ខ្មែរ​នៅ​អាមេរិក​រាប់​រយ​នាក់​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​សម្ដេច​សង្ឃ ទេព វង្ស

ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​រដ្ឋ​ផ្លរីដា (Florida) ក្នុង​សហរដ្ឋ​អាមេរិក ប្រមាណ ៥០០​នាក់ គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្ដេច​ព្រះ​មហា​សង្ឃរាជ​គណៈ​មហានិកាយ ដែល​នឹង​និមន្ត​មក​ចូល​រួម​ពិធី​បញ្ចុះ​សីមា​វត្ត​ខន្តិយារាម នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា ខាង​មុខ។
ដោយ តាំង សារ៉ាដា
2013-11-26
Share
ទេពវង្ស សម្ដេច​ព្រះសង្ឃ​រាជ​គណៈ​មហានិកាយ ព្រះ​មហា​សុមេធាធិបតី ទេព វង្ស (ស្ដាំ) និង មេ​បញ្ជាការ​កងទ័ព​ជើង​គោក​ថៃ នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ក្បែរ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​៣០ កក្កដា ២០០៨ ។
RFA Photo/Uy Sophea


ក្រុម​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ជេកសុនវីល (Jacksonville) នៃ​រដ្ឋ​ផ្លរីដា គ្រោង​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​មិន​ឲ្យ​មាន​វត្តមាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទេព វង្ស ដែល​នឹង​និមន្ត​ចូល​រួម​ជា​អធិបតី​នៃ​ពិធី​បញ្ចុះ​សីមា​ព្រះ​វិហារ​វត្ត​ខន្តិយារាម ដែល​ទើប​សង់​ថ្មី​នៅ​ថ្ងៃ​សុក្រ ខាង​មុខ។

សមាជិក​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ជេកសុនវីល លោក សំ ថាវី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សម្ដេច​ព្រះ​មហា​សង្ឃរាជ ទេព វង្ស មិន​សម​ធ្វើ​ជា​អធិបតី​នៃ​ពិធី​បញ្ចុះ​សីមា​វត្ត​ខន្តិយារាម​ទេ ដោយសារ​ព្រះអង្គ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ដែល​ហ៊ាន​និមន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ។

លោក សំ ថាវី៖ «លោក​មិន​ដែល​បាន​ធ្វើ​អ្វី​ដែល​ល្អ​នៅ​ក្នុង​សង្គម​ខ្មែរ។ រឿង​ធ្វើ​បាតុកម្ម​កន្លង​មក​ដែល​វៃ​លោក​សង្ឃ ហើយ​ចាប់​លោក​សង្ឃ​ទាំង​ស្បង់​ចីពរ​ដាក់​ទៅ​លើ​ឡាន​អី​អ៊ីចឹង ហើយ​លោក​មិន​ដែល​ទៅ​បិណ្ឌបាត សុំ​រដ្ឋាភិបាល​ថា សុំ​កុំ​ធ្វើ​បាប​លោក​សង្ឃ​អី ទុក​ឲ្យ​រឿង​ហ្នឹង​ទាក់ទង​ទៅ​តែ​ខាង​ព្រះពុទ្ធ​សាសនា​បាន​ហើយ។ តែ​នៅ​ការ​ឈឺ​ចាប់​ទាំង​អស់​នោះ លោក​ហាក់​បី​ដូច​ជា​បិទ​ត្រចៀក បិទ​ភ្នែក​ធ្វើ​មិន​ដឹង​មិន​ឮ»

លោក សំ ថាវី បន្ត​ថា ក្រុម​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ពេល​ខាង​មុខ​នេះ​ដែរ ដោយសារ​ពួក​គេ​មាន​ការ​ឈឺ​ចាប់​អំពី​ការ​ផ្សឹក​ព្រះតេជព្រះគុណ ទឹម សាខន នៅ​កម្ពុជា ហើយ​យក​ទៅ​ដាក់​គុក​នៅ​ប្រទេស​វៀតណាម កន្លង​មក៖ «លោក​បាន​ផ្សឹក​លោក ទឹម សាខន ឲ្យ​សឹក​ហើយ​យក​ទៅ​ដាក់​គុក​នៅ​ក្នុង​ប្រទេស​វៀតណាម​ទៀត។ អា​ហ្នឹង​ដែល​ធ្វើ​ឲ្យ​ខ្មែរ​យើង​នៅ​ក្នុង​ទីក្រុង​ជេកសុនវីល ជាមួយ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​នៅ​អូឡេនដូ (Orlando) គាត់​នឹង​មក​ចូល​រួម​ធ្វើ​បាតុកម្ម»

កម្មវិធី​បញ្ចុះ​សីមា​ព្រះវិហារ​ថ្មី​នៅ​វត្ត​ខន្តិយារាម ក្នុង​ទីក្រុង​ជេកសុនវីល នៃ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ ១២ រោច ខែ​កត្តិក ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ ១៤ រោច ខែ​កត្តិក ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៣។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​ក្រុម​គណៈកម្មការ​វត្ត​ខន្តិយារាម អំពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​នឹង​សម្ដេច​សង្ឃរាជ ទេព វង្ស បាន​ទេ កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​វិច្ឆិកា។

ទោះ​បី​ជា​មាន​គម្រោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៥០០​នាក់ ប្រឆាំង​នឹង​វត្តមាន​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ក៏ដោយ ក៏​ព្រះអង្គ​មិន​រាថយ​ក្នុង​ការ​និមន្ត​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ។

នៅ​ក្នុង​ពេល​កំពុង​និមន្ត​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​២៦ សម្ដេច​ព្រះសង្ឃ​រាជ ទេព វង្ស មាន​ព្រះ​ថេរដីកា​ថា គ្មាន​ជន​ណា​មួយ​អាច​ឃាត់​ដំណើរ ឬ​និស្ស័យ​របស់​ព្រះអង្គ​ក្នុង​ការ​ចូល​រួម​កម្មវិធី​បញ្ចុះ​សីមា​នោះ​ឡើយ។

ព្រះអង្គ​មាន​សង្ឃដីកា​បន្ថែម​ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ហើយ​អំពាវនាវ​ឲ្យ​ពុទ្ធ​បរិស័ទ​ទាំង​អស់​នាំ​គ្នា​ធ្វើ​បុណ្យ​ជា​ជាង​ធ្វើ​បាប៖ «អាត្មា​សូម​អោយ​ខ្មែរ​និង​ខ្មែរ​រួបរួម​គ្នា បង្កើត​នូវ​កម្លាំង​អភិវឌ្ឍន៍​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដើម្បី​ជីវភាព​រស់​នៅ​របស់​ខ្មែរ។ តាំង សារ៉ាដា៖ ដំណឹង​នៃ​ការ​ធ្វើ​បាតុកម្ម​ចំពោះ​សម្ដេច​ហ្នឹង តើ​សម្ដេច​នៅ​តែ​យាង​មក​ដែរ​ទេ? ព្រះសង្ឃរាជ ទេព វង្ស៖ កំពុង​ជិះ​ឡាន​ទៅ​ឡើង​កប៉ាល់ហោះ​ហើយ​នេះ! អាត្មា​កាត់​មនោសញ្ចេតនា​មិន​បាន​ទេ ពីព្រោះ​អាត្មា​ជា​អ្នក​បង្កើត​ព្រះពុទ្ធ​សាសនា​តាំង​ពី​ឆ្នាំ​១៩៧៩ មក​នេះ គឺ​អាត្មា​ជា​អ្នក​បង្កើត​ណា»

តំណាង​សហគមន៍​ខ្មែរ​នៅ​ក្រុង ជេកសុនវីល លោក ជឹម ប៊ន ថ្លែង​ថា បាតុកម្ម​របស់​ពលរដ្ឋ​នឹង​ធ្វើ​ឡើង​មិន​ត្រឹមតែ​ប្រឆាំង​វត្តមាន​របស់​សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ប្រឆាំង​ដល់​ការ​វាយ​ធ្វើ​បាប​ព្រះសង្ឃ​ខ្មែរ​ជា​ច្រើន​អង្គ​កន្លង​មក ដូចជា​ករណី​វត្ត​ស្ទឹងមានជ័យ ជា​ដើម​ដែល​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ បាន​វៃ​សម្រាត​ស្បង់​ចីពរ​របស់​ព្រះសង្ឃ​ខ្មែរ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ហើយ​ដែល​សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស ពុំ​បាន​អន្តរាគមន៍​ដល់​អំពី​រំលោភ​សាសនា​ព្រះពុទ្ធ​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល