គ្រូបង្រៀន​ចោទ​នាយក​វិទ្យាល័យ​នៅ​រតនគិរី​ថា​បក្ខពួក​និង​ប្រើ​ហិង្សា​គាប​សង្កត់

ដោយ រដ្ឋា វិសាល
2014.12.25
Share on WhatsApp
Share on WhatsApp

គ្រូបង្រៀន​មួយ​រូប​នៅ​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី បក្ខពួក​និយម និង​ផ្តល់​អយុត្តិធម៌​ចំពោះ​គ្រូបង្រៀន ពាក់ព័ន្ធ​ចំណាត់​ការ​នាយក​វិទ្យាល័យ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រូបង្រៀន​រូប​នេះ ស្វែងរក​ការ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ពី​នាយក​សាលា និង​មន្ត្រី​មន្ទីរ​អប់រំ មិន​បាន​សម្រេច។

គ្រូបង្រៀន​មួយ​រូប​នៅ​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ ខេត្ត​រតនគិរី ចោទ​ប្រកាន់​នាយក​វិទ្យាល័យ​ថា​ប្រើ​អំពើ​ហិង្សា​គាប​សង្កត់​ផ្លូវ​ចិត្ត​គ្រូ ដោយ​មិន​ព្រម​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បែង​ចែក​កាល​វិភាគ​បង្រៀន។

គ្រូបង្រៀន​កម្រិត​ឧត្តម​បច្ចេកទេស​គណិតវិទ្យា លោក ណុប គឹមហាក់ ជា​អនុប្រធាន​ក្រុម​បច្ចេកទេស​គណិតវិទ្យា នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ រៀបរាប់​ថា ការ​បែង​ចែក​កាល​វិភាគ​បង្រៀន​មុខវិជ្ជា​គណិតវិទ្យា​សម្រាប់​ឆ្នាំ​សិក្សា​២០១៤ និង​ឆ្នាំ​២០១៥ គ្មាន​តម្លាភាព រើសអើង និង​មាន​ចេតនា​បន្ទាបបន្ថោក​គ្រូបង្រៀន។ លោក​កត់​សម្គាល់​ថា លោក​នាយក​វិទ្យាល័យ​គេចវេស​មិន​អនុវត្ត​ការ​ណែនាំ​របស់​ប្រធាន​មន្ទីរ​អប់រំ ស្ដីពី​ការ​ប្រជុំ​ក្រុម​បច្ចេកទេស​គណិតវិទ្យា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន៖ «គាត់​មិន​ព្រម​ដោះស្រាយ​បញ្ហា​កំពុង​តែ​ថា​នឹង​ឡើង​ទៅ​ក្រសួង ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ​ឲ្យ​ខ្ញុំ»

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា កន្លង​ទៅ លោក ណុប គឹមហាក់ បាន​ធ្វើ​លិខិត​ស្នើសុំ​លោក​នាយក​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ ពិនិត្យ​ឡើង​វិញ​ពី​កាល​វិភាគ​បង្រៀន​គណិតវិទ្យា​សម្រាប់​ឆ្នាំ​សិក្សា​២០១៤ និង​ឆ្នាំ​២០១៥ គឺ​រូប​លោក​ត្រូវ​ចាត់​ឲ្យ​បង្រៀន​តែ​មួយ​ថ្នាក់ ខុស​ពី​បណ្ដា​ឆ្នាំ​មុន​ដែល​លោក​ធ្លាប់​បង្រៀន​ថ្នាក់​ទី​១២ ចំនួន​បី​ថ្នាក់។ ផ្ទុយ​ទៅ​វិញ គ្រូ​មួយ​ចំនួន​ទៀត​ដែល​មិន​មាន​បទពិសោធន៍ ខ្លះ​ត្រូវ​បាន​ចាត់​ឲ្យ​បង្រៀន​ថ្នាក់​ទី​១២ បី​ថ្នាក់​តែ​ម្នាក់​ឯង។ ទន្ទឹម​នេះ​ដែរ លោក​ក៏​បាន​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ​នាយក​មន្ទីរ​អប់រំ ចំនួន​ពីរ​លើក​ទៀត ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ៖ «ទាស់​ចេះ​តែ​ទាស់​ទៅ បង្រៀន​ចេះ​តែ​បង្រៀន​ទៅ អា​ហ្នឹង​បាន​យើង​បំពេញ​តួនាទី​ជា​គ្រូ​ទទួល​បន្ទុក​ថ្នាក់។ បើ​យើង​ទាស់ ហើយ​អត់​ទៅ​បង្រៀន គេ​ក៏​មិន​អាច​រង់ចាំ​យើង​បាន​ដែរ»

ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ នាយក​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ លោក មាស ផានី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តបត​អ្វី​ឡើយ។ ចំណែក​ប្រធាន​មន្ទីរ​អប់រំ ខេត្ត​រតនគិរី លោកស្រី ចាន់ ខាំឃឿ មាន​ប្រសាសន៍​បញ្ជាក់​ថា លោកស្រី​បាន​ធ្វើ​លិខិត​អន្តរាគមន៍​ឲ្យ​នាយក​វិទ្យាល័យ​សម្រប​សម្រួល​បញ្ចប់​បញ្ហា និង​បាន​ស្នើសុំ​ឲ្យ​រៀបចំ​ប្រជុំ​ក្រុម​បច្ចេកទេស​គណិតវិទ្យា សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ឲ្យ​ទាន់​ពេល​វេលា។ លោកស្រី​បន្ត​ថា វិវាទ​នេះ​បាន​ធ្វើ​ឲ្យ​ខកខាន​ការ​សិក្សា​របស់​សិស្ស​ចាប់​តាំង​ពី​បើក​បវេសនកាល​ជិត​ពីរ​ខែ​កន្លង​ទៅ​នេះ៖ «បើ​គាត់​មិន​សុខ​ចិត្ត​ទេ ឋានានុក្រម​នៃ​ការ​ប្ដឹង​តវ៉ា​គាត់​អាច​ប្ដឹង​ទៅ​ក្រសួង​បាន។ ទាស់​ចេះ​តែ​ទាស់ បង្រៀន​ចេះ​តែ​បង្រៀន​ទៅ»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​នៃ​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ ១៤​នាក់ បាន​ផ្ដិត​មេដៃ​លើ​ញត្តិ​គាំទ្រ​ការ​តវ៉ា​របស់ លោក ណុប គឹមហាក់។ គ្រូបង្រៀន​ទាំង ១៤​នាក់​ថ្លែង​ថា ការ​ដាក់​កាល​វិភាគ​ចាត់​តាំង​ម៉ោង​បង្រៀន​ផ្នែក​គណិតវិទ្យា ត្រូវ​មាន​ការ​ប្រជុំ​ក្រុម​បច្ចេកទេស​ជា​មុន មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​លើ​ការងារ និង​ផ្លូវ​ចិត្ត​គ្រូបង្រៀន និង​សូម​ឲ្យ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន និង​ការ​គ្រប់គ្រង​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ។

ប្រធាន​ក្រុម​បច្ចេកទេស​គណិតវិទ្យា​នៃ​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ លោក ម៉េង សុគន្ធ ចាត់​ទុក​ការ​រៀបចំ​កាល​វិភាគ​របស់​នាយក​សាលា គឺ​មាន​ចេតនា​ប្រកាន់​បក្ខពួក និង​បង្ខូច​ទឹក​ចិត្ត​គ្រូបង្រៀន​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ៖ «ក្នុង​ន័យ​ដក​ស្រង់​បទពិសោធន៍ គួរ​តែ​អ្នក​ថ្មី​បង្រៀន​តិច​ជាង​អ្នក​ចាស់ អា​ហ្នឹង​វា​ត្រឹមត្រូវ។ គាត់​មក​ជា​លក្ខណៈ​ចង់​បង្រៀន​វិល​ជុំ បើ​តាម​ខ្ញុំ​ដឹង​អា​ហ្នឹង​បក្ខពួក​និយម»

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក ណុប គឹមហាក់ អាច​ដាក់​ពាក្យ​តវ៉ា និង​ឯកសារ​ពាក់ព័ន្ធ​មក​ក្រសួង​អប់រំ ឬ​មក​រូប​លោក​ផ្ទាល់ ដើម្បី​ចាត់​វិធានការ​ស្រាវជ្រាវ​ករណី​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ លោក ​ណុប គឹមហាក់ បាន​ធ្វើ​ពហិការ​មិន​ចូល​បង្រៀន តាម​រយៈ​លិខិត​ជូន​ដំណឹង​ជូន​នាយក​វិទ្យាល័យ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ស្ដីពី​ការ​ផ្អាក​មិន​ចូល​បង្រៀន ដោយសារ​កាល​វិភាគ​លម្អៀង និង​មិន​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។