ជីវិត​ព្រះសង្ឃ​ខ្មែរ​មួយ​ចំនួន​តស៊ូ​សិក្សា​នៅ​ប្រទេស​ថៃ​ដើម្បី​យក​ចំណេះ​ត្រឡប់​ទៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2022.10.05
Share on WhatsApp
Share on WhatsApp
ជីវិត​ព្រះសង្ឃ​ខ្មែរ​មួយ​ចំនួន​តស៊ូ​សិក្សា​នៅ​ប្រទេស​ថៃ​ដើម្បី​យក​ចំណេះ​ត្រឡប់​ទៅ​កម្ពុជា ព្រះសង្ឃ​ខ្មែរ​កំពុង​បន្ត​សិក្សារៀនសូត្រ នៅ​ប្រទេស​ថៃ។
Photo Provided

ព្រះសង្ឃ​ខ្មែរ​មួយចំនួន ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ បាន​ខិតខំ​រៀនសូត្រ​ដើម្បី​យក​ចំណេះ​វិជ្ជា​ត្រឡប់​ទៅ​អភិវឌ្ឍន៍​កសាង​វត្ត​អារាម អប់រំ​ពុទ្ធបរិស័ទ​ឲ្យ​ប្រព្រឹត្ត​ល្អ​តាម​លំអាន​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា។ ព្រះសង្ឃ​មាន​ថេរដីកា​ថា ការ​សិក្សា​នៅ​ប្រទេស​ថៃ មាន​ការ​លំបាក​ជាច្រើន ជាពិសេស​ផ្នែក​ភាសា​ថៃ សម្រាប់​និយាយ​ប្រាស្រ័យ​ទាក់ទង​រាល់ថ្ងៃ​ជាមួយ​មិត្តភ័ក្ដិ​រួម​ថ្នាក់ និង​គ្រូបង្រៀន តែ​ព្រះអង្គ​បាន​ពុះពារ​រៀន​បន្ថែម​ដោយ​ខ្លួនឯង រហូត​អាច​សិក្សា​ជាមួយ​ព្រះសង្ឃ​ថៃ​បាន។

ព្រះសង្ឃ​ខ្មែរ​មួយ​ចំនួន តស៊ូ​ជម្នះ​ការ​លំបាក​គ្រប់​បែប​យ៉ាង សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​ផ្នែក​ព្រះពុទ្ធសាសនា​នានា នៅ​ប្រទេស​ថៃ ដើម្បី​យក​ចំណេះ​វិជ្ជា​ទៅ​សាប​ព្រួស​ដល់​កូន​ខ្មែរ ឲ្យ​បាន​យល់ដឹង​បន្ថែម​ទៀត​ទាក់ទង​នឹង​វិស័យ​សាសនា ជា​ពិសេស​ពាក្យ​ទូន្មាន​របស់​ព្រះពុទ្ធ។

ការ​សិក្សា​របស់​ព្រះសង្ឃ​នៅ​ទីនេះ គឺ​មាន​ព្រះសង្ឃ ដែល​ជា​សិស្ស​ច្បង បាន​ណែនាំ​ព្រះសង្ឃ ដែល​ទើប​មក​រៀន​ថ្មី ឲ្យ​ចេះ​សម្រប​ខ្លួន​តាម​របៀប​របប​ព្រះសង្ឃ​ថៃ ដើម្បី​ងាយស្រួល​ក្នុងការ​រស់នៅ​និង​រៀនសូត្រ។

ព្រះសង្ឃ​កំពុង​សិក្សា​ឆ្នាំ​ទី​៣ ផ្នែក​សង្គមវិទ្យា នៅ​សាកលវិទ្យាល័យ​មហាមកុដរាជ​វិទ្យាល័យ (Mahamakud Rajavidyalaya University) មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម ព្រះ​ភិក្ខុ ទ្រី អក្ខរា មាន​ថេរ​ដីកា​ថា ព្រះអង្គ​មក​សិក្សា​នៅ​ប្រទេស​ថៃ គឺ​ចង់​ស្គាល់​វប្បធម៌ អរិយធម៌​ផ្នែក​ព្រះពុទ្ធសាសនា​របស់​ប្រទេស​នេះ និង​បាន​ឈ្វេងយល់​បន្ថែម​ទៀត​ពី​ការ​គោរព​ប្រតិបត្តិ​សាសនា​របស់​ពលរដ្ឋ​ថៃ។

ព្រះ​ភិក្ខុ​រូប​នេះ​មាន​ថេរ​ដីកា​បន្ត​ថា ការ​សិក្សាអប់រំ​របស់​ព្រះសង្ឃ​នៅក្នុង​ប្រទេស​ថៃ មាន​បែបបទ​ទំនើប​ជាង​ព្រះសង្ឃ​នៅ​កម្ពុជា ហើយ​ព្រះអង្គ​ប្ដេជ្ញា​ខិតខំ​រៀង​សូត្រ​យកចំណេះ​ដឹង​ថ្មីៗ ដើម្បី​យក​ទៅ​បណ្ដុះបណ្ដាល​ដល់​កុលបុត្រ​ខ្មែរ។

ស្រដៀង​គ្នា​នេះ​ដែរ ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ទៀត ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​មហា​មកុដ​រាជ​វិទ្យាល័យ (Mahamakud Rajavidyalaya University) សិក្សា​ឆ្នាំ​ទី​១ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ មាន​ថេរ​ដីកា​ថា ការ​ដែល​ទៅ​រៀន​នៅ​ប្រទេស​ថៃ​គឺជា​ភ័ព្វសំណាង​របស់​ព្រះអង្គ ប៉ុន្តែ​ក៏​មាន​ការ​លំបាក​ខ្លះ​ដែរ ជាពិសេស​ផ្នែក​ភាសា​ថៃ។ ព្រះអង្គ​ស្ដាប់​គ្រូ​ពន្យល់​មិន​បាន តែ​ក្រោយ​មក​ព្រះអង្គ​ខំរៀន​ដោយ​ខ្លួនឯង​បន្ថែម ទើប​ស្ដាប់​យល់​ឡើងវិញ។

ព្រះអង្គ​មាន​ថេរ​ដីកា​ថា ព្រះអង្គ​នឹង​តាំងចិត្ត ក្រេប​យក​នូវ​ចំណេះដឹង​ណា​ល្អៗ យក​ទៅ​បង្រៀន​កូន​ខ្មែរ​នៅ​ស្រុក​កំណើត​របស់​ព្រះអង្គ​។ ព្រះអង្គ​យល់​ថា សង្គម​មួយ​ដែល​ល្អ​ផូរផង់​ទៅ​បាន លុះត្រា​តែ​មាន​អ្នកចេះដឹង​ច្រើន ព្រោះ​អ្នក​ចេះដឹង​ជា​គ្រឹះ​សម្រាប់​កសាង​សង្គម និង​ជាតិ​ឲ្យ​រុងរឿង​។ «»

ព្រះសង្ឃ​ខ្មែរ ដែល​មក​សិក្សា​នៅ​ប្រទេស​ថៃ ភាគច្រើន​មក​តាម​សមាគម​ព្រះសង្ឃ​ខ្មែរ​នានា នៅ​តាម​សាកលវិទ្យាល័យ​ខាង​ព្រះពុទ្ធសាសនា​។ ការ​រស់នៅ​របស់​ព្រះសង្ឃ​ខ្មែរ​នៅ​ប្រទេស គឺ​និមន្ត​បិណ្ឌបាត្រ​តាម​ផ្ទះ​អ្នក​ស្រុក​ថៃ ដើម្បី​បាន​ចង្ហាន់​ឆាន់ និង​បច្ច័យ​សម្រាប់​បង់ថ្លៃ​សាលា។

ព្រះសង្ឃ​ខ្មែរ ដែល​សិក្សា​នៅ​ប្រទេស​ថៃ​ភាគច្រើន​ត្រូវ​បង់ថ្លៃ​សាលា​ដោយ​ខ្លួនឯង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ និង​អ្នកនាំពាក្យ​ក្រសួង​​ធម្មការ និង​សាសនា លោក សេង សុមុនី ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​៤ ខែ​តុលា។

ជំនួយការ​ផ្ទាល់​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក ហង់ វ៉ាន់ដេត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ព្រះសង្ឃ​ដែល​បាន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស ជា​ធនធានមនុស្ស​របស់​កម្ពុ​ជាមួយ​ប្រសើរ ព្រោះ​ព្រះអង្គ​អាច​ជួយ​បណ្ដុះបណ្ដាល យុវជន យុវតី ឲ្យ​ក្លាយជា​មនុស្ស​ល្អ​ក្នុង​សង្គម​បាន​។ លោក​បន្ថែម​ថា ព្រះសង្ឃ​ខ្លះ​មាន​សមត្ថភាព​អាច​បម្រើការ​តាម​ក្រសួង​នានា​របស់​រដ្ឋ​បាន ទៅតាម​ចំណេះ​ជំនាញ​ដែល​ព្រះអង្គ​បាន​សិក្សា​នៅ​ក្រៅ​ប្រទេស។ «»

ជុំវិញ​រឿង​នេះ ព្រះប្រធាន​មូលនិធិ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា ព្រះ​ភិក្ខុ ហាក់ សៀង​ហៃ មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​ខ្មែរ​ដែល​សិក្សា​នៅ​ក្រៅ​ប្រទេស ជា​កម្លាំង​ស្នូល​មួយ​សម្រាប់​លើក​ស្ទួយ​ព្រះពុទ្ធសាសនា​ឲ្យ​រីកចម្រើន​បាន និង​ជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​សង្គម។ ក្រោយ​ពេល​ព្រះសង្ឃ​បាន​បញ្ចប់​ការ​សិក្សា​ហើយ ព្រះអង្គ​តែង​យក​ចំណេះ​នោះ​មក​អប់រំ​ពលរដ្ឋ​នៅ​តាម​ភូមិ​ស្រុក ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ។

ព្រះភិក្ខុ ហាក់ សៀងហៃ មាន​ថេរ​ដីកា​បន្ត​ថា បច្ចុប្បន្ន​ព្រះសង្ឃ​ក៏​ជា​ធនធាន​មនុស្ស​មួយ​សម្រាប់​ជួយ​អភិវឌ្ឍ​សង្គម​ហើយក៏​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ឲ្យ​គង់វង្ស ព្រោះ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

របាយការណ៍​របស់​សមាគម​ព្រះសង្ឃ​ខេមរៈ​សង្គហធម៌ ប្រចាំ​ប្រទេស​ថៃ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ព្រះសង្ឃ​ខ្មែរ​ជាង​ពីរ​រយ​អង្គ កំពុង​សិក្សា​តាម​សាកលវិទ្យាល័យ​នានា នៅ​ប្រទេស​ថៃ​។ ព្រះសង្ឃ​ទាំងនោះ តែង​ជួយ​យកអាសា​គ្នា ណែនាំ​គ្នា​ឲ្យ​រៀង​សូត្រ និង​ប្រតិបត្តិ​ល្អ​តាម​គន្លង​ព្រះពុទ្ធ​សាសនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

លី ប៊ុនលីន
Oct 08, 2022 04:32 AM

ព្រះសង្ឃ​មាន​ថេរដីកា​ថា ការ​សិក្សា​នៅ​ប្រទេស​ថៃ មាន​ការ​លំបាក​ជាច្រើន បើ​ថា​ការ​សិក្សា​នៅ​ប្រ​ទេស​ថៃ​លំ​បាក​ហើយ​ មិន​ដឹង​និមន្ត​ទៅ​រៀន​ឯណា​បាន​ស្រួល​ទេ​ចឹង បើ​តាម​ខ្ញុំ​ដឹង​ព្រះ​សង្ឃ​សិក្សា​នៅ​ប្រ​ទេស​ថៃ​ គឺ​មហា​សែន​ស្រួល​ហើយ​ បើ​ប្រៀប​ធៀប​ទាំង​ពិភពលោក​ (បញ្ជាក់​ ទូទាំង​ពិភព​លោក)