សហជីព​រក្សា​ជំហរ​ទាម​ទារ​ប្រាក់​ខែ​កម្មករ​១៧៦​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៨

ដោយ អាស៊ីសេរី
2017.09.26
អាត់ ធន់ ២០១៧ ៦២២ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​អំពី​តម្រូវការ​របស់​កម្មករ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Leng Maly

កិច្ច​ពិភាក្សា​​កំណត់​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៨ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា នោះ នៅ​តែ​ស្ថិត ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ។

ភាព​ចម្រូងចម្រាស​នោះ​ត្រង់​ថា ឆ្លង​កាត់​កិច្ចប្រជុំ​ច្រើន​លើក​មក​ហើយ ភាគី​ពាក់ព័ន្ធ មាន​តំណាង​កម្មករ ថៅកែ​រោងចក្រ និង​តំណាង​រដ្ឋាភិបាល នៅ​តែ​មិន​​​ទាន់​អាច​សម្រេច​​​ជ្រើសរើស​យក​តួលេខ​​រួម​មួយ​ក្នុង​ការ​ដំឡើង​ប្រាក់ខែ​កម្មករ​បាន​នៅ​ឡើយ​ទេ។

ប្រធាន​​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដែល​បាន​ចូលរួម​ប្រជុំ ​ថ្លែង​ថា ភាគី​ដែល​ចូលរួម​ជជែក​ពិភាក្សា​គ្នា​នេះ បាន​លើក​យក​តួលេខ​ផ្សេងៗ​គ្នា ​និង​ប្រកាន់​​យក​គោល​ជំហរ​រៀង​ខ្លួន ដែល​មិន​អាច​​ឈាន​ដល់​ការ​កំណត់​យក​តួលេខ​រួម​មួយ​បាន។

លោក អាត់ ធន់​​បាន​​ឲ្យ​ដឹង​ថា​ ក្រុម​ភាគី​តំណាង​កម្មករ ធ្លាប់​បាន​​​ប្រជុំ​ពិភាក្សា​គ្នា ដើម្បី​​កំណត់​ប្រាក់​ឈ្នួល សម្រាប់​កម្មករ​អាច​រស់នៅ​បាន​សមរម្យ មុន​ពេល​ដែល​លើក​យក​តួលេខ​នេះ ទៅ​ពិភាក្សា​​​​គ្នា​​​ជាមួយ​​​​នឹង​​​ភាគី​រោងចក្រ និង​ភាគី​រាជរដ្ឋាភិបាល។

ក្នុង​កិច្ច​ប្រជុំ​កំណត់​ប្រាក់ឈ្នួល​កម្មករ ភាគី​នីមួយៗ​​បាន​រក​ឃើញ​តួលេខ​រៀងៗខ្លួន។ចំណែក​ភាគី​និយោជក បាន​លើក​សំណើ​ដំឡើង​ប្រាក់​ឈ្នួល កម្មករ​ចំនួន ៥.៣ភាគរយ ដែល​ស្មើ​នឹង​ប្រាក់ ១៦១ ដុល្លារ​សហរដ្ឋ​អាមេរិក​ ដោយ​សំអាង​ទៅលើ​កត្តា​ទីផ្សារ​ប្រកួតប្រជែង។ ដោយ​ឡែក ភាគី​ក្រសួង​អះអាង​ថា លទ្ធភាព​ដែល​អាច​ដំឡើង​បាន​គឺ​ចំនួន ៦.៣២ភាគរយ ដែល​​ស្មើនឹង ១៦២.៦៧​​​​ដុល្លារ​​សហរដ្ឋអាមេរិក។

កិច្ច​ពិភាក្សា​​នេះ បាន​រំសាយ​ទៅ​វិញ នៅ​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ដដែល ដោយ​មិន​ទាន់​មាន​លទ្ធផល ហើយ​ភាគី​ទាំងអស់​បាន​សម្រេច​លើក​ពេល​ជជែក​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ នៅ​ថ្ងៃទី២៩ ខែ​កញ្ញា។

ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នេះ​ដែរ កាល​​ពី​ថ្ងៃ​​ទី២០ ខែ​សីហា លោក​​នាយករដ្ឋមន្ត្រី​​​ហ៊ុន សែន បាន​ប្រកាស​​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក (Facebook) ថា ប្រាក់ខែ​របស់​កម្មករ​នៅ​ឆ្នាំ ២០១៨ តិច​បំផុត គឺ​អាច​នឹង​ឡើង​ដល់ ១៦៨ដុល្លារ ក្នុង​មួយ​ខែ ដោយ​បូករួម​ជាមួយ​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។

ទោះ​យ៉ាងណា​ប្រធាន​​សហភាព​​ការងារ​កម្ពុជា លោក អាត់ ធន់ បញ្ជាក់​ថា តួលេខ​ដែល​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នេះ មិន​មែន​ជា​តួលេខ​ផ្លូវ​ការ​នោះ​ទេ ហើយ​ការ​កំណត់​ប្រាក់​គោល​ពី​តំណាង​រដ្ឋាភិបាល ក៏​មិន​បាន​យក​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន តាម​ហ្វេសប៊ុក កាល​ពី​ពេល​ថ្មីៗ​នោះ​ដែរ។

របាយការណ៍​រដ្ឋាភិបាល​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា មាន​រោងចក្រ​ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់​ដេរ សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​ជាង ១​ពាន់ (.០៧៩និង​មាន​កម្លាំង​ពលកម្ម​បម្រើ​ការ​ក្នុង​វិស័យ​នេះ​ជិត ៨​សែន​នាក់។ ដោយឡែក​ប្រាក់ខែ​គោល​របស់​កម្មករ​ក្នុង​ឆ្នាំ​២០១៧ គឺ​ចំនួន ១៥៣​ដុល្លារ​ក្នុង​មួយ​ខែ។

គិត​ចាប់​ពី​ដើម​ខែ​សីហា រហូត​មក​ដល់​ពេល​នេះ ករណី​កម្មការិនី​រោងចក្រ​បម្រើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​បាន​ដួល​សន្លប់ និង​ស្លាប់​ស្ទើរ​បន្ត​កន្ទុយ​គ្នា។ កាល​ពី​ថ្ងៃ​ទី​៣ សីហា កម្មការិនី​កាត់​ដេរ​ម្នាក់​នៅ​ក្នុង​រោងចក្រ យ៉ាកជីន (Yakjin) ក្នុង​ខេត្ត​កំពង់ស្ពឺ ឈ្មោះ មាស ស្រីល័ក្ខ ក៏​បាន​ដួល​សន្លប់ និង​ស្លាប់ បន្ទាប់​ពី​ធ្វើ​ការ​ថែម​ម៉ោង។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​វិញ កម្មការិនី​ចំនួន ១០៦​នាក់​នៅ​រោងចក្រ ញ៉ូវ អរេន ខេមបូឌា ហ្គាមិន (New Orient) និង​កម្មការិនី​ចំនួន ៩​នាក់​នៅ​រោងចក្រ លូស៊ីដា កម្ពុជា (Lucida Cambodia Enterprise Co., Ltd) ដែល​រោងចក្រ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ម្ដុំ​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ចោមចៅ ក៏​បាន​ដួល​សន្លប់​ផ្ទួនៗ​ដែរ។ ករណី​ចុង​ក្រោយ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា នៅ​រោងចក្រ ខេបូយូនិសូល អិល.ធី.ឌី (Cambounisol Ltd) ស្ថិត​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ ហៅ ស្រីនាត បាន​ដួល​សន្លប់​បាត់​ស្មារតី ហើយ​ក្រោយ​មក​បាន​ស្លាប់​ភ្លាមៗ​នៅ​ពេល​កំពុង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល។ ករណី​ដួល​សន្លប់ និង​ស្លាប់​ជា​បន្តបន្ទាប់​នេះ គេ​សង្ស័យ​ថា​អាច​ដោយសារ​ការ​ហូប​ចុក​អាហារ​គ្មាន​ជីវជាតិ ធ្វើ​ការ​លើស​កម្លាំង ព្រម​ទាំង​រោងចក្រ​គ្មាន​បរិយាកាស​ល្អ និង​គ្មាន​ស្តង់ដារ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។