សហជីពយល់ថា គម្រោង​បិទ​ទ្វារ​រោងចក្រ និង​ព្យួរ​ការងារ​កម្មករ​មួយ​ចំនួន អាច​មក​ពី​ឥទ្ធិពល EBA ច្រើន​​ជាង​​មូលហេតុ​​មេរោគ​កូរ៉ូណា

ដោយ វ៉ែន សុមេធ
2020.02.10
EBA ឬ កូរ៉ូណា EBA ឬ មេរោគ​កូរ៉ូណា ដែល​នឹង​ប៉ះពាល់​រោងចក្រកាត់ដេរ​ខ្លាំង​ជាង​គេ?
RFA

មេ​ដឹក​នាំ​សហជីព​ឯករាជ្យ​មួយ​ចំនួន លើក​ឡើង​ថា គម្រោង​បិទ​ទ្វារ​រោងចក្រ​កាត់ដេរ និង​ការ​ព្យួរ​ការងារ​កម្មករ និយោជិត​មួយ​ចំនួន​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ អាច​បណ្ដាល​មក​ពី​ឥទ្ធិពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង ការងារ​ប្រកាស​ថា ចាប់​ពី​ខែ​មីនា​ខាង​មុខ​នេះ នឹង​មាន​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន នឹង​ត្រូវ​បិទ​ទ្វារ ឬ​ព្យួរ​ការងារ​កម្មករ នយោជិត ដោយសារ​តែ​បញ្ហា​ខ្វះ​វត្ថុធាតុ​ដើម​សម្រាប់​ការ​ផលិត ព្រោះ​តែ​ឥទ្ធិពល​នៃ​វីរុស​កូរ៉ូណា ដែល​កំពុង​រាតត្បាត​ខ្លាំង​នៅ​ប្រទេស​ចិន ប៉ុន្តែ​មិន​មែន​ដោយសារ​គម្រោង ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការ​ផ្ញើ​សារ​របស់​ក្រសួង​ការងារ​ថា ការ​បិទ​រោងចក្រ​កាត់ដេរ និង​ការ​ព្យួរ​ការងារ​នា​ពេល​ខាង​មុន ដោយសារ​វីរុស​កូរ៉ូណា គឺ​គ្រាន់​តែ​ជា​ការ​បង្វែង​ដាន​ប៉ុណ្ណោះ ដើម្បីកុំឲ្យ​មាន​ការ​ផ្ទុះ​ការ​តវ៉ា​ពី​ក្រុម​កម្មករ។ លោក​យល់​ថា តាម​ការ​ពិត​ករណី​នេះ គឺ​បណ្ដាល​មក​ពី វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម "គ្រប់​មុខ​ទំនិញ លើក លែង​តែ​អាវុធ = Everything But Arm" ឬ​ហៅ​កាត់​ថា EBA ពី​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។ ប្រធាន សហជីព​រូប​នេះ បន្ត​ថា ប្រសិន​បើ​កម្ពុជា​បាត់​បង់ EBA មែន គឺ​ប្រាកដ​ណាស់ នឹង​ធ្វើ​ឲ្យ​ក្រុម​ថៅកែ​រោងចក្រ​បាត់ ទំនុក​ចិត្ត​ក្នុង​ការ​បន្ត​បណ្ដាក់​ទុន​នៅ​កម្ពុជា​ហើយ ពួក​គេ​នឹង​រក​ឱកាស​ទៅ​រក​ស៊ី​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ ទៀត៖ «ជំងឺ​នេះ​វា​មិន​អាច​មាន​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​ដំណើរការ​ឧស្សាហកម្ម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​យើង​ឃើញ​មាន​នៅ​កម្ពុជា​យើង ទើប​តែ​មាន​ម្នាក់​ទេ ដែល​ផ្ទុក​វីរុស​កូរ៉ូណា ហើយ​វត្ថុធាតុ​ដើម​ខ្ញុំ មិន​គិត​មាន​ប្រភព​មក​តែ​ពី​វូហាន​មួយ​នោះ​ទេ គឺ​វា​មាន​ប្រភព​ច្រើន​ទៀត​នាំ​ចេញ​ពី​ចិន​មក​កម្ពុជា សម្រាប់​ការ​កាត់​ដេរ។ ការ​លើក​ហេតុផល នេះ​វា​មិន​ស៊ី​សង្វាក់​គ្នា​ទេ សូម្បី​តែ​រដ្ឋាភិបាល​កម្ពុជា​យើង ក៏​អះអាង​ថា មិន​បិទ​ជើង​ហោះ​ហើរ​ជាមួយ​ចិន​ទេ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ផ្នែក​សេដ្ឋកិច្ច​នេះ តែ​បែរ​ជា​ក្រសួង​ការងារ​ពេល​នេះ ប្រកាស​ផ្ទុយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​វិញ។ យើង​មើល​ទៅ​ជំហរ​ចិន​ក៏​គេ​មិន​ចង់​បាត់​បង់​សេដ្ឋកិច្ច​ដែរ»

នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​ខាង​មុខ គឺជា​ថ្ងៃ​ដែល​គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ ជុំវិញ​ការ​ព្យួរ ឬ​មិន​ព្យួរ ឬ​ព្យួរ​ផ្នែក​ខ្លះ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ដែល​គិត​មក​ត្រឹម​ថ្ងៃ​ទី១០ ខែ​កុម្ភៈ នេះ គឺ​នៅ​សល់​តែ ២ថ្ងៃ​ទៀត​តែប៉ុណ្ណោះ។

រីឯ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា ការ​បិទ​រោងចក្រ​ និង​ព្យួរ​ការងារ​កម្មករ​ ដែល​អាច​កើតឡើង​ខាងមុខ​នេះ ​អាច​បណ្ដាល​មកពី EBA ច្រើន​ជាង​ការ​បណ្ដាល​មក​ពី​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ទីក្រុង​វូហាន​ប្រទេស​ចិន។ ការ​អះអាង​ដូច្នេះ ព្រោះ​លោក​សង្កេត​ឃើញ​ថា ការ​ដឹក​ជញ្ជូន​វត្ថុធាតុ​ដើម​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា គឺ​មិន​មែន​មានតែ​មកពី​តំបន់​វូហាន​នោះ​ទេ គឺ​មាន​មក​ពី​តំបន់​ជា​ច្រើន​ផ្សេងៗ ទៀត​ក្នុង​ប្រទេស​ចិន។ ម្យ៉ាងវិញទៀត លោក​រំពឹង​ថា អាជ្ញាធរ​ចិន អាច​នឹង​គ្រប់គ្រង​វីរុស​កូរ៉ូណា​បាន​មិន​ឲ្យ​រីក​រាលដាល​ក្នុង​រយៈ​ពេល​វែង​នោះ​ទេ៖ «ខ្ញុំ​គិត​ថា បញ្ហា EBA ក៏​ជា​បញ្ហា​មួយ​ដែរ ព្រោះ​ថា បច្ចុប្បន្ន​នេះ បញ្ហា​ប្រឈម​ខ្លាំង​គឺ EBA ហើយ​នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​នេះ គេ (សហភាព​អឺរ៉ុប) នឹង​ប្រកាស ហើយ ។ដូច្នេះ​ចង់​មិន​ចង់ គឺ​ប៉ះពាល់ ប៉ុន្តែ​រឿង​វត្ថុធាតុ​ក៏​យើង​មិន​អាច​និយាយ​ថា មិន​ពាក់ព័ន្ធ​ដែរ ដោយសារ​កម្ពុជា នាំ​ចូល​វត្ថុធាតុ​ដើម​សឹង​ថា ៧០ ទៅ ៨០ភាគ​រយ​ទៅ​ហើយ​ពី​ប្រទេស​ចិន ដើម្បី​ផលិត ហើយ​នាំ​ចេញ​វិញ ដូច្នេះ​គឺ​មាន​ផល​ប៉ះ​ពាល់​ដែរ»

លោក អាត់​ ធន់ បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​កម្ពុជា​ប្រហែល​ជា​មិន​អាច​គេច​ផុត​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ទេ គ្រាន់​តែ​មិន​ទាន់​ដឹង​ថា តិច ឬ​ច្រើន ឬ​ទាំង​ស្រុង​ប៉ុណ្ណោះ ព្រោះ​លោក​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​បាន​ដោះ​ស្រាយ​បញ្ហា​នានា​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​កម្ពុជា​បាត់​បង់ EBA បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធំធេង​ដល់​កម្មករ រោងចក្រ​នោះ គឺ​រដ្ឋាភិបាល ជា​អ្នក​ទទួល​ខុសត្រូវ៖ «អ្នក​វិនិយោគ​ដែល​យើង​ធ្លាប់​ជួប​មាន​សមាគម​ថៅកែ​ចិន សមាគម​ថៅកែ​តៃវ៉ាន់ ហុងកុង ឬ​ជប៉ុន ដែល​យើង​ធ្លាប់​ជួប​កន្លង​មក​នេះ គឺ​គេ​លើក​ឡើង​ថា រង់ចាំ អ៊ុត​មើលEBAនេះ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ការ​កុម្ម៉ង់​រយៈ​ពេល​វែង ឬ​ក៏​ធ្វើ​ពាណិជ្ជកម្ម​ខ្លី ឬ​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ទំហំ​នេះ វា​ធំ​ប៉ុណ្ណា​វា​នឹង​កើត​ឡើង​ចេញ»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ កាលពីថ្ងៃទី៩ ខែ​កុម្ភៈ បាន ផ្ញើសារសំឡេងរយៈពេល៣នាទីជូនក្រុមអ្នកកាសែតក្នុងស្រុកថា នៅ​ក្នុង​ខែ​មីនា ខាង​មុខ​នេះ នឹង​មានការ​បិទ​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន ឬ​មានការ​ព្យួរ​កា​ងារ​កម្មករ​មួយ​ចំនួន ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​បិទ​រោងចក្រ ឬ​ព្យួរ​ការងារ​នេះ មិន​មែន​ដោយ​សារ​តែ​ឥទ្ធិពល​របស់ EBA នោះ​ទេ គឺ​មក​ពី​កង្វះ​វត្ថុ ធាតុ​ដើម​ពី​ប្រទេស​ចិន។ ក្នុង​ខ្សែ​អាត់​សំឡេង​នោះ លោក ហេង សួរ អះអាង​ថា រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​​ភាគច្រើន​ពឹង​ផ្អែកលើ​ការ​នាំ​ចូល​វត្ថុធាតុដើម​ពី​រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​ចាប់​តាំង​ពី​ចូល​ឆ្នាំ​ចិន និង​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា មក​បាន​ធ្វើ​ឱ្យ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន បិទទ្វារ រហូត​មក​ដល់​ពេល​នេះ ទើប​ធ្វើ​ឱ្យ​រោងចក្រ​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​ការ​ខ្វះ​ក្រណាត់​នា​ពេល​ខាង​មុខ។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​រូប​នេះ ណែនាំ​ឲ្យ​អ្នក​កាសែត​ក្នុងស្រុក ផ្សព្វផ្សាយ​រឿង​នេះ​ឲ្យ បាន​ទូលំទូលាយ ដើម្បី​ទប់ទល់​កុំ​ឲ្យ​ក្រុម​ប្រឆាំង​និយាយ​ពី​ការ​បិទ​រោងចក្រ​នៅ​កម្ពុជា ដោយសារ បាត់បង់ EBA«រោងចក្រ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា ស្បែក​ជើង​ក៏​អាច​មាន​បញ្ហា ប៉ុន្តែ​ស្បែក​ជើង​មិន​ទាន់​មាន​សញ្ញា​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ ប៉ុន្តែ​រោងចក្រ​នៅ​កម្ពុជា​យើង ដែល​ត្រូវ​ការ​វត្ថុធាតុ​ដើម​ជា​ក្រណាត់​ជា​អី​ផ្សេងៗ ពី​ប្រទេស​ចិន​នេះ ឥឡូវ​នេះ ក្រណាត់​ដែល​គាត់​ស្តុក​ទុក​អាច​ប្រើប្រាស់​ដល់​ចុង​ខែ២ នេះ ដូច្នេះ​ពេល​នេះ គាត់​ព្យាយាម​កុម្ម៉ង់​ក្រណាត់​បន្ថែម​ពី​ប្រទេស​ចិន ប៉ុន្តែ​រោងចក្រ​នៅ​ប្រទេស​ចិន អត់​ទាន់​ហ៊ាន​ឆ្លើយ​ថា យ៉ាងម៉េច​ដោយសារ​អត់​ដឹង​ថា តើ​ពេល​ណា​រោងចក្រ​របស់​ខ្លួន​ដំណើរ​ការ​បាន អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ខែ៣ ខាង​មុខ​នេះ វា​អាច មាន​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន ស្នើសុំ​ព្យួរ​ការងារ​កម្មករ​យើង​មួយ​ចំនួន»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ហេង សួរ បាន​ទេ ដោយ​ទូរស័ព្ទ​ចូឡពុំ​មាន​អ្នក​ទ ទទួល។

ទាក់ទង​ករណី​នេះ​ដែរ អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ លោក ខេន លូ ប្រាប់ អាស៊ី​សេរី​ថា រោងចក្រ ប្រហែល​ជា​មិន​អាច​ឈាន​ដល់​បិទ​ទ្វារ​នោះ​ទេ គឺ​គ្រាន់​តែ​ព្យួរ​ការងារ​កម្មករ ព្រោះ​អត់​មាន​វត្ថុធាតុ​ដើម​ពី​ចិន​សម្រាប់​ផលិត។ លោក​ទទួល​ស្គាល់​ថា រោងចក្រ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ក្នុង​ប្រទេស​ចិន​ទាំង​អស់ ពិត​ជា​បាន​បិទ​ទ្វារ ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។ លោក មិន​ទាន់​ដឹង​ថា មាន​កម្មករ​ខ្មែរ​ប៉ុណ្ណា អាច​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​នោះ​ទេ ប៉ុន្តែ​ក្នុង​ករណី​រោងចក្រ ផ្គត់ផ្គង់​ក្រណាត់ ឬ​វត្ថុធាតុ​ដើម​នៅ​ប្រទេស​ចិន បន្ត​បិទ​ទ្វារ​រយៈ​ពេល​យូរ​ដល់​ចុង​ខែ​កុម្ភៈ ឬ​ដើម​ខែ មីនា គឺ​អាច​មាន​រោងចក្រ​នៅ​កម្ពុជា​ជា​ច្រើន​រង​ផល​ប៉ះពាល់៖ «អ៊ីចឹង​មាន​ន័យ​ថា យើង​អត់​មាន​វត្ថុធាតុ​ដើម ព្រោះ​វត្ថុធាតុ​ដើម​យើង ៦០ភាគ​រយ​នាំ​ចូល​ពី​ប្រទេស​ចិន។ អ៊ីចឹង​សួរ​ថា រោងចក្រ​ផលិត​ក្រណាត់ វា​អត់​បាន​ផលិត ក្រណាត់​នាំ​ចេញ​ឲ្យ​យើង អ៊ីចឹង​យើង​មាន​អី​យក​មក​ផលិត។ វា​អត់​មាន​អី​ទាក់ទង​ទៅ EBA ទេ។ រឿង​នេះ វា​មក​ពី​អត់​មាន​ក្រណាត់។ អ៊ីចឹង​ទៅ​បី​ជា​មាន​យន្តហោះ មាន​កប៉ាល់​ក៏​ដោយ ប៉ុន្តែ​វា​អត់​មាន ឥវ៉ាន់​ដឹក​មក»

ថ្វី​បើ​លោក ខេន លូ អះអាង​ថា ការ​បិទ​រោងចក្រ​ និង​ព្យួរ​ការងារ​កម្មករ​ដែល​អាច​កើតឡើង​ខាងមុខ​នេះ មិន​បណ្ដាល​មក​ពី EBA ក្តី ក៏​កន្លង​មក​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)  ធ្លាប់​អះអាង​ថា ក្នុង​ករណី​សហភាព​អឺរ៉ុប​ព្យួរ ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​នឹង​ផ្តល់​ផល​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ៧៥ម៉ឺន​នាក់ រួម​នឹង​គ្រួសារ​របស់​ពួក​គេ​ប្រមាណ ៣លាន​នាក់​ទៀត ដែល​កំពុង​រស់​នៅ​ពឹង​ផ្អែក​លើ​ឧស្សាហកម្ម​កាត់​ដេរ។ ចំណែក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​ព្រមាន​ដែរ​ថា បើ​សហភាព​អឺរ៉ុប​ព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ ព្រម​ទាំង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នឹង​ត្រូវ​បំផ្លាញ​។

ជា​មួយ​គ្នា​នេះ ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ របស់​ពិភពលោក​ បាន​ព្រមាន​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧ភាគ​រយ ក្នុង​ឆ្នាំ២០១៩ មក​នៅ​ត្រឹម ៦,% ក្នុង​ឆ្នាំ២០២០ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ ក្នុង​ន័យ​នេះ កម្ពុជា​នឹង​ត្រូវ​ខាត​បង់​យ៉ាង​ហោច​ណាស់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ​ស្នើ​ជិត ២លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន។ នេះ​មិន​ទាន់​រាប់​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក នៅ​ឡើយ​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ប្រសិន​បើ​កម្មករ​រោង​កាត់​ដេរ ជា​ច្រើន ត្រូវ​បាន​ព្យួរ​ការងារ ឬ​បាត់បង់​ការងារ គឺ​ពួក​គេ​ប្រាកដ​មិន​ជា​នៅ​ស្ងៀម​ឡើយ។ពួកគេ ច្បាស់ ជា​នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ដំណោះ​ស្រាយ និង​ទទួល​ខុស​ត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។