ស្ថាបនិក​ និង​ជា​អតីត​ម្ចាស់​កាសែត ខេមបូឌា ដេលី ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨៧ ឆ្នាំ

ដោយ ជុន ច័ន្ទបុត្រ
2019.03.18
ខេមបូឌា ដេលី ២០១៧ ៦២២ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

លោក ប៊ើណាដ គ្រីស័រ (Bernard Krisher) ស្ថាបនិក និង​ជា​អតីត​ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ទទួល​មរណភាព​ហើយ​ កាល​ពី​ថ្ងៃទី៥ មីនា កន្លងទៅ​ ក្នុង​ជន្មាយុ ៨៧ ឆ្នាំ។ ក៏​ប៉ុន្តែ ដំណឹង​មរណភាព​នេះ ទើប​តែ​ត្រូវ​បាន​គ្រួសារ​របស់​លោក​ប្រកាស​ឱ្យ​ដឹង​​ជា​សាធារណៈ​ នៅ​ថ្ងៃ​ទី១៨ មីនា។

អ្នក​កាសែត​ជើង​ចាស់ និង​ជា​ជន​សប្បុរស​រូប​នេះ បាន​ស្លាប់​ដោយ​សារ​ជំងឺ​គាំង​បេះដូង នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ហើយ​សព​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​បញ្ចុះ​នៅ​ទីក្រុង​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក។

លោក ប៊ើណាដ គ្រីស័រ (Bernard Krisher) បាន​ចំណាយ​ពេល ៣ ទសវត្សរ៍​នៃ​ជីវិត​ចុង​ក្រោយ​របស់​លោក​ សម្រាប់​ការងារ​មនុស្ស​ធម៌​នៅ​កម្ពុជា។ លោក​បាន​បង្កើត​គម្រោង​ជាច្រើន​ ដើម្បី​ស្វែង​រក​ថវិកា​កសាង​សាលារៀន​ និង​មន្ទីរពេទ្យ ​នៅ​តាម​ទី​ជន​បទ និង​បង្កើត​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ ដើម្បី​ជួយ​កុមារ​កំព្រា និង​គ្មាន​ទីពឹង​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា។

លោក​បាន​បង្កើត​កាសែត​ភាសា​អង់គ្លេស​ដំបូង​គេ​នៅ​កម្ពុជា គឺ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុង​​បេសកកម្ម​រាយការណ៍​ព័ត៌មាន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​ឥត​លម្អៀង។ កាសែត​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រភព​ព័ត៌មាន​មួយ​យ៉ាង​សំខាន់​សម្រាប់​ពលរដ្ឋ​ និង​ជន​​បរទេស​ដែល​ចង់​ដឹង​អំពី​បញ្ហា​កម្ពុជា ហើយ​ជាពិសេស​បាន​ក្លាយ​​ជា​កន្លែង​បំពាក់បំប៉ន​ជំនាញ​យ៉ាង​រឹង​មាំ​សម្រាប់​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ។ ក៏​ប៉ុន្តែ​ មរតក​​របស់​លោក​ក្នុង​​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​នេះ ត្រូវ​បាន​របប​លោក ហ៊ុន សែន វាយ​បំផ្លាញ​ចោល តាម​រយៈ​ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​​នេះ កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៧ កន្លង​ទៅ ក្រោម​លេស​ជំពាក់​ពន្ធ​របប​នេះ​ជាង ៦លាន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។