សមត្ថកិច្ច​ឃាត់​ខ្លួន​​នគរបាល​ ៣នាក់ និង​បក្ខពួក​ម្នាក់​ ដែល​​​លាយ​​​ថ្នាំ​​ញៀន​ក្នុង​ស្រា​បង្ខំ​ឲ្យ​នារី​ខារ៉ាអូខេ ​៤​នាក់​ផឹក ហើយ​​​ពុល​​ស្លាប់​ម្នាក់ ​​​

ដោយ វ៉ែន សុមេធ
2019-06-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​ច្រក​ក្អម​សំណ ៣នាក់ និង​បក្ខពួក​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខាប់​ខ្លួន រឿង​លាយ​ថ្នាំ​ញៀន​ក្នុង​ស្រា បង្ខំ​ឲ្យ​នារី​ខារ៉ាអូខេ ៤នាក់​ផឹក ហើយ​នារី​ម្នាក់​ពុល​ស្លាប់ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០១៩។
នគរបាល​ច្រក​ក្អម​សំណ ៣នាក់ និង​បក្ខពួក​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខាប់​ខ្លួន រឿង​លាយ​ថ្នាំ​ញៀន​ក្នុង​ស្រា បង្ខំ​ឲ្យ​នារី​ខារ៉ាអូខេ ៤នាក់​ផឹក ហើយ​នារី​ម្នាក់​ពុល​ស្លាប់ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

នគរបាល​ប្រចាំ​​​ព្រំដែន​​​កម្ពុជា​ វៀតណាម ច្រក​ក្អមសំណរ​ ក្នុង​ស្រុក​លើកដែក ខេត្ត​កណ្ដាល​ចំនួន​៣​នាក់ និង​បក្ខ​ពួក​ម្នាក់ ជា​កម្មករ​ ត្រូវ​បាន​ចាប់​ខ្លួន ​ ក្រោយ​ពេល​ពួកគេ​ត្រូវ​សង្ស័យ​ថា បាន​លាយ​ថ្នាំ​ញៀន​ជា​មួយ​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​ និង​ស្រា​បៀរ ហើយ​បង្ខំ​ឲ្យ​នារី​ បម្រើ​ការ​នៅ​ខារ៉ាអូខេ​ផឹក បណ្ដាល​ឲ្យ​​ម្នាក់​ពុល​ស្លាប់ ​​៣​នាក់​ទៀត​ពុល​តែ​សង្គ្រោះ​បាន។ សង្គម​ស៊ីវិល​ថា ស្ត្រី​បម្រើ​ការងារ​នៅ​កន្លែង​កម្សាន្ត​នៅ​បន្ត​រងគ្រោះ​ ដោយសារ​អំណាច​ភ្ញៀវ​បង្ខំ​ឲ្យ​ផឹក​ស្រា និង​សេព​គ្រឿងញៀន។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ ប្រាប់​អាស៊ី​សេរី​ថា តាម​ការ​ពិសោធន៍​ពី​ខាង​មន្ទីរ​ពេទ្យ និង​ការ​ពិនិត្យ​ជន​រងគ្រោះ នារី​បម្រើ​ការងារ​នៅ​ខារ៉ាអូខេ ទាំង​៤​នាក់ ​បាន​ពុល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ លាយ​ជាមួយ​ថ្នាំ​ញៀន​​ប្រភេទ​ម្សៅ ឈ្មោះ ហ្វេតាមីន។ លោក​បន្ត​ថា ក្រុម​បុរស​ដែល​ទៅ​រក​ផឹកស៊ី​សប្បាយ​ មាន​គ្នា​៥​នាក់ គឺ​៣នាក់​ជា​នគរបាល​ច្រក​ព្រំដែន​ក្អមសំណរ​ ម្នាក់​ជា​កម្មករ និង​ម្នាក់​ជា​អ្នក​បើក​តាក់ស៊ី។

លោក ម៉ក់ ជីតូ ថា បក្ខ​ពួក​របស់​សមត្ថកិច្ច​ច្រក​ព្រំដែន បាន​លាយ​គ្រឿងញៀន​ជា​មួយ​ភេសជ្ជៈ ហើយ​បង្ខំ​ឲ្យ​នារី​ខារ៉ាអូខេ​ផឹក​។ លោក ថា នារី​ម្នាក់ ​ពុល​ស្លាប់​ ដោយសារ​បរិភោគ​ ភេសជ្ជៈ​លាយ​ថ្នាំ​ញៀន​ច្រើន​ជ្រុល ស្រប​ពេល​សុខភាព​មិន​សូវ​ល្អ​។ ចំណែក​នារី ៣នាក់​ទៀត ពុល​ដែរ តែ​សង្គ្រោះ​ទាន់​ពេល៖ «ឥឡូវ​យើង​រក​ឃើញ​អ៊ីចេះ​ ៥​នាក់​ទៅ​លេង​ហ្នឹង នគរបាល​៣ ស៊ីវិល​២ វា​យក​ហ្វីតាមីន ម្សៅ​ថ្នាំញៀន លាយ​ជាមួយ​គោ​ជល់​ ចែក​គ្នា​ផឹក។ តែ​វា​បង្ខំ​ឲ្យ​ផឹក​ច្រើន​ម្ដេច​ទេ ផឹក​ច្រើន​ទៅ បាន​ម្នាក់​ហ្នឹង​ស្លាប់។ ២នាក់​ទៀត ពុល​។ ពុល​ទៅ​ វា​លើក​ដៃ​ជើង​រាំ​រែក​អ៊ីចឹង​​ទៅ​ណា។ ឥឡូវ​យើង​កំពុង​បន្ត​ទៀត។ កំពុង​បន្ត​តើ​មាន​ថ្នាំ​អ្វី​ផ្សេង​ទៀត​ទេ។​ ជា​ដំបូង​យើង​រក​ឃើញ​តែ​ប៉ុណ្ណឹង។ បាន​ន័យ​ថា វា​លេង​ថ្នាំ​ពួក​ហ្នឹង វា​មិន​មែន​ដាក់​ថ្នាំ​ពុល​អ្វី​ទេ វា​លេង​ថ្នាំ​ជ្រុល​ជ្រួស ហើយ​អា​ហ្នឹង​កាលណា​សុខភាព​មិន​ល្អ ជ្រុលជ្រួស​ភ្លាម​តែ​ម្ដង»

ហេតុការណ៍ ​​​នារី​ខារ៉ាអូខេ​​​ពុល​ថ្នាំញៀនលាយ​ភេសជ្ជៈ និង​ស្រាបៀរ​ កើត​ឡើង ​កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា នៅ​ហាង​ខារ៉ាអូខេ​ យី​ហោ ម៉ីម៉ី នៅ​ស្រុក​លើកដែក ខេត្ត​កណ្ដាល ​ក្បែរ​ព្រំដែន​កម្ពុជា វៀតណាម។​ ក្រោយ​​ពេល​កើត​ហេតុ​ភ្លាមៗ សមត្ថកិច្ច និង​តំណាង​អយ្យការ​ បាន​ចុះ​ទៅ​ឆែក​ឆេរ​ទី​តាំង​ខារ៉ាអូខេ​រក​ឃើញ​ ថ្នាំ​ម្សៅ​ពណ៌​ស​ស្រអាប់​ ​១​កញ្ចប់ ​ដប​ទឹក​មាន​​ទឹក​​​ពណ៌​លឿង​មួយ​​ និង​សម្បក​កញ្ចប់​កៅអៀក​រូប​ខ្លា​ពណ៌​លឿង​ចំនួន១។

កំណត់​ហេតុ ​របស់​សមត្ថកិច្ច ​បង្ហាញ​ថា នគរបាល​ច្រក​ព្រំដែន​ក្អមសំណរ​ទាំង​ ៣​នាក់ ដែល​រង​ការ​ចាប់​ខ្លួន ​ឈ្មោះ​ ទឹម​ វឌ្ឍនៈ ឈ្មោះ​ ចន្រ្តា វណ្ណៈ​ និង​ឈ្មោះ កែវ វឌ្ឍនៈ​ពូន​។​ ចំណែក​កម្មករ​ម្នាក់ ឈ្មោះ​ វ៉ាន់​ ជីវ័ន្ត។ អ្នក​បើក​តាក់ស៊ី ឈ្មោះ ​វណ្ណា ​រត់​គេច​ខ្លួន​។ ចំណែក​នា​រី​រង​គ្រោះ​​​​ពុល​ស្លាប់ ឈ្មោះ អ៊ិច ​ចន្នី អាយុ​ ១៩ឆ្នាំ និង​នារី​​វ័យ​ជំទង់​ ៣​នាក់​ទៀត សុទ្ធ​តែ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ ម៉ីម៉ី។

លោក ម៉ក់ ជីតូ អះអាង​ថា តាម​ការ​ស្រាវជ្រាវ និង​សួរ​នាំ ជន​សង្ស័យ​ទាំង​៥នាក់ គ្មាន​បំណង​សម្លាប់​ឬ បំពុល​នារី​ខារ៉ាអូខេ​​​ទេ តែ​​ជា​ការ​ប្រើប្រាស់​គ្រឿង​ញៀន​។ ទោះ​យ៉ាង​ណា សមត្ថកិច្ច​ឃាត់​ខ្លួន​​បាន​មនុស្ស​ ៤​នាក់ គឺ​ នគរបាល​ច្រក​ក្អមសំណរ​៣នាក់ និង​កម្មករ​ម្នាក់ កំពុង​ពិភាក្សា​ជាមួយ​តំណាង​អយ្យការ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។ ដោយឡែក សមត្ថកិច្ច​កំពុង​តាម​ចាប់ បក្ខ​ពួក​ម្នាក់​ទៀត ជា​​អ្នក​បើក​តាក់ស៊ី​​ ដែល​កំពុង​​​​រត់​គេច​ខ្លួន។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវា​កម្ម​​​ អ្នកស្រី អ៊ូ​ ទេព​ផល្លីន សង្កេត​ឃើញ​​ថា ករណី​បែប​នេះ កើត​ឡើង​ច្រើន​កន្លែង​កម្សាន្ត​ហើយ។ អ្នកស្រី បន្ត​ថា នារី​​បម្រើ​ការងារ​នៅ​កន្លែង​កម្សាន្ត​​ភាគ​ច្រើន រង​គ្រោះ​ពុល ឬ​ ញៀន​គ្រឿង​ញៀន ដោយសារ​​ឥទ្ធិពល​ភ្ញៀវ​បង្ខំ​ឲ្យ​សេព​គ្រឿង​ញៀន ឬ​​លាយ​​គ្រឿង​ញៀន ជា​មួយ​ស្រា បង្ខំ​ឲ្យ​ផឹក។

ប៉ុន្តែ​ករណី​នេះ អ្នកស្រី អ៊ូ ទេព​ផល្លីន ​ថា រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ គឺ​អ្នក​ដែល​បង្ខំ​ឲ្យ​នារី​ខារ៉ាអូខេ ផឹក​ថ្នាំញៀន គឺ​ជា​នគរបាល​ទៅ​វិញ។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ ទាមទារ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ ចំពោះ​ក្រុម​នគរបាល​ទាំង ​៣នាក់​​នោះ៖ «គាត់​តែង​តែ​ប្រើ​អំណាច​លើស​លុប​ពី​អតិថិជន ឲ្យ​ស្ត្រី​ហ្នឹង​គាត់​ប្រើប្រាស់​គ្រឿងញៀន ឬ​ក៏​ផឹក​គ្រឿង​ស្រវឹង​ហ្នឹង​ច្រើន​លើសលប់។ ដោយសារ​ស្ថានភាព​ ទាំងអស់​ហ្នឹង​ហើយ យើង​មើល​ឃើញ​ស្ត្រី​ត្រូវ​រងគ្រោះ ទាំង​បញ្ហា​សុខភាព​ សុវត្ថិភាព​របស់​ពួកគាត់​នៅ​កន្លែង​ធ្វើការ​។ បើ​ទោះ​បី​មិន​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្ដី ប៉ុន្តែ​គ្រឿង​ស្រវឹង​ហ្នឹង គាត់​បាន​បង្ខំ​ឲ្យ​ស្ត្រី គាត់​ប្រើ​លើសលប់​ រហូត​ដល់​អ្នក​ខ្លះ​លាយ​គ្រឿង​ស្រវឹង​បួន ឬ​ប្រាំ​មុខ ដោយសារ​ស្ថានភាព​គាត់​អត់​មាន​ប្រាក់​ឈ្នួល​គោល ដោយសារ​ស្ថានភាព​គាត់​អត់​មាន​ការ​ពិនិត្យ​ពី​​អធិការ​កិច្ច​ការងារ​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​កន្លែង​ធ្វើការ​ពួកគាត់។ កន្លែង​ពួកគាត់​ធ្វើការ​ហ្នឹង​ មាន​ស្ថានភាព​រំលោភ​លើ​​យែនឌ័រ​ហ្នឹង ច្រើន​ជាង​វិស័យ​ផ្សេង​ទៀត»

តំណាង​សង្គម​ស៊ីវិល​រូប​នេះ យល់​ថា កត្តា​រង​គ្រោះ​របស់​នារី​បម្រើ​ការងារ​នៅ​កន្លែង​កម្សាន្ត កើត​ឡើង​ដោយ​សារ​រង​ឥទ្ធិពល​អំណាច​របស់​ភ្ញៀវ។ អ្នកស្រី អ៊ូ ទេព​ ផល្លីន​ ផ្ដល់​យោបល់​ថា ដើម្បី​ធានា​​ដល់​សុវត្ថិភាព​ការងារ សុខភាព​របស់​ស្ត្រី​បម្រើ​ការងារ​តាម​កន្លែង​កម្សាន្ត និង​កុំ​ឲ្យ​​ស្ត្រី​រង​គំនាប​ពី​ភ្ញៀវ​ធ្ងន់ធ្ងរ​ រដ្ឋាភិបាល​ត្រូវ​គិតគូរ​កំណត់​​ប្រាក់​ឈ្នួល​សមរម្យ​ ដល់​អ្នក​ធ្វើការ​ក្នុង​វិស័យ​នេះ ធ្វើ​អធិការ​កិច្ច​​​តាម​កន្លែង​កម្សាន្ត​ អនុវត្ត​ច្បាប់​ការងារ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព និង​ចាប់​មេ​ក្លោង​គ្រឿង​ញៀន​មក​ដាក់​ទោស​ឲ្យ​បាន​ ព្រោះ​នារី​បម្រើ​ការងារ​តាម​កន្លែង​កម្សាន្ត​ ពិបាក​ជៀស​ផុត​ពី​ឥទ្ធិពល​ថ្នាំ​ញៀន​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល