អ្នក​វិភាគ៖ កំណើន​ពលរដ្ឋ​ចិន​នៅ​កម្ពុជា​អាច​ប៉ះពាល់​ដល់​សង្គម​ខ្មែរ

ដោយ អាន ស៊ីថាវ
2014-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបថត ឆ្នាំ​២០០៧៖ វត្ត​ចិន​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ
រូបថត ឆ្នាំ​២០០៧៖ វត្ត​ចិន​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ
RFA/Danh Hong

ប្រទេស​ចិន បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាង​សំខាន់ និង​បាន​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​កម្ពុជា។ ការ​ជួយ​ជ្រោមជ្រែង​នេះ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​ចិន ផ្លាស់​ទី​កាន់​តែ​ច្រើន​នៅ​ប្រទេស​កម្ពុជា។ អ្នក​វិភាគ​មួយ​ចំនួន​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​ក្រុម​ប្រជាពលរដ្ឋ​ចិន ថា​អាច​ប៉ះពាល់​ដល់​សង្គម​កម្ពុជា លើ​ផ្នែក​វប្បធម៌ សេដ្ឋកិច្ច និង​បរិស្ថាន។

ប្រទេស​មួយ​ដែល​មាន​អំណាច​ខ្លាំង តែង​ធ្វើ​ឲ្យ​ប្រទេស​តូច​មួយ​ងាយ​នឹង​ទទួល​យក​ធ្វើ​ជា​គំរូ។ មាន​ហេតុផល​សំខាន់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ជនជាតិ​ចិន ហូរ​ចូល​មក​ប្រទេស​កម្ពុជា រួម​មាន​កត្តា​ប្រវត្តិសាស្ត្រ កត្តា​អាជីវកម្ម ហើយ​ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ និង​កម្ចី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​កម្ពុជា។ ប្រជាពលរដ្ឋ​កម្ពុជា វិញ ហាក់​ដូច​ជា​ងាយ​នឹង​ទទួល​វប្បធម៌​របស់​ចិន ឬ​តាំង​ខ្លួន​ជា​អ្នក​ជាប់​សែស្រឡាយ​ចិន ដោយ​ហេតុផល​សំខាន់​ពីរ គឺ​ទី​មួយ ប្រជាពលរដ្ឋ​ចិន មាន​ពណ៌​សម្បុរ​ល្អ និង​ចិន ជា​អ្នក​ពូកែ​រក​ស៊ី។

ប៉ុន្តែ បើ​ផ្អែក​លើ​របាយការណ៍​ដង់ស៊ីតេ​ខ្ពស់​របស់​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ប្រទេស​នេះ​ពិបាក​រក​ស៊ី ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ចំណាក​ស្រុក​ទៅ​ប្រទេស​ដទៃ។ ប្រទេស​កម្ពុជា ក៏​មាន​ជនជាតិ​ចិន ជា​ច្រើន​នាក់ កំពុង​រស់​នៅ​ប្រទេស​កម្ពុជា។ សក្ដានុពល​អាជីវកម្ម និង​លក្ខខណ្ឌ​រស់​នៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​អំណោយ​ផល​ល្អ​សម្រាប់​អ្នក​ធ្វើ​ចំណាក​ស្រុក​ជនជាតិ​ចិន។

អ្នក​ជាប់​សែស្រឡាយ​ចិន ម្នាក់​ឈ្មោះ សុខ ឡាក់ ពន្យល់​ពី​មូលហេតុ​ដែល​គ្រួសារ​របស់​គាត់​មក​រស់​នៅ​ប្រទេស​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​ថា កុង​ម៉ា​របស់​គាត់​បាន​ចំណាក​ស្រុក​មក​ពី​ខេត្ត​ខ្វាងចូវ ប្រទេស​ចិន ចូល​មក​កម្ពុជា ដោយ​ហេតុផល​សង្គ្រាម។ លោក​បញ្ជាក់​ថា ជនជាតិ​ចិន ជា​អ្នក​ពូកែ​សន្សំ​សំចៃ និង​ពូកែ​រក​ស៊ី ហើយ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ វប្បធម៌​មួយ​ដែល​សម្គាល់​ថា​ជា​ចិន គឺ​វប្បធម៌​កាន់​ចង្កឹះ និង​ប្រើ​កូន​ចាន​ដើម្បី​ទទួល​ទាន​បាយ។ លោក​ថា ទំនៀមទម្លាប់​នេះ​ដោយសារ​គ្រួសារ​នីមួយៗ​រក​ចំណូល​បាន​តិច និង​ចង់​ចែក​រំលែក​ធនធាន​ទាំង​នោះ ឲ្យ​សមាជិក​គ្រួសារ​ទទួល​បាន​ស្មើៗ​គ្នា។

«សំឡេង»

លោក សុខ ឡាក់ បញ្ជាក់​ទៀត​ថា វប្បធម៌ និង​ប្រពៃណី​របស់​ជនជាតិ​ចិន នៅ​តាម​ផ្ទះ​នីមួយៗ​ដែល​ជាប់​សែស្រឡាយ​ចិន តែង​ធ្វើ​ពិធី​សែន​ផ្លែ​ឈើ​នៅ​ថ្ងៃ​ទី​១៥ ដើម្បី​ឧទ្ទិស​ដល់​ម្ចាស់​ទឹក ឬ​ម្ចាស់​ដី ទី​កន្លែង​ដែល​ពួក​គេ​កំពុង​រស់​នៅ និង​សែន​ជា​សាច់​នៅ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​១៦ ដើម្បី​ឧទ្ទិស​ដល់​ដូនតា​របស់​គេ ដែល​បាន​ចែក​ឋាន​ហើយ។ ក្រៅ​ពី​ពិធី​នេះ រៀង​រាល់​ឆ្នាំ ជនជាតិ​ចិន ប្រមូល​សាច់ញាតិ​ទាំងអស់​ធ្វើ​ពិធី​យ៉ាង​គគ្រឹកគគ្រេង ឧទ្ទិស​ដល់​ដូនតា​របស់​គេ ដែល​គេ​និយម​ហៅ​ថា ឆេងម៉េង និង​ពិធី​សំខាន់​មួយ​ទៀត គឺ​ចូល​ឆ្នាំ​ចិន។

នា​ឱកាស​ចូល​ឆ្នាំ​ម្ដងៗ ពួក​គេ​មាន​អប្បិយ​ជំនឿ​ថា​ក្នុង​រយៈពេល​ចូល​ឆ្នាំ​បី​ថ្ងៃ គឺ​ហាម​មិន​ឲ្យ​បោស​សម្អាត​ផ្ទះ ដោយ​ពួក​គេ​សំអាង​ថា អ្វីៗ​ដែល​ហូរ​ចូល​ក្នុង​ផ្ទះ​នៅ​កំឡុង​ថ្ងៃ​នោះ គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​គេ ដែល​បង្ហាញ​ថា ពួក​គេ​នឹង​រក​ស៊ី​កាក់កប​នៅ​ក្នុង​ឆ្នាំ​ហ្នឹង។

លោក សុខ ឡាក់ បញ្ជាក់​ទៀត​ថា ជនជាតិ​ចិន តែង​ចេះ​សហការ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពួក​គេ​មិន​ចង់​រាប់​អាន​ជាតិ​សាសន៍​ផ្សេង ដែល​មាន​ចារិក​សាំញ៉ាំ និង​គ្មាន​សណ្ដាប់ធ្នាប់។

ប្រទេស​កម្ពុជា មាន​សមាគម​ដែល​រក្សា​ត្រកូល​សំខាន់​បែប​ចិន កំពុង​រស់​នៅ​កម្ពុជា ចំនួន ១៣​សមាគម។ សមាគម​នោះ​មាន​គោល​បំណង និង​ទិសដៅ​ផ្សេងៗ​គ្នា ដើម្បី​ថែ​រក្សា​វប្បធម៌​ប្រពៃណី​រៀង​ខ្លួន។ ប្រធាន​សមាគម​ត្រកូល អ៊ឹង កម្ពុជា លោក អ៊ឹង ហុងមេង បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ជាប់​សែស្រឡាយ​ត្រកូល​នេះ មាន​ទិសដៅ​ចេះ​ជួយ​ចែក​រំលែក​គ្នា​ទៅ​វិញ ការ​ចូល​រួម​អភិវឌ្ឍ​ក្នុង​សង្គម​តាម​រយៈ​ការ​ធ្វើ​ខ្លួន​ជា​ពលរដ្ឋ​ល្អ​ម្នាក់។

របាយការណ៍​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ចិន បាន​ភៀស​ខ្លួន​ចូល​មក​រស់​នៅ​កម្ពុជា បាន​កើន​ឡើង​ជា​លំដាប់។ កម្ពុជា មាន​ជនជាតិ​ចិន រស់​នៅ​កម្ពុជា ចំនួន ៦​ម៉ឺន​នាក់ កាល​ពី​ឆ្នាំ​១៩៨៤ ហើយ​បាន​កើន​ឡើង​ដល់ ៤០​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០០៥។ បច្ចុប្បន្ន ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ នេះ​មិន​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ថ្មី​អំពី​ចំនួន​ជនជាតិ​ចិន រស់​នៅ​កម្ពុជា មាន​ប៉ុន្មាន​នោះ​ឡើយ។ ប៉ុន្តែ សមាគម​ខ្មែរ​ចិន ធ្លាប់​បាន​អះអាង​ថា ជនជាតិ​ចិន កំពុង​រស់​នៅ​កម្ពុជា មាន​ចំនួន​ប្រមាណ ១​លាន​នាក់។ សាលា​បង្រៀន​ភាសា​ចិន នៅ​កម្ពុជា មាន​យ៉ាង​ហោច​ណាស់​មាន​ចំនួន ១០០ ចាប់​តាំង​ពី​កម្រិត​បឋម​សិក្សា​រហូត​ដល់​វិទ្យាល័យ ដែល​សមាមាត្រ​នឹង​ចំនួន​សិស្ស​ប្រមាណ ១​ម៉ឺន​នាក់។

ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ថា ចិន ចូល​មក​កម្ពុជា ដោយសារ​តែ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន។ វិនិយោគ​របស់​ចិន បាន​កើន​ឡើង​យ៉ាង​គំហុក ចាប់​តាំង​ពី​ឆ្នាំ​២០០០។ កត្តា​ទាំងអស់​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​កម្ពុជា យល់​ថា ចិន ជា​មិត្ត​ដែល​មិន​អាច​ខ្វះ​បាន។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា របត់​នយោបាយ​ដែល​កើត​ឡើង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ ដែល​បង្ក​ឡើង​ដោយ​ជម្លោះ​រវាង​ប្រទេស​ចិន និង​វៀតណាម ជា​មូលហេតុ​សំខាន់​មួយ​ធ្វើ​ឲ្យ​ជនជាតិ​ចិន ផ្លាស់​ទី​មក​កម្ពុជា។ លោក​បញ្ជាក់​ថា ការ​កើន​ឡើង​ប្រជាពលរដ្ឋ​ចិន និង​ការ​ទទួល​យក​វប្បធម៌​ចិន ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​មិន​ដឹង​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ជាតិ​ភាគ​តិច ដូច​ដែល​ធ្លាប់​កើត​ឡើង​នៅ​ប្រទេស​សិង្ហបុរី។

«សំឡេង»

ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភ​បែប​នេះ ប៉ុន្តែ​ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ និង​កម្ចី​យ៉ាង​ច្រើន ដើម្បី​លើក​ស្ទួយ​ការ​អភិវឌ្ឍ​នានា​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​រក​ឃើញ​ថា នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា បាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន ប្រមាណ ៦​ពាន់​លាន​ដុល្លារ ដែល​សមាមាត្រ​នឹង​ទឹក​ប្រាក់ ៦០០​លាន​ដុល្លារ​អាមេរិក រៀង​រាល់​ឆ្នាំ។ រដ្ឋាភិបាល​ចិន ក៏​បាន​ប្រកាស​ថា​នឹង​ផ្ដល់​កម្ចី​ដល់​ប្រទេស​កម្ពុជា បន្ថែម ក្នុង​ចន្លោះ​ទឹក​ប្រាក់ ៣០០​លាន ទៅ ៥០០​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​ចិន វិញ ក៏​គ្រោង​នឹង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ទៀត ដើម្បី​សាងសង់​រោងចក្រ​នានា​នៅ​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​កោត​សរសើរ​ចិន ជា​មិត្ត​ដ៏​ល្អ​សម្រាប់​កម្ពុជា ដោយ​អះអាង​ថា ប្រទេស​ចិន បាន​ផ្ដល់​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ។

«សំឡេង»

ក្រៅ​ពី​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន មាន​កំណើន​យ៉ាង​ខ្លាំង។ កំណើន​ពាណិជ្ជកម្ម​នាំ​ចេញ និង​នាំ​ចូល​នៃ​ប្រទេស​ទាំង​ពីរ​គិត​ជា​ទឹក​ប្រាក់​ចំនួន ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០១៣។ ប្រទេស​ទាំង​ពីរ​ក៏​គ្រោង​នឹង​សម្រេច​ទំហំ​ពាណិជ្ជកម្ម ក្នុង​ទំហំ​ទឹក​ប្រាក់​រហូត​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧ ខាង​មុខ។

អនុ​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា លោក ភីធើ ប្រ៊ីមបល (Peter Brimble) បាន​អះអាង​ថា ប្រទេស​ចិន មាន​តួនាទី​សំខាន់​លើ​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ ការ​វិនិយោគ​របស់​ចិន និង​ការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា មាន​ទំហំ​ធំ និង​មាន​លក្ខខណ្ឌ​ងាយ​ស្រួល​ដល់​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ លោក ភីតធើ ប្រ៊ីមបល បាន​បញ្ជាក់​ថា ជំនួយ និង​កម្ចី​របស់​ចិន នេះ រដ្ឋាភិបាល​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រង​បាន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​ប្រចាំ​ឆ្នាំ​២០១៤ បង្ហាញ​ថា កម្ចី​លើ​ការ​វិនិយោគ​សាធារណៈ​របស់​ចិន បាន​ចូល​រួម​ចំណែក​ជាង ៥០% នៃ​បំណុល​សាធារណៈ​របស់​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន ប្រទេស​ចិន បាន​ផ្ដល់​កម្ចី​ស្ទើរ​តែ​ទាំង​ស្រុង ដើម្បី​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់​ថា ចិន ចូល​មក​កម្ពុជា ដោយសារ​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច វប្បធម៌ និង​យក​កម្ពុជា ជា​ទីតាំង​ភូមិសាស្ត្រ​នយោបាយ។ ទោះ​បី​ជា​កម្ពុជា បាន​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី​ប្រទេស​ចិន ប៉ុន្តែ​កម្ពុជា ហាក់​មិន​មាន​វិធាន​ការ​គ្រប់គ្រាន់ និង​ច្បាប់​សមស្រប ដើម្បី​គ្រប់គ្រង​ការ​រីក​រាល​ដាល​ឥទ្ធិពល​របស់​ចិន នៅ​ប្រទេស​កម្ពុជា ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Nolan Sam

ពី Pa(USA)

This really big concerning to our nation, my estimation Chinese population approximately 2.000.000.000 on the global , it really dangers to the small country like Cambodia because Chinese is one particular human being,racial acts,business culture.and gold digger but it is not too late if we put system ahead 01 is future khmer leaders at lease 90% khmer blood 02 require students after graduated hight school to be participating 3Years serving monk or military fields.2674214339

Feb 14, 2014 02:36 AM

Dara

ពី pp

u a one make trouble in cambodia ,go out of my country!sok touch!

Feb 13, 2014 11:18 AM

Khmer victim

I agreed and if we don't strengthen nationalism, racism and historic to the young generation, Cambodia will be erased from world map.We confess that Khmer people forgot everything of their history.

Feb 13, 2014 09:39 AM

គេហទំព័រ​ទាំងមូល