អង្គទូត​ប្រទេស​មហាអំណាច​ចំនួន៣ ធ្វើ​ពិធី​រំឭក​អ្នក​សារ​ព័ត៌មាន ដែល​ស្លាប់​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា

0:00 / 0:00

នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សារ​ព័ត៌មាន​ពិភពលោក ថ្ងៃ​ទី៣ មេសា អង្គទូត​ប្រទេស​មហា​អំណាច​ចំនួន៣ រួម​មាន អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក​អគ្គរដ្ឋទូត​បារាំង និង​អគ្គរាជទូត​ជប៉ុន រួមទាំង​អង្គការ​ដៃគូ និង​អ្នក​សារ​ព័ត៌មាន បាន​ជួបជុំ​គ្នា​នៅ​ទីតាំង​ស្ដូប​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​នៅ​ក្នុង​សង្គ្រាម ដែល​ស្ថិត​នៅ​ក្បែរ​ស្ថាន​ទូត​បារាំង ដើម្បី​រំឭក​ដល់​អ្នក​សារ​ព័ត៌មាន​ខ្មែរ បារាំង អាមេរិក និង​ជប៉ុន​ចំនួន ២៧នាក់ ដែល​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល នៅ​កម្ពុជា​ពី​ឆ្នាំ១៩៧០ ដល់​ឆ្នាំ១៩៧៥។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​លើក​ឡើង​ថា អគ្គរដ្ឋទូត​បារាំង លោក ហ្សាក់ ប៉ឺឡេត (Jacques PELLET) ថ្លែង​ថា៖ « សេរីភាព​សារ​ព័ត៌មាន គឺ​ជា​សសរ​ស្ដម្ភ​មួយ​នៃ​សង្គម​ប្រជាធិបតេយ្យ។ វា​តម្រូវ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ ចំពោះ​សកម្មភាព​របស់​ខ្លួន ហើយ​ធានា​ថា ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ព័ត៌មាន​ដោយ​ត្រឹមត្រូវ និង​មិន​លម្អៀង »

អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក ប៉ាទ្រីក មើរហ្វី (Patrick Murphy) ថ្លែង​ថា៖« ក្នុង​ពេល​ដែល​ខ្ញុំ​រម្លឹក​ដល់​អ្នក​សារ​ព័ត៌មាន​ដ៏​ក្លាហាន​នៅ​ទីនេះ និង​នៅ​ជុំវិញ​ពិភពលោក ខ្ញុំ​សូម​សម្ដែង​ការ​គាំទ្រ​ចំពោះ​សេរីភាព​សារ​ព័ត៌មាន ហើយ​ឈរ​នៅ​ជាមួយ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ដែល​ស្វែងរក​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គេ »

ចំណែក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) បាន​ថ្លែង​សារ​សំខាន់​ដែរ​ថា៖ «សេរីភាព​សារ​ព័ត៌មាន គឺ​ជា​មូលដ្ឋាន​នៃ​សង្គម​ប្រជាធិបតេយ្យ​សេរី»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​បន្ត​ថា ប្រទេស​បារាំង សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន ចូលរួម​ជាមួយ​អ្នក​សារ​ព័ត៌មាន ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​សារ​ព័ត៌មាន​សេរី និង​ដើម្បី​បង្ហាញ​ការ​គាំទ្រ ចំពោះ​ប្រជាជន​កម្ពុជា និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពួក​គេ ដែល​ចង់​ឲ្យ​ប្រទេស​មាន​វិបុលភាព លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ។

អ្នក​ជំនាញ​លើក​ឡើងថា លំហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កាន់តែរួមតូចចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់​ពី​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់ ហើយ​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នាក់ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ចង​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការ​បំពេញ​ការងារ​របស់​ពួក​គេ។

នៅថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភលោកលើកទី៣០នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ក៏​លើក​ឡើង​ថា សេរីភាព​សារព័ត៌មាន គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ និង​ផ្ដល់​ឱ្យ​ពលរដ្ឋ​នូវ​ការ​ពិត ដើម្បី​បង្កើត​គំនិត និង​និយាយ​ការ​ពិត ហើយ​ប្រធាន​បទ​ដែល​ប្រារព្ធ​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​រំឭក​ថា សេរីភាព​សារ​ព័ត៌មាន តំណាង​ឱ្យ​ជីវិត​នៃ​សិទ្ធិមនុស្ស។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​បញ្ជាក់​ថា សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក កំពុង​រង​ការ​វាយ​ប្រហារ ដែល​ការ​ពិត​ត្រូវ​បាន​គំរាមកំហែង​ដោយ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ពាក្យ​សំដី​ស្អប់ខ្ពើម នាំ​ឱ្យ​មាន​ការ​ពិបាក​បែងចែក​រវាង​ការ​ពិត និង​រឿង​ប្រឌិត ហើយ​អ្នក​សារព័ត៌មាន និង​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​បាន​គេ​កំណត់​ជា​គោលដៅ​វាយ​ប្រហារ ទាំង​លើ​ប្រព័ន្ធ​អ៊ិនធឺណិត និង​នៅ​ខាង​ក្រៅ ដូចជា ការ​បៀតបៀន បំភិតបំភ័យ ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ហើយ​ក្នុង​នោះ មាន​អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោច​ណាស់ ៦៧នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ឆ្នាំ២០២២ កើន​ឡើង ៥០% បើ​ធៀប​ក្នុង​ឆ្នាំ២០២១។

ប្រធាន​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​ពិភព​លោក​មាន​សំឡេង​តែ​មួយ ដើម្បី​បញ្ឈប់​ការ​គំរាមកំហែង ការវាយប្រហារ និង​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារ​ព័ត៌មាន ពី​បទ ដែល​ពួក​គេ​បាន​បំពេញ​ការងារ​របស់​ខ្លួន និង​ត្រូវ​បញ្ឈប់​ការ​និយាយ​កុហក និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ជាពិសេស ត្រូវ​បញ្ឈប់​ការ​វាយ​ប្រហារ​លើ​អ្នក​សារ​ព័ត៌មាន ឬ​អ្នក​និយាយ​ការ​ពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។