាគមគ្រូដើរហែក្បួន ប៉ុន្តែអាចចាត់តំណាងនាំយកញត្តិដាក់ជូនស្ថាប័ននីមួយៗជំនួសវិញ។
សមាគមគ្រូបង្រៀនប្រកាសថា គម្រោងរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅព្រឹកថ្ងៃទី៥ ខែតុលា នាទីលានប្រជាធិបតេយ្យ អាចមានគ្រូបង្រៀន សិស្ស និស្សិត កម្មករ ប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលយ៉ាងតិច ៦០០នាក់ចូលរួម៕