ឧកញ៉ា ថោង សារ៉ាត់ អំពាវនាវឲ្យនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ផ្ដល់យុត្តិធម៌
2014.12.20

សមត្ថកិច្ចក្រសួងមហាផ្ទៃ នៅបន្តស្វែងរកតាមចាប់ខ្លួនជនជាប់ចោទ ឧកញ៉ា ថោង សារ៉ាត់ ដែលពាក់ព័ន្ធនឹងរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដោយបន្តចុះឆែកឆេរផ្ទះ និងក្រុមហ៊ុនរបស់ជនជាប់ចោទបន្តបន្ទាប់ ដោយសហការជាមួយមន្ត្រីតុលាការ ដើម្បីរកភស្តុតាងដាក់បន្ទុកបន្ថែម។
សមត្ថកិច្ចក្រសួងមហាផ្ទៃ រហូតមកដល់ពេលនេះ មិនទាន់បង្ហាញពីទីតាំងលាក់ខ្លួនរបស់ លោក ថោង សារ៉ាត់ នៅទីណា ឬប្រទេសណាមួយពិតប្រាកដនោះទេ។
ទន្ទឹមគ្នានេះ ឧកញ៉ា ថោង សារ៉ាត់ បានបង្ហោះវីដេអូឃ្លីបជាលើកទីពីរទៀត តាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃសុក្រ ទី១៩ ធ្នូ ដោយអះអាងថា ក្រុមខ្លួនមិនមែនជាឃាតកសម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ទេ និងសុំអំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ឲ្យលោក និងក្រុមគ្រួសារ។
វីដេអូមានរយៈពេលជាង ៤នាទីនោះ លោក ថោង សារ៉ាត់ លើកដៃសំពះជម្រាបសួរពុកម៉ែបងប្អូន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថ្លែងថា លោក និងអង្គរក្សទាំង ៤នាក់ ទទួលនូវភាពអយុត្តិធម៌ក្នុងរឿងចោទប្រកាន់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ ការប្រកែកពុំទទួលយកការចោទប្រកាន់នេះ លោកមានហេតុផលពីរយ៉ាង គឺលោក និងឧកញ៉ា អ៊ឹង ម៉េងជឺ មិនដែលធ្លាប់ស្គាល់គ្នាពីមុនមកទេ ពុំមានទំនាក់ទំនងរកស៊ីជាមួយគ្នា គ្មានដីជាប់ព្រំគ្នា ហើយទី២ បើសិនជាអង្គរក្សរបស់លោកជាឃាតកមែននោះ ហេតុអ្វីពួកគេហ៊ានជិះម៉ូតូតាមលោកទៅគ្រប់ទីកន្លែង នៅពេលដែលរូបឃាតកត្រូវគេបង្ហោះពេញបណ្ដាញហ្វេសប៊ុកទៅហើយ។
លោក ថោង សារ៉ាត់៖ «ជាងនេះទៅទៀត ពេលចាប់ខ្លួនដំបូងមានពីរនាក់ ទីមួយ កូយ ចាន់ថុល ទីពីរ មាស សម្បត្តិ រីឯឈ្មោះ លី សៅ និង សៀង វាសនា គឺខ្ញុំបាទហៅឲ្យទៅស្នងការដើម្បីសាកសួរ។ សួរថា តើបើអ្នកទាំងពីរ ម្នាក់ជាអ្នកដឹក ម្នាក់ជាអ្នកបាញ់ តើពួកគាត់ហ៊ានទៅស្នងការដែរអត់។ ម្យ៉ាងទៀត គេចោទ សៀង វាសនា ថាជាឃាតក (ជាអ្នកបាញ់) ទាំងនេះជាការប្រឌិតទាំងស្រុង ព្រោះ សៀង វាសនា ប្រើដៃឆ្វេង រីឯឃាតកប្រើដៃស្តាំ សៀង វាសនា មានមាឌធំ ខ្ពស់ខ្មៅ មើលយ៉ាងណាក៏មិនដូចឃាតកឡើយ រីឯមនុស្ស ៣នាក់ទៀត ខ្ញុំមានភស្តុតាងជាកាមេរ៉ា ម៉ាស៊ីនស្កេនមេដៃបញ្ជាក់ថា ពួកគាត់មិននៅកន្លែងកើតហេតុ ពេលមានឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ឡើយ»។
រឿងរ៉ាវទាំងអស់នេះ លោកសន្និដ្ឋានថាជាការរៀបចំគម្រោងការមួលបង្កាច់ធ្វើបាបលោក ដោយចាប់អង្គរក្សឲ្យសារភាពទម្លាក់កំហុសទៅលើលោកតែប៉ុណ្ណោះ។
ឧកញ៉ា ថោង សារ៉ាត់ មានឪពុកម្តាយដើមកំណើតជាជនជាតិវៀតណាម និងជាម្ចាស់ក្រុមហ៊ុនបុរី៩៩៩ និងមានមុខរបររកស៊ីជាច្រើនផ្សេងទៀត ព្រមទាំងមានមុខតំណែងធំដុំក្នុងរដ្ឋាភិបាលទៀតផង។
ទាក់ទងសាររបស់ឧកញ៉ា ថោង សារ៉ាត់ នេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ មិនទាន់ជឿថា រូបភាព និងសំឡេងនោះពិតជារបស់បុគ្គល ថោង សារ៉ាត់ ឬយ៉ាងណានោះទេ។
ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ លោក ម៉ក់ ជីតូ មានប្រសាសន៍កាលពីថ្ងៃសុក្រ ទី១៩ ធ្នូ ថា ការផ្ញើសារតាមបណ្ដាញសង្គមមិនអាចយកជាការបាននោះទេ។ លោកបន្តថា សំខាន់នោះ ជនជាប់ចោទត្រូវតែចូលខ្លួនមកសហការជាមួយសមត្ថកិច្ច តុលាការ ដែលកំពុងធ្វើការតាមផ្លូវច្បាប់ ទើបជាការត្រឹមត្រូវ៖ «អោយលោកចូលមកដោះស្រាយទៅ ច្បាប់មានតើ! យើងគ្មានបង្ខំធ្វើបាបគាត់ទេ យើងមានសាក្សីតទល់គ្នា បើគាត់និយាយចោលអ៊ីចឹង មិនដឹងគាត់មានមែនអត់ភស្តុតាងហ្នឹង»។
ទាក់ទងបញ្ហានេះដែរ មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា សំណុំរឿងឃាតកម្ម លោកឧកញ៉ា អ៊ឹង ម៉េងជឺ គឺជារឿងស្មុគស្មាញមួយ ដែលចាំបាច់ត្រូវមានការស៊ើបអង្កេតឲ្យម៉ត់ចត់ និងប្រកបដោយតម្លាភាព ជាពិសេសរវាងរូបភាពឃាតកក្នុងកាមេរ៉ាសុវត្ថិភាព និងជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ជាមនុស្សតែមួយ ឬជាមនុស្សផ្សេងគ្នា៖ «អ៊ីចឹងត្រូវធ្វើទាំងអស់ ទាំងការធ្វើកោសល្យវិច័យ ទាំងការប្រើប្រាស់អ្វីទាំងអស់ ពីព្រោះការស៊ើបអង្កេតមួយៗមុននឹងចោទប្រកាន់ គឺគេមានបច្ចេកទេសគ្រប់គ្រាន់ និងការស៊ើបអង្កេតឲ្យបានដិតដល់ ជៀសវាងការរិះគន់ក្នុងការទៅចាប់មនុស្សខុស»។
ក្រោយឃាតកម្ម សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនឪពុកម្ដាយលោកឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៤នាក់។ អ្នកទាំងបួននាក់នោះជាប់ចោទពីបទឃាតកម្មគិតទុកជាមុន។ ចំណែកឧកញ៉ា ថោង សារ៉ាត់ ជាប់ចោទជាមេខ្លោង ប៉ុន្តែត្រូវរត់គេចខ្លួន។
បច្ចុប្បន្ន ប៉ូលិសកម្ពុជា កំពុងសហការជាមួយប៉ូលិសអន្តរជាតិ ដែលគេស្គាល់ថាប៉ូលិសអាំងទែប៉ូល (Police Interpole) ប្រមាណ ១០០ប្រទេសជាសមាជិក ជាពិសេសសហការជាមួយប៉ូលិសក្នុងប្រទេសជិតខាងកម្ពុជា ដើម្បីតាមចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ត្រឡប់មកវិញ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានលទ្ធផលយ៉ាងណានៅឡើយទេ៕