ព្រះសង្ឃខ្មែរមួយចំនួន ដែលកំពុងសិក្សានៅប្រទេសថៃ បានខិតខំរៀនសូត្រដើម្បីយកចំណេះវិជ្ជាត្រឡប់ទៅអភិវឌ្ឍន៍កសាងវត្តអារាម អប់រំពុទ្ធបរិស័ទឲ្យប្រព្រឹត្តល្អតាមលំអានព្រះពុទ្ធសាសនានៅកម្ពុជា។ ព្រះសង្ឃមានថេរដីកាថា ការសិក្សានៅប្រទេសថៃ មានការលំបាកជាច្រើន ជាពិសេសផ្នែកភាសាថៃ សម្រាប់និយាយប្រាស្រ័យទាក់ទងរាល់ថ្ងៃជាមួយមិត្តភ័ក្ដិរួមថ្នាក់ និងគ្រូបង្រៀន តែព្រះអង្គបានពុះពាររៀនបន្ថែមដោយខ្លួនឯង រហូតអាចសិក្សាជាមួយព្រះសង្ឃថៃបាន។
ព្រះសង្ឃខ្មែរមួយចំនួន តស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង សិក្សានៅតាមសាកលវិទ្យាល័យផ្នែកព្រះពុទ្ធសាសនានានា នៅប្រទេសថៃ ដើម្បីយកចំណេះវិជ្ជាទៅសាបព្រួសដល់កូនខ្មែរ ឲ្យបានយល់ដឹងបន្ថែមទៀតទាក់ទងនឹងវិស័យសាសនា ជាពិសេសពាក្យទូន្មានរបស់ព្រះពុទ្ធ។
ការសិក្សារបស់ព្រះសង្ឃនៅទីនេះ គឺមានព្រះសង្ឃ ដែលជាសិស្សច្បង បានណែនាំព្រះសង្ឃ ដែលទើបមករៀនថ្មី ឲ្យចេះសម្របខ្លួនតាមរបៀបរបបព្រះសង្ឃថៃ ដើម្បីងាយស្រួលក្នុងការរស់នៅនិងរៀនសូត្រ។
ព្រះសង្ឃកំពុងសិក្សាឆ្នាំទី៣ ផ្នែកសង្គមវិទ្យា នៅសាកលវិទ្យាល័យមហាមកុដរាជវិទ្យាល័យ (Mahamakud Rajavidyalaya University) មានស្រុកកំណើតនៅខេត្តកំពង់ចាម ព្រះភិក្ខុ ទ្រី អក្ខរា មានថេរដីកាថា ព្រះអង្គមកសិក្សានៅប្រទេសថៃ គឺចង់ស្គាល់វប្បធម៌ អរិយធម៌ផ្នែកព្រះពុទ្ធសាសនារបស់ប្រទេសនេះ និងបានឈ្វេងយល់បន្ថែមទៀតពីការគោរពប្រតិបត្តិសាសនារបស់ពលរដ្ឋថៃ។
ព្រះភិក្ខុរូបនេះមានថេរដីកាបន្តថា ការសិក្សាអប់រំរបស់ព្រះសង្ឃនៅក្នុងប្រទេសថៃ មានបែបបទទំនើបជាងព្រះសង្ឃនៅកម្ពុជា ហើយព្រះអង្គប្ដេជ្ញាខិតខំរៀងសូត្រយកចំណេះដឹងថ្មីៗ ដើម្បីយកទៅបណ្ដុះបណ្ដាលដល់កុលបុត្រខ្មែរ។
ស្រដៀងគ្នានេះដែរ ព្រះសង្ឃខ្មែរមួយអង្គទៀត ដែលសិក្សានៅសាកលវិទ្យាល័យមហាមកុដរាជវិទ្យាល័យ (Mahamakud Rajavidyalaya University) សិក្សាឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រនយោបាយ មានស្រុកកំណើតនៅភ្នំពេញ មានថេរដីកាថា ការដែលទៅរៀននៅប្រទេសថៃគឺជាភ័ព្វសំណាងរបស់ព្រះអង្គ ប៉ុន្តែក៏មានការលំបាកខ្លះដែរ ជាពិសេសផ្នែកភាសាថៃ។ ព្រះអង្គស្ដាប់គ្រូពន្យល់មិនបាន តែក្រោយមកព្រះអង្គខំរៀនដោយខ្លួនឯងបន្ថែម ទើបស្ដាប់យល់ឡើងវិញ។
ព្រះអង្គមានថេរដីកាថា ព្រះអង្គនឹងតាំងចិត្ត ក្រេបយកនូវចំណេះដឹងណាល្អៗ យកទៅបង្រៀនកូនខ្មែរនៅស្រុកកំណើតរបស់ព្រះអង្គ។ ព្រះអង្គយល់ថា សង្គមមួយដែលល្អផូរផង់ទៅបាន លុះត្រាតែមានអ្នកចេះដឹងច្រើន ព្រោះអ្នកចេះដឹងជាគ្រឹះសម្រាប់កសាងសង្គម និងជាតិឲ្យរុងរឿង។ «»
ព្រះសង្ឃខ្មែរ ដែលមកសិក្សានៅប្រទេសថៃ ភាគច្រើនមកតាមសមាគមព្រះសង្ឃខ្មែរនានា នៅតាមសាកលវិទ្យាល័យខាងព្រះពុទ្ធសាសនា។ ការរស់នៅរបស់ព្រះសង្ឃខ្មែរនៅប្រទេស គឺនិមន្តបិណ្ឌបាត្រតាមផ្ទះអ្នកស្រុកថៃ ដើម្បីបានចង្ហាន់ឆាន់ និងបច្ច័យសម្រាប់បង់ថ្លៃសាលា។
ព្រះសង្ឃខ្មែរ ដែលសិក្សានៅប្រទេសថៃភាគច្រើនត្រូវបង់ថ្លៃសាលាដោយខ្លួនឯង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ និងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ដើម្បីសុំសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី៤ ខែតុលា។
ជំនួយការផ្ទាល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ហង់ វ៉ាន់ដេត ប្រាប់វិទ្យុអាស៊ីសេរីថា ព្រះសង្ឃដែលបានទៅសិក្សានៅក្រៅប្រទេស ជាធនធានមនុស្សរបស់កម្ពុជាមួយប្រសើរ ព្រោះព្រះអង្គអាចជួយបណ្ដុះបណ្ដាល យុវជន យុវតី ឲ្យក្លាយជាមនុស្សល្អក្នុងសង្គមបាន។ លោកបន្ថែមថា ព្រះសង្ឃខ្លះមានសមត្ថភាពអាចបម្រើការតាមក្រសួងនានារបស់រដ្ឋបាន ទៅតាមចំណេះជំនាញដែលព្រះអង្គបានសិក្សានៅក្រៅប្រទេស។ «»
ជុំវិញរឿងនេះ ព្រះប្រធានមូលនិធិពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ព្រះភិក្ខុ ហាក់ សៀងហៃ មានថេរដីកាថា ព្រះសង្ឃខ្មែរដែលសិក្សានៅក្រៅប្រទេស ជាកម្លាំងស្នូលមួយសម្រាប់លើកស្ទួយព្រះពុទ្ធសាសនាឲ្យរីកចម្រើនបាន និងជាធនធានមនុស្សដ៏ល្អសម្រាប់សង្គម។ ក្រោយពេលព្រះសង្ឃបានបញ្ចប់ការសិក្សាហើយ ព្រះអង្គតែងយកចំណេះនោះមកអប់រំពលរដ្ឋនៅតាមភូមិស្រុក ឲ្យក្លាយជាពលរដ្ឋល្អ។
ព្រះភិក្ខុ ហាក់ សៀងហៃ មានថេរដីកាបន្តថា បច្ចុប្បន្នព្រះសង្ឃក៏ជាធនធានមនុស្សមួយសម្រាប់ជួយអភិវឌ្ឍសង្គមហើយក៏ជាផ្នែកមួយជួយទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យគង់វង្ស ព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
របាយការណ៍របស់សមាគមព្រះសង្ឃខេមរៈសង្គហធម៌ ប្រចាំប្រទេសថៃ ឱ្យដឹងថា បច្ចុប្បន្នមានព្រះសង្ឃខ្មែរជាងពីររយអង្គ កំពុងសិក្សាតាមសាកលវិទ្យាល័យនានា នៅប្រទេសថៃ។ ព្រះសង្ឃទាំងនោះ តែងជួយយកអាសាគ្នា ណែនាំគ្នាឲ្យរៀងសូត្រ និងប្រតិបត្តិល្អតាមគន្លងព្រះពុទ្ធសាសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
