សាលាក្រុងកំណត់ពេលវេលាឲ្យរថយន្តដឹកបេតុងចរាចរណ៍ក្នុងរាជធានីភ្នំពេញ

សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី២៤ ធ្នូ បានសម្រេចកំណត់ពេលវេលាហាមឃាត់ការធ្វើចរាចរ និងការបញ្ឈររថយន្តបាញ់បេតុង សម្រាប់ផ្គត់ផ្គង់ឲ្យការដ្ឋានសំណង់នានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រោះរយៈពេលកន្លងទៅ រថយន្តដឹកជញ្ជូនបេតុងលាយស្រាប់ បានចរាចរ និងបញ្ឈររថយន្តបាញ់បេតុងបន្តកន្ទុយគ្នានៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវ សម្រាប់ផ្គត់ផ្គង់ឲ្យការដ្ឋានសំណង់នានាយ៉ាងអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
សេចក្ដីជូនដំណឹងនោះបញ្ជាក់ថា ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសផ្គត់ផ្គង់បេតុង និងម្ចាស់ការដ្ឋានសំណង់នានា ត្រូវអនុវត្តពេលវេលាហាមឃាត់ គឺពេលព្រឹកចាប់ពីម៉ោង ០៦:០០នាទី ដល់ម៉ោង ៩:០០នាទី និងពេលល្ងាចចាប់ពីម៉ោង ៤:០០នាទីដល់ម៉ោង ០៨:០០នាទី។
សាលារាជធានីភ្នំពេញ ក៏បញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការអនុវត្តសេចក្ដីណែនាំនេះ៕