លោក ប៉ាវ ស៊ីណា នឹង​ចូល​ខ្លួន​បំភ្លឺ​លើ​បណ្ដឹង​ទាស់​សាលក្រម​តុលាការ​ខត្ត​កំពង់ស្ពឺ ​ក្នុង​សំណុំ​រឿង​ហិង្សា​កាល​ពី ៣​ឆ្នាំ​មុន

ដោយ ទីន ហ្សាការីយ៉ា
2019-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​លោក ប៉ាវ ស៊ីណា ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ មករា នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ជាយ​រាជធានី​ភ្នំពេញ។
ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​លោក ប៉ាវ ស៊ីណា ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ មករា នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ជាយ​រាជធានី​ភ្នំពេញ។
RFA/Morm Moniroth

សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ​ចេញ​ដីកា​កោះ​ហៅ​ មេដឹកនាំ​សហជីព​កម្មករ​មួយ​រូប​ឲ្យ​ចូល​ខ្លួន​បំភ្លឺ ដើម្បី​ដោះ​សារ​ពី​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ទាក់​ទង​នឹង​អំពើ​ហិង្សា​មួយ​ នៅ​មុខ​រោង​ចក្រ​ អ៊ែ ជ្យាយល៍ ស្វេតថឺ (Agile Sweater) នៅ​ភូមិ​បុរី​កម្មករ សង្កាត់​រកា​ធំ ក្រុង​ច្បារ​មន កាល​ពី​ ៣​ឆ្នាំ​មុន។ អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ សង្ឃឹមថា​ ការ​កោះហៅ​មេ​សហជីព​កម្មករ​នៅ​ពេល​នេះ តុលាការ​អាច​នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ តាម​ការ​អំពាវនាវ​ពី​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ប្រកាន់​ជំហរ​ថា​ រូប​លោក នឹង​ចូល​ខ្លួន​បំភ្លឺ​ នៅ​តុលាការ​ខេត្ត​កំពង់​ស្ពឺ ថ្ងៃ​ទី​ ១៧ មករា តាម​ដីកា​កោះ។ លោក​ ប៉ាវ​ ស៊ីណា ឲ្យ​ដឹង​ថា ​ដីកា​កោះ​ហៅ​រូប​លោក​នៅ​ពេល​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​​បណ្ដឹង​ទាស់​របស់​មេធាវី ដោយ​ប្ដឹង​សុំ​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​រូប​លោក ពី​តុលាការ​ខេត្ត​កំពង់​ស្ពឺ ក្រោម​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។

លោក​ ប៉ាវ ស៊ីណា ប្រាប់​អាស៊ី​សេរី​ថា សាលក្រម​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ ប្រកាស​ដោយ​កំបាំង​មុខ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៨ ​នោះ គឹ​ជា​កាត់ក្ដី​មួយ​ដ៏​អយុត្តិធម៌​ចំពោះ​រូប​លោក ដោយ​បង្វែរ​សំណុំ​រឿង​លោក​ ជា​ជន​រងគ្រោះ​ ទៅ​ជា​ជនល្មើស​ទៅវិញ៖ «សូម្បី​សម្ដេច​នាយក​ផ្ទាល់​ ក៏​លោក​មើល​ឃើញ​ថា​ វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ដែរ។ ដូច្នេះ ខ្ញុំ​គិត​ថា​បើសិនជា​គាត់​ ជា​ប្រមុខ​ដឹកនាំ​ប្រទេស​មួយ​លើកឡើង​ថា ពួក​ខ្ញុំ​ទទួល​ទោស​ដោយ​អយុត្តិធម៌​ហើយ តុលាការ​ខ្លួន​ឯង​ត្រូវ​កែប្រែ​របៀប​ធ្វើការ​របស់​ខ្លួន​ឡើង​វិញ​ កុំ​ធ្វើការ​តាម​តែ​ក្រដាស​ស្នាម តាម​តែ​ភាគី​ដើមបណ្ដឹង ថៅកែ​ប្ដឹង​មក​ចេះ​តែ​ចោទ​តាមតែ​ក្រដាស​ដែល​គេ​ប្ដឹង​មក​អ៊ីចឹង​ ស្លាប់​ប្រជាជន​អស់​ហើយ។ យើង​មិន​អាច​រស់​នៅ ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​របៀប​បាន​ទេ បើ​ធ្វើ​របៀប​នេះ​ ងាប់​ប្រជាជន​អស់​ហើយ»។

កាល​ពី​ថ្ងៃ​ទី១២ មករា ឆ្នាំ​២០១៦ មាន​ការ​ផ្ទុះ​អំពើ​ហិង្សា រវាង​មន្ត្រី​សហជីព​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ និង​មន្ត្រី​សហជីព​សេរី​ពលករ​ខ្មែរ​ នៅ​រោង​ចក្រ​ អ៊ែជ្យាយល៍ ស្វេតថឺ (Agile Sweater) បណ្ដាល​ឲ្យ​លោក ប៉ាវ ស៊ីណា និង​មន្រ្តី​សហជីព​របស់​លោក រង​របួស​ធ្ងន់​ស្រាល​ ជាច្រើន​នាក់។ ការ​ឈាន​ដល់​មាន​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​សហជីព​ម្ខាង​ទៀត​ មក​លើ​ក្រុម​លោក​នៅ​ពេល​នោះ​ ដោយ​សារ​កម្មករ​រាប់​រយ​នាក់ ធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំពេញ ​ស្នើ​ឲ្យ​សហជីព​ចលនា​កម្មករ ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួកគេ​ ដែល​ទាមទារ​លក្ខខណ្ឌ​ការងារ ៩​ចំណុច​ ពី​ថៅកែ​ក្រុមហ៊ុន។

ជុំ​វិញ​ការ​ចេញដីកា​កោះ​ហៅ​នេះ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ លីកាដូ (LICADHO) លោក​ អំ សំអាត​ សង្ឃឹម​ថា ​ខេត្ត​កំពង់​ស្ពឺ​អាច​នឹង​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ មាន​លំហ​សេរីភាព​ធំ​ទូលាយ​ធ្វើ​ការងារ​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ និង​ការ​គំរាម​កំហែង​ តាម​ផ្លូវ​តុលាការ៖ «មាន​ពីរ​រឿង​ដែរ​ បើ​សិន​ជា​រឿង​នេះ តុលាការ​កោះហៅ​ទៅ​ ធ្វើការ​បញ្ចប់​រឿង​ វា​ជាល្អ​ដែរ​សម្រាប់​សហជីព​ ឬក៏​លោក​ ប៉ាវ ស៊ីណា ហ្នឹង ក៏​ប៉ុន្តែ​រឿង​នេះ បើ​តុលាការ​យក​ទៅ​ជំនុំជម្រះ​ សម្រេច​ឲ្យ​មាន​ទោស​ គឺ​នាំ​ឲ្យ​ប៉ះពាល់​ការងារ​របស់​គាត់​។ ខ្ញុំ​សង្ឃឹម​ថា​ ករណី​តុលាការ​នឹង​ទម្លាក់​ចោល បទ​ចោទ​ប្រកាន់​ទៅ​លើ​លោក ប៉ាវ ស៊ីណា និង​សហជីព​ បាទ

កាល​ពី​ថ្ងៃ​ទី​ ២៤​ មករា ឆ្នាំ​២០១៨ ​លោក​ ប៉ាវ ស៊ីណា ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់​ស្ពឺ​ សម្រេច​ចោទ​ប្រកាន់​ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ធ្វើឲ្យ​ខូច​ខាត​ដោយ​ចេតនា មិន​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ ហិង្សា​ដោយ​ចេតនា​ នៅ​ភូមិ​បុរី​កម្មករ សង្កាត់​រកា​ធំ ក្រុង​ច្បារ​មន នៅ​ខែ​មករា ឆ្នាំ​២០១៦។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស រំពឹង​ថា តុលាការ​ខេត្ត​កំពង់​ស្ពឺ​ នឹង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ចំពោះ លោក ប៉ាវ​ ស៊ី​ណា ​ឲ្យ​ដូច​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ។ កាល​ពី​ពេល​កន្លង​មក មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រសួង​ការងារ ពិនិត្យ​មើល និង​សម្របសម្រួល​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​តុលាការ​ ដើម្បី​បិទ​បញ្ចប់​សំណុំ​រឿង​ទាំង​ឡាយ​ណា​ ដែល​ទាក់​ទង​នឹង​មេ​សហជីព​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល