ឪពុកយុវជន ធែល ធីលែន ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទចោទលួចលក់អចលនវត្ថុអ្នកដទៃ បានចេញមុខបដិសេធចំពោះការចោទប្រកាន់មកលើកូនប្រុសរបស់ខ្លួន ថាជារឿងមិនពិត និងមានចេតនារារាំងមិនតវ៉ាបញ្ហាជនជាតិវៀតណាមនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលថា នេះជាការប្រើប្រាស់ប្រព័ន្ធតុលាការបំបិទសិទ្ធិសេរីភាពអ្នកងើបតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាល និងជាការបំភិតបំភ័យយុវជនដទៃទៀតមិនឱ្យចូលរួមក្នុងការងារសង្គម។
ឪពុករបស់លោក ធែល ធីលែន បដិសេធការចោទប្រកាន់របស់តុលាការដែលថា កូនប្រុសរបស់លោក លួចលក់អចលនទ្រព្យរបស់អ្នកដទៃ។ លោកថា ករណីនេះជារឿងអយុត្តិធម៌ដែលមិនអាចទទួលយកបានឡើយ។
ឪពុកបង្កើតលោក ធែល ធីលែន គឺលោក ផៃ ធែល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ តុលា ថា ការចោទប្រកាន់នេះកើតចេញពីពាក្យបណ្ដឹងរបស់បងស្រីលោក ឈ្មោះ ខៀវ គន្ធល់ ដែលចង់បានដីចម្ការជាចំណែករបស់លោក ធែល ធីលែន។ លោករៀបរាប់ថា កាលពីឆ្នាំ២០០៨ លោកបានចែកដីចំការមួយចំណែកនៅក្នុងស្រុកខ្សាច់កណ្ដាលឱ្យទៅកូនប្រុស គឺលោក ធែល ធីលែន។ បន្ទាប់មកនៅឆ្នាំ២០១៦ លោកបានធ្វើលិខិតផ្ទេរកម្មសិទ្ធិដីធ្លីដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋាននិងបានយកទៅបញ្ចាំក្នុងតម្លៃ ១ម៉ឺន ៦ពាន់ដុល្លារ(១៦ ០០០ដុល្លារ) សម្រាប់យកទៅទិញរថយន្តរត់ឈ្នួល។ ប៉ុន្តែបងស្រីរបស់លោកឈ្មោះ ខៀវ គន្ធល់ និងអ្នករួមផ្សំគំនិតផ្សេងទៀតបានលួចធ្វើប្លង់កម្មសិទ្ធិដីនោះ ថែមទាំងបានលួចធ្វើពាក្យបណ្ដឹងចោទប្រកាន់មកលើកូនប្រុសរបស់លោកថា បានលក់អចលនវត្ថុរបស់ពួកគេទៀតផង។ លោកលើកឡើងថា ប្រព័ន្ធតុលាការនៅកម្ពុជា មានភាពយុត្តិធម៌និងធ្វើការទៅតាមអារម្មណ៍ ដោយគ្មានការស៊ើបអង្កេតស្រាវជ្រាវឱ្យបានច្បាស់លាស់មុននឹងឈានទៅដល់ការឃាត់ខ្លួនកូនប្រុសរបស់លោកនោះឡើយ។ លើសពីនេះទៅទៀត តុលាការបានឆ្លៀតឱកាសយកបញ្ហាផ្ទាល់ខ្លួនកូនរបស់លោក ដើម្បីជាការបង្អាក់សកម្មភាពតវ៉ារឿងបញ្ហាវៀតណាមនៅកម្ពុជាទៅវិញ៖ « អ៊ីចឹងរឿងហ្នឹងខ្ញុំនិយាយសុទ្ធតែការពិត បើអត់ការពិតខ្ញុំអត់និយាយទេ ព្រោះនីតិវិធីរបស់តុលាការខ្ញុំអស់ជំនឿហើយ ព្រោះវាធ្វើតាមអារម្មណ៍ធ្វើតាមលុយ។ ប្រពន្ធវា ( លោកធែល ធីលែន ) ឥឡូវដូចនាងបដាចារហើយ ឪពុកស្លាប់ហើយប្ដីជាប់ពន្ធនាគារទៀត »។
មួយរយៈចុងក្រោយនេះ លោក ធែល ធីលែន បានចេញមុខតវ៉ារឿងការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅកម្ពុជា និងការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនអន្តោប្រវេសន៍ដែលស្នាក់នៅប្រទេសកម្ពុជា។ សមត្ថកិច្ចបានចាប់ខ្លួនលោក កាលពីថ្ងៃទី៤ ខែតុលា ហើយតុលាការខេត្តកណ្ដាលបានសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្នពីបទ «លួចលក់អចលនវត្ថុរបស់អ្នកដទៃ» ដែលដីកាបង្គាប់ឃុំខ្លួនរបស់ចៅក្រមស៊ើបសួរលោក ប្លុង វិសាល បានចោទយុវជនរូបនេះថា បានប្រព្រឹត្តបទល្មើសនេះតាំងពី ៦ឆ្នាំមុនម្ល៉េះ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពី អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល លោក សូ សារិន និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លោក ប្លុង វិសាល បាននៅទេ នៅថ្ងៃទី៦ តុលា ដោយគ្មានអ្នកទទួលទូរស័ព្ទ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ឃើញថា តុលាការចេញដីកាឃាត់ខ្លួនយុវជន ធែល ធីលែន នៅក្នុងបំណងបំបិទសិទ្ធិបញ្ចេញមតិរបស់លោកទៅលើបញ្ហាជនជាតិវៀតណាមជាជាងការអនុវត្តនីតិវិធីច្បាប់លើបទចោទ។ លោកបន្តថា ប្រព័ន្ធតុលាការជាឧបករណ៍ដ៏ពេញនិយមមួយសម្រាប់រដ្ឋាភិបាលបង្ក្រាបដោយស្របច្បាប់ ទៅលើយុវជន សកម្មជន អ្នកតស៊ូមតិ ដែលងើបឡើងតវ៉ា ប្រឆាំង និងរិះគន់រដ្ឋាភិបាល៖ « ដូច្នេះអានេះគឺជាបញ្ហាដែលរដ្ឋាភិបាលគួរពិចារណាឡើងវិញ ហើយមិនមែនត្រឹមតែមហាជនយើងទេដែរមើលឃើញ សូម្បីមតិជាតិ អន្តរជាតិក៏គេបានលើកឡើងពីបញ្ហាការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ដើម្បីធ្វើការគាបសង្កត់អ្នកទន់ខ្សោយ ដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល ក៏ដូចជាសកម្មជនដីធ្លីផ្សេងៗជាដើម »។
ការចាប់ខ្លួនលោក ធែល ធីលែន នេះ ធ្វើឡើងក្រោយពេលដែលលោកបានប្រកាសកៀរគរប្រជាពលរដ្ឋឱ្យមកជួបជុំសម្ដែងមតិដោយសេរីទាក់ទងនឹងបញ្ហាសង្គមជាតិនៅទីលានប្រជាធិបតេយ្យ ដែលលោកគ្រោងធ្វើនៅថ្ងៃសុក្រ ទី៧ ខែតុលា។
មន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនលោក ធែល ធីលែន ដាក់ពន្ធនាគារថា ជាការគំរាមកំហែង ដោយប្រើប្រាស់អំណាចតុលាការ ដើម្បីបំភិតបំភ័យយុវជនដទៃទៀតមិនឱ្យចូលរួមកិច្ចការងារសង្គម ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។