យុវជនថៃម្នាក់ត្រូវបានជួយសង្គ្រោះពីការចាប់ជំរិតទារប្រាក់នៅកម្ពុជា
2024.08.30
យុវជនថៃម្នាក់ អាយុ១៧ឆ្នាំ ត្រូវបានប៉ូលិសខ្មែរ ជួយសង្គ្រោះពីការចាប់ជំរិតទារប្រាក់ចំនួន ២លានបាត ឬស្មើប្រមាណជិត៦ម៉ឺនដុល្លារនៅកម្ពុជា។ អាជ្ញាធរនៅមិនទាន់ចាប់បានក្រុមជនល្មើសនៅឡើយទេ។
កាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី ២៩ ខែសីហា ឲ្យដឹងថា ក្រុមជនល្មើសដែលស្លៀកពាក់ជាឯកសណ្ឋានជាប៉ូលិស បានទូរស័ព្ទទៅជនរងគ្រោះ ដើម្បីណាត់ជួបគ្នា ដោយចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន រួចក៏ចាប់ខ្លួនតែម្តង។
ជនរងគ្រោះបានទូរស័ព្ទទៅឪពុក ដោយប្រាប់ថា ខ្លួនត្រូវបានក្រុមជនល្មើសចាប់ជំរិតយកទៅប្រទេសកម្ពុជា តែមិនបានដឹងថា ស្ថិតនៅកន្លែងណាឡើយ។ ជនល្មើសបានប្រាប់លោក ឆៃ តាវ៉ាត គីរ៉ាធីរ៉ាត់ (Chaitawat Keeratirat) ដែលជាលេខាម្នាក់ នៅភូមិឆាយ៉ា ស្ថិតនៅតំបន់ភាគឦសានប្រទេសថៃថា ត្រូវប្រគល់ប្រាក់ ២លានបាត ជាថ្នូរនឹងការដោះលែង ហើយបើមិនធ្វើតាមទេ ពួកគេនឹងសម្លាប់កូនប្រុស។
ប៉ូលិសថៃបានទាក់ទងជាមួយប៉ូលិសកម្ពុជា ដើម្បីស្វែងរកជនរងគ្រោះ។ ប៉ូលិសខ្មែរ ក៏បានរកឃើញជនរងគ្រោះ ប៉ុន្តែមិនបានបង្ហាញពីទីកន្លែងនោះទេ និងបានប្រគល់ទៅឲ្យប៉ូលិសថៃ នៅប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ព្រំដែនកម្ពុជាថៃ កាលពីថ្ងៃទី២៨ ខែសីហា ក្រោយពីបង់ផាកពិន័យចូលកម្ពុជាដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។