អ្នក​ដឹក​ភ្ញៀវ​ទេសចរ​នៅ​សៀមរាប​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍

​ដោយ ​ម៉ៅ សុធានី
2024.09.22
អ្នក​ដឹក​ភ្ញៀវ​ទេសចរ​នៅ​សៀមរាប​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ថ្លែងក្នុង​វេទិកាធុរកិច្ចរវាងប្រតិភូ Gumball 3000 និងវិស័យឯកជន នៅ​ខេត្ត​សៀមរាប កាលពីថ្ងៃទី១៦ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួងទេសចរណ៍

អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ រិះគន់​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ខំប្រឹង​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​យ៉ាង​ណាក្តី ក៏​មិន​អាច​ជួយ​ស្ដារ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដែល​ធ្លាក់ចុះ ឱ្យ​ប្រសើរ​ឡើងវិញ​បាន​ឡើយ។

បន្ថែម​លើ​នេះ ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នេះ ក៏​មិន​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រកប​របរ​បំរើ​សេវាកម្ម​ទេសចរ​មួយចំនួន​ចាប់​អារម្មណ៍​ទេ។

ពលរដ្ឋ​មួយចំនួន ដែល​ជា​អ្នក​ប្រកប​របរ​បំរើ​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្ត​សៀមរាប និយាយ​ថា ពួកគេ​មិន​ចាប់អារម្មណ៍​ចំពោះ​ការផ្លាស់ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ឡើយ។

ពួកគេ​ខ្វាយខ្វល់​តែ​ពី​រឿង ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ខណៈ​ដែល​ស្ថានភាព​ដ៏​លំបាក​ក្នុង​ការ​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ។

អ្នក​រត់​រ៉ឺម៉ក​ដឹក​ភ្ញៀវ​ដើរ​កម្សាន្ត នៅក្នុង​តំបន់​អង្គរ​ម្នាក់ លោក ប្រាក់ សារ៉ាន់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ការផ្លាស់ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នេះ​ឡើយ។

លោក ថាបើ​ទោះបីជា​បុគ្គល​ណា​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏ដោយ ក៏​លោក​គាំទ្រ ឱ្យ​តែ​ដោះស្រាយ​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ បាន​ធ្លាក់​មក​ដៃ​ក្រុម​អ្នករក​កម្រៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូចជា​រូបលោក និង​ជៀសវាង​ធ្វើ​ឱ្យ​កញ្ចប់​ទេសចរណ៍​ធ្លាក់​ទៅលើ​តែ​ដៃ​ក្រុមហ៊ុន​និង​បក្ខពួក​និយម។

លោក ប្រាក់ សារ៉ាន់​៖ «បានន័យ​ថា​អ្វី​ដែល​ជា​ផលប្រយោជន៍​គឺ​បាន​ទៅ​ឱ្យ​តែមួយ​ក្រុម​របស់​ពួកគាត់ មិនបាន​ផលប្រយោជន៍​ដល់​ក្រុម​អ្នក​រកស៊ី​ដឹកជញ្ជូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទេ​។ ដូច្នេះ​ខ្ញុំ​សុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដែល​មក​កាន់​តំណែង​ថ្មី​ត្រូវ​គិតគូរ​ពី​បញ្ហា​នេះ​ឡើងវិញ ដើម្បី​ផ្ដល់​ឱកាស ឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​រក​កម្រៃ​ទទួល​ទាន​បាន​តាមរយៈ​ភ្ញៀវ​ទេសចរ​ដែល​មកលេង​ស្រុក​ខ្មែរ​ផង»

អ្នក​បើក​តាក់ស៊ី​ដឹក​ភ្ញៀវ​ទេសចរ​ម្នាក់ទៀត លោក ប៉ែន សុខ មាន​ប្រសាសន៍​ថា លោក មិន​ចាប់អារម្មណ៍​ចំពោះ​ការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ទេ។ លោក​ថា អ្វី​ដែល​លោក​កំពុងតែ​ខ្វល់ខ្វាយ​បំផុត គឺ​ការ​គ្មាន​ចំណូល​ពី​វិស័យ​ទេសចរណ៍ ដើម្បី​យក​មក​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។

លោក ប៉ែន សុខ៖ «ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​ខេត្តសៀមរាប​គឺ​ស្ងាត់​មែនទែន អត់​មាន​ភ្ញៀវ​ទេសចរ​ទេ​។ ដូច​រូប​ខ្ញុំ​ពី​ដើម​ធ្លាប់​មាន​ភ្ញៀវ​កក់​តាម​អន​ឡាញ​ដែរ ក៏ប៉ុន្តែ​ចូល​មក​ដល់​ខែ​នេះ​អត់​មាន​ភ្ញៀវ​កក់​ទេ​។ ដូច្នេះ​ទាក់ទង​នឹង​ការ​ដូរ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​អ្វី​ហ្នឹង ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ព័ត៌មាន​នៅឡើយ ។ ខ្ញុំ​ក៏​មិនទាន់​ហ៊ាន​និយាយ​ថា យ៉ាងម៉េច វិនិច្ឆ័យ​យ៉ាងណា​នៅ​ឡើយ»

ការ​បង្ហាញ​ចំណាប់អារម្មណ៍ របស់​ពលរដ្ឋ ដែល​បំរើ​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ដូចនេះ ធ្វើឡើង​បន្ទាប់ពី​លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ត្រូវ​បាន​ផ្លាស់ប្ដូរ ឱ្យទៅ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច និង​ឱ្យ​លោក ហួត ហាក់ ដែល​ជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច មកកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ជំនួស​វិញ។

លោក ហួត ហាក់ អាយុ​៥១​ឆ្នាំ ជា​អ្នកស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។ លោក​ធ្លាប់​សិក្សា​ជំនាញ​ជាច្រើន ដូចជា​ជំនាញ​ច្បាប់​ពី​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ព្រមទាំង​ទទួល​បាន​សញ្ញាបត្រ​មន្ត្រីជាន់ខ្ពស់​ផ្នែក​ការទូត ពី​សាលា​ភូមិន្ទ​រដ្ឋបាល​(ERA)​កាលពី​ឆ្នាំ​២០០១​។ លោក​ក៏បាន​ទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​កាលពី​ឆ្នាំ​២០០៥ និង​ថ្នាក់​បណ្ឌិត​គ្រប់គ្រង​ធុរកិច្ច ពី​សកល​វិទ្យាល័យ Preston នៃ​ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ​២០០៨​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ជុំវិញ​មូលហេតុ​នៃ​ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ពី​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័គ បាន​នៅឡើយ​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា។

ក៏ប៉ុន្តែ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​រដ្ឋសភា ក្នុង​ពេល​បោះឆ្នោត​នោះ​ថា វា​គ្រាន់តែ​ជា​ការ​កែសម្រួល​សមាសភាព​រដ្ឋាភិបាល ដើម្បី​ប្រសិទ្ធភាព​ការងារ​ក្នុង​ការបម្រើ​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ស្របតាម​បាវចនា (​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចិរភាព​ប៉ុណ្ណោះ)

ការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នេះ នៅ​ស្រប​ពេល​ដែល​ស្ថានភាព​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ទស្សនា​កម្ពុជា​កំពុង​ដុនដាប​ខ្លាំង​។ បុគ្គលិក​ដែល​កំពុង​បម្រើការ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ ក្នុង​១​ថ្ងៃៗ​មាន​យន្តហោះ​ចំនួន​២​ឬក៏​៣​គ្រឿង ប៉ុណ្ណោះ​ដែល​ភាគច្រើន​ចេញពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​បរទេស​មក​ចុះចត​នៅ​ខេត្តសៀមរាប​។ ក្នុង​១​យន្តហោះ​គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ពី​២០​ទៅ​៣០​នាក់។

តាម​របាយការណ៍​គ្រឹះស្ថាន​អង្គរ ឱ្យ​ដឹង​ថា រយៈពេល​៨​ខែ​ឆ្នាំ​២០២៤​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​ទស្សនា​តំបន់​អង្គរ សរុប​ជិត ៧០​ម៉ឺន​នាក់ និង​បាន​ចំណូល​ជាង​៣០​លាន​ដុល្លារ​អាមេរិក។ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​ទស្សនា​អង្គរ​នេះ គឺ​តិចតួច បើ​ប្រៀបធៀប​ទៅ​និង​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​ប្រទេស​ថៃ និង​វៀតណាម ក្នុង​រយៈពេល​ដូចគ្នា។

អតីត​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​គាំទ្រ​ចំពោះ​ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នេះ ។ ក៏ប៉ុន្តែ​លោក អ៊ុំ សំអាន យល់​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខំប្រឹង​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​យ៉ាងណា ក៏​មិន​អាច​ជួយ​ស្ដារ​ស្ថានភាព​ទេសចរណ៍​កម្ពុជា​ឱ្យ​ប្រសើរ​ឡើងវិញ​បាន​ដែរ។

លោក អ៊ុំ សំអាន៖ «បើទោះបីជា​យ៉ាង​ណា​ក្តី​ខ្ញុំ​មើល​ឃើញ​ថា បញ្ហា​គ្មាន​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​នៅ​កម្ពុជា​នេះ គឺ​ដោយសារតែ​កម្ពុជា​មាន​បទល្មើស​ជាច្រើន ពាក់ព័ន្ធ​និង​អំពើ​បង្ខាំង​មនុស្ស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ការ​ជួញដូរ​មនុស្ស អំពើពុករលួយ តុលាការ​មិន​ឯករាជ្យ​។ បញ្ហា​ធំ​គឺ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​ដោយ​ការគ្រប់គ្រង​អំណាច មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​មិន​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ការ​ចាប់ចង​សកម្មជន​គណបក្សប្រឆាំង សកម្មជន​សង្គម​និង​បរិស្ថាន​ដាក់​ពន្ធនាគារ​ជាដើម​។ ជាពិសេស​គឺ​ពាក់ព័ន្ធ​និង​អំពើ​បង្ខាំង​មនុស្ស​ឱ្យ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដែល​អង្គការ​សហប្រជាជាតិ​ធ្លាប់​ចេញ​របាយការណ៍​ថា មាន​ជនរងគ្រោះ​ដោយ​អំពើ​ឆបោក​ជាង​១០​ម៉ឺន​នាក់​នៅ​កម្ពុជា»

ស្រដៀង​គ្នា​នេះ អ្នក​អត្ថាធិប្បាយ​បញ្ហា​សង្គម​និង​នយោបាយ លោក គឹម សុខ ក៏​យល់​ឃើញ​ថា បញ្ហា​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា​ធ្លាក់ចុះ មិន​បណ្ដាល​មក​ពី​ការ​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​និង​ដោយសារតែ​សង្គ្រាម​នៅ​អ៊ុយក្រែន​ទៀត​ទេ។

លោក​ថា ការ​ធ្លាក់ចុះ​ខ្លាំង​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា គឺ​បណ្ដាល​មក​ពី​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ពេក។

លោក គឹម សុខ៖ «បើទោះបីជា​រដ្ឋាភិបាល​កម្ពុជា យក​អ្នកជំនាញ​មកពី​ពិភពលោក​ដែល​ពូកែ​យ៉ាងណាក៏ដោយ ក៏​មិន​អាច​ស្ដារ​វិស័យ​ទេសចរ​នៅ​កម្ពុជា​បាន​ដែរ​។ ប្រសិនបើ​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស ស្ដារ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​ជាមុន ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​បាន​រួច​ផុត​ពី​រូបភាព​ដ៏​អាក្រក់​នានា ដូចជា​ឧក្រិដ្ឋកម្ម​ផុយៗ​ពេក ការ​ជួញដូរ​មនុស្ស​ខ្លាំងពេក រហូត​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា​រដ្ឋាភិបាល​សព្វ​ថ្ងៃ គឺជា​របប​ដឹកនាំ​បែប​ផ្ដាច់ការ​និង​ម៉ាហ្វីយ៉ា​(Mafia)​ទៅ​ហើយ​នោះ»

អ្នកវិភាគ​បញ្ហា​សង្គម​យល់ថា ប្រសិនបើ​ចង់ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា ប្រសើរ​ឡើងវិញ លុះត្រាតែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន កែប្រែ​នយោបាយ​ចេញពី​ការគ្រប់គ្រង​អំណាច​ផ្ដាច់ការ ហើយ​វិល​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​។ ជាមួយ​គ្នា​នេះ​ក៏​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់ ព្រមទាំង​លុបបំបាត់​អំពើ​ឧក្រិដ្ឋកម្ម​នានា ដូចជា​ការ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។