ទាហានថៃបាញ់ពលរដ្ឋខ្មែរ១០នាក់ពេលឆ្លងដែន
2013.02.25
សេចក្ដីរាយការណ៍បានឲ្យដឹងថា មានប្រជាពលរដ្ឋ ៨នាក់ បានរួចផុតជីវិតពីការបាញ់ប្រហារនោះ ប៉ុន្តែខ្មែរពីរនាក់ទៀតកំពុងបាត់ខ្លួននៅក្នុងទឹកដីថៃ។
ប្រជាពលរដ្ឋខ្មែរពីរនាក់ដែលបាត់ខ្លួននៅក្នុងហេតុការណ៍បាញ់ប្រហារពីសំណាក់កងទាហានថៃ នោះ គេនៅពុំទាន់រកឃើញនៅឡើយរហូតមកទល់ពេលនេះ ចំណែកមន្ត្រីទំនាក់ទំនងព្រំដែនខ្មែរ កំពុងធ្វើការងារនេះជាមួយភាគីអាជ្ញាធរថៃ ដើម្បីស្រាវជ្រាវរកបន្តទៀត។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ មានប្រជាពលរដ្ឋខ្មែរចំនួន ១០នាក់ បាននាំគ្នាធ្វើដំណើរចេញព្រំដែនកម្ពុជា ឆ្លងកាត់ខ្នងភ្នំដងរែកចូលដីថៃ ដើម្បីរកកាប់ឈើ។ នៅពេលធ្វើដំណើរដល់ចំណុចមួយក្នុងឃុំទ័ពរាជ ស្រុកតាប់ប្រាយ៉ា ខេត្ដស្រះកែវ ក៏ត្រូវទាហានថៃ បាញ់រះនៅបណ្ដាលឱ្យបាត់ខ្លួន ២នាក់ និង ៨នាក់រត់គេចខ្លួនចូលក្នុងទឹកដីកម្ពុជាវិញ។
ប្រភពពីកងការពារព្រំដែនខ្មែរបានបញ្ជាក់ថា គេនៅពុំទាន់មានព័ត៌មានច្បាស់លាស់ ជុំវិញការបាត់ខ្លួនប្រជាពលរដ្ឋខ្មែរពីរនាក់នោះថា ត្រូវស្លាប់ ឬក៏នៅរស់៖ «អាហ្នឹងយើងកំពុងតាមដាន ៨នាក់ថា មកវិញ ធម្មតាអ្នករកវាតែងមានដៃគូវា បើសិនវាឡើងកាប់មែន វាមានថៃ មានខ្មែរ មិនដែលមានតែយើងទេ ព្រោះឈើហ្នឹងវាមិនមែនដូចរបស់ដាក់ហោប៉ៅខោបាននោះទេ បើសិនវាឡើងទៅមែន វាមានដៃគូរបស់វាហើយ»។
អាជ្ញាធរស្រុកថ្មពួក បានឲ្យដឹងថា ប្រជាជនខ្មែរ ២នាក់ ដែលបាត់ខ្លួននោះមានឈ្មោះ រៀន អាយុ ២៧ឆ្នាំ និងឈ្មោះ ឆន អាយុ ២៥ឆ្នាំ។ អ្នកទាំង ២ និងមនុស្ស ៨នាក់ទៀត ខ្លះជាប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេង និងខ្លះជាអ្នករស់ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
វិទ្យុអាស៊ីសេរីបានព្យាយាមទូរស័ព្ទទៅលោក ពេជ្រ វណ្ណា នាយការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ជាច្រើនលើក ដើម្បីសុំសេចក្ដីបញ្ជាក់បន្ថែមជុំវិញបញ្ហានេះ ប៉ុន្តែទូរស័ព្ទរោទ៍តែពុំមានអ្នកទទួល។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ុំ ច័ន្ទគា បានថ្លែងថា រដ្ឋាភិបាលកម្ពុជា គួរមានវិធានការទប់ស្កាត់បញ្ហានេះ។ រដ្ឋាភិបាលគួរចរចាជាមួយភាគីថៃ ដើម្បីបញ្ឈប់ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ។ ទន្ទឹមគ្នានេះ លោកសុំឲ្យភាគីថៃ ចាត់វិធានការទៅលើប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ទៅតាមច្បាប់របស់ប្រទេសថៃ។
លោក ស៊ុំ ច័ន្ទគា៖ «ប្រជាពលរដ្ឋខ្មែរនៅតាមច្រកព្រំដែន គាត់មិនមែនជាអ្នកហ៊ានទៅប្រព្រឹត្តបទល្មើសអីអ៊ីចឹងទេ បញ្ហានេះវាមានពាក់ព័ន្ធទៅលើមន្ត្រីមួយចំនួនដែលបើកដៃឲ្យទៅរកស៊ី ព្រោះថា ខ្មែរយើងមិនមែនចេះហ៊ានទៅកាប់ទៅយកអីទៅយកឈើនៅទឹកដីថៃ បានទេ ខ្មែរយើងខ្លាចណាស់»។
ក្នុងរយៈកាលកន្លងទៅនេះ ទាហានថៃ បានបាញ់ប្រហារទៅលើប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បណ្ដាលឲ្យសម្លាប់ ខ្លះរងរបួស និងមានការចាប់ខ្លួនជាបន្តបន្ទាប់ ខណៈដែលពលរដ្ឋខ្មែរទាំងនោះនាំគ្នាចូលទៅរកកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីការពារព្រំដែនខ្មែរជួរមុខទាំងអស់ ត្រូវមានវិធានការទប់ស្កាត់ចំពោះលំហូរប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅរកកាប់ឈើនៅក្នុងទឹកដីថៃ។ ប៉ុន្តែការលួចឆ្លងដែនខុសច្បាប់ចូលរកកាប់ឈើនៅដីថៃ នៅកើតតែមាន។ ទាហានថៃ បាញ់សម្លាប់ខ្មែរនៅតែមានជាបន្តបន្ទាប់ ហើយបញ្ហានេះត្រូវបានគេនិយាយថា ដោយសារក្រុមអ្នកលួចឆ្លងដែនទៅរកកាប់ឈើនៅក្នុងដីថៃ នោះ មានការអនុញ្ញាតពីមន្ត្រីការពារព្រំដែនខ្មែរ ហើយមន្ត្រីខ្មែរទាំងនោះ ក៏ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរថៃ ដូចគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។