មន្រ្តីសហជីពនៅតែបារម្ភអំពីមធ្យោបាយធ្វើដំណើររបស់កម្មករ ព្រោះមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។ ក្តីបារម្ភនេះកើតមានឡើង ក្រោយក្រសួងប្រកាសឲ្យរោងចក្របើកដំណើរការឡើងវិញ ប៉ុន្តែភាគីពាក់ព័ន្ធ មិនបានរកដំណោះស្រាយបញ្ហាមធ្យោបាយធ្វើដំណើររបស់កម្មករនោះឡើយ។
ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU) លោក ឡុង សក្កដា លើកយកករណីកម្មករោងចក្រ ឌីនហាន (Din Han) ដែលដោយសារតែកម្មករត្រូវធ្វើការឆ្លាស់វេនគ្នា ទើបពួកគាត់ត្រូវបង្ខំចិត្តរកម៉ូតូឌុបជិះ ដែលមិនដឹងថា អ្នករត់ម៉ូតូណាមាន ឬគ្មានជំងឺនេះ។ ជាងនេះទៅទៀត ដោយសារតែការផ្លាស់វេន ចំវេនព្រឹកខ្លាំង គ្មានរថយន្តដឹកកម្មករ ពួកគាត់ត្រូវចំណាយសោហ៊ុយច្រើនថ្លៃម៉ូតូឌុប ដែលនឹងធ្វើឲ្យប្រាក់ខែដែលស្តួចស្តើងស្រាប់ កាន់តែខើចបន្ថែមទៀត៖ «ហើយគាត់ប្រឈមជាងជិះឡានជាមួយគ្នាគាត់ហ្នឹងទៅទៀត ព្រោះម៉ូតូឌុប យើងមិនដឹងថា គាត់មានឬក៏មិនមាន ( កូវីដ ) ហៅព្រាវ ម្ដងជិះម៉ូតូនេះ ម្តងជិះម៉ូតូនោះ ជិះគ្រប់តែម៉ូតូបែបនេះ មកធ្វើការរាល់តែថ្ងៃ ទៅវិញទៅមករហូត។ បើសម្រាប់អ្នកតាខ្មៅ គាត់ឆ្ងាយរឹតតែលំបាកទៀត ហើយបើវេនល្ងាចគាត់ចេញម៉ោង៧កន្លះ គេបិទបម្រាមគោចរម៉ោង ៨ គឺលំបាកមែនទែន ! កន្លែងហ្នឹងក្រុមហ៊ុនដោះស្រាយអត់ទាន់ចេញ» ។
អ្វីដែលក្រុមហ៊ុនដោះស្រាយអត់ទាន់ចេញមួយទៀត គឺការកំណត់ចំនួនមនុស្ស ដែលត្រូវជិះរថយន្តរួមគ្នា និងការតម្រូវឲ្យម្ចាស់រថយន្តឈ្នួលដឹកកម្មករ បាញ់អាល់កុលសំអាតរថយន្តរាល់ពេលដឹកកម្មករ។ ជាងនេះទៅទៀតលោក ឡុង សក្កដា ថាកម្មករនៅមានការភ័យខ្លាចនៅកន្លែងធ្វើការ ព្រោះមានកម្មករមួយចំនួនបានឆ្លងជំងឺនេះ ប៉ុន្តែដោយសារខាងមន្ទីរពេទ្យមិនដឹកទៅព្យាបាល ពួកគាត់ត្រូវសម្រាកព្យាបាលតាមផ្ទះ និងអាចមិនបានធ្វើតេស្តឡើងវិញត្រឹមត្រូវ មុននឹងវិលត្រឡប់ចូលធ្វើការវិញ។
រោងចក្រ ឌីនហាន មានកម្មករជាង ២.៥០០ នាក់ ជារោងចក្រធំដំបូងគេ ដែលផ្ទុះករណីចម្លងជំងឺកូវីដ-១៩ កាលពីដើមខែមេសា។ ភ្លាមៗមានកម្មករប្រមាណ ៧០០ នាក់ ត្រូវក្រសួងសុខាភិបាលរកឃើញថា មានផ្ទុកជំងឺនេះ។ ក្រោយៗមកទៀត កម្មករនៅរោងចក្ររាប់រយទៀត បានឆ្លងជំងឺនេះដែរ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៦ ខែឧសភា មានរោងចក្រ ៤២០ ដែលមានកម្មករឆ្លងជំងឺកូវីដ-១៩។ ចំនួននេះ នៅមិនទាន់រាប់បញ្ចូលរោងចក្រជាង ៥០ ទៀតនៅខេត្តតាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ចាម និងកំពង់ឆ្នាំងនៅឡើយ។
ទោះបីជាក្រសួងការងារ និងក្រសួងសុខាភិបាល មិនបានបញ្ជាក់ថា តើកម្មករនៅតាមរោងចក្រទាំងនេះ ឆ្លងជំងឺនេះយ៉ាងដូចម្តេចក៏ដោយ ក៏មន្រ្តីសង្គមស៊ីវិលអ្នកវេជ្ជសាស្រ្ត និងមន្រ្តីសហជីព ថាការជិះរថយន្តប្រជ្រៀតគ្នាដូចម្រាមដៃ ការរស់នៅបន្ទប់ជួលផ្តុំគ្នាច្រើន និងការមិនអាចរក្សាគម្លាតបាននៅតាមរោងចក្រ គឺជាកត្តា ដែលធ្វើឲ្យកម្មករឆ្លងជំងឺនេះ យ៉ាងរាលដាលបែបនេះ។
ចាប់ពីថ្ងៃទី៨ ខែឧសភា ក្រោយក្រសួងការងារ ប្រកាសឲ្យរោងចក្របើកដំណើរការឡើងវិញ មានរោងចក្រជាច្រើននៅភ្នំពេញ បានបើកដំណើរកាឡើងវិញ។ នៅឯខេត្តតាកែវឯណោះ កាលពីថ្ងៃទី១៦ ខែឧសភា រដ្ឋបាលខេត្តនេះ បានឲ្យរោងចក្របួន បើកដំណើរការឡើងវិញដែរ ប៉ុន្តែមិនមានវិធានការជួយសម្រួលការជិះប្រជ្រៀតគ្នារបស់កម្មករនោះទេ គ្រាន់តែស្នើឲ្យកម្មករ និងថៅកែរោងចក្រអនុវត្តវិធានការ ៣កុំ និង៣ការពារ ឲ្យបានម៉ឺងម៉ាត់។ ក្នុងវិធានការទាំងនេះ មានប្រការមួយនិយាយអំពីការរក្សាគម្លាតនេះឯង។
ប៉ុន្តែ ក្នុងស្ថានភាព ដែលនៅតែគ្មានការយកចិត្តទុកដាក់ពីភាគីដែលពាក់ព័ន្ធអំពីមធ្យោបាយធ្វើដំណើររបស់កម្មករនេះ មន្រ្តីសហជីពថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងមិនទទួលបានជោគជ័យនោះទេ។ ជាងនេះទៅទៀត កម្មករនឹងនៅតែប្រឈមគ្រោះថ្នាក់ខ្ពស់ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។