តើ​រថយន្ត​ចង្កូត​ស្ដាំ​នាំ​ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រក​ព្រំដែន​ណា?

រដ្ឋាភិបាល​ខ្មែរ​ធ្លាប់​បាន​ចេញ​ប្រកាស​ជា​ញឹកញាប់ ឱ្យ​បញ្ឈប់​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ប្រទេស​ថៃ មក​ប្រើ​ក្នុង​កម្ពុជា នៅ​ត្រឹម​ស៊េរី​ឆ្នាំ​១៩៩៧។ ក៏ប៉ុន្តែ រហូត​មក​ដល់​បច្ចុប្បន្ន នៅ​តាម​បណ្ដា​ស្រុក​ជាច្រើន​នៃ​ខេត្ត​ឧត្តរមានជ័យ គេ​នៅ​តែ​ឃើញ​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ ត្រូវ​បាន​គេ​នាំ​ចូល​ដោយ​ខុស​ច្បាប់ មក​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើងៗ។
លោក ហង្ស សាវយុត
2014-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

តើ​រថយន្ត​ចង្កូត​ស្ដាំ​ទាំង​នោះ គេ​នាំ​ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រក​ព្រំដែន​ណា?

ប្រភព​ព័ត៌មាន​ពី​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ ដើម្បី​លក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់ បាន​កំរើក​ឡើង​វិញ បន្ទាប់​ពី​សកម្មភាព​នោះ​បាន​ស្ងប់ស្ងាត់​ជាច្រើន​ឆ្នាំ​មក​ហើយ។

ក្រុម​អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ទំនើបៗ ត្រូវ​បាន​គេ​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​អូស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មករា ថា មាន​ក្រុម​ឈ្មួញ​ថៃ ខ្លះ កំពុង​ទាក់ទង​ជាមួយ​ខ្មែរ ដើម្បី​នាំ​រថយន្ត​ចង្កូត​ស្ដាំ​ពី​ប្រទេស​ថៃ មក​លក់​ខុស​ច្បាប់​ឱ្យ​ខ្មែរ​ប្រើប្រាស់​ជា​បន្តបន្ទាប់។ បុរស​ដដែល​បាន​បញ្ជាក់​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​ឃើញ​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ បាន​កើន​ឡើង​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ៖ «ថៃ ជា​អ្នក​យក​ចូល​មក។ ជួន​ណា​វា​យក​ចូល​មក វា​ពពាយនាយ​លក់​តែ​ម្ដង មាន​រថយន្ត​ស៊េរី​ឆ្នាំ​២០១២ ឆ្នាំ​២០១១ ស៊េរី​ឆ្នាំ​២០០៨ ឆ្នាំ​២០០៦ នៅ​ថ្មីៗ​ដែរ។ វា​ចេះ​តែ​ចូល​មក​តាម​ច្រក​ត្រង់​ហ្នឹង គេ​ចូល​មក​លេង​កាស៊ីណូ​លេង​អី​អ៊ីចឹង»

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ភាគ​ច្រើន​នៃ​អ្នក​ដែល​ទិញ​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ​មក​ប្រើប្រាស់​នោះ គឺ​ជា​មន្ត្រី​ប៉ូលិស និង​ទាហាន​នៅ​តាម​អង្គភាព​ការពារ​ព្រំដែន។

ទោះ​យ៉ាង​ណា ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្ត​ឧត្តរមានជ័យ លោក ឆែ ធា មិន​មាន​ប្រតិកម្ម​នឹង​ការ​រិះគន់​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​មាន​ប្រសាសន៍​ថា កំពុង​ជាប់​រវល់​ប្រជុំ។

អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា តាម​ការ​កត់​សម្គាល់​របស់​លោក​មួយ​រយៈ​មក​នេះ គឺ​ឃើញ​មាន​ការ​ប្រើ​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ទឹក​ដី ខេត្ត​ឧត្តរមានជ័យ ក៏ប៉ុន្តែ​លោក​មិន​ដឹង​ប្រាកដ​ថា តើ​រថយន្ត​ទាំង​នោះ​ត្រូវ​គេ​នាំ​ចូល​តាម​ច្រក​ព្រំដែន​ណា​មួយ​ទេ៖ «គេ​នាំ​តាម​ច្រក​ណាៗ យើង​មិន​ច្បាស់​ដែរ ក៏ប៉ុន្តែ​គ្រាន់​ថា ឧត្តរមានជ័យ នេះ ឃើញ​ឡាន​ឡាន​ទំនើបៗ​ចង្កូត​ស្ដាំ​ហ្នឹង ដាក់​ស្លាក​លេខ (ខ.ម) (ន.ប) ហើយ​កន្លែង​ទាហាន​ខ្លះ មាន​ដាក់​ស៊ីរ៉ែន ដាក់​អ៊ីចឹង​ទៅ។ ប្រើ​ច្រើន​ថ្មីៗ សុទ្ធតែ​ស៊េរី​ចុង​ក្រោយ​នេះ ពួក ISUZU NISSAN NAVARA VIGO»

ប្រជាពលរដ្ឋ​ខ្លះ​បាន​រិះគន់​ថា នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ខ្មែរ-ថៃ អូស្មាច់ គឺ​មាន​មន្ត្រី​ចម្រុះ​ច្រើន​ស្ថាប័ន ដូច​ជា​ប៉ុស្តិ៍​គយ ប៉ុស្តិ៍​ប៉ូលិស​អន្តោប្រវេសន៍ និង​កង​ប៉ូលិស ទាហាន ការពារ​ព្រំដែន​ជា​ដើម ក៏ប៉ុន្តែ​គេ​សង្ស័យ​ថា ទំនង​ជា​មន្ត្រី​ទាំង​នោះ​មាន​ការ​ត្រូវរ៉ូវ​គ្នា ទើប​មាន​ការ​នាំ​រថយន្ត​ចង្កូត​ស្ដាំ​មក​លក់​ក្នុង​ទឹក​ដី​ខ្មែរ​បាន។

រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​បញ្ញត្តិ​ដោយ​មិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​មក​លក់​ដូរ​ក្នុង​ប្រទេស​ខ្មែរ​ទៀត​ទេ។ ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ​មក​លក់​ដូរ និង​ប្រើប្រាស់​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ ដោយសារ​តែ​រថយន្ត​ទាំង​នោះ រដ្ឋ​មិន​អនុញ្ញាត​ឱ្យ​បង់​ពន្ធ ហើយ​ក៏​មិន​អាច​ធ្វើ​ស្លាក​លេខ​ដើម្បី​ចរាចរណ៍​ត្រឹម​ត្រូវ​នៅ​លើ​ដង​ផ្លូវ​សាធារណៈ​បាន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

រដ្ឋាភិបាលហ៊ុន សែន ច្បាប់លើមាត់របស់វា !

Jan 18, 2014 10:20 AM

គេហទំព័រ​ទាំងមូល