ក្រុម​សហជីព​ត្រៀម​តស៊ូ​មតិ​ដើម្បី​កែ​លម្អ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​រោងចក្រ

ដោយ សុ ជីវី
2019-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

ក្រុម​សហជីព​ត្រៀម​រៀបចំ​គម្រោង​តស៊ូ​មតិ​បន្ថែម​ទៀត ដើម្បី​ឱ្យ​មានការ​ផ្លាស់​ប្ដូរ ឬ​កែ​លម្អ មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ។ គម្រោង​នេះ​ត្រូវ​បញ្ជាក់​ឱ្យ​ដឹង​ភ្លាមៗ បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរ​មួយ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ដែល​ធ្វើ​ឱ្យ​ស្ត្រី​ជា​កម្មករ​ជាច្រើន​នាក់​របួសធ្ងន់ និង​៥​នាក់​បាន​ដាច់​ដៃ​ម្ខាង។ អ្នក​ទាំង​៥ នឹង​ក្លាយ​ជា​ជនពិការ​ជា​អចិន្ត្រៃយ៍ ដែល​ជា​ការទទួលខុសត្រូវ​ធានារ៉ាប់រង ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប..ស។

ប្រធាន​កម្មវិធី​សហព័ន្ធ​សហជីព​កម្ពុជា លោក ស ម៉ូរ៉ា មាន​ប្រសាសន៍​ថា ក្រុម​សហជីព​នឹង​បន្ត​ការងារ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​សុវត្ថិភាព​របស់​កម្មករ នៅ​ពេល​ពួកគេ​ធ្វើដំណើរ​ទៅ និង​ត្រឡប់​មកពី​ធ្វើការ។

លោក ស ម៉ូរ៉ា បន្ត​ថា បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​លុះត្រាតែ​ធ្វើការ​រួមគ្នា​រវាង​ភាគី​ពាក់ព័ន្ធ៖ «បើ​យើង​និយាយ​ពី​ស្ថានភាព​វា​អត់​មានអី​ពិបាក​ទេ យើង​ឃើញ​ស្ថានភាព​ជាក់ស្ដែង​កើតមាន​ដូចជា​រឿង​កើតឡើង​កាលពី​ព្រឹកមិញ​ជាដើម​ហ្នឹង តែ​វា​ទាមទារ​ឱ្យ​ទាំង​ភាគី​រដ្ឋាភិបាល​ហ្នឹង ទាំង​និយោជក​ត្រូវ​តែ​ដោះស្រាយ​ទៅលើ​បញ្ហា​ហ្នឹង​តែម្ដង។ យើង​បាន​ជំរុញ​ច្រើន​ផ្លូវ​បើ​យើង​និយាយ​ទៅ ទាំង​អ្នកបញ្ជា​ទិញ​ពី​ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំង​ខាង​សហភាព​អឺរ៉ុប​អី​ផ្សេងៗ​ហ្នឹង ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​ជាង​ហ្នឹង»

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ឧត្តុង្គ​រវាង​ឡាន​ដឹក​កម្មករ និង​ឡាន​ដឹក​ជី កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ មេសា បណ្ដាល​ឱ្យ​កម្មការិនី ៨​នាក់​រងរបួស​ធ្ងន់ គឺ​ដាច់​ដៃ​ម្ខាង​ចំនួន ៥​នាក់ បាក់​ដៃ​ម្នាក់ បែក​ក្បាល និង​រលាត់​ស្បែក​២​នាក់។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង ឱ្យ​អាស៊ីសេរី​ដឹង​ថា សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ បាន​បើក​ជែង ឬ​វ៉ា រថយន្ត​ដឹក​កម្មករ​មួយទៀត ហើយ​បាន​ទៅ​កៀរ​គ្នា​នឹង​រថយន្ត​ដឹក​ជី​មួយ​គ្រឿង ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឱ្យ​កម្មករ​ឈរ​ដាក់​ដៃ​ចេញ​ក្រៅ​ឡាន ដាច់​ដៃ​ម្ខាង​ម្នាក់ ចំនួន​៥​នាក់។ លោក​ឱ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន អ្នក​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់ ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​។ ចំណែក​ការសង្គ្រោះ ការ​ព្យាបាល និង​សំណង​មួយ​ចំនួន​ទៀត​ជា​ការ​ធានារ៉ាប់រង​របស់​ប..ស។

នៅ​ក្នុង​ឯកសារ​ណែនាំ ស្ដីពី​ការ​ផ្ដល់​សំណង ដែល​បង្ហាញ​នៅ​ក្នុង​គេហទំព័រ ប..ស ឱ្យ​ដឹង​ថា ករណី​ដែល​មាន​គ្រោះថ្នាក់​ការងារ​បណ្ដាល​ឱ្យ​កម្មករ​បាត់បង់​សមត្ថភាព​ការងារ​បណ្ដោះអាសន្ន គឺ​សំដៅ​ទៅ​រយៈពេល នៃ​ការ​សម្រាក​ព្យាបាល​មុខរបួស ឬ​ជំងឺ​វិជ្ជាជីវៈ​នៅ​ក្នុង​មន្ទីរពេទ្យ និង​រយៈពេល​នៃ​ការ​សម្រាក​ព្យាបាល ក្រោយពេល​មុខរបួស​ជាសះស្បើយ​នោះ ប..ស នឹង​ផ្ដល់​សំណង​មួយ​ចំនួន ក៏​រួមមាន ប្រាក់​បំណាច់​ប្រចាំ​ថ្ងៃ ដែល​ស្នើ​នឹង ៧០​ភាគរយ នៃ​ប្រាក់​ឈ្នួល​មធ្យម​ប្រចាំ​ថ្ងៃ។

ក្នុង​ករណី​កម្មករ​រងគ្រោះ​បាត់បង់​សមត្ថភាព​ការងារ​ជា​អចិន្ត្រៃយ៍ ឬ​ពិការ សំណង​ត្រូវ​ផ្ដល់​ទៅតាម​កម្រិត​នៃ​ពិការភាព។ ករណី​បាត់​ដៃ​ម្ខាង​របស់​ក្រុម​កម្មករ​នេះ នៅ​ក្នុង​លក្ខខណ្ឌ​ផ្ដល់​សំណង​របស់ ប..ស បាន​ចាត់​ទុក​ថា មាន​ពិការភាព​កម្រិត​៩០​ភាគរយ ដែល​នឹង​ទទួល​បាន​ប្រាក់​ធនលាភ​ទៅ​តាម​រូបមន្ត ដែល​កំណត់​ដោយ​ច្បាប់។

នៅ​ក្នុង​ឯកសារ​ដដែល​នោះ​ក៏បាន​បញ្ជាក់ ថា​នៅ​រាល់​មាន​ករណី​គ្រោះថ្នាក់​ការងារ និយោជក ឬ​ម្ចាស់​សហគ្រាស​ត្រូវ​ជូនដំណឹង​ទៅ ប..ស ក្នុង​រយៈពេល​យ៉ាង​យូរ​៤៨​ម៉ោង ក្រោយ​ទទួល​ដំណឹង​ពី​កម្មករ​របស់​ខ្លួន​ជា​ជនរងគ្រោះ​។ ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​សហជីព ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ ប..ស និង​ដាក់​បណ្ដឹង ដើម្បី​ទាមទារ​សំណង និង​ជា​អ្នក​ជួយ​ជនរងគ្រោះ រៀបចំ​ឯកសារ​ចាំបាច់​នានា​ទៅតាម​ច្បាប់​ដាក់​ទៅ ប..ស។ ចំពោះ​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ ចាំបាច់​ត្រូវ​មាន​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ទីកន្លែង ពេលវេលា មូលហេតុ​នៃ​គ្រោះថ្នាក់​ពី​សាក្សី ឬ​កំណត់ហេតុ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​នឹង​កន្លែង​កើតហេតុ​បន្ថែម​ទៀត។

ងាក​មក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ក្រុម​កម្មករ ដោយសារ​ការ​ធ្វើ​ដំណើរ​រួមគ្នា​នោះ​លើ​ឡាន​ចង្អៀត​ណែន នេះ​វិញ​លោក ស មូរ៉ា បាន​លើកឡើង​ពី​លទ្ធភាព​នៅ​ក្នុង​ការ​កែ​សម្រួល​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​ឱ្យ​ប្រសើរ​ជាង​នេះ ដូច​មាន​ឧទាហរណ៍​ជោគជ័យ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​រួច​មក​ហើយ៖ «មិន​មានអី​ដែល​លំបាក​ក្នុង​ការ​ដោះស្រាយ​ទេ ព្រោះ​យើង​មើល​ឃើញ​រឿង​ទាំងអស់​ហ្នឹង គេ​បាន​ធ្វើ​មួយ​ចំនួន​ហើយ​ឧទាហរណ៍​ដូច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​អ៊ីចឹង គេ​បាន​ផ្ដល់​រថយន្តក្រុង​សម្រាប់​ដឹក​កម្មករ កម្មការិនី​របស់​គេ​ពី​កន្លែង​កម្មករ​ស្នាក់នៅ​ទៅ​រោងចក្រ»

ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ទៅលើ​កម្មករ តែង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ និង​មាន​អ្នករងគ្រោះ​ច្រើន​នាក់ ដោយសារតែ​ពួកគេ​ធ្វើដំណើរ​រួមគ្នា​លើស​ពី​ចំណុះ នៃ​មធ្យោបាយ​ដឹកជញ្ជូន​នោះ​ជានិច្ច​។ ករណី​គ្រោះថ្នាក់​បណ្ដាល​ឱ្យ​កម្មការិនី​ដាច់​ដៃ ទាំង​៥​នាក់​នេះ មិនមែន​ជា​ករណី​ទី​១​ទេ មាន​ករណី​ជាច្រើន​ទៀត ដែល​ស្រដៀងៗ​គ្នា​នេះ​ដែរ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ចាត់ទុកថា​គួរ​ឱ្យ​រន្ធត់​កាលពី​ឆ្នាំ​២០១៣ បាន​បណ្ដាល​ឱ្យ​កម្មករ​ចំនួន ១៦​នាក់​បាន​ស្លាប់ និង ២១​នាក់​ទៀត រង​របួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​វៀតណាម បុក​នឹង​រថយន្ត​ដឹក​កម្មករ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខេត្ត​ស្វាយរៀង។

តួលេខ​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែ​មីនា កន្លង​ទៅ​នេះ​គឺ​មាន​មនុស្ស​ជាង ២០០​នាក់​(២០៣) ស្លាប់​ហើយ ៥៦០​នាក់​ទៀត​របួស នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​៣៨៣​ករណី នៅ​ទូទាំង​ប្រទេស ដែល​ជា​តួលេខ​នេះ​ខ្ពស់​ជាងគេ​នៅ​ក្នុង​ប៉ុន្មាន​ខែ ដើម​ឆ្នាំ​២០១៩​នេះ។ តួលេខ​នេះ​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មិនបាន​ថយ​ចុះ​ទេ នៅ​ពេល​ដែល​ជា​មធ្យម​នៃ​ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់ កាលពី​ឆ្នាំ​២០១៨ មាន​ចំនួន​ពី​៥ ទៅ​៦ នាក់​នៅ​ក្នុង​មួយថ្ងៃ៕

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល