មន្ត្រី​សហជីព​រិះគន់​របប​លោក ហ៊ុន សែន នៅ​តែ​ខ្វះ​ការ​យកចិត្តទុកដាក់​រឿង​ប្រាក់ខែ​មន្ត្រីរាជការ

ដោយ មួង ណារ៉េត
2018-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

មន្ត្រី​សហជីព​រិះគន់​របប​លោក ហ៊ុន សែន ថា​នៅតែ​ខ្វះ​ការ​យកចិត្តទុកដាក់ លើ​រឿង​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ ដើម្បី​ឲ្យ​អាច​រស់​សមរម្យ​បាន​នៅ​ឡើយ។ មន្ត្រី​ដដែល​អះអាង​ថា ប្រាក់ខែ​សមរម្យ គួរតែ​ចាប់​ផ្ដើម​ពី ២​លាន​រៀល ឬ​៥០០ ដុល្លារ ក្នុង​មួយ​ខែ។

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី១៩ ធ្នូ ថា សូម្បីតែ​ប្រាក់ខែ​ដែល​លោក​យល់ថា គួរតែ​រដ្ឋ​ដំឡើង​ឲ្យ​មន្ត្រីរាជការ​ទូទៅ ឲ្យ​បាន​ដល់ ៥០០​ដុល្លារ​ក្នុង​មួយ​ខែ​នេះ​ក៏ដោយ ក៏​នៅតែ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ផង ចុះ​ទម្រាំ​ប្រាក់​តិចតួច​ស្ដួចស្ដើង​ដូច​សព្វថ្ងៃ​នេះ?«ប៉ុណ្ណឹង​គ្រាន់តែ​គាត់​បាន​សមរម្យ​ទេ មិន​បានជា​ធូរធារ​ណា​នោះ​ទេ។ បើ​បាន​ប្រាក់ខែ​គោល​គាត់​ពីរ​លាន នោះ​នឹង​ធ្វើ​ឲ្យ​ជីវភាព​ប្រចាំថ្ងៃ របស់​មន្ត្រីរាជការ ទាំង​មន្ត្រី​កិច្ចសន្យា គាត់​នឹង​មាន​ជីវភាព​ប្រសើរ​ជាង​ប្រាក់​ពេល​បច្ចុប្បន្ន»

ប្រាក់ខែ​ជា​មធ្យម​ពេល​បច្ចុប្បន្ន សម្រាប់​មន្ត្រីរាជការ​ស៊ីវិល បើ​តាម​អនុក្រឹត្យ​ស្ដីពី​ការ​កែប្រែ និង​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​មន្ត្រីរាជការ​ស៊ីវិល​ឆ្នាំ ២០១៨ គឺ​ប្រហែល ១​លាន​រៀល (.០១៤.៤៥០​រៀល​) ឬ ប្រហែល ២៥០ ដុល្លារ​សហរដ្ឋអាមេរិក។ ប្រាក់ខែ​ប៉ុណ្ណោះ បើ​គិត​ជា​ម៉ោង​វិញ គឺ​មន្ត្រី​រាជការ​ខ្មែរ ធ្វើការ​មួយ​ម៉ោង បាន​មិន​ដល់​មួយ​ដុល្លារ​កន្លះ​ផង (,៤៤ ដុល្លារ)

ចំណែក​ឯ​មន្ត្រី​ជាប់កិច្ចសន្យា បាន​ប្រាក់ខែ ត្រឹមតែ​ប្រាំមួយ​សែន​រៀល (៦០០.០០០ រៀល​) ឬ​ប្រហែល ១៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

បើ​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ស្ដីពី​ការ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំខែ ជូន​មន្ត្រី​ជាប់កិច្ចសន្យា របប​លោក ហ៊ុន សែន នឹង​ដំឡើង​ប្រាំ​ម៉ឺន​រៀល (​ឬ​ប្រហែល ១២,៥ ដុល្លារ​) នៅ​ដើម​ឆ្នាំ ២០១៩ សម្រាប់​មន្ត្រី​ជាប់កិច្ចសន្យា​នេះ។ ទោះបី​របប​នេះ គ្រោង​ដំឡើង​ប្រាក់ខែ​នេះ​ក្តី ក៏​លោក រ៉ុង ឈុន យល់ឃើញ​ថា ប្រាក់​ប៉ុណ្ណោះ នៅតែ​តិចតួច​ខ្លាំង​ណាស់។

លោក​នៅតែ​យល់ថា របប​លោក ហ៊ុន សែន នៅតែ​មិន​យកចិត្តទុកដាក់ ជុំវិញ​ការងារ​មន្ត្រី​ជាប់កិច្ចសន្យា និង​មន្ត្រីរាជការ​ទូទៅ​នោះ​ទេ៖ «យ៉ាងហោចណាស់ ក៏​យើង​ត្រូវតែ​ធ្វើ​ម៉េច​ឲ្យ​ប្រាក់​ឈ្នួល​របស់​គាត់​ហ្នឹង ឲ្យ​វា​មាន​តុល្យភាព ទៅ​នឹង​តម្លៃ​ទីផ្សារ​យើង។ ការ​ហូបចុក ការរស់នៅ ត្រូវការ​មាន​ជីវភាព​មួយ​សមរម្យ ត្រូវការ​សេចក្ដីថ្លៃថ្នូរ។ មន្ត្រី​ជាប់កិច្ចសន្យា ដែល​ធ្វើការ​នៅ​តាម​ស្ថាប័នរដ្ឋ ក៏​ត្រូវ​តែ​គិត​ប្រាក់​ឈ្នួល​ឲ្យ​គាត់​បាន​សមរម្យ ធ្វើ​ម៉េច​ឲ្យ​ជីវភាព​គាត់​ប្រចាំថ្ងៃ វា​សមស្រប​ទៅ​នឹង​ទីផ្សារ»

ជុំវិញ​លទ្ធភាព​នៃ​ការ​ដំឡើង​ប្រាក់ខែ​នេះ លោក ហ៊ុន សែន ធ្លាប់​អះអាង​ជា​សាធារណៈ​ថា របប​លោក​គ្មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ ឲ្យ​បាន​សមរម្យ​នោះ​ទេ ដោយសារតែ​ស្ថានភាព​ចំណូល​របស់​រដ្ឋ។ ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា ការ​មិន​អាច​ដំឡើង​ប្រាក់ខែ​បាន មិនមែន​មកពី​ខ្វះ​សមត្ថភាព​ទេ តែ​មកពី​អំពើពុករលួយ​ដ៏​រ៉ាំរ៉ៃ និង​ការ​បាត់​ចំណូល​ពន្ធ​រដ្ឋ ដែល​ធ្វើ​ឲ្យ​បាត់​ថវិកាជាតិ​រាប់​រយ​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ទើប​មិន​អាច​មាន​ប្រាក់​គ្រប់គ្រាន់ ក្នុង​ការ​ដំឡើង​ប្រាក់ខែ​នេះ​បាន​នោះ។

ទោះជា​យ៉ាង​នេះ​ក្តី ក្រោយ​គណបក្ស​ប្រឆាំង កើន​ប្រជាប្រិយ​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣ និង​សន្យា​ថា នឹង​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល​ទូទៅ ឲ្យ​ដល់ ១​លាន​រៀល ឬ ២៥០​ដុល្លារ​ក្នុង​មួយ​ខែ បើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​នោះ ស្រាប់តែ​របប​លោក ហ៊ុន សែន អាច​ដំឡើង​ប្រាក់ខែ​នេះ​រហូតដល់​មធ្យម ២៥០ ដុល្លារ​ក្នុង​មួយ​ខែ និង​អះអាង​ថា​អាច​បន្ត​ដំឡើង ១០% រៀងរាល់​ឆ្នាំ។

ទោះជា​របប​លោក ហ៊ុន សែន ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ជា​មធ្យម​ដល់ ២៥០​ដុល្លារ និង​សន្យា​ថា​នឹង​ដំឡើង ១០% ក្នុង​មួយ​ឆ្នាំ​ក៏ដោយ ក៏​ប្រាក់​ប៉ុណ្ណេះ នៅ​តិចតួច​ខ្លាំង​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ទំនិញ​សព្វសារពើ ដើរ​ឡើងថ្លៃ​ឥត​ឈប់ឈរ​សព្វថ្ងៃ​នេះ។

ប៉ុន្តែ លោក ហ៊ុន សែន បាន​ព្រមាន​ហើយ​ថា ប៉ុណ្ណឹង​ហើយ​ចង់បាន​អី​ទៀត។ ថ្លែង​នៅមុខ​កម្មករ​រោងចក្រ​កាត់ដេរ នៅ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ លោក ហ៊ុន សែន ថា​កុំថាឡើយ​ឡើង​ដល់ ៥០០ ដុល្លារ សូម្បីតែ​ដល់​រាប់ពាន់​ដុល្លារ​ទៅទៀត ក៏​មិន​គ្រប់​ដែរ៖ «ពិត​ហើយ​វា​មិនទាន់​គ្រប់គ្រាន់​ទេ ប្រាក់ខែ​ទោះបី​ឡើង​ដល់​ពីរ​ពាន់​ដុល្លារ ក្នុង​ម្នាក់​ក៏​នៅតែ​មិនទាន់​គ្រប់គ្រាន់​ដែរ តម្រូវការ​មនុស្ស​មិន​ចេះ​ចប់​ទេ។ អ្នកមាន​នៅ​លើ​ពិភពលោក មាន​លុយ​មិន​ដឹង​គេ​យក​ទៅ​ណា​ទេ គេ​នៅតែ​ចង់​មាន​ចង់​បាន។ រឿង​លុយ វា​មិនដែល​ចេះ​ស្កប់​មនុស្ស​ទេ»

ប្រាក់ខែ​តិច និង​ការ​ខ្វះខាត​ក្នុង​ជីវភាព គួបផ្សំ​នឹង​ការ​ចំណាយ​សម្រាប់​តម្រូវ​ការចាំបាច់​ជា​មូលដ្ឋាន កាន់តែ​កើន​ឡើង ស្រប​ពេល​ដែល​ប្រាក់ខែ​ចាយ​មិន​គ្រប់ មន្ត្រីរាជការ​ស៊ីវិល​ជាច្រើន ត្រូវ​ធ្វើការ​ច្រើន​កន្លែង និង​រកមុខ​របរ​អ្វី​ផ្សេង​បន្ថែម​ដើម្បី​ដោះស្រាយ​ជីវភាព។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ថា​ទាំងនេះ​ជា​បច្ច័យ នាំ​ឲ្យ​កើត​នូវ​អំពើពុករលួយ និង​ភាព​អសកម្ម​ជាច្រើន ក្នុង​ក្របខ័ណ្ឌ​ការងារ​រាជការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល