ផ្ទះ​ពលរដ្ឋ​ក្រីក្រ​៣​ខ្នង​នៅ​កំពង់ស្ពឺ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត

ផ្ទះ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៣​ខ្នង ស្ថិត​នៅ​ភូមិ​ពាណិជ្ជ ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ត្រូវ​ជន​មិន​ស្គាល់​មុខ​ដុត​បំផ្លាញ​នៅ​យប់​ថ្ងៃ​សុក្រ ទី​១ វិច្ឆិកា។ ឃុំ​យាអង្គ ជា​តំបន់​ជនបទ​ដាច់​ស្រយាល​ពី​ទី​រួម​ខេត្ត ហើយ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ីធីម៉ាត (City Mart)។ អាជ្ញាធរ​ឃុំ​កំពុង​ស្រាវជ្រាវ​ស្វែង​រក​មុខ​ជន​ដៃ​ដល់​ក្នុង​ករណី​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។

0:00 / 0:00

ករណី​ដុត​ផ្ទះ​ស្នាក់​នៅ​ធ្វើ​ចម្ការ​នៅ​ភូមិ​ពាណិជ្ជ ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នោះ ក្រុម​អ្នក​ភូមិ​បាន​ដាក់​ការ​សង្ស័យ​ទៅ​ក្រុម​មនុស្ស​មាន​ទាំង​ស៊ីវិល និង​ទាហាន ដែល​នៅ​ការពារ​សកម្មភាព​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន ស៊ីធីម៉ាត នៅ​តំបន់​ពួក​គាត់​រស់​នៅ​នោះ។

តំណាង​ប្រជាពលរដ្ឋ លោក លីវ សារ៉ុម មាន​ប្រសាសន៍​ថា សកម្មភាព​លួច​ដុត​នោះ​នៅ​ម៉ោង​ប្រមាណ ៩​យប់ ថ្ងៃ​សុក្រ ទី​១ ខែ​វិច្ឆិកា នៅ​ពេល​ម្ចាស់​ផ្ទះ​មិន​នៅ។ លោក​បន្ត​ថា ផ្ទះ​នោះ​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក ដែល​ពួក​គាត់​សង់​ស្នាក់​នៅ​ប្រកប​របរ​កសិកម្ម មាន​ទំហំ​ប្រមាណ​ពី ៤ ទៅ ៧​ម៉ែត្រ។

លោក​ថា ករណី​នេះ​ជា​សកម្មភាព​គំរាម​កំហែង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​នោះ និង​បញ្ឈប់​ការ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ក្នុង​រឿង​ជម្លោះ​ដីធ្លី៖ «នេះ​តាម​ខ្ញុំ​សន្និដ្ឋាន ព្រឹក​មិញ​ខ្ញុំ​ឃើញ​ប៉ូលិស​ប៉ុស្តិ៍​ចុះ​ធ្វើ​កំណត់​ហេតុ​អន្តរាគមន៍​ដែរ មាន​ការ​ខូចខាត​អី​ខ្លះ​ដែរ អើ…! ឆេះ​តែ​ឆ្នាំង​ចាន អង្ករ​គាត់​បន្តិចបន្តួច អត់​មាន​ខូចខាត​អី​ទេ ឆេះ​គ្រែ...ខ្លះ​ឃើញ​ក្តារងឿ​គាត់​អី​នៅ តែ​គ្រែ​ធម្មតា​វា​ឆេះ​ទៅ...»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ស៊ីធីម៉ាត ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​សង្ស័យ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា។

អាជ្ញាធរ​ឃុំ​ថា ករណី​ដុត​ផ្ទះ​ពលរដ្ឋ​នេះ​កើត​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​រារាំង​សកម្មភាព​ឈូស​ឆាយ​ដី​ប៉ះពាល់​លើ​ដី​កម្មសិទ្ធិ​របស់​ពួក​គាត់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ តុលា និង​ថ្ងៃ​សុក្រ ទី​១ វិច្ឆិកា គឺ​មុន​ថ្ងៃ​កើត​ហេតុ ១ ទៅ ២​ថ្ងៃ​ប៉ុណ្ណោះ។

ទាក់ទង​ករណី​នេះ​ដែរ ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​យាអង្គ លោក ជីម ជឿន មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២ ខែ​វិច្ឆិកា លោក​បាន​ដឹក​នាំ​កម្លាំង​ចុះ​ពិនិត្យ​មើល​ករណី​នេះ​នៅ​ទី​កើត​ហេតុ​ផ្ទាល់ ប៉ុន្តែ​ពុំ​មាន​តម្រុយ​ណា​មួយ​អាច​សន្និដ្ឋាន​បាន​ថា​ខាង​ណា​ជា​ជន​បង្ក​នោះ​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​បាន​ទៅ​សាកសួរ​ទៅ​បុគ្គលិក​ស៊ីវិល និង​ទាហាន​ការពារ​ឲ្យ​ក្រុមហ៊ុន​នៅ​តំបន់​នោះ​ដែរ តែ​ពួក​គេ​បាន​បដិសេធ​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ៖ «ខ្ញុំ​សួរ​ទាហាន​មេ​វា​នៅ​នេះ​ឈ្មោះ សៀនៗ ថា​មាន​ប៉ះពាល់​រោង​របស់​ប្រជាពលរដ្ឋ​នៅ​នេះ​ទេ បន្ទាប់​ពី​ជជែក​គ្នា​រឿង​ដី យប់​ឡើង​មាន​បញ្ជា​កូន​ទាហាន​ណា ឬ​ពល​ទាហាន​ណា​ទៅ​ដុត​ទៅ​អី​ទេ គាត់​ថា​អត់​ទេ ទាហាន​អត់​បាន​ទៅ​ប៉ះពាល់​រឿង​ហ្នឹង​ទេ ហ្នឹង​ខ្ញុំ​បាន​សួរ​ទៅ​ឈ្មោះ សៀន ជា​មេ​ទាហាន​ប្រចាំ​នៅ​ទិស​ហ្នឹង...»

ទោះ​យ៉ាង​នេះ​ក្តី លោក​បាន​បញ្ជូន​របាយការណ៍​ចុះ​អង្កេត​ស្ដីពី​ការ​ដុត​ផ្ទះ​ពលរដ្ឋ​នេះ​ទៅ​អាជ្ញាធរ​ឃុំ និង​ស្រុក​បន្ត​ទៀត ដើម្បី​រក​ដំណោះស្រាយ។ មុន​នឹង​មាន​ដំណោះស្រាយ​នោះ ប្រជាពលរដ្ឋ​ព្យាយាម​សង់​ជម្រក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ឡើង​វិញ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ក្នុង​ការ​ឃ្លាំ​មើល​បញ្ហា​នេះ។

កាល​ពី​ឆ្នាំ​២០០៨ ក៏​មាន​ករណី​ដុត​ខ្ទម​ស្នាក់​នៅ​ធ្វើ​ចម្ការ​របស់​អ្នក​ភូមិ​ជិត​នោះ​ម្តង​រួច​ហើយ​ដែរ គឺ​ភូមិ​ក្រវៀក អស់​ចំនួន​ប្រមាណ ៣០​ខ្ទម ដោយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដដែល​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។