និស្សិតខ្មែរម្នាក់មកពីគ្រួសារមធ្យមមួយនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខិតខំរៀនរហូតទទួលបានមេដាយវិស្វករបច្ចេកវិទ្យា នៅមហាវិទ្យាល័យប្រទេសថៃ។ លោកប្រាប់ថា សម្រាប់សិស្សដែលចង់បានអាហារូបករណ៍មកសិក្សានៅក្រៅប្រទេស ត្រូវមានការតាំងចិត្តខ្ពស់ រួចផ្ដោតអារម្មណ៍តែលើការសិក្សាមួយមុខ។
និស្សិតខ្មែរម្នាក់ ដែលតស៊ូរៀនតាំងពីនៅថ្នាក់មធ្យមសិក្សា ហើយបានជាប់អាហារូបករណ៍មកសិក្សាបន្តនៅមហាវិទ្យាល័យមួយនៅប្រទេសថៃ ហើយឥឡូវលោកថែមទាំងបានប្រឡងជាប់ជានិស្សិតឆ្នើម ទទួលបានមេដាយផ្នែកវិស្វករបច្ចេកវិទ្យាប្រចាំសាលា។
មកពីគ្រួសារមួយ ដែលមានឪពុកជាមន្ត្រីរាជការ និងម្ដាយជាអ្នកប្រកបអាជីវកម្មបន្តិចបន្តួច មានបងប្អូន៣នាក់ លោក សារ៉ាត់ សារេន ជាកូនពៅនៅក្នុងគ្រួសារ។
និស្សិតខ្មែរ កំពុងសិក្សាឆ្នាំទី៤ នៅសាកលវិទ្យាល័យរ័ងស៊ីត ( Rangsit University ) ដែលបានមេដាយវិស្វករបច្ចេកវិទ្យា លោក សារ៉ាត់ សារេន អាយុ២២ឆ្នាំ ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ថា មុនដំបូងលោកគ្រាន់តែប្រឡងយកអាហារូបករណ៍ ដើម្បីបានទទួលបទពិសោធន៍ពីការប្រឡង តែលោកមិននឹកស្មានថា បានជាប់អាហារូបករណ៍មកសិក្សានៅប្រទេសថៃ។ លោកបន្ថែមថា ពេលបានមករៀននៅប្រទេសថៃ លោកជួបការលំបាកផ្នែកភាសាថៃ ព្រោះកម្មវិធីសិក្សាក្នុងសាកលវិទ្យាល័យពីរឆ្នាំដំបូងត្រូវរៀនតាមកម្មវិធីសិក្សាភាសាថៃ ហើយលោកត្រូវព្យាយាមហ្វឹកហាត់ខ្លួនឯងបន្ថែមទៀតលើការរៀនភាសាថៃ។ លោកបន្តថា លោកគ្រូអ្នកគ្រូ និងមិត្តរួមថ្នាក់របស់លោកសុទ្ធតែជាជនជាតិថៃ តែពួកគេបានជួយពន្យល់លោកបន្ថែមទៀត ត្រង់ចំណុចដែលលោកមិនទាន់ដឹងច្បាស់៖ «មានបាទដោយសារតែមិត្តភ័ក្ដិគាត់ដឹងថា យើងជានិស្សិតមកពីបរទេសអ៊ីចឹង ពេលខ្លះការនិយាយ ឬអ្វីគេក៏ជួយកែលម្អ។ យើងជានិស្សិតមកពីប្រទេសកម្ពុជាពេលខ្លះយើងក៏ចង់និយាយភាសាថៃ គឺចង់និយាយសួរគ្រូអ៊ីចឹងទៅ ពេលខ្លះយើងនិយាយខុសគេក៏ជួយណែនាំ ឬក៏ជួយកែលម្អយើង ពេលមុខវិជ្ជាខ្លះយើងអត់ចេះទៅគេក៏ជួយបង្រៀនណែនាំយើង ដូចថាមិត្តភ័ក្ដិគេក៏មានភាពរាក់ទាក់ជាមួយយើងដែរ»។
លោកឱ្យដឹងថា នៅក្នុងសាកលវិទ្យាល័យ ដែលលោកកំពុងសិក្សា គឺមានច្រើនមុខជំនាញផ្សេងៗពីគ្នា សម្រាប់ថ្នាក់រៀនរបស់លោកមានសិស្សជាង ២០នាក់ ហើយលោកជាអ្នកទទួលបានពានរង្វាន់មេដាយ សម្រាប់សិស្សពូកែប្រចាំថ្នាក់ ផ្នែកវិស្វករបច្ចេកវិទ្យា។
លោក សារ៉ាត់ សារេន ប្រាប់ពីគន្លឹះដើម្បីរៀនបានអាហារូបករណ៍ ដោយសិស្សនិស្សិតត្រូវកំណត់សម្គាល់មុខវិជ្ជានីមួយៗឲ្យបានច្បាស់ ជាពិសេសត្រូវផ្ដោតទៅលើការយល់ពីមេរៀន ប្រសើរជាងការដែលខំទន្ទេញចាំមាត់។ លោកឲ្យដឹងថា មិនមានមុខវិជ្ជាណាដែលលំបាកហួសពីការគិតទេ បើមិនច្បាស់ត្រូវសួរបញ្ជាក់ ហើយពេលរៀនត្រូវមានស្មារតីនឹងន មិនត្រូវបែកអារម្មណ៍នោះទេ។ លោកបន្តថា វិធីដែលរៀនឲ្យពូកែមួយទៀត គឺត្រូវសាកល្បងធ្វើលំហាត់ឲ្យបានច្រើនដង និងត្រូវស្រាវជ្រាវឲ្យបានគ្រប់មុខវិជ្ជា៖ «សម្រាប់អ្នកដែលចង់បានអាហារូបករណ៍នេះ ក៏ឲ្យខិតខំប្រឹងប្រែង ! ប្រឹងប្រែងរៀនសូត្រ ព្រោះអាហារូបករណ៍ខ្លះក៏វាអាចបានដោយសមត្ថភាពរបស់យើង។ យើងទៅប្រឡង ហើយវាគឺជាឱកាសរបស់យើង»។
លោកយល់ថា ប្រទេសជាតិមួយ ដែលរីកចម្រើនទៅបាន គឺអាស្រ័យលើការខិតខំសិក្សារៀនសូត្ររបស់យុវជនជំនាន់ក្រោយ ដើម្បីយកចំណេះទៅចូលរួមក្នុងការកសាងជាតិ និងអភិវឌ្ឍជាតិ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា លោក រស់ សុវាចា បានទេ នៅថ្ងៃទី១៩ ខែកញ្ញា ដោយទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល។
ប្រធានសមាគមបុគ្គលិកសិក្សាខ្មែរ លោក យស អ៊ាង មានប្រសាសន៍ថា និស្សិតកម្ពុជាបានទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសច្រើន គឺជារឿងដែលកម្ពុជាគួរមានមោទនភាព។ លោកលើកទឹកចិត្តដល់យុវជនខ្មែរត្រូវយកចិត្តទុកដាក់លើការសិក្សា ដើម្បីយកចំណេះជំនាញមកជួយប្រទេសជាតិ ហើយរដ្ឋាភិបាលគួរតែវិនិយោគ លើវិស័យអប់រំឲ្យបានច្រើន ព្រោះកម្លាំងចំណេះដឹងរបស់យុវជន ជាគ្រឹះដ៏មាំមួយសម្រាប់កសាងជាតិ៖ «ខ្មែរយើងបានចេញទៅក្រៅ ទៅសិក្សានៅបរទេសឲ្យបានច្រើន ដើម្បីយកមកបម្រើប្រទេសជាតិវិញ អាហ្នឹងមិនជាបញ្ហាអីទេ តាំងពីថ្នាក់លើមកដល់ក្រសួងហ្នឹង អបអរសាទរហើយនឹងខំសុំអាហារូបករណ៍គេ គ្រប់ប្រទេសទាំងអស់ដែលថាឲ្យ យើងអបអរសាទរ និងបញ្ជូននិស្សិតទៅ»។
លោក សារ៉ាត់ សារេន ជានិស្សិតអាហារូបករណ៍ ដែលបានប្រឡងជាប់នៅសាលាតិចណូ ហើយលោកកំពុងសិក្សានៅសាកលវិទ្យាល័យរ័ងស៊ីត ( Rangsit ) នៅខេត្តប៉ាថុមថានី ( Pathum Thani ) ជានិស្សិតឆ្នាំទី៤ មកពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយលោកនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។