សហជីព​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើបអង្កេត​ការ​ប្រកាស​ក្ស័យធន​របស់​រោងចក្រ R.G Footwear ដើម្បី​ការពារ​អត្ថប្រយោជន៍​កម្មករ

ដោយ ខាន់ លក្ខិណា
2024.03.22
សហជីព​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើបអង្កេត​ការ​ប្រកាស​ក្ស័យធន​របស់​រោងចក្រ R.G Footwear ដើម្បី​ការពារ​អត្ថប្រយោជន៍​កម្មករ រោងចក្រ អ.ជី ហ៊្វូតវែរ (R.G FOOTWEAR) ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។
រូប៖ អង្គការ​សង់ត្រាល់

សហជីព​ចង់ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ច្បាប់​លើ​ការ​ប្រកាស​ក្ស័យធន​របស់​រោងចក្រ អ.ជី ហ៊្វូតវែរ (R.G FOOTWEAR) ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ការពារ​អត្ថប្រយោជន៍​ជូន​កម្មករ។ ការ​ស្នើ​នេះ បន្ទាប់ពី​រោងចក្រ​អ.ជី ហ៊្វូតវែរ បាន​ប្រកាស​ក្ស័យធន​ដោយ​មិន​បើកប្រាក់​អត្ថប្រយោជន៍​មួយ​ចំនួន​ជូន​កម្មករ។

កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ អ.ជី ហ៊្វូតវែរ ស្នើ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទៅ​ភាគី​រោងចក្រ ឱ្យ​បើក​លុយ​សម្រាលកូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ បើ​មិន​ដូច្នេះ​ទេ ពួកគាត់​នឹង​គ្មាន​លុយ ដើម្បី​សម្រាលកូន​ឡើយ។

នៅ​ថ្ងៃទី២២ មីនា រោងចក្រ អ.ជី ហ៊្វូតវែរ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ថា រោងចក្រ​បាន​រៀបចំ​ទូទាត់​ប្រាក់ ៥ ភាគរយ ឱ្យ​កម្មករ​ជិត ១​ពាន់​នាក់ (៩១៨) រួចរាល់ ហើយនឹង​រៀបចំ​ទូទាត់​ប្រាក់​ឈ្នួល ដែល​នៅសល់​ថ្ងៃទី១ ដល់​ថ្ងៃទី​១៨ មីនា គឺ​ឱ្យ​កម្មករ​មិន​លើស​ពី​ថ្ងៃទី​១០ មេសា ខាងមុខ​នេះ។

ក្រៅ​ពី​ទូទាត់​ប្រាក់ ៥ ភាគរយ​រោងចក្រ អ.ជី ហ៊្វូតវែរ បាន​ប្រកាស​ថា ក្រុមហ៊ុន​របស់​ខ្លួន ជួប​វិបត្តិ​ក្ស័យធន ដោយសារ​អគ្គីភ័យ​ឆាបឆេះ កាលពី​ថ្ងៃទី​១៨ មីនា មាន​សភាព​ធ្ងន់ធ្ងរ ដោយ​មិនអាច​ស្ដារ​ស្ថានការណ៍​ឡើង​វិញ​បាន។

កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ អ.ជី ហ៊្វូតវែរ សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២២ មីនា ថា រោងចក្រ ប្រកាស​ទូទាត់​ប្រាក់ ៥ ភាគរយ និង​ប្រាក់​នៅ​សល់​ឱ្យ​ពួកគាត់ ប៉ុន្តែ​ប្រាក់​សម្រាលកូន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នោះ រោងចក្រ​មិន​បាន​បើក​ឱ្យ​ឡើយ។ លោកស្រី​ស្នើ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ទៅ​ភាគី​រោងចក្រ ឱ្យ​បើកប្រាក់​សម្រាលកូន និង​អត្ថប្រយោជន៍​ផ្សេងទៀត​ដល់​ពួកគាត់។

កម្មការិនី​ថ្លែង​លាក់​ឈ្មោះ៖ «បារម្ភ​ដែល​ខ្លាច​អត់​មាន​លុយ​សម្រាក​កូន ទី​១ យើង​អ្នក​ពោះធំ​អ៊ីចឹង យើង​ទៅ​ធ្វើ​ការងារ​ណា​កើត ។ បើ​យើង​មិន​ពោះធំ​ចេះតែ​ទៅ​ធ្វើ​តេស្ត​រោងចក្រ​ថ្មី​អ៊ីចឹង ។ យើង​ពោះធំ​ទៅ​ធ្វើ​តេស្ត​ក៏​គេ​មិន​យក​យើង ហើយ​យើង​អត់​លុយ​អត់​អី​សម្រាក​កូន​ដែរ​។ ខ្ញុំ​ចង់ឱ្យ​គាត់​ជួយ​ដោះស្រាយ លុយ​កូន​មិន​នេះ​ទេ ឱ្យ​តែ​គាត់​ឱ្យ​យើង​ធ្វើការ​ទៅដល់​ខែ​យើង​សម្រាក​គាត់ បើក​លុយ​ឱ្យ​យើង​សម្រាក​អ៊ីចឹង ទុក​ឱ្យ​យើង​នៅ​ដេក​បន្ទប់​អ៊ីចឹង​វា​ពិបាក​ដែរ»

កម្មការិនី​ម្នាក់​ទៀត ដែល​ធ្វើការ​នៅ​រោងចក្រ អ.ជី ហ៊្វូតវែរ ជាង ១០ ឆ្នាំ សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង លើកឡើង​ថា រោងចក្រ​មិន​បើកប្រាក់​សម្រាលកូន​ឱ្យ​លោកស្រី ក្រោម​ហេតុផល​ថា ក្ស័យធន​។ ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​រូប​នេះ និយាយ​ថា ប្រាក់​ដែល​គាត់​ត្រូវ​ទទួល​បាន​ពី​រោងចក្រ គឺ​ជាង ៦​រយ​ដុល្លារ។

កម្មការិនី​រូប​នេះ​ថា ប្រសិនបើ​រោងចក្រ​មិន​បើក​ឱ្យ​ទេ លោកស្រី​គ្មាន​ប្រាក់​សម្រាប់​សម្រាលកូន​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ប្រធាន​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន អ.ជី ហ៊្វូតវែរ លោកស្រី កែវ ចាន់ លីដា និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន បាន​ទេ នៅ​ថ្ងៃទី២២ មីនា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ លើកឡើង​ថា ការ​ប្រកាស​ក្ស័យធន​របស់​ក្រុមហ៊ុន គឺជា​រឿង​មួយ ប៉ុន្តែ មិន​អនុលោម​ទៅ​តាម​នីតិវិធី​ច្បាប់​នោះ​ទេ។ លោក​ថា ស្ថាប័ន​ពាក់ព័ន្ធ គួរ​ធ្វើការ​ស៊ើបអង្កេត​ដោយ​តម្លាភាព អំពី​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដើម្បី​ការពារ​អត្ថប្រយោជន៍​កម្មករ។

លោក ឃុន ថារ៉ូ៖ «ការ​បកស្រាយ​ណាមួយ នៅក្នុង​លក្ខខណ្ឌ​នៃ​ការ​ទូទាត់​ទៅដល់​កម្មករ​និយោជិក ឬក៏​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ឬ​សំណង​ផ្សេងៗ ជូន​កម្មករ​និយោជិក​នោះ វា​លុះត្រាតែ​មានការ​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់​ត្រឹមត្រូវ។ បើសិនជា ចេះតែ​យក​ហេតុផល​នៃ​ការប្រកាស​ក្ស័យធន​មិន​មាន​ការស៊ើបអង្កេត​ឱ្យ​ច្បាស់លាស់ ថា​តើ​អាច​ទទួល​យក​បាន​ឬ អាច​ទុក​ចិត្ត​បាន ឬ​អាច​មាន​តម្លាភាព នៅក្នុង​ការ​បិទ​សហគ្រាស អាហ្នឹង​មាន​បញ្ហា​។ ក្រុមហ៊ុន​ផ្សេង​គាត់​ចេះតែ​ប្រកាស​បិទ​ទៅ ដោយ​យក​ហេតុផល​វិបត្តិ​សេដ្ឋកិច្ច ក្ស័យធន​អត់​មាន​ប្រតិបត្តិការ​ខ្សែ​សង្វាក់​អាជីវកម្ម​របស់​ខ្លួន អី​អ៊ីចឹង​ទៅ ប៉ុន្តែ​វា​អត់​មាន​ទិន្នន័យ ឬ​របាយការណ៍​ណា​ដែល​បង្ហាញ​ក្រុមហ៊ុន​នេះ ពិតជា​ក្ស័យធន»

កម្មករ និង​សហជីព ឱ្យ​ដឹង​ថា រោងចក្រ អ.ជី ហ៊្វូតវែរ ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​កម្មករ​បម្រើ​ការងារ​ជាង ២.០០០​នាក់។

លោក ឃុន ថារ៉ូ ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​លើ​រោងចក្រ​នេះ ដោយ​ថា ការអនុវត្ត ទៅតាម​វិធាន​ច្បាប់ ជា​រឿង​សំខាន់ ក្នុង​ការ​ទប់ស្កាត់​រូបភាព ឬ​ការ​ប្រកាស​ក្ស័យធន​របស់​ក្រុមហ៊ុន ដើម្បី​គេចវេះ​ពី​ការ​ទទួលខុស និង​មិន​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​ឱ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​ច្បាប់​ការងារ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។