រដ្ឋាភិបាល​សិង្ហបុរី​បាន​បណ្ដេញ​ឧក្រិដ្ឋជន​លាង​លុយ​រយ​លាន​ដុល្លារ​ចំនួន​ពីរ​នាក់​មក​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2024.06.05
រដ្ឋាភិបាល​សិង្ហបុរី​បាន​បណ្ដេញ​ឧក្រិដ្ឋជន​លាង​លុយ​រយ​លាន​ដុល្លារ​ចំនួន​ពីរ​នាក់​មក​កម្ពុជា ឯកសារ​ពាក់ព័ន្ធរបស់ជនសង្ស័យ​ដែលត្រូវអាជ្ញាធរប្រទេស​សិង្ហបុរី ចាប់ខ្លួនពីបទក្លែង​បន្លំ និង​លាង​លុយកខ្វក់ កាលពីថ្ងៃទី១៥ សីហា ២០២៣។
Photo Courtesy of Singapore Police Force's Facebook Page

រដ្ឋាភិបាល​សិង្ហបុរី​បាន​បណ្ដេញ​ឧក្រិដ្ឋជន​ដើមកំណើត​ចិន​កាន់​លិខិតឆ្លងដែន​កម្ពុជា​ពីរ​នាក់​បន្ថែម​ទៀត​មក​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​លាង​លុយ​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​សិង្ហបុរី។ អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ពិនិត្យ​ក្នុង​ការ​ដកហូត​សញ្ជាតិ​របស់​ជនល្មើស​ទាំង​នោះ និង​គួរ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

សារព័ត៌មាន​សិង្ហបុរី រាយការណ៍​កាលពី​ថ្ងៃទី២ ខែ​មិថុនា ថា អាជ្ញាធរ​អន្តោប្រវេសន៍ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ (ICA) របស់​សិង្ហបុរី បាន​បណ្ដេញ​ឧក្រិដ្ឋជន​លាង​លុយ​ចំនួន​ពីរ​នាក់​ទៅ​កាន់​កម្ពុជា កាលពី​ថ្ងៃទី​២៥ និង ២៨ ខែ​ឧសភា។

ឧក្រិដ្ឋជន​ទាំងពីរ​រូប​នោះ​មានឈ្មោះ ស៊ូ ប៉ៅលីន (Su Baolin) និង ឈ្មោះ ស៊ូ ហៃជីន (Su Haijin) អាយុ​៤០​ឆ្នាំ ជា​ជន​ជាតិចិន​ទទួល​បាន​សញ្ជាតិ​ខ្មែរ ។ ពួកគេ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៤​ខែ កាល​ពី​ខែ​មេសា។

ពួកគេ​ទាំងពីរ​នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១០​នាក់ ដែល​ត្រូវ​បាន​នគរបាល​សិង្ហបុរី (Singapore) កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ចាប់ខ្លួន និង​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​លាង​លុយ​កង្វក់ និង​ក្លែងបន្លំ​ឯកសារ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ពួកគេ​ទាំងនោះ​មាន​ដើមកំណើត​ជា​ជន​ជាតិចិន និង​៩​នាក់​ទទួល​បាន​សញ្ជាតិ​ខ្មែរ កាន់​លិខិតឆ្លងដែន​កម្ពុជា​។ ការ​បញ្ជូន​ឧក្រិដ្ឋជន​ដើមកំណើត​ចិន​មក​កម្ពុជា​នេះ គឺជា​ការ​បន្ថែម​លើ​ការ​បញ្ជូន​ឧក្រិដ្ឋជន​ដើមកំណើត​ចិន​ក្នុង​សំណុំរឿង​ដដែល​នេះ​ពីរ​នាក់​ដំបូង​មក​កម្ពុជា កាលពី​ថ្ងៃទី​០៦ ខែ​ឧសភា។ ពួកគេ​ទាំងនោះ មាន​ឈ្មោះ ចិន ឈីងយ័ន (Chen Qingyuan) និង​ឈ្មោះ ស៊ូ វិនឈៀង (Su Wengiang)

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ពិនិត្យ​ក្នុង​ការ​ដកហូត​សញ្ជាតិ​របស់​ជនល្មើស​ទាំង​នោះ និង​គួរ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​ពួកគេ​វិញ​។ អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​រូប​នេះ​ថា​រដ្ឋាភិបាល​ក៏​គួរ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ផ្ដល់​សញ្ជាតិ​ទៅ​ឱ្យ​ជនបរទេស​ដើម្បី​ធានា​ថា ពួកគេ​នឹង​មិន​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​ផលប្រយោជន៍​កម្ពុជា។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​យល់​ថា មិន​គួរ​យើង​ទៅ​ស្វាគមន៍​បុគ្គល​ដែល​ជា​ឧក្រិដ្ឋជន​ទាំងអស់​នោះ​ទេ ពួកគេ​បណ្ដេញ​ចេញពី​ប្រទេស​គេ គេ​មិនអាច​ទទួល​យក​បាន ហើយ​យើង​មក​ទទួល​ជន​ទាំងអស់​នោះ​អ្វី​ទៀត គួរតែ​មាន​ការពិនិត្យ​ទៅ ហើយ​ដកហូត​សញ្ជាតិ​ហើយ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​ដើម​គេ​វិញ​ទៅ ពីព្រោះ​បើ​មិន​អ៊ីចឹង​ទេ វា​ប៉ះពាល់​ដល់​ប្រទេស​យើង​ហ្នឹងឯង ហើយ​យើង​ក្លាយ​ទៅ​ប្រទេស​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ឧក្រិដ្ឋជន ពីព្រោះ​គេ​អាច​នឹង​ចោទប្រកាន់​បែប​ហ្នឹង»

វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ដើម្បី​សុំ​ការ​អធិប្បាយ​ពី​បញ្ហា​នេះ នៅ​ថ្ងៃទី​០៣ ខែ​មិថុនា តែ​លោក​បដិសេធ​ឆ្លើយតប​ចំពោះ​។ ចំណែក​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ វិញ លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅកាន់​អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន។

អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម​មើលឃើញ​ថា ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស​ធ្វើ​ទៅ​បាន​គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស់​អាជ្ញាធរ​ខ្មែរ​ដោយ​មិនបាន​ពិនិត្យ​ប្រវត្តិរូប​បុគ្គល​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ពួកគេ​បាន​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​តាមរយៈ​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។