ថៃ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជាច្រើន​នាក់​ទៅ​កម្ពុជា បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូវីដ​ចូល​ក្នុង​សហគមន៍

ដោយ មួង ណារ៉េត
2020.12.22
ថៃ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជាច្រើន​នាក់​ទៅ​កម្ពុជា បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូវីដ​ចូល​ក្នុង​សហគមន៍ ទិដ្ឋភាព​អាជ្ញាធរ​នាំ​យក​ពលករ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​ថៃ បញ្ជួន​ត្រឡប់​មក​កម្ពុជា ទៅ​ធ្វើ​ចត្តាឡីស័ក កាល​ពី​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ​២០២០។
Photo Provided

អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជាច្រើន​នាក់ ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​តាម​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់ អំឡុង​ពេល​មានការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ចូល​ក្នុង​សហគមន៍​នៅ​ប្រទេស​ថៃ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ថា រឿង​នេះ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចូល​មក​កម្ពុជា ប្រសិនបើ​អាជ្ញាធរ​មិន​បាន​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ។

ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​ការពារ​ព្រំដែន លោក អ៊ុំ សុផល ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ថា ចាប់តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩ នៅ​ខេត្ត​សាមុតសាខន (Samut Sakhorn)​ប្រទេស​ថៃ​មក អាជ្ញាធរ​ថៃ នៅតែ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជាច្រើន​នាក់​ត្រឡប់​មក​កម្ពុជា​។ លោក​ឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២១ ធ្នូ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​៨៤​នាក់​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​របៀង​អូរបីជាន់ ក្នុងស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ លោក អ៊ុំ សុផល បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​បាន​ដឹក​ពលករ​ទាំងនោះ​ទៅ​ធ្វើ​ច​ត្តា​ឡីស័ក​ចំនួន ១៤​ថ្ងៃ​ទើប​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ៖ «ខាង​ខ្ញុំ​នេះ​គ្រាន់តែ​ជា​អ្នកទទួល​ទេ ទទួល​ហើយ​បញ្ជូន​ទៅ​ខាង​សុខាភិបាល គាត់​យក​ទៅ។ មកដល់​គ្រាន់តែ​យើង​ទទួល​គាត់​មក​យក​ទៅ បើ​មាន​ពលករ​លួច​ចេញ​មក​អីចឹង​យើង​ស្ទាក់​បាន យើង​បញ្ជូន​ឱ្យ​គាត់​ទៅ។ អត់​មាន​លួច​ចេញ​បាន​ទេ យើង​ឱ្យ​មាន​ទេ ហ្នឹង​វា​ចេញ​តែ​យប់​ទេ ថ្ងៃ​អត់​មាន​ចេញ​ទេ»

មេ​ប៉ូលិស​ផ្កាយ​មួយ​រូប​នេះ​បន្ត​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​កងកម្លាំង​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ថៃ ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​ពលករ​ណា​ម្នាក់​ឆ្លងដែន​ចូល​មក​កម្ពុជា ដោយ​មិន​បាន​ធ្វើ​ចត្តាឡីស័ក​នោះ​ឡើយ​។ លោក អ៊ុំ សុផល និយាយ​ថា រហូត​មក​ទល់​ពេលនេះ​មិន​មាន​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​កម្ពុ​ជា​វិញ អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ចូល​ក្នុង​សហគមន៍​នៅ​ខេត្ត​សាមុតសាខន នៅ​ឡើយ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា អំឡុង​ពេលនេះ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ចូល​មក​កម្ពុជា។ លោក​ថា អាជ្ញាធរ​ខ្មែរ​គួរតែ​ស្នើ​ទៅ​អាជ្ញាធរ​ថៃ​ឱ្យ​ធ្វើ​ចត្តាឡឺស័ក ១៤​ថ្ងៃ​លើ​ពលករ​ទាំងនោះ​ជាមុន ហើយ​ប្រសិនបើ​មិន​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​ទេ ចាំ​បញ្ជូន​ពួកគេ​មក​កម្ពុជា​ជា​ការ​ល្អ ដោយ​ពុំ​មែន​ចេះតែ​បញ្ជូន​ពលករ​ពី​ប្រទេស​ថៃ​តាម​អំពើ​ចិត្ត​បែប​នេះ​ឡើយ៖ «បើសិនជា​ថៃ​ចេះតែ​ចាប់​បញ្ជូន​ថា តើ​ថៃ​បាន​គិត​អំពី​សុខុមាលភាព​សហគមន៍ សុខុមាលភាព​ប្រជាពលរដ្ឋ​អាស៊ាន​រស់នៅ​ក្បែរ​គ្នា​ទេ។ អាហ្នឹង​ត្រូវ​យកចិត្តទុកដាក់​អីចឹង មិនមែន​ត្រឹមតែ​ខ្មែរ​មកដល់​ធ្វើ​ចត្តាឡឺស័ក​ទេ​» គួរតែ​ថៃ​ហ្នឹង​ធ្វើ​ចត្តាឡឺស័ក​ដែរ​ឱ្យ​បាន​ច្បាស់លាស់​បញ្ជាក់​ថា មនុស្ស​ហ្នឹង​អត់​មាន​មេរោគ ហើយ​មកដល់​ខ្មែរ​យើង​ពិនិត្យ​ថែមទៀត ថា​តើ​វា​មាន​អត់។ ព្រោះ​ដោយសារ​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍ បើ​ឆ្លង​ចូល​សហគមន៍​យើង​ត្រូវតែ​គិត​ទាំងអស់​គ្នា ព្រោះថា មេរោគ​ហ្នឹង​បើ​វា​កើត​ខ្មែរ​ក៏​វា​ឆ្លង​ដល់​ថៃ​បើ​កើត​ថៃ​ឆ្លង​ដល់​ខ្មែរ អីចឹង​ការ​រាតត្បាត​នៅ​ក្នុង​អាស៊ាន​បញ្ហា​ពិភពលោក។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២២ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ទី​២២ ធ្នូ។

អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ចុះផ្សាយ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ ថា នៅ​តំបន់​ព្រំដែន​ខេត្ត​នេះ​បាន​ជ្រើស​យក​វិទ្យាល័យ​និមិត្ត ក្រុង​ប៉ោយប៉ែត និង វិទ្យាល័យ​កូប ស្រុក​អូរជ្រៅ ធ្វើ​ចត្តាឡីស័ក​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ធ្នូ មក អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ជិត ២០០​នាក់​ហើយ​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ។

ចំណែក​នៅ​ខេត្ត​ឧត្ដរមានជ័យ​ក៏​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​ត្រឡប់​មក​កម្ពុជា​វិញ​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ។ គេហទំព័រ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ចុះផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២២ ធ្នូ ថា មាន​ពលករ​ខ្មែរ​ជាង ១២០​នាក់ (១២១)​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់។ ពលករ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ ដឹក​តាម​រថយន្ត​យោធា​យក​ទៅ​ធ្វើ​ចត្តាឡឺស័ក​នៅ​តំបន់​ព្រំដែន​មុន​នឹង​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។