មន្ត្រីសង្គមស៊ីវិលថា សមត្ថកិច្ចធ្វេសប្រហែសបណ្ដាលឱ្យជនជាតិចិនម្នាក់រត់ចេញពីមន្ទីរពេទ្យពេលសម្រាកព្យាបាល

នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ករណីអ្នកទោសជនជាតិចិនរត់ចេញពីមន្ទីរពេទ្យ គឺជាការទទួលខុសត្រូវរបស់សមត្ថកិច្ច មិនគួរមានការធ្វេសប្រហែសបណ្ដាលឱ្យរត់រួចដោយងាយស្រួលនោះទេ។
លោកបញ្ជាក់ថា កន្លងមកសូម្បីតែអ្នកជាប់ឃុំមួយចំនួន ដូចជា អ្នកទោសមនសិការ ដែលមានជំងឺធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ មិនសូវបានសម្រាកយូរទេ គឺក្រោយពេលពិនិត្យរួចហើយ អនុរក្សពន្ធនាគារបញ្ជូនពួកគេត្រឡប់មកមន្ទីរឃុំឃាំងវិញ។ ដោយឡែក អ្នកជាប់ឃុំដែលសម្រាកព្យាបាលនៅក្នុងមន្ទីរយូរថ្ងៃ រហូតដល់យកមន្ទីរពេទ្យធ្វើជាពន្ធនាគារ គឺភាគច្រើនអ្នកជាប់ឃុំមានងារជាឧកញ៉ា និងអ្នកមានលុយប៉ុណ្ណោះ។
លោកបន្តថា ករណីជនជាតិចិនរត់ចេញនេះ គឺជាការធ្វេសប្រហែសមួយ ដែលសមត្ថកិច្ចត្រូវតែស្រាវជ្រាវរកឱ្យឃើញការពិតថា តើហេតុអ្វីបានជាជនជាតិចិនរូបនោះ មានឱកាសរត់គេចខ្លួនបានដោយអនុរក្សពន្ធនាគារមិនបានដឹង?៖ «អីចឹង វាជារឿងមួយសំខាន់ដែរ ដែលត្រូវបង្កើនការយកចិត្តទុកដាក់ផងដែរ។ នេះជាករណីថ្មីមួយហើយដែលយើងមើលឃើញថា កន្លងមកអ្នកទោស ឬក៏អ្នកជាប់ឃុំផ្សេងៗ ដូចជា អ្នកទោសមនសិការដែលទៅមន្ទីរពេទ្យ មិនសូវសម្រាកព្យាបាល ដោយខាងពន្ធនាគារយល់ថា ខ្វះកម្លាំងប្រចាំការនៅឯមន្ទីរពេទ្យជាដើម។ អ៊ីចឹងរឿងនេះ ហេតុអ្វីបានជាជនជាតិចិនអាចសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយអាចរត់គេចខ្លួនបាន?»។
អ្នកជាប់ឃុំជនជាតិចិនម្នាក់ជាប់ចោទជាមេខ្លោងជួញដូរគ្រឿងញៀន ដែលត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ «កែច្នៃ ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន» បានរត់ចេញពីមន្ទីរពេទ្យខ្មែរ សូវៀត កាលពីថ្ងៃទី៧ កុម្ភៈកន្លងទៅនេះ ក្រោយពីអនុរក្សពន្ធនាគារបានបញ្ជូនទៅសម្រាកព្យាបាលដើម្បីរង់ចាំការវះកាត់។
អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃលោក នុត សាវនា មិនបានបញ្ជាក់ថា ជនជាតិចិនរូបនោះមានជំងឺអ្វីដែលរហូតដល់បញ្ជូនទៅសម្រាកព្យាបាល ដើម្បីរង់ចាំការវះកាត់នោះទេ ដោយសារតែលោកមិនទាន់បានពិនិត្យសំណុំរឿងនេះនៅឡើយ។
លោកបញ្ជាក់ថា សមត្ថកិច្ចមិនទាន់ចាប់បានជនជាតិចិនម្នាក់នោះមកវិញនៅឡើយទេ ហើយថា សមត្ថកិច្ចកំពុងស្រាវជ្រាវចំពោះករណីនេះ៖ «ព័ត៌មានខ្ញុំអត់បានទទួលផង។ ព្រឹកមិញខ្ញុំជាប់ ការងារបេសកកម្មមួយដែរ នៅក្នុងខេត្តតាកែវ។ ខ្ញុំអត់បានប្រមូលព័ត៌មានរឿងហ្នឹង ពីព្រោះរឿងនេះខាងជំនាញ ខាងនគរបាលយុត្តិធម៌កំពុងតែធ្វើការផង ហើយខាងពន្ធនាគារក៏កំពុងតែធ្វើការរឿងនេះដែរ។ អ៊ីចឹងកំពុងតែមមាញឹករឿងនេះ ក្នុងដំណាក់កាលពេលនេះខ្ញុំមិនអាចទាន់ជូនព័ត៌មានបានទេ»។
សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ លោក យី រី (Yi Ri) ជាប់សង្ស័យជាមេខ្លោងជួញដូរថ្នាំញៀន កាលពីខែមិថុនា ឆ្នាំ២០២០ និងថ្នាំញៀនប្រភេទហេរ៉ូអ៊ីន (Heroin) កូកាអ៊ីន (Cocaine) ជាង ២តោន។ ប៉ុន្តែ តុលាការមិនទាន់បានកាត់ឱ្យជាប់ទោសនោះទេ គឺជនជាប់ចោទកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរនៅឡើយ។
ពាក់ព័ន្ធនឹងរឿងជនជាតិចិននេះដែរ សមត្ថកិច្ចកាលពីថ្ងៃទី៨ កុម្ភៈ បានចាប់ខ្លួនជនជាតិចិនពីរនាក់ផ្សេងទៀតឈ្មោះ ជា ស៊ីយ៉ាង(Jia Shiyang) អាយុ ២៩ឆ្នាំ ជាប់សង្ស័យថា ជាមេខ្លោងជួញដូរគ្រឿងញៀន ដែលទើបចេញពីពន្ធនាគារបាន ៣ខែ និងលោក ហ្សាង លីលីន (Zhang LeiLin) អាយុ ២៦ឆ្នាំ។
សមត្ថកិច្ចបានរកឃើញថា ជនជាតិចិនទាំងពីរនាក់នេះបានរក្សាទុកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Methamphetamine) ចំនួនជិត ១០គីឡូក្រាម (៩,៧គីឡូក្រាម) នៅផ្ទះជួលមួយកន្លែងក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមឃឿន បញ្ជាក់ថា ជនជាតិចិនដែលសមត្ថកិច្ចចាប់ខ្លួន កាលពីឆ្នាំ២០២០ កន្លងទៅនេះ មានចំនួន៥២៣នាក់ ហើយពួកគេកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៅក្នុងទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងនៅខេត្តបន្ទាយមានជ័យ។
ជនជាតិចិនដែលសមត្ថកិច្ចចាប់ខ្លួនភាគច្រើន គឺជាប់ពាក់ព័ន្ធអំពើឃាតកម្ម ចាប់ជំរិតទារប្រាក់ អំពើហិង្សា ឆបោក ចោរកម្ម រត់ពន្ធថ្នាំញៀន និងការប្រើប្រាស់អាវុធខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។