អភិបាលខេត្តឧត្តរមានជ័យបដិសេធការចោទរឿងគំរាមដកតួនាទីពីមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់

អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ច្រានចោលការអះអាងរបស់នាយកសង្កាត់រដ្ឋបាលព្រៃឈើសំរោងម្នាក់ ដែលថា លោកបានគំរាមដកហូតតួនាទីមន្ត្រីរូបនោះ។
អភិបាលខេត្តឧត្តរមានជ័យ គឺលោក ស ថាវី។ លោកអះអាងថា ក្នុងនាមលោកជាអាជ្ញាធរគ្រប់គ្រងខេត្ត គឺគ្រាន់តែមានបំណងចង់ឱ្យមន្ត្រីម្នាក់កុំឈ្លោះក្ដីក្ដាំជាមួយប្រជាពលរដ្ឋ ហើយឱ្យបញ្ចប់ទំនាស់ដ៏តិចតួចនោះប៉ុណ្ណោះ។
លោកអភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា ជាច្រើនខែមកហើយ នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោង បានប្ដឹងប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធក្នុងរឿងទិញ និងលក់ដើមដំឡូងមីថ្លៃ ១០ម៉ឺនរៀល បើទោះបីជារូបលោក និងមន្ត្រីរដ្ឋាភិបាលជាច្រើនទៀតជួយសម្របសម្រួល ព្រមទាំងចេញលុយ ៣០ម៉ឺនរៀលឱ្យទៅមន្ត្រីរដ្ឋបាលព្រៃឈើរូបនោះរួចហើយក្តី៖ «ហើយថាដកពាក្យឈប់ប្ដឹង បានប៉ុន្មានខែ ស្រាប់តែតុលាការហៅទៀត។ ប្រជាពលរដ្ឋគាត់មកប្ដឹងទៀត ខ្ញុំសួរទៅមេព្រៃនោះថា ហេតុអ្វីបានថា ចប់ហើយនៅតែតុលាការកោះហៅគាត់?»។
លោក ស ថាវី បញ្ជាក់ថា រហូតមកដល់ពេលនេះ នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោង គឺនៅមានតួនាទីនៅឡើយ មិនបានបាត់បង់តួនាទី ដូចសាមីខ្លួនចោទប្រកាន់នោះទេ។
ប្រតិកម្មរបស់អភិបាល ខេត្តឧត្តរមានជ័យ ធ្វើឡើងក្រោយគ្នា ១ថ្ងៃ បន្ទាប់ពីនាយសង្កាត់រដ្ឋបាលព្រៃឈើសំរោង ឈ្មោះ វុន ប៊ុនធឿន បានចោទប្រកាន់ថា អភិបាលខេត្តឧត្តរមានជ័យ បានប្រើអំណាចគំរាមដកហូតតួនាទីរបស់គាត់នៅក្នុងពេលប្រជុំ កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅ៕