សហជីព និងពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ស្នើសុំសមត្ថកិច្ចបង្កើនវិធានការទប់ស្កាត់ ករណីចោរគាស់ផ្ទះ និងអគ្គីភ័យ ក្នុងកំឡុងពេលពលរដ្ឋទៅលេងស្រុកកំណើត ឱ្យមានប្រសិទ្ធភាព ជាងឆ្នាំមុនៗ។ ការស្នើសុំនេះ ធ្វើឡើងក្រោយពេលស្នងការរាជធានីភ្នំពេញប្រកាស ឱ្យសមត្ថកិច្ច បង្កើនការទប់ស្កាត់ ករណីចោរគាស់ផ្ទះពលរដ្ឋ និងហានិភ័យឆេះផ្ទះ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក ខាន់ ភូមិន្ទ សង្កេតឃើញថា រាល់ឆ្នាំសមត្ថកិច្ចតែងប្រកាសបង្កើនការទប់ស្កាត់ករណីចោរគាស់ផ្ទះពលរដ្ឋ ប៉ុន្តែមិនទាន់ធ្វើឱ្យពលរដ្ឋទុកចិត្ត ថា មានប្រសិទ្ធិភាពទេ ព្រោះករណីចោរគាស់ផ្ទះ ពេលពលរដ្ឋទៅលេងស្រុកនៅតែកើតមានដដែលៗរៀងរាល់ឆ្នាំ។
យុវជនរូបនេះ យល់ថា ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តថា ផ្ទះ ឬបន្ទប់ជួលរបស់ពលរដ្ឋមិនរងការគាស់លួចទេនោះ គឺសមត្ថកិច្ចត្រូវបន្ថែមវិធានការ ដូចជា ពង្រឹងការយាមល្បាត ក្នុងតំបន់របស់ខ្លួន ពិសេសត្រូវបន្ថែមសមត្ថកិច្ចយាមល្បាត នៅតំបន់ដែលសម្បូរចោរគាស់ផ្ទះ កាលពីឆ្នាំកន្លងមក ត្រូវបន្ថែមបច្ចេកទេស ឬកាមេរ៉ា ហើយនៅពេលចាប់ជនសង្ស័យបានត្រូវអនុវត្តច្បាប់ ឱ្យពលរដ្ឋជឿទុកចិត្តថា ជនសង្ស័យនោះ នឹងមិនអាចរួចខ្លួន ដោយគ្មានទោសទេ៖ «សមត្ថកិច្ច ក៏ដូចជា អាជ្ញាធរ គាត់តែងតែមានចំណាត់ការ។ តែបញ្ហានេះ នៅតែមាន។ ខ្ញុំមិនថា ពួកគាត់អសកម្មទេ ពួកគាត់ ក៏ប្រឹងប្រែងអស់លទ្ធភាពដែរ។ រឿងចោរ ដែលធ្វើ គឺមិនឱ្យសមត្ថកិច្ចដឹងទេ។ បើសមត្ថកិច្ចដឹង នឹងចាប់វិធានការភ្លាមៗ។ គ្រាន់ថា សម្រាប់ខ្ញុំ នៅតែមានបញ្ហាចោទ។ អ្វីដែលលើកទឹកចិត្ត ក៏ដូចជាការស្នើសុំ គឺស្នើសុំឱ្យពួកគាត់ មានការរឹតបន្តឹង ឬមានយុទ្ធសាស្ត្រផ្សេង ដើម្បីឱ្យរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋ ឬវិធីសាស្ត្រណាមួយឱ្យមានប្រសិទ្ធភាពជាងនេះ»។
ស្នងការរាជធានីភ្នំពេញ លោក ស ថេត កាលពីថ្ងៃទី១០ មេសា បានបញ្ជាឱ្យសមត្ថកិច្ច បង្កើនការទប់ស្កាត់ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិពលរដ្ឋ និងជាពិសេស គឺទប់ស្កាត់បញ្ហាអគ្គីភ័យ។ លោក ស ថេត លើកឡើងថា ត្រូវការពារលំនៅឋានរបស់ពលរដ្ឋ ព្រោះអាចនឹងមានករណីចោរគាស់ ចោរលួច ឬចោរឆក់ នៅពេលពលរដ្ឋធ្វើដំណើរទៅលេងស្រុក។
លោក ស ថេត ក៏បង្គាប់ឱ្យអធិការខណ្ឌទាំងអស់ ត្រូវក្រើនរំលឹកឱ្យពលរដ្ឋ មុនចេញពីផ្ទះ ត្រូវពិនិត្យមើលឱ្យសព្វជ្រុងជ្រោយ និងត្រូវបិទប្រព័ន្ធអគ្គិសនីទាំងឡាយ ឱ្យអស់ មុនពេលចាកចេញពីផ្ទះ ទៅលេងស្រុកកំណើត៖ «ដូច្នេះយើងមិនឱ្យមានការកើតនូវបទល្មើស នៅពេលពលរដ្ឋចាកចេញពីលំនៅឋាន។ ទី២ គឺការធ្វើម្ដេច ជួយក្រើនរំលឹក ឱ្យពួកគាត់ មុននឹងចាកចេញពីលំនៅឋាន ធ្វើម្ដេចត្រូវតែបិទប៉ារ៉ែត (អគ្គិសនី) ឬក៏ប្រយ័ត្នប្រយែងរឿងខ្សែភ្លើង»។
ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា។ ប៉ុន្តែពលរដ្ឋរស់នៅភ្នំពេញ ជាច្រើន បានទៅលេងស្រុកកំណើតបណ្ដើរៗ តាំងពីថ្ងៃទី១០ មេសា ហើយពួកគេគ្រោងនឹងត្រលប់មកវិញ ជាបន្តបន្ទាប់ នៅក្រោយពិធីចូលឆ្នាំ។
បើទោះជាយ៉ាងណាមិនមានរបាយការណ៍ បង្ហាញថា រយៈពេលនៃពិធីបុណ្យចូលឆ្នាំកន្លងមក មានករណីចោរគាស់ផ្ទះប៉ុន្មានករណី ឱ្យជាក់លាក់ទេ។ ប៉ុន្តែសហជីព ឱ្យដឹងថា បន្ទប់ជួលរបស់កម្មករ ប្រឈមនឹងករណីចោរគាស់ខ្លាំង ព្រោះគ្មានប្រព័ន្ធសុវត្ថិភាព និងមានមនុស្សប្លែកមុខចេញចូលច្រើន។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យដឹងថា រាល់ឆ្នាំ ករណីចោរគាស់បន្ទប់ជួលរបស់កម្មករ ឧស្សាហ៍កើតឡើងណាស់ ព្រោះបន្ទប់ជួល មិនមានប្រព័ន្ធសុវត្ថិភាពអ្វីទេ មានតែមេសោមួយ កិបជាប់ទ្វារបន្ទប់ប៉ុណ្ណោះ។ អ្នកស្រី ថាទ្រព្យសម្បត្តិរបស់កម្មករ មិនមានអ្វីច្រើនទេ មានតែទូរទស្សន៍មួយគ្រឿង ឬសម្ភារៈចាស់ៗ៖ «កម្មករមួយចំនួនហ្នឹង នៅពេលផ្ទះគាត់ (នៅស្រុកកំណើត) នៅឆ្ងាយអ៊ីចឹង ជួនកាល គាត់មានម៉ូតូមានអ្វី ទុកម៉ូតូនៅហ្នឹងដែរ។ គាត់អត់បានជិះម៉ូតូទៅទេ។ គាត់សុខចិត្តទៅតាមឡាន ឬតាមអ្វីផ្សេងៗណា។ គាត់ទុកឥវ៉ាន់នៅក្នុងផ្ទះជួលហ្នឹង យើងមើលឃើញថា វាអត់មានសុវត្ថិភាពសម្រាប់គាត់ដែរ ព្រោះម្ចាស់ផ្ទះ គាត់អត់បានមើលគ្រប់ជ្រុងជ្រោយទេ»។
មន្ត្រីសហជីពរូបនេះ យល់ថា សមត្ថកិច្ច និងប្រជាការពារភូមិ គួររឹតបន្តឹងឱ្យខ្លាំង និងពង្រីកការយាមល្បាត ឱ្យច្រើនជាងរាល់ឆ្នាំ ទើបមានប្រសិទ្ធភាពខ្ពស់៕