កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សម្រេច​ឈប់​បោះ​ពុម្ព​ផ្សាយ​ដោយសារ​ក្ស័យធន

2024.03.02
កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សម្រេច​ឈប់​បោះ​ពុម្ព​ផ្សាយ​ដោយសារ​ក្ស័យធន សេចក្ដីជូនដំណឹងរបស់កាសែតភ្នំពេញប៉ុស្តិ៍ពីការឈប់បោះឆ្នោតផ្សាយ​របស់ខ្លួន។
រូប៖ screenshot

ម្ចាស់​ក្រុមហ៊ុន​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សម្រេច​ឈប់​បោះពុម្ពផ្សាយ​ព័ត៌មាន​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​នៅ​លើ​កាសែត​នេះ​ចាប់ពី​ថ្ងៃទី​២៩ មីនា ដោយសារ​ក្ស័យធន។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​១ ខែ​មីនា ថា ការ​សម្រេចចិត្ត​បិទ​ការ​បោះពុម្ពផ្សាយ​នេះ​ធ្វើឡើង​ក្រោម​ហេតុផល​ថា ស្ថានភាព​សេដ្ឋកិច្ច​ថមថយ​ក្រោយ​កូវីដ-១៩ ចំណែក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ជា​ចំណូល​ចម្បង​បន្ត​ធ្លាក់ចុះ​ខ្លាំង ស្របពេល​ការ​វិវត្ត​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ទៀត​នោះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) លោក ណុប វី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​សោកស្តាយ និង​ព្រួយបារម្ភ​ចំពោះ​ការបាត់បង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បោះពុម្ពផ្សាយ ឬ​វិទ្យុ​ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​លំហ​នៃ​ការ​ទទួលបាន​ព័ត៌មាន​ចម្រុះ​គ្រប់​និន្នាការ​សម្រាប់​ពលរដ្ឋ​នៅក្នុង​សង្គម​។ លោក​កត់សម្គាល់​ថា ស្ថាប័ន​ព័ត៌មាន​ដែល​ប្រឈម​បិទ​ដំណើរការ​សកម្មភាព​អាច​ដោយសារ​ការ​ផលិត​ខ្លឹមសារ​អត្ថបទ ឬ​មាតិកា​ព័ត៌មាន​កន្លងមក​ធ្វើ​ឱ្យ​អ្នកអាន​បាត់​ទំនុកចិត្ត និង​លែង​ចង់​អាន​ព័ត៌មាន​ទាំងនោះ។

លោក ណុប វី៖ «ខ្ញុំ​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ព័ត៌មាន​ទាំងអស់​ដែល​នៅសល់ យើង​គួរតែ​ពិនិត្យមើល​អំពី​ការធានា​នូវ​គុណភាព និង​ការ​ចង់​បាន​របស់​អ្នកអាន​របស់​ខ្លួន​ទីមួយ ទី​ពីរ​យើង​គួរ​យកចិត្តទុកដាក់ និង​វិនិយោគ​ឱ្យ​បាន​ច្រើន​ថែមទៀត​ចំពោះ​ការ​កសាង​សមត្ថភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ធ្វើ​កិច្ច​ការងារ​នៅក្នុង​ស្ថាប័ន​ទាំង​អស់ហ្នឹង​ដើម្បី​ឱ្យ​គាត់​ឆ្លើយតប​នឹង​ការប្រែប្រួល ការ​វិវត្ត​បច្ចេកវិទ្យា និង​យុគសម័យ​អ៊ីនធឺណិត (Internet) ហើយ​គាត់​អាច​ផលិត​ខ្លឹមសារ​និង​មាតិការឿង​ដែល​ឆ្លើយ​តប​នឹង​បរិបទ​នេះ​ដូចគ្នា​បាទ»

លោក ណុប វី ចង់​ឃើញ​រដ្ឋាភិបាល​ជួយ​សម្រួល​បន្ទុក​ចំណាយ​ផ្នែក​ពន្ធ​របស់​ក្រុមហ៊ុន​សារព័ត៌មាន​ទាំងនោះ ព្រមទាំង​បើក​លំហ​សេរីភាព​សារព័ត៌មាន ដើម្បី​ការពារ​ដល់​អ្នកសារព័ត៌មាន​អាច​អនុវត្ត​ការងារ​ដោយ​មិន​ពុំ​មាន​ការភ័យខ្លាច និង​មាន​លទ្ធភាព​សរសេរ​អត្ថបទ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ស្រប​តាម​តម្រូវការ​របស់​អ្នកអាន​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាក្រុង​ភ្នំពេញ​បដិសេធ​មិន​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ហែ​ក្បួន​បាតុកម្ម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។