កុមារតូចៗប្រឈមនឹងការចាប់ពង្រត់ឆ្លងដែនយកទៅធ្វើអាជីវកម្មសុំទាននៅថៃ
2014.05.30
មន្ត្រីអង្គការសិទ្ធិមនុស្ស បារម្ភពីសុវត្ថិភាពកុមារាកុមារីតូចៗ ដែលប្រឈមទៅនឹងគ្រោះថ្នាក់ដោយសារក្រុមជនមិនស្គាល់អត្តសញ្ញាណ ចាប់ពង្រត់ឆ្លងដែនយកទៅធ្វើអាជីវកម្ម ដើរសុំទានគេនៅប្រទេសថៃ។
ទន្ទឹមគ្នានេះ ពួកគេបានអំពាវនាវសុំឲ្យឪពុកម្ដាយអាណាព្យាបាលទាំងអស់ មានការប្រុងប្រយ័ត្ន និងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការស្រាវជ្រាវតាមចាប់ជនប្រព្រឹត្តិទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ក្ដីព្រួយបារម្ភនេះ កើតមានឡើងក្រោយពីមានក្មេងប្រុសស្រីចំនួនបីនាក់ ត្រូវបានក្រុមជនមិនស្គាល់មុខចាប់ពង្រត់ដាក់ក្នុងរថយន្ត ដឹកទៅកាន់តំបន់ជាយដែន ដើម្បីបញ្ជូនឆ្លងដែនបន្តទៅក្នុងប្រទេសថៃ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក ឡេង យ៉េន ថ្លែងនៅថ្ងៃទី៣០ ខែឧសភា ថា ករណីចាប់ពង្រត់ក្មេងនៅក្នុងខេត្តបន្ទាយមានជ័យ ទាំងបីនាក់បងប្អូននេះ ជាមេរៀនមួយដែលទាមទារឲ្យមជ្ឈដ្ឋានពាក់ព័ន្ធនានា ជាពិសេសឪពុកម្ដាយ និងអាណាព្យាបាលរបស់ពួកគេ ត្រូវមានការប្រុងប្រយ័ត្ន។
ជាមួយគ្នានេះ អង្គការសិទ្ធិមនុស្ស មានការព្រួយបារម្ភចំពោះសុវត្ថិភាពកុមារាកុមារីជាច្រើននាក់ផ្សេងទៀតថា នឹងអាចរងគ្រោះដោយសារការចាប់ពង្រត់នេះដូចគ្នាដែរ៖ «ក្មេងហ្នឹងកាលពីថ្ងៃទី២៧ គាត់ជិះកង់ទៅរៀន គាត់កំពុងជិះកង់ដឹកបងប្អូនគាត់ទៅនៅខាងក្រោយសាលារៀនអូរអំបិល ស្រាប់តែឡានរថទូហ្នឹង វាបើកទៅចាប់ដាក់ចូលឡានបិទមាត់គាត់ អ្នកបើកបរឡានហ្នឹងវាបើកដឹកទៅប៉ោយប៉ែត ក្មេងហ្នឹងវាអាយុ ១២ឆ្នាំ ៨ឆ្នាំ និង ៧ឆ្នាំ»។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ ដដែលបញ្ជាក់ថា ក្មេងរងគ្រោះទាំងបីនាក់នេះរស់នៅជាមួយជីដូន ឋិតភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកឯឪពុកម្ដាយរបស់ពួកគេ កំពុងធ្វើជាកម្មករនៅស្រុកថៃ។
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ម៉ែន ភិរម្យ បញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវរករថយន្ត និងមុខសញ្ញាជនសង្ស័យ ដែលបានចាប់ពង្រត់ក្មេងប្រុសស្រីទាំងបីនាក់នោះ។ ករណីនេះ លោកសន្និដ្ឋានថា ជាករណីចាប់ពង្រត់ក្មេងឆ្លងដែនយកទៅធ្វើអាជីវកម្មផ្សេងៗនៅក្នុងទឹកដីថៃ ប៉ុន្តែមិនមែនជាករណីចាប់ជំរិតនោះឡើយ៖ «ជារួម យើងពិនិត្យឃើញជាក់ស្ដែង យោងចម្លើយក្មេងហ្នឹង តែឲ្យមានតម្រុយផ្សេង យើងប្រមូលអត់ទាន់បាន ក្មេងវាឆ្លើយអ៊ីចឹងនៅពេលវាទៅរៀនបីនាក់បងប្អូនវាហ្នឹង ក៏មានឡានរថទូមួយពណ៌ស ចាប់វាដាក់ក្នុងឡានបិទកញ្ជាក់ខ្មៅជិត សម្លុតក្មេងគំរាមកុំឲ្យស្រែក។ យើងក្ដាប់បានតែប៉ុណ្ណឹងឯង ដល់ល្ងាចដែលត្រូវអាជ្ញាធរថៃ ឃាត់វានោះ បានយើងទទួលបានព័ត៌មាន បានយើងធ្វើការងារជាមួយអង្គការមួយដែលមានឈ្មោះថា អង្គការកល្យាណមិត្តដែលមានទីតាំងនៅផ្សារលុងគឿ អ៊ីចឹងយើងទំនាក់ទំនងបានមកជាមួយទំនាក់ទំនងព្រំដែន និងខាងកុងស៊ុលយកក្មេងមកវិញ»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក ឡេង យ៉េន ថ្លែងថា បច្ចុប្បន្ន អង្គការរបស់លោកកំពុងធ្វើកិច្ចការងារនេះ ដើម្បីជួយដល់ក្មេងរងគ្រោះទាំងនោះ ដោយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានេះ លោកសង្កត់ធ្ងន់ថា នេះជាករណីចាប់ពង្រត់ក្មេងឆ្លងដែនទៅក្នុងទឹកដីថៃ មួយ ដែលសមត្ថកិច្ចថៃ ហាមឃាត់បាន៖ «ទាក់ទងបញ្ហាចាប់ពង្រត់ទំនងពួកគេហ្នឹងមានចេតនាយកក្មេងហ្នឹង ទៅជួញដូរធ្វើមុខរបរអីមួយនៅប្រទេសថៃ ព្រោះកន្លងមកយើងធ្លាប់ឃើញក្មេងមួយចំនួនដែលគាត់ ដោយសារការជួញដូរនៅប្រទេសថៃ យកទៅចាក់ថ្នាំស្វិតដៃស្វិតជើង ដើម្បីពួកគេធ្វើសេដ្ឋកិច្ចជាមួយក្មេងឲ្យសុំទាន។ យើងមានការព្រួយបារម្ភទៅថ្ងៃមុខ មិនដឹងក្មេងប៉ុន្មាននាក់ទៀតដែលរងគ្រោះករណីបែបហ្នឹង ពីព្រោះវានឹងអាចកើតមានឡើងបន្តបន្ទាប់មកទៀត»។
កំណត់ហេតុមួយរបស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា បញ្ជាក់ថា ក្មេងរងគ្រោះទាំងបីនាក់នោះមានឈ្មោះ សុខ វិសាល អាយុ ១២ឆ្នាំ ឈ្មោះ សុខ ពិសី អាយុ ៦ឆ្នាំ និងឈ្មោះ ចាន់ រតនា អាយុ ៦ឆ្នាំ។ ក្មេងទាំងបីនាក់ ត្រូវបានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ ចូលទៅដោះស្រាយយកត្រឡប់មកពីបន្ទាយលេខ១២ របស់ទាហានឈុតខ្មៅ។ ក្មេងរងគ្រោះប្រុសស្រីទាំងបីនាក់នោះ ក្រោយមកបានប្រគល់ទៅឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថ បញ្ជូនត្រឡប់ទៅលំនៅឋានវិញ ឋិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕