គ្រូបង្រៀននៅកំពង់ចាមត្អូញត្អែរចំពោះការបើកប្រាក់ម៉ោងយឺតយ៉ាវ
2014.05.31

គ្រូបង្រៀនជាច្រើននាក់នៅអនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួន ក្នុងខេត្តកំពង់ចាម ត្អូញត្អែរចំពោះភាពយឺតយ៉ាវនៃការបើកប្រាក់ម៉ោងរបស់ពួកគាត់ ដែលបន្តអស់រយៈពេល ៣ត្រីមាសមកហើយ។ ពួកគាត់បានលើកឡើងថា ការយឺតយ៉ាវនេះ អាចធ្វើឱ្យប៉ះពាល់ដល់ការបង្រៀន។
ប្រធានមន្ទីរអប់រំខេត្ត ដែលទទួលស្គាល់បញ្ហានេះ បញ្ជាក់ការយឺតយ៉ាវជាកំហុសក្នុងការបំពេញបែបបទ ហើយខាងមន្ទីរក៏បានស្នើទៅក្រសួងហិរញ្ញវត្ថុ រួចហើយដែរ។
ក្រុមគ្រូបង្រៀនដែលរង់ចាំបើកប្រាក់ម៉ោងតាំងពីខែតុលា ឆ្នាំ២០១៣ មក យល់ថា វាជាកំហុសនៅតាមមន្ទីររបស់ខេត្តកំពង់ចាម នៅពេលដែលគ្រូបង្រៀននៅខេត្តផ្សេងៗបានទទួលប្រាក់ម៉ោងនោះរួចទៅហើយ។
គ្រូបង្រៀននៅអនុវិទ្យាល័យព្រីងជ្រុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ម្នាក់ លោក អោ ងួន មានប្រសាសន៍ថា រយៈពេល ៣ត្រីមាសមកនេះនៅតែមិនទាន់ឃើញខាងមន្ទីរបញ្ជាក់ថាយ៉ាងណាទេ ចំពោះរឿងប្រាក់ម៉ោងរបស់ពួកគាត់។ លោកបន្តទៀតថា ការទទួលបានប្រាក់បន្ថែមម៉ោងមិនទៀងពេល អាចនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់លោកគ្រូអ្នកគ្រូយ៉ាងខ្លាំង ពិសេសទៀតនោះ គឺធ្វើឱ្យប៉ះពាល់ដល់ការបង្រៀនរបស់ពួកគាត់ទៀតផង។
លោក អោ ងួន៖ «បាទ! ប៉ះពាល់ខ្លាំង! ទីពួកគាត់ទៅអត់ទៀងទាត់។ រស់ដោយសារប្រាក់ទាំងអស់ហ្នឹងបន្ថែមហើយ អ៊ីចឹងអាចខ្វះខាតការចាក់សាំងទៅបង្រៀន ហើយចេញពីហ្នុងមករត់ម៉ូតូឌុប ចេញពីហ្នឹងមកធ្វើស្រែអ៊ីចឹងទៅ អ៊ីចឹងតម្លៃគ្រូហ្នឹងមើលទៅទាបជាងម៉ែឪសិស្សទៅហើយ»។
ប្រភពដដែលបន្តថា ក្នុងមួយសប្ដាហ៍គាត់អាចបង្រៀនលើសបានជិតដប់ម៉ោង ហើយក្នុងមួយម៉ោងគឺទទួលបាន ២.៦០០រៀល សម្រាប់គ្រូអនុវិទ្យាល័យ ឬគ្រូកម្រិតមធ្យម និង ៥.២០០រៀល សម្រាប់គ្រូវិទ្យាល័យ ឬគ្រូកម្រិតឧត្តម។ លោកបន្ថែមទៀតថា ក្រៅពីការយឺតយ៉ាវក្នុងការទទួលបានប្រាក់ម៉ោង ចំណែករឿងប្រាក់ឧបត្ថម្ភសម្រាប់ប្រពន្ធ និងកូនរបស់គ្រូបង្រៀនប្រចាំខែមករា ក្នុងម្នាក់ ៥ពាន់រៀលនោះ ក៏មិនឃើញមន្ទីរចេញមុខបញ្ជាក់ថាយ៉ាងណាដែរ រហូតមកដល់ពេលនេះ។
ចំណែកឯគ្រូបង្រៀនម្នាក់ទៀតនៅក្រុងកំពង់ចាម ដោយសុំមិនបញ្ចេញឈ្មោះ ក៏លើកឡើងពីបញ្ហាបើកប្រាក់ម៉ោងយឺតយ៉ាវ និងបាត់ប្រាក់ឧបត្ថម្ភនៅខែមករា ស្រដៀងគ្នានេះដែរ។ លោកចង់ឱ្យមន្ទីរ ឬក្រសួងអប់រំ ចេញមុខបង្ហាញពីភាពយឺតយ៉ាវមួយនេះ ដើម្បីឱ្យពួកគាត់ស្ងប់ចិត្ត ពីព្រោះជីវិតជាគ្រូបង្រៀន គឺពឹងទៅលើប្រាក់ឧបត្ថម្ភផ្សេងៗនោះមួយចំណែក ប៉ុន្តែបើមន្ទីរធ្វើការហាក់ដូចគ្មានតម្លាភាពនោះ នឹងអាចធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់គ្រូទាំងនោះមិនខាន៖ «នៅប្រាក់កូនពីខែមួយ ថាផ្តល់មកឱ្យគ្រូយើងហ្នឹងក្នុងរយៈពេលឆាប់ៗ ហើយឯប្រាក់ម៉ោងក៏អ៊ីចឹងដែរ យ៉ាងយូរបំផុតមួយត្រីមាស ពីរបីខែហ្នឹងបើកឱ្យគ្នាម្តង។ បីខែបើកម្តងៗ ដល់ទៅលើសដល់ពីរត្រីមាសបីត្រីមាសអ៊ីចឹង វាធ្វើឱ្យអ្នកបង្រៀនហ្នឹងគ្មានកម្លាំងក្នុងការបង្រៀន»។
ក្រៅពីគ្រូបង្រៀនទាំងនេះ ក៏មានគ្រូបង្រៀននៅតាមអនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនទៀត ត្អូញត្អែរចំពោះការយឺតយ៉ាវក្នុងការបើកប្រាក់ម៉ោងនោះដែរ ពួកគាត់បានស្នើឱ្យមន្ទីរពន្យល់ពីមូលហេតុនៃការភាពយឺតយ៉ាវនេះ។ ពួកគាត់ចង់ឱ្យក្រសួងដាក់បញ្ចូលប្រាក់ម៉ោង ឬប្រាក់ឧបត្ថម្ភផ្សេងៗទៀត អោយបើកក្នុងពេលតែមួយជាមួយប្រាក់ខែតែម្តង គឺជាការប្រសើរ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម លោក ស្វាយ ផល្លា មានប្រសាសន៍នៅថ្ងៃទី៣១ ឧសភា ថា ការយឺតយ៉ាវនេះ គឺដោយសារតែការបំពេញបែបបទរបស់លោកគ្រូអ្នកគ្រូមួយចំនួនមិនទាន់ត្រឹមត្រូវ ហើយខាងមន្ទីរទើបតែត្រួតពិនិត្យឡើងវិញ ហើយក៏បញ្ជូនសំណើនោះទៅកាន់ក្រសួងហិរញ្ញវត្ថុ រួចហើយដែរសម្រាប់ខែតុលា វិច្ឆិកា និងខែធ្នូ និងខែផ្សេងទៀត នឹងធ្វើបន្តបន្ទាប់គ្នា៖ «គ្រូមួយចំនួនទើបតែរត់ការ បានន័យថា ការបំពេញបែបបទមកខុស ហើយយើងទើបតែធ្វើហើយថ្មីៗហ្នឹង។ ហើយហៅថាគម្រោងស្នើសុំថវិកាយើងបានស្នើដល់ហិរញ្ញវត្ថុហើយ។ ប្រហែលជាមិនយូរទេបងៗ ខ្ញុំគិតថា មិនយូរទេប្រហែលជាបួនប្រាំថ្ងៃទៀតនឹងបានហើយ»។
ចំណែកឯប្រាក់ឧបត្ថម្ភសម្រាប់ប្រពន្ធ និងកូន ប្រចាំខែមករា នោះ គឺជាកំហុសរបស់ក្រសួងមុខងារសាធារណៈ ប៉ុន្តែជាកំហុសដោយអចេតនា ហើយលោកបញ្ជាក់ថា ប្រាក់នោះនឹងអាចបញ្ចូលវិញនៅខែបន្តបន្ទាប់។
បញ្ហានេះ ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការទទួលប្រាក់បៀវត្សប្រចាំខែរបស់គ្រូបង្រៀន ឃើញថា មានភាពល្អប្រសើរហើយ ប៉ុន្តែចំពោះរឿងប្រាក់ម៉ោងវិញ គឺនៅតែចោទជាបញ្ហាដដែល។ លោកចង់ឱ្យក្រសួងពិនិត្យឡើងវិញចំពោះបញ្ហានេះ ពីព្រោះមិនមែនមានតែខេត្តកំពង់ចាម នោះទេ គឺមានស្ទើរទូទាំងប្រទេសចំពោះភាពយឺតយ៉ាវនេះ។ លោកបញ្ជាក់ថា កំណែទម្រង់វិស័យអប់រំអាចជោគជ័យទៅបាន គប្បីគិតគូររឿងបញ្ហាចំពោះមុខរបស់គ្រូបង្រៀន ពិសេសប្រាក់បៀវត្សរបស់ពួកគាត់ជាមុនសិន ពីព្រោះជីវភាពគ្រូបង្រៀន គឺជាគន្លឹះជំរុញឱ្យវិស័យមួយនេះជោគជ័យ៕