កិច្ច​ប្រជុំ​រឿង​ប្រាក់​ឈ្នួល​កម្មករ​កាត់​ដេរ​និង​ស្បែក​ជើង​មិន​ទាន់​មាន​លទ្ធផល

ដោយ ឡេង ម៉ាលី
2014.09.26
តវ៉ា​ប្រាក់ខែ​១៧៧ ៦២០ ក្រុម​តំណាង​សហជីព​ប្រមាណ ៥០នាក់ ចាប់​ផ្ដើម​លើក​បដា​តវ៉ា សម្ដែង​មតិ​ពី​តម្រូវ​ការប្រាក់​ឈ្នួល​គោល​របស់​កម្មករ​នៅ​មុខ​ក្រសួង​ការងារ នៅ​រសៀល​ថ្ងៃ​ទី ២៦ កញ្ញា ឆ្នាំ ២០១៤។
RFA/Leng Maly

កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ស្ដីពី​ការ​ចរចា​រឿង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់​ដេរ និង​ស្បែក​ជើង​នៅ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២៦ កញ្ញា បាន​បញ្ចប់​ដោយ​មិន​ទាន់​មាន​លទ្ធផល​សម្រេច។ កិច្ច​ប្រជុំ​នេះ​លើក​ពេល​ទៅ​ចរចា​នៅ​ខែ​ក្រោយ​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​នៅ​ក្រោយ​កិច្ច​ប្រជុំ​ចរចា​ថា ការ​ដែល​មិន​មាន​លទ្ធផល​នេះ គឺ​បណ្ដាល​មក​ពី​តួលេខ​ប្រាក់​ខែ ដែល​ភាគី​សហជីព​កម្មករ​ទាមទារ និង​ការ​ផ្ដល់​របស់​ភាគី​សមាគម​ថៅកែ​រោងចក្រ នៅ​មិន​ទាន់​ខិត​ជិត​គ្នា​នៅ​ឡើយ៖ «សំខាន់​បំផុត គឺ​លេខ​មិន​ទាន់​ត្រូវ​គ្នា។ អ្នក​សុំ គឺ​សុំ​ច្រើន ហើយ​អ្នក​សុំ​ក៏​ខំ​បន្ថយ អ្នក​ឱ្យ​ក៏​ខំ​ដំឡើង ក៏ប៉ុន្តែ វា​មិន​ទាន់​ដល់​គ្នា។ បាន​ន័យ​ថា វា​ខិត​ហើយ ប៉ុន្តែ​មិន​ទាន់​ដល់​គ្នា។ (រឿង) លេខ​នេះ កុំ​ទាន់​និយាយ​អី ចាំ​ថា​ឥឡូវ​សម្រេច​ព្រមព្រៀង​គ្នា​ប៉ុន្មាន ចាំ​យើង​និយាយ អា​ហ្នឹង​បាន​វា​ល្អ​ជាង»

ទោះ​ជា​ដូច្នេះ​ក្ដី លោក អ៊ិត សំហេង បញ្ជាក់​ថា កិច្ច​ប្រជុំ​ចរចា​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ កញ្ញា គឺ​ជា​កិច្ច​ប្រជុំ​វិជ្ជមាន​មួយ​ដែរ ដោយ​ហេតុ​ថា ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន ហើយ​ពិភាក្សា​គ្នា​ដោយ​លក្ខណៈ​ស្ថាបនា។

ស្រប​ពេល​ដែល​កិច្ច​ប្រជុំ​ចរចា​កំពុង​ប្រព្រឹត្ត​ទៅ មាន​តំណាង​សហព័ន្ធ​សហជីព​ប្រមាណ ៥០​នាក់ នាំ​គ្នា​លើក​បដា​ទាមទារ​ប្រាក់​ឈ្នួល ១៧៧​ដុល្លារ​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ប្រធាន​សហភាព​ការងារ លោក អាត់ ធន់ ដែល​ចូលរួម​ចរចា​ដែរ បញ្ជាក់​ថា ខាង​សហជីព​នៅ​រក្សា​តួលេខ ១៧៧​ដុល្លារ​ដដែល ព្រោះ​ខាង​ភាគី​សមាគម​ថៅកែ​នៅ​មិន​ទាន់​ដំឡើង​តួលេខ​ដែរ៖ «ក្នុង​ការ​ចរចា ដោយសារ​ស្ថានភាព​តឹងតែង ហើយ​សឹង​ថា​ភាគី​សឹង​ថា​អត់​មាន​អី​និយាយ​ទៀត ដូច​ថា ការ​លើក​ឡើង​ហ្នឹង​បី​ខែ​ហើយ​នៅ​ដដែល។ អ៊ីចឹង​ហើយ​បាន​ជា​និយោជក​ស្នើ​ថា ឱ្យ​រដ្ឋាភិបាល​កំណត់​ទៅ ព្រោះ​គេ​អត់​លទ្ធភាព​ត្រឹម​ប៉ុណ្ណឹង ហើយ​ចំណែក​ខាង​សហជីព ក្រោយ​ពី​យើង​ដក​ឃ្លា ១៥​នាទី​ជជែក​គ្នា​ហ្នឹង គឺ​សហជីព​ក៏​បាន​លើក​ឡើង​ថា សហជីព​គឺ​អត់​មាន​ថយ​ទៅ​លេខ​ណា​ទេ គឺ​ទុក​ឱ្យ​ខាង​រដ្ឋាភិបាល​កំណត់​ទៅ។ បើ​សិន​ជា​ការ​កំណត់​ហ្នឹង​សមរម្យ គឺ​យើង​ទទួល​យក​បាន បើ​មិន​សមរម្យ កម្មករ​នឹង​បន្ត​ជជែក​ពិភាក្សា​គ្នា​តវ៉ា​អី​ត​ទៅ​ទៀត»

កិច្ច​ប្រជុំ​ដែល​មិន​ទាន់​សម្រេច​លទ្ធផល​អំពី​ប្រាក់​ឈ្នួល​នេះ លើក​ទៅ​បន្ត​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ខាង​មុខ។

លោក អាត់ ធន់ ថ្លែង​ថា ប្រសិន​បើ​នៅ​ខែ​តុលា មិន​មាន​ការ​សម្រេច​តួលេខ​មួយ ដែល​អាច​ទទួល​យក​បាន​ទេ​នោះ ស្ថានភាព​វិស័យ​កាត់​ដែរ​នឹង​មិន​ល្អ​ឡើយ ព្រោះ​ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ខែ​មិថុនា មក ក៏​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​រង់ចាំ​មើល​ការ​ចរចា​ប្រាក់​ឈ្នួល​នេះ។ លោក​ឱ្យ​ដឹង​ថា ខាង​សហជីព​នៅ​តែ​បន្ត​ជំរុញ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ធំៗ​ប្រមាណ​៤០​ទៀត ឱ្យ​គាំទ្រ​ការ​ទាមទារ​របស់​កម្មករ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​នៅ​អឺរ៉ុប​ចំនួន​៨ គាំទ្រ​កាល​ពី​សប្ដាហ៍​មុន។

លោក អាត់ ធន់៖ «បាយើរ (Buyer = អ្នក​ទិញ) មាន​រឿង ៣​សំខាន់។ ទី​១ គឺ​តម្លៃ។ ទី​២ ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ទំនិញ។ ទី​៣ គឺ​មុខ​មាត់​កេរ្តិ៍​ឈ្មោះ។ ប៉ុន្តែ​តម្លៃ គឺ​គេ​បាន​បង្ហាញ​ជំហរ​ហើយ​ថា ដំឡើង​កម្រិត​ណា​ដែល​អាច​សមរម្យ គឺ​គេ​នៅ​បន្ត​ទិញ។ អ៊ីចឹង​អត់​មាន​កង្វល់​អី​ទៀត​ទេ ទាំង​រដ្ឋាភិបាល ទាំង​ក្រុមហ៊ុន។ ទី​២ ពាក់ព័ន្ធ​ទៅ​នឹង​ការ​នាំ​ចេញ វា​អាច​មាន​បញ្ហា បើ​សិន​ជា​នៅ​មាន​ការ​តវ៉ា។ អ៊ីចឹង​នេះ​ជា​បញ្ហា​មួយ​ដែល​បាយើរ​ពិចារណា ហើយ​បញ្ហា​ទី​៣ គឺ​កេរ្តិ៍ បើ​សិន​ជា​មិន​អាច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្រិត​មួយ​សមរម្យ​បាន ហើយ​បញ្ហា​កន្លង​មក យើង​ដឹង​ហើយ​ថា មាន​កម្មករ​ស្លាប់ មាន​កម្មករ​ជាប់​គុក ហើយ​និង​មាន​អ្នក​របួស​ផ្សេងៗ​ទៀត ដោយសារ​តែ​ប្រាក់​ឈ្នួល​ទាប​មិន​ទាន់​ដោះស្រាយ​បាន មាន​ន័យ​ថា កេរ្តិ៍​ឈ្មោះ​មុខ​មាត់​របស់​បាយើរ​នៅ​តែ​លក់​ឥវ៉ាន់​នៅ​អន្តរជាតិ​ហ្នឹង អត់​ទាន់​ដាច់​នៅ​ឡើយ​ទេ។ អ៊ីចឹង​នេះ​ជា​ការ​ពិចារណា។ អ៊ីចឹង​នៅ​រឿង​ពីរ គឺ​រឿង​ស្ថិរភាព និង​រឿង​មុខ​មាត់​របស់​បាយើរ បើ​សិន​ជា​ថវិកា គឺ​ច្បាស់​ហើយ​ថា គេ​នឹង​គាំទ្រ​បន្ត​ទៀត»

ការ​ចរចា​អំពី​ប្រាក់​ឈ្នួល​រវាង​ភាគី​កម្មករ និង​ថៅកែ​នៅ​ពេល​នេះ គឺ​នៅ​ចន្លោះ​តួលេខ​ពី ១១០​ដុល្លារ ទៅ ១៧៧​ដុល្លារ។ ប្រសិន​បើ​មិន​មាន​ការ​ព្រមព្រៀង​គ្នា​លើ​តួលេខ​ណា​មួយ​ទេ រដ្ឋាភិបាល​នឹង​កំណត់​តួលេខ​មួយ​ឱ្យ​ភាគី​ទទួល​យក។ ចំណុច​នេះ ក៏​ជា​ការ​ស្នើសុំ​ដោយ​ភាគី​ថៅកែ​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង មាន​ថា នីតិវិធី​នៃ​ការ​ចរចា​អំពី​ប្រាក់​ឈ្នួល​នេះ នឹង​មិន​ជាប់​គាំង​ទេ៖ «ការ​ពិភាក្សា​របស់​យើង យើង​កំណត់​គោលការណ៍​មួយ​ថា ត្រូវ​រក​ការ​ស្រុះស្រួល​ទាំងអស់​គ្នា (Consensus)។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​រក​កុងសង់ស៊ីស មិន​ឃើញ​ទេ យើង​នឹង​ធ្វើ​ការ​សម្រេច​ដោយ​ការ​បោះ​ឆ្នោត​សម្ងាត់។ អ៊ីចឹង​នៅ​ពេល​ដែល​យើង​បោះ​ឆ្នោត​សម្ងាត់ លេខ​ណា​ដែល​សំឡេង​ឆ្នោត​សម្ងាត់​គាំទ្រ​ដោយ​សំឡេង​ភាគ​ច្រើន លេខ​នោះ​ហើយ​ដែល​ត្រូវ​បាន​អនុម័ត»

ទោះ​ជា​ដូច្នេះ​ក្ដី លោក អាត់ ធន់ ប្រសាសន៍​ថា ខាង​កម្មករ​មិន​ទាន់​ប្រាកដ​ថា នឹង​ទទួល​យក​បាន ឬ​អាច​នឹង​មាន​ការ​តវ៉ា​ដោយ​វិធី​ណា​មួយ​ត​ទៅ​ទៀត។ ប៉ុន្តែ​លោក​ជឿ​ថា តាម​ស្ថានភាព និង​ឆន្ទៈ​ដោះស្រាយ​បញ្ហា​របស់​ភាគី​ដូច​បច្ចុប្បន្ន​នេះ ទំនង​ជា​នឹង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ នៅ​ពេល​ដែល​តួលេខ​ថៅកែ​ផ្ដល់​ឱ្យ​កើន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។