ពលរដ្ឋ​នៅ​ឃុំ​ថ្មដា​ជាប់​ព្រំដែន​ខ្មែរ-ថៃ​ប្ដេជ្ញា​ការពារ​ទឹក​ដី

ដោយ មណ្ឌល កែវ
2013-03-30
Share

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ជាប់​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ភាគ​ពាយ័ព្យ និង​ភាគ​ឧត្តរ តែងតែ​អះអាង​ថា មាន​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​ពី​សំណាក់​ភាគី​ថៃ។ ប៉ុន្តែ ដោយ​ឡែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ វិញ ដែល​ជា​ខេត្ត​មួយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ ដែរ​នោះ ពួក​គាត់​បាន​បញ្ជាក់​ថា ពុំ​មាន​បញ្ហា​នេះ​កើត​ឡើង​នោះ​ទេ។

ប្រជាពលរដ្ឋ​ឃុំ​ថ្មដា អះអាង​ថា ព្រំ​ប្រទល់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នៅ​តំបន់​នេះ​ពុំ​មាន​ការ​បង្ខិត​ខ្សែ​បន្ទាត់​ព្រំដែន​ពី​សំណាក់​ភាគី​ថៃ ទេ។

ព្រឹទ្ធាចារ្យ ស្វាយ សុម៉េធ អតីត​យោធា​ខ្មែរ​ក្រហម​នៃ​កម្លាំង​សមាហរណកម្ម និង​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​រស់នៅ​ក្នុង​ឃុំ​ថ្មដា នេះ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម​មក​ម្ល៉េះ លោក​តា​បាន​ឲ្យ​ដឹង​ថា ចំណុច​ព្រំដែន​នៃ​តំបន់​ថ្មដា នេះ តាំង​ពី​ដើម​រៀង​មក ភាគី​ថៃ មិន​អាច​លួច​រំកិល​ព្រំដែន​ចូល​បាន​ទេ ព្រោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ថ្មដា មាន​ចិត្ត​អង់អាច​ក្លាហាន​ណាស់​មិន​ដែល​រា​ថយ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ព្យាយាម​រំលោភ​លើ​បូរណភាព​ទឹក​ដី​ខ្មែរ​ឡើយ។

ព្រឹទ្ធាចារ្យ ស្វាយ សុម៉េធ៖ «ពេល​ខ្ញុំ​នៅ​នោះ ថៃ វា​មក​បោះ​បង្គោល​ដល់​ណេះ វា​ថា​ព្រំដែន​វា។ ពេល​នោះ ខ្ញុំ​បាន​ដក​បង្គោល​វា​ចោល ហើយ​ប្រាប់​វា​ថា ឥឡូវ​អ្នក​ឯង​កំពុង​នៅ​យ៉ាង​ម៉េច គឺ​នៅ​តាម​ហ្នឹង ខ្ញុំ​នៅ​ម៉េច គឺ​នៅ​អ៊ីចឹង។ រក្សា​ដូច​គ្នា​នៅ​ពេល​ដែល​យើង​សន្តិភាព​ទៅ រដ្ឋាភិបាល​ថា​ព្រំដែន​នៅ​ត្រង់​ណា​អា​ហ្នឹង​យើង​កំណត់​ជា​គោលការណ៍​ទៅ។ ឥឡូវ​អ្នក​ឯង​ចូល​អត់​បាន​ទេ...»

ព្រឹទ្ធាចារ្យ ស្វាយ សុម៉េធ រៀបរាប់​ថា គាត់​នៅ​តំបន់​ឃុំ​ថ្មដា នេះ​តាំង​ពី​មិន​ទាន់​មាន​វត្តមាន​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​មក​បោះ​ទីតាំង​នៅ​ឡើយ។ គាត់​បន្ត​ថា មុន​ថ្ងៃ​៥ និង​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ មាន​មេ​ទាហាន​ថៃ ម្នាក់​បាន​យក​បង្គោល​ព្រំ​មក​បោះ​ចូល​ជ្រៅ​ក្នុង​ដី​ខ្មែរ​ដែរ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​រូប​គាត់​ផ្ទាល់ ដក​ចោល ហើយ​បន្ទាប់​មក​កង​កម្លាំង​ប្រដាប់​អាវុធ​ក៏​បាន​មក​បោះ​ទីតាំង។ ពី​ពេល​នោះ​មក ភាគី​ថៃ លែង​ហ៊ាន​ចូល​មក​ធ្វើ​សកម្មភាព​បោះ​បង្គោល​រហូត​មក​ទល់​បច្ចុប្បន្ន៖ «ទម្លាប់​របស់​ថៃ យើង​ដឹង​ហើយៗ​យើង​នៅ​ទីនេះ ពេល​មិន​ទាន់​ត្រូវ​គ្នា​វា​បិទ​ច្រក ខ្ញុំ​ប៉ុន្មាន​សារ​ដែរ។ ខ្ញុំ​បាន​ហៅ​ភាគី​ថៃ មក​ប្រាប់​ថា បើ​អ្នក​ឯង​បិទ ប្រយ័ត្ន​មាន​អំពើ​ប្លន់​អី​កុំ​បន្ទោស​ខ្ញុំ ព្រោះ​មនុស្ស​តែ​អត់​ហើយ គឺ​ត្រូវ​តែ​ទៅ​រក​អង្ករ​ស៊ី​ហើយ។ ដល់​ខាង​ថៃ គេ​ឮ​អ៊ីចឹង គេ​ក៏​បើក​ច្រក​ឲ្យ​យើង​វិញ»

ឃុំ​ថ្មដា គឺ​ជា​ឃុំ​តែ​មួយ​គត់​នៃ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ព្រំដែន​ជាប់​នឹង​ឃុំ​ឡេមកាប់ ស្រុក​មឿង ខេត្ត​ត្រាត នៃ​ប្រទេស​ថៃ និង​មាន​ខ្សែ​បន្ទាត់​ព្រំដែន​ប្រវែង ៤៩​គីឡូម៉ែត្រ។

ដូច​គ្នា​នឹង​ព្រឹទ្ធាចារ្យ ស្វាយ សុម៉េធ ដែរ បុរស​អ្នក​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ឈ្មោះ ប៊ី ប៊ន បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា-ថៃ នៅ​ព្រំដែន​ខេត្ត​ព្រះវិហារ អ្នក​ភូមិ​សង្គមថ្មី ភាគ​ច្រើន​បាន​ជីក​លេណដ្ឋាន​ត្រៀម​ជួយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​ដែល​ឈរ​ជើង​ការពារ​បូរណភាព​ទឹកដី នៅ​ចំណុច​ព្រំ​ប្រទល់​ឃុំ​ថ្មដា នេះ ដោយ​គ្មាន​រា​ថយ។ បើ​ទោះ​បី​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​បាន​អង្វរ​ឲ្យ​ពួក​គាត់​ចាក​ចេញ​ជា​បណ្ដោះ​អាសន្ន ក្រែង​មាន​គ្រោះថ្នាក់​ក៏ដោយ ក៏​ពួក​គាត់​មិន​ព្រម​ចាក​ចេញ​ដែរ៖ «កាល​សៀម វា​ចូល​ឈ្លាន​ពាន​ទឹកដី​យើង​នៅ​ព្រះវិហារ ខ្ញុំ​បាន​ជីក​លេណដ្ឋាន​នៅ​ក្រោយ​ផ្ទះ ដើម្បី​តស៊ូ​ជាមួយ​វា។ ខ្ញុំ​មិន​រត់​ចោល​ដីធ្លី​ផ្ទះ​សម្បែង​ខ្ញុំ​ទេ។ ពេល​ក្រុម​និស្សិត​មក​វាស់វែង​ដី​ឲ្យ​ខ្ញុំ ពួក​គាត់​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់។ ខ្ញុំ​ប្រាប់​ពួក​ប្អូនៗ​និស្សិត​ទាំង​នោះ​ថា នេះ​ជា​រណ្ដៅ​លេណដ្ឋាន​ដែល​ខ្ញុំ​បាន​ជីក ដើម្បី​ការពារ​ផ្ទះ​សម្បែង និង​ទឹកដី​ខ្មែរ​យើង។ ខ្ញុំ​មិន​ខ្លាច​ពួក​សៀម ទេ»

ស្មារតី​ស្នេហា​ជាតិ និង​ទឹកចិត្ត​ប្ដេជ្ញា​នេះ រឹត​តែ​មាន​សន្ទុះ​ខ្លាំងក្លា​ក្នុង​ជួរ​កម្លាំង​ប្រដាប់​អាវុធ ដែល​ឈរ​ជើង​ការពារ​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ឃុំ​ថ្មដា នេះ​ផង​ដែរ។

លោក ដាញ់ វណ្ណា ជា​នាយ​ទាហាន​មួយ​រូប​ឈរ​ជើង​ការពារ​ទឹកដី​នៅ​ចំណុច​ច្រក​ផ្លូវ​លេខ​៥៦ ឃុំ​ថ្មដា លោក​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយ​ស្ថានភាព​ភូមិសាស្ត្រ​មាន​លក្ខណៈ​អំណោយ​ផល​ចំពោះ​ផ្នែក​ខាង​ទឹកដី​ខ្មែរ និង​ដោយ​មើល​ឃើញ​ពី​សន្ទុះ​ទឹក​ចិត្ត​នៃ​ប្រជាពលរដ្ឋ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្មែរ​មាន​ភាព​សាមគ្គី​រឹងមាំ ភាគី​ថៃ មិន​ដែល​ធ្វើ​សកម្មភាព​ណា​មួយ​បំពាន​មក​លើ​បូរណភាព​ទឹកដី​ខ្មែរ​ម្ដង​ណា​ឡើយ៖ «ទំនាក់​ទំនង​រវាង​កម្ពុជា-ថៃ នៅ​តំបន់​នេះ មាន​លក្ខណៈ​ល្អ​ណាស់​បង យើង​ចង់​ចេញ​ចូល​អី​គឺ​គេ​បើក​ឲ្យ​យើង​ចូល​ភ្លាម។ សូម្បី​តែ​ពេល​ដែល​កំពុង​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ឯ​ព្រះវិហារ ក៏​នៅ​តំបន់​នេះ​មិន​មាន​អ្វី​ប្លែក​ដែរ គ្រាន់​តែ​ភាគី​ទាំង​សង្ខាង​ត្រៀម​រៀងៗ​ខ្លួន តែ​ការ​ទំនាក់​ទំនង​នៅ​តែ​ដដែល»

ខុស​ប្លែក​ពី​ប្រជាពលរដ្ឋ​នៃ​តំបន់​ព្រំ​ប្រទល់​ខ្មែរ-ថៃ នៃ​ខេត្ត​ផ្សេង​ទៀត ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ឃុំ​ថ្មដា នៃ​ខេត្ត​ពោធិ៍សាត់ ហ៊ាន​និយាយ​ជា​ចំហ​អំពី​បញ្ហា​បូរណភាព​ទឹកដី និង​ហ៊ាន​ប្រកាស​យ៉ាង​ឱឡារិក​អំពី​ឆន្ទៈ​ហ៊ាន​ប្រយុទ្ធ ដើម្បី​ការពារ​ទឹកដី។ ចំណែក​ភាគី​កងទ័ព​ថៃ នៅ​តំបន់​នេះ​វិញ តែង​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ចូល ដើម្បី​ទៅ​ព្យាបាល​ជំងឺ ឬ​ទៅ​ទិញ​ស្បៀង​អាហារ​ដោយ​ពុំ​មាន​ការ​រឹតត្បិត​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល