សហជីព​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ចំពោះ​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នៅ​ដើម​ឆ្នាំ​២០១៨

ដោយ ​វ៉ែន សុមេធ
2017-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ថ្លែង​នៅ​ខាងមុខ​នៃ​បរិវេណ​របង​រដ្ឋសភា ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​គណៈកម្មការ​របស់​រដ្ឋសភា ទាំងពីរ​គណបក្ស​នយោបាយ ពាក់ព័ន្ធ​ប្រាក់​ឈ្នួល​សមរម្យ ​របស់​កម្មករ​និយោជិក រូបថត​ថ្ងៃ​ទី ១៣ តុលា ២០១៤។
លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ថ្លែង​នៅ​ខាងមុខ​នៃ​បរិវេណ​របង​រដ្ឋសភា ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​គណៈកម្មការ​របស់​រដ្ឋសភា ទាំងពីរ​គណបក្ស​នយោបាយ ពាក់ព័ន្ធ​ប្រាក់​ឈ្នួល​សមរម្យ ​របស់​កម្មករ​និយោជិក រូបថត​ថ្ងៃ​ទី ១៣ តុលា ២០១៤។
RFA

ប្រធាន​សហជីព​សហភាព​ចលនា​កម្មករ​កម្ពុជា លើក​ឡើង​ថា ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ជួល​បន្ទប់​លក់ដូរ និង​បន្ទប់​ស្នាក់នៅ​បាន​ទេ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​និយោជិក​ជាក់​ជាមិនខាន។ ការ​លើក​ឡើង​នេះ ក្រោយពេល​ម្ចាស់​ផ្ទះ​ជួល​នៅ​តំបន់​មួយ​ចំនួន ពិសេស​ក្នុង​នៅ​តំបន់​រោងចក្រ​ដំបូល​ខៀវ បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ នឹង​ចាប់ផ្ដើម​ដំឡើងថ្លៃ​ជួល​ផ្ទះ ទាំង​ការ​ស្នាក់នៅ និង​បន្ទប់​ជួល​សម្រាប់​លក់ដូរ​នៅ​ដើម​ឆ្នាំ​២០១៨​ខាងមុខ។

ប្រធាន​សហជីព​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា លើកឡើង​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៦ ធ្នូ ស្នើ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ពិនិត្យ​មើល​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​ពេលនេះ ដើម្បី​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់។ លោក​យល់ថា ប្រសិនបើ​មិន​អាច​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល និង​ថ្លៃ​ប្រេងសាំង​បាន​ទេ ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ចាប់ពី​ដើម​ឆ្នាំ​២០១៨ និង​មិន​អាច​ឆ្លើយតប​ទៅ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​បាន​ឡើយ។

ជាក់ស្ដែង​កម្មករ​ត្រូវ​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​បន្ថែម​ទៀត​ក្នុង​មួយខែៗ រីឯ​អ្នក​លក់ដូរ​ក្នុង​ផ្សារ​ត្រូវ​បង្ខំចិត្ត​ដំឡើងថ្លៃ​ទំនិញ​ជាដើម។

លិខិត​ជូនដំណឹង ដល់​កម្មករ និង​អាជីវករ​នៅ​តំបន់​រោងចក្រ​ដំបូល​ខៀវ​កាលពី​ថ្ងៃទី១៤ ធ្នូ បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី១ មករា ឆ្នាំ ២០១៨ តទៅ ម្ចាស់​ផ្ទះ​ជួល នឹង​ដំឡើងថ្លៃ​ជួល​បន្ទប់​លក់ដូរ ដូច​ជា​បន្ទប់​ជាប់​កែង​ផ្សារ ចំនួន ២០​ដុល្លារ ហើយ​បន្ទប់​ផ្សារ​នៅ​ខាង​ក្នុងៗ នឹង​ដំឡើង​១០ ដុល្លារ។ ចំណែក បន្ទប់​លក់ដូរ​កណ្ដាល​នឹង​ដំឡើង​ចំនួន ៥​ដុល្លារ។ លើស​ពី​នេះ សម្រាប់​បន្ទប់​ស្នាក់នៅ​វិញ ត្រូវ​ដំឡើង ៨ ដុល្លារ ចំពោះ​បន្ទប់​ជាន់​ផ្ទាល់​ដី និង ៥​ដុល្លារ សម្រាប់​បន្ទប់​ជាន់​លើ។

ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​តាម​តំបន់​រោងចក្រ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ទាក់ទាញ​កម្មករ កម្មការិនី។ លោក​លើក​ឡើង​ថា ចាប់ពី​ដើម​ឆ្នាំ ២០១៨ ទៅ​កម្មករ កម្មការិនី នឹង​ទទួល​បាន​ការដំឡើង​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត។ ជាមួយ​គ្នា​នោះ លោក​ធ្លាប់​មាន​ប្រសាសន៍ សុំ​មិន​ឱ្យ​ម្ចាស់​ផ្ទះ​ជួល​ដំឡើងថ្លៃ​នោះ​ទេ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា តាម​ច្បាប់​ស្ដីពី​បន្ទប់​ជួល អាជ្ញាធរ​អាច​ចាត់វិធានការ​តាម​បែបបទ​រដ្ឋបាល ដូចជា​ជូនដំណឹង ឬ​សេចក្ដី​ណែនាំ​ទៅ​ម្ចាស់​ផ្ទះ​ជួល មិន​ត្រូវ​ដំឡើងថ្លៃ​ទេ ក្រៅ​ពី​នេះ លោក​យល់ថា​អាជ្ញាធរ​មិន​អាច​ចាត់វិធានការ​អ្វី​បាន​ឡើយ។ ចំណុច​នេះ លោក​ថា ដោយសារ​ច្បាប់​ចែង​មាន​ភាព​មិន​ច្បាស់លាស់ និង​គ្មាន​វិធានការ​គតិយុត្តិ​ត្រឹមត្រូវ។ ទោះជា​យ៉ាងណា លោក​ថា ការ​ដំឡើងថ្លៃ​បន្ទប់​ជួល​នៅ​ដើម​ឆ្នាំ ២០១៨ នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ ម្យ៉ាង​ប្រសិនបើ​រឿង​នេះ មិន​អាច​ដោះស្រាយ​ឱ្យ​ប្រសើរ​បាន នឹង​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ប្រឈម​រវាង​កម្មករ កម្មការិនី និង ម្ចាស់​ផ្ទះ​ជួល​ថែមទៀត​ផង៖ «ម្ចាស់​បន្ទប់​ជួល គេ​អាច​បដិសេធ​ការជួល​បន្ទប់​បន្ត ក៏​អាច​ថា​បាន​ដែរ។ អីចឹង​រឿង​នេះ មិន​អាច​បញ្ចប់​ដោយ​ស្រួល​ឬ ដោយ​សន្តិវិធី​ទេ គឺ​វា​បញ្ចប់​ដោយ​ទម្រង់​ណាមួយ​ដែល​នាំ​ឱ្យ​ខាត​ប្រយោជន៍​ខាត​ពេលវេលា​របស់​កម្មករ។ ហើយក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​សង្គម រវាង​កម្មករ និង​ម្ចាស់​បន្ទប់​ជួល​ហ្នឹង​ដែរ»

ដោយសារ​គ្មាន​ច្បាប់​ចាប់​បង្ខំ​ម្ចាស់ផ្ទះ មន្ត្រី​សង្គម​ស៊ីវិល​ដដែល​យល់ថា ជា​ដំណោះស្រាយ​ត្រូវ​មាន​កិច្ចពិភាក្សា​ណាមួយ​ដោយ​ការយោគយល់​រវាង​ម្ចាស់ផ្ទះ និង​កម្មករ​ដើម្បី​ផល​ប្រយោជន៍​ទាំង​សងខាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល