សង្គម​ស៊ីវិល​ថា​ការ​ស៊ើបអង្កេត​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន

ដោយ តាំង សារ៉ាដា
2017.07.08
រូប​គំនូរ​បង្ហាញ​ពី​ទិដ្ឋភាព​ការ​សម្លាប់​បណ្ឌិត កែម ឡី រូប​គំនូរ​សាកសព​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្បែរ​ស្ដុប​បូកគោ។
Photo: RFA

ក្រុម​អ្នក​ឃ្លាំមើល​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី អះអាង​ថា ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​នៅ​មាន​ភាព​ចន្លោះប្រហោង​ជា​ច្រើន និង​គ្មាន​ការ​ជឿជាក់​ពី​មហាជន។ ទោះ​ជា​​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​បន្ត​តាមដាន​ករណី​នេះ​បន្ត​ទៀត បើ​ទោះ​បី​ជន​ដៃដល់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត​ក៏ដោយ។

បើ​ទោះ​បី​ជា​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧ បាន​ផ្ដន្ទាទោស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​ករណី​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​រូប​នេះ​ក៏ដោយ ប៉ុន្តែ​ការ​ផ្ដន្ទាទោស​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ចាត់​ទុក​ថា គ្រាន់តែ​ជា​ការ​ព្យាយាម​បញ្ចប់​សំណុំ​រឿង​ឃាតកម្ម​នេះ ផ្នែក​នយោបាយ ហើយ​បាន​បន្សល់​នូវ​ដាន​ជា​ច្រើន​ដែល​សមត្ថកិច្ច​មិន​ទាន់​បាន​ស៊ើបអង្កេត​ឲ្យ​ស៊ី​ជម្រៅ។

អ្នកឃ្លាំមើល​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ហៅ​ដំណើរការ​ស៊ើបអង្កេត​លើ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ថា​ជា​ការ​ស៊ើបអង្កេត​ខ្យល់ ឬ​ការ​ស៊ើប​អង្កេត​មាន​លក្ខណ​ចន្លោះប្រហោង៖ «ជួប សម្លាប់ មក​បាញ់​សម្លាប់ កែម ឡី ដោយសារ កែម ឡី ជំពាក់​លុយ​គាត់​បី​ពាន់​ដុល្លារ។ នេះ​ធ្វើ​អោយ​យើង​មើល​ទៅ​ម្ចាស់​បំណុល​ហ្នឹង​មិន​ដែល​ទៅ​បាញ់​សម្លាប់​គេ​ដើម្បី​ទា​លុយ​ទេ។ ឃើញ​រូប​ដែល​បង្ហោះ​មក​ហ្នឹង​ជា​សាធារណៈ ជួប សម្លាប់ ចូល​ទៅ​ស្តារម៉ាត ហើយ​ចាប់​រើស​អីវ៉ាន់​អី​បន្តិចបន្តួច​ហើយ​ក៏​ចូល​ទៅ​បាញ់​ទៅ។ តើ​ម្ចាស់​បំណុល​ណា​គេ​ធ្វើ​ដូច្នេះ? តាម​ធម្មតា​គេ​ចូល​ទៅ​ទារ​លុយ​ពី​មុខ​ អា​ហ្នឹង​បាន​លុយ ហើយ​អា​នេះ​ទៅ​សម្លាប់​គេ​ពី​ក្រោយ​អ៊ីចឹង​តើ​បាន​លុយ​ពី​ណា?»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ចំណុច​ដែល​ខ្វះខាត​ក្នុង​ការ​ស៊ើបអង្កេត​លម្អិត​នោះ រួម​មាន​សមត្ថកិច្ច​មិន​បាន​ធ្វើ​កោសលវិច័យ​ទីកន្លែង​កើតហេតុ គឺ​នៅ​ស្តារម៉ាត ក្នុង​ស្ថានីយ​សាំង​កាល់តិច បូកគោ ឲ្យ​បាន​ដិតដល់​ដូចជា​ការ​សាកសួរ​សាក្សី​ថា តើ​លោក​បណ្ឌិត កែម ឡី ស្លាប់​មក​ពី​ហេតុ​អ្វី? ស្លាប់​បែប​ណា? ហើយ​តើ​មាន​អ្នក​ជំនាញ​មាន​ប៉ុន្មាន​នាក់​ចុះ​អង្កេត​ករណី​នេះ ពួកគេ​មកពី​ស្ថាប័ន​ណា? ពេល​ណា​បាន​ដឹង​អំពី​ការ​សម្លាប់ ហើយ​នៅ​កន្លែង​កើត​ហេតុ​នោះ តើ​នរណា​ជា​អ្នក​បញ្ជា​ឲ្យ​ធ្វើ​កោសលវិច័យ​ដល់​ទី​កន្លែង​កើត​ហេតុ? ធ្វើ​នៅ​ពេល​ណា? ប៉ុន្មាន​នាទី​ក្រោយ​ការ​កើត​ហេតុ? ហើយ​ជនរងគ្រោះ​ស្លាប់​រយៈពេល​ប៉ុន្មាន​នាទី​ទើប​សមត្ថកិច្ច​ទៅ​ដល់​ទីកន្លែង​កើតហេតុ? កាំភ្លើង​បាញ់​ចូល​ត្រង់​ណា ចេញ​ត្រង់​ណា កម្ពស់​ប៉ុន្មាន តម្រង់​ទៅ​ចំណុច​ណា ហើយ​អ្នក​បាញ់​ឈរ​ត្រង់​ណា និង​ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​ពី​ជន​រង​គ្រោះ​ជាដើម។ ជនរងគ្រោះ​នៅ​ពេល​គេ​បាញ់ តើ​គាត់​អង្គុយ ឬ​ឈរ ហើយ​បែរ​មុខ​ទៅ​ណា ដួល​ទៅ​ទិស​ណា ហើយ​នៅ​អង្គុយ​ហើយ​ឈាម​ហូរ​ទៅ​កន្លែង​ណា​ខ្លះ? នៅ​ពេល​ណា​ជនរងគ្រោះ​ដួល​ដេក​លើ​ឥដ្ឋការ៉ូ?

លោក​បណ្ឌិត ឡៅ ម៉ុងហៅ អះអាង​ថា សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ពី​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ស្តារម៉ាត (Star Mart) ថា​តើ​មាន​វត្ថុតាង និង​សាក្សី ឬ​បុគ្គលិក​ទទួល​បន្ទុក និង​គ្រប់គ្រង​មាន​ប៉ុន្មាន​គ្រឿង ហើយ​ដាក់​នៅ​ចំណុច​ណា​ខ្លះ? មាន​កាមេរ៉ា​ប៉ុន្មាន​គ្រឿង​ដែល​បាន​ថត​ចំណុច​នៃ​ការ​សម្លាប់​ទាំង​មូល? តើ​ការ​ថត​ទុក​ក្នុង​អង្គ​ចងចាំ​មាន​រយៈពេល​ប៉ុន្មាន? តើ​មាន​ប្រព័ន្ធ​ថត​ទុក​បន្ថែម ឬ​ហៅ​ថា back up រក្សា​ទុក​នៅ​ទី​ណា​ក្រោយ​ពេល​នៃ​ការ​សម្លាប់​នោះ?

លោក​បណ្ឌិត​បន្ត​ថា ការ​ដក​អង្គ​ចងចាំ​គេ​នៅ​មិន​ទាន់​ដឹង​ថា នរណា​ជា​អ្នក​ដក ហើយ​ប្រគល់​ទៅ​ឲ្យ​នរណា នរណា​ជា​អ្នក​រក្សាទុក ហើយ​នរណា​ជា​អ្នក​ចាក់​មើល​វីដេអូ​ថត​រយៈពេល​មួយ​សប្ដាហ៍​មុន​អ្នក​ជំនាញ​បញ្ចប់​ការងារ​ធ្វើ​កោសលវិច័យ​របស់​ខ្លួន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​ពិធី​បញ្ចុះ​សព​លោក​បណ្ឌិត កែម ឡី នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​ពិធី​បញ្ចុះ​សព​លោក​បណ្ឌិត កែម ឡី នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

​ចំណែក​អ្នក​គ្រប់គ្រង និង​បុគ្គលិក​បម្រើការ​នៅ​ក្នុង​ហាង​កើត​ហេតុ សាក្សី​នៅ​ទី​នោះ​មាន​ប៉ុន្មាន​នាក់ អាយុ ភេទ រយៈពេល​បម្រើការ​នៅ​ទីនោះ​តាំង​ពី​ពេល​ណា? តើ​ពួកគេ​ស្គាល់​ភ្ញៀវ​ដែល​ធ្លាប់​ចេញ​ចូល​ឬ​ទេ? ស្គាល់​ជនរងគ្រោះ​ដែល​ធ្លាប់​ចេញ​ចូល​ឬ​ទេ? ពេល​ឮ​ស្នូរ​កាំភ្លើង​ឮ​ផ្ទុះ​ប៉ុន្មាន​គ្រាប់? ​នៅ​ពេល​ណា? ហើយ​ពេល​នោះ​ខ្លួន​កំពុង​ធ្វើ​អ្វី​ជាដើម។ តើ​បុគ្គលិក​ស្គាល់​គាត់​ត្រឹម​កម្រិត​ណា? តើ​ជនរងគ្រោះ កែម ឡី មាន​គ្នា​ប៉ុន្មាន​នាក់ នរណា​អង្គុយ​ជិត​គាត់​ខ្លះ? ហើយ​អ្នក​អង្គុយ​ជិត​គាត់​មាន​ភិនភាគ​យ៉ាង​ម៉េច ជា​ប្រុស ឬ​ស្រី និង​មាន​សម្លៀក​បំពាក់​យ៉ាង​ម៉េច? ចំណែក​៧​ថ្ងៃ​មុន​ថ្ងៃ​កើត​ហេតុ តើ​ជនរងគ្រោះ កែម ឡី មក​រាល់​ថ្ងៃ​ជា​ធម្មតា​ទេ គាត់​អង្គុយ​នៅ​កៅអី​ត្រង់​ណា គាត់​ទិញ​អ្វី​ហូប មាន​ភ្ញៀវ​អង្គុយ​ជិត​គាត់​ដែរ ឬ​ទេ? តើ​ពួកគេ​ជា​មនុស្ស​ដដែលៗ ឬ​ជា​មនុស្ស​ថ្មី? សកម្មភាព​ភ្ញៀវ​ដូច​ប្រក្រតី ឬ​ប្លែក​នៅ​ពេល​នោះ?

អ្នកឃ្លាំមើល​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​រូប​នេះ​បាន​សង្ស័យ​ថា តើ​រូបភាព​របស់​លោក​បណ្ឌិត កែម ឡី ដែល​អង្គុយ​ស្លាប់​នៅ​លើ​កៅអី​ដែល​គេ​ថត​ក្រោយ​ការ​បាញ់​សម្លាប់​ហើយ​នោះ ហាក់​គ្មាន​ឃើញ​មាន​មនុស្ស​នៅ​ក្នុង​ហាង​សោះ។ ដូច្នេះ​តើ​នរណា​ជា​អ្នក​ថត តើ​ថត​នៅ​ពេល​ណា ហើយ​នរណា​ជា​អ្នក​បង្ហោះ​រូប​នោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ តើ​បុគ្គល​រូប​នោះ​បង្ហោះ​រូប​ក្នុង​បំណង​អ្វី? តើ​សមត្ថកិច្ច​មាន​សុំ​សហការ​ពី​អ្នក​ថត និង​អ្នក​បង្ហោះ​រូប​ដែរ​ទេ?

ចំណែក​វីដេអូ ដែល​ជន​ដៃដល់ ជួប សម្លាប់ រត់​តាម​ផ្លូវ​ម៉ៅសេទុង វិញ តើ​នរណា​ជា​អ្នក​ថត? តើ​នរណា​ជា​អ្នក​បង្ហោះ​រូប​នោះ? រី​ឯ​អ្នក​ដេញ​តាម​ចាប់​វាយ​ទាត់​ធាក់ ជួប សម្លាប់ វិញ តើ​សមត្ថកិច្ច​បាន​សួរ​ពួកគេ​ដែរ​ទេ ថា​ពួកគេ​វ៉ៃ ជួប សម្លាប់ ដោយសារ​ឮ​គេ​ស្រែក ឬ​ឃើញ​គេ​ដេញ​ចាប់​ពី​កន្លែង​ណា? ពួកគេ​ឃើញ ជួប សម្លាប់ រត់​ពី​ណា​ទៅ​ណា ហើយ​ឃើញ​សកម្មភាព​នគរបាល​ពី​កន្លែង​ណា​ទៅ​កន្លែង​ណា​ជាដើម។ អ្នក​តាមដាន​រូប​នេះ​បន្ត​ថា ទង្វើ​និង​សកម្មភាព​អ្នក​ជិះ​ម៉ូតូ​អែប ជួប សម្លាប់ ដែល​រត់​តាម​ចិញ្ចើម​ថ្នល់​ហើយ​ឌុប ជួប សម្លាប់។ តើ​បុរស​រូប​នោះ​ឌុប​ជន​ដៃដល់​យក​ទៅ​ឯ​ណា ហើយ​ដើម្បី​អ្វី?

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ផ្ដល់​អនុសាសន៍​ដល់​សមត្ថកិច្ច​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ថា ជួប សម្លាប់ ជា​នរណា​មាន​ប្រវត្តិរូប​យ៉ាង​ម៉េច​មុន​ពេល​បួស​ជា​សង្ឃ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ខ្លះ? ពេល​ដែល​បួស​តើ​បួស​ដើម្បី​អ្វី ហើយ​សឹក​វិញ​ពេល​ណា ហេតុ​អ្វី​បាន​ជា​សឹក? មាន​ប្រពន្ធ​នៅ​ពេល​ណា ហើយ​ក្រោយ​មក​មាន​មុខ​របរ​អ្វី? មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ខ្លះ មាន​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​រាជការ ឬ​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​មន្ត្រី​ណា​ខ្លះ។ តើ ជួប សម្លាប់ ច្រើន​ជួប​គ្នា​នៅ​ទី​ណា? និយាយ​គ្នា​អំពី​អ្វី​ខ្លះ ហើយ​ធ្វើ​ដំណើរ​ទៅ​ណា​ខ្លះ?

ចំណែក​សកម្មភាព​មក​ទល់​នឹង​ពេល បាញ់ សម្លាប់ លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ តើ ជួប សម្លាប់ ចេញ​ពី​ផ្ទះ​នៅ​ពេល​ណា ទៅ​ទី​ឯ​ណា? ដើម្បី​អ្វី? តើ​គាត់​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ ប៉ុន្មាន​ដង ហើយ​ក្នុង​ម្តងៗ​គាត់​បាន​ធ្វើ​អ្វី​ខ្លះ? ហើយ​ភាគ​ច្រើន​ស្នាក់នៅ​កន្លែង​ណា? ពេល​គាត់​ទៅ​ភ្នំពេញ ចុង​ក្រោយ​គឺ​ដើម្បី​ធ្វើ​អ្វី ស្នាក់​នៅ​ទី​ណា​ខ្លះ? ជា​ផ្ទះ បន្ទប់​ជួល ឬ​ស្នាក់​នៅ​ជាមួយ​គេ ហើយ​ក្រោយ​មក​ទៀត គាត់​ជួប​នរណា​ខ្លះ ហើយ​នៅ​ថ្ងៃ​បាញ់​លោក​បណ្ឌិត កែម ឡី តើ​គាត់​ស្នាក់​នៅ​ទី​ណា? ហើយ​មាន​សម្លៀក​បំពាក់ ស្បែកជើង ឬ​មួក​ប៉ុន្មាន​សម្រាប់ ហើយ​មាន​លុយ​ប៉ុន្មាន​មក​ដល់​ភ្នំពេញ។

ចំណែក​ការ​ប្រើប្រាស់​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង តើ​បាន​ទូរស័ព្ទ​ទៅ​អ្នក​ណា​ខ្លះ ហើយ​អ្នក​នោះ​ត្រូវ​ជា​អ្វី ពួកគេ​នៅ​កន្លែង​ណា​ខ្លះ នៅ​ថ្ងៃ​ណា​ខ្លះ និង​បាន​និយាយ​គ្នា​អំពី​អ្វី​ខ្លះ? តើ ជួប សម្លាប់ ចាយ​លុយ​អស់​ប៉ុន្មាន​មួយ​ថ្ងៃៗ ហើយ​នៅ​ពេល​បាញ់​សម្លាប់​លោក កែម ឡី តើ ជួប សម្លាប់ នៅ​សល់​លុយ​ប៉ុន្មាន​នៅ​ជាប់​នឹង​ខ្លួន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ផ្តល់​អនុសាសន៍​ថា សមត្ថកិច្ច​គួរ​ចោទ​សួរ​ថា តើ ជួប សម្លាប់ កាន់កាប់ និង​ការ​ប្រើប្រាស់​អាវុធ​លើក​​ដំបូង​នៅ​ពេល​ណា ប្រភេទ​អ្វី ម៉ាក​អ្វី? តើ​អាវុធ​ដែល​ខ្លួន​កាន់កាប់​នៅ​ជាប់​នឹង​ខ្លួន​មុន​អាវុធ​ដែល​ប្រើប្រាស់​បាញ់​សម្លាប់ កែម ឡី មាន​ប័ណ្ណ​កាន់​កាំភ្លើង​ដែរ​ទេ? តើ​កាំភ្លើង​ដែល​ប្រើប្រាស់​សម្រាប់​បាញ់​សម្លាប់​លោក កែម ឡី ស្គាល់​ប្រភេទ​កាំភ្លើង​នោះ​នៅ​ពេល​ណា ស្គាល់​នៅ​ទី​កន្លែង​ណា? ហើយ​នរណា​ជា​អ្នក​បង្ហាញ ហើយ​តើ​បាន​បាញ់​សាកល្បង​ទេ​មុន​សម្រេច​ចិត្ត​ទិញ? តើ​ហេតុ​អ្វី​បាន​ជា​ជ្រើស​ទិញ​កាំភ្លើង​នោះ នរណា​នាំ​ទៅ​ទិញ ហើយ​ទិញ​នៅ​កន្លែង​ណា? នរណា​ជា​អ្នក​លក់​ឲ្យ ហើយ​ក្នុង​តម្លៃ​ប៉ុន្មាន បាន​គ្រាប់​ប៉ុន្មាន ហើយ​ទិញ​ដើម្បី​អ្វី? តើ​កាំភ្លើង​នោះ​មាន​ប័ណ្ណ​កាន់កាប់ ឬ​ទេ?

លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «ហើយ​មួយ​ទៀត គឺ​កាំភ្លើង។ រឿង​អី​គេ​ជំពាក់​លុយ​បី​ពាន់​ហើយ​ខំ​ទៅ​ទិញ​កាំភ្លើង​ពី​ថៃ ពី​អី​ណា​មក (តាម​ចម្លើយ​របស់ ជួប សម្លាប់)។ កាំភ្លើង​ហ្នឹង​មិន​មែន​ថោក​ទេ គឺ​ដល់​ទៅ​ជាង ១​ពាន់​ដុល្លារ​ឯណោះ។ កាំភ្លើង​ជាង ១​ពាន់​ដុល្លារ រួច​មក​ទារ​លុយ​បី​ពាន់​វា​អត់​សម​ហេតុផល ហើយ​មក​បាញ់​សម្លាប់​គេ​អ៊ីចឹង»

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA

​ចំណែក​នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា លោក​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​កម្ពុជា ក្នុង​វែកមុខ​ជន​ដៃដល់​ក្នុង​ឃាតកម្ម​ផ្នែក​នយោបាយ​នោះ​ទេ។ លោក​បន្ត​ថា ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​កម្ពុជា ជា​ការ​ស៊ើបអង្កេត​បែប​បិទ​បាំង​ការពិត ជា​ជាង​ការ​ស៊ើបអង្កេត​បែប​វិជ្ជាជីវៈ​ក្នុង​ការ​ស្វែងរក​កា​ពិត​ឲ្យ​ប្រាកដ។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ប្រើ​ល្បិច​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ ដោយសារ​ភស្តុតាង​មួយ​ចំនួន​ដែល​ចោទ​ប្រកាន់​លើ អឿត អាង មិន​បាន​ពេញលេញ។ សូម្បី​ក្រុម​គ្រួសារ​របស់ អឿត អាង ក៏​បាន​បដិសេធ​ដែរ​ថា អ្វី​ដែល​តុលាការ​ចោទ​ប្រកាន់​គាត់​គឺ​មិន​មែន​ជា​ការ​ពិត​ទាំង​អស់ ហើយ​ថា អឿត អាង មិន​ដែល​បាន​ជួប​លោក​បណ្ឌិត  កែម ឡី ហើយ​ក៏​មិន​ដែល​មាន​លុយ ៣​ពាន់​ដុល្លារ​ឲ្យ​លោក​បណ្ឌិត កែម ឡី ខ្ចី​នោះ​ដែរ។

លោក ហ្វីល រ៉ូប៊ឺតសុន បន្ត​ថា សមត្ថកិច្ច​គួរ​ពិនិត្យ​មើល​ករណី​នេះ​ឡើង​វិញ ខណៈ​ការ​ស៊ើបអង្កេត​នេះ​មាន​ការ​ចន្លោះប្រហោង​ជា​ខ្លាំង ដូច​ករណី​មិន​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​ពី​ស្ថានីយ​សាំង​កាល់តិច មិន​បង្ហាញ​ចម្លើយ​របស់​សាក្សី និង​បុរស​ម្នាក់​ឈ្មោះ ពូលីស ដែល អឿត អាង ឆ្លើយ​ថា បុរស​រូប​នេះ​ហើយ​ដែល​គាត់​បាន​ណែនាំ​ឲ្យ​ជួប​ជាមួយ​លោក កែម ឡី និង​បុរស​ម្នាក់​ទៀត​ដែល​លក់​កាំភ្លើង​ឲ្យ អឿត អាង ជាដើម៖ «ខ្ញុំ​គិត​ថា ករណី​នយោបាយ​បែប​នេះ ខណៈ​មាន​មនុស្ស​ដ៏​ល្បីល្បាញ​ម្នាក់​តែង​រិះគន់​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នោះ យើង​ប្រាកដ​ជា​មិន​អាច​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ដែល​កាត់​សេចក្ដី​ដោយ​តុលាការ​កម្ពុជា បាន​ទេ។ យើង​ដឹង​ហើយ​ថា តុលាការ​កម្ពុជា មិន​ខុស​ពី​​តុលាការ​នៃ​ប្រទេស​ឡាវ ឬ​តុលាការ​នៃ​ប្រទេស​វៀតណាម នោះ​ទេ។ ដោយសារ​តុលាការ​នៃ​ប្រទេស​ទាំង​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ ហើយ​ចៅក្រម​នៃ​តុលាការ​ប្រទេស​កម្ពុជា តែង​រង​ការ​បញ្ជា​ពី​គ្រូ​ធំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ»

​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អះអាង​ថា សមត្ថកិច្ច​កំពុង​បន្ត​ការ​ស៊ើបអង្កេត ស្វែង​រក​មនុស្ស​ឈ្មោះ ពូលីស និង​អ្នក​លក់​កាំភ្លើង​នេះ ខណៈ​អ្នក​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ឯ​ណោះ។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា ករណី​ឃាតកម្ម​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៖ «អ្វី​ដែល អឿត អាង និយាយ​ប្រាប់​សមត្ថកិច្ច​យើង និង​តុលាការ គឺ​សុទ្ធសឹងតែ​ជា​ចម្លើយ​មិន​អាច​យក​ជា​ការ​បាន។ មិន​មែន​ត្រឹមតែ​កាត់​ទោស​ប៉ុណ្ណឹង​ហើយ​ចប់​ទេ គឺ​ត្រូវ​នៅ​បន្ត​ការ​ស៊ើប​អង្កេត​ទៀត ពាក់ព័ន្ធ​នឹង​ករណី​ផ្សេងៗ​ទៀត»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ពាក្យ «បន្ត​ការ​ស៊ើប​អង្កេត» របស់​សមត្ថកិច្ច​ថា ជា​ការ​យក​លេស​ដោះសា មិន​ទទួល​ខុសត្រូវ​ក្នុង​ការ​បំពេញ​មុខ​នាទី​របស់​ខ្លួន​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ជនរងគ្រោះ​នោះ​ឡើយ។ លោក​បន្ត​ថា សមត្ថកិច្ច​តែងតែ​ប្រើ​ពាក្យ «បន្ត​ការ​ស៊ើប​អង្កេត» នេះ​ទៅ​លើ​ករណី​ឃាតកម្ម​ខ្នាត​ធំៗ​ជា​ច្រើន​រាប់​មិន​អស់​ទៅ​ហើយ ចាប់​តាំង​ពី​ករណី​អ្នកស្រី ពិសិដ្ឋ ពិលីការ លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​មនុស្ស​ជា​ច្រើន​ទៀត​ដែល​រហូត​មក​ទល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​ស្វែង​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​ពួកគេ​នៅ​ឡើយ៖ «ចម្លើយ​មក​ហ្នឹង​ដូច​គេ​ថា​ក្លាសិក (classic) គឺ​វា​ដដែលៗ គឺ​ករណី​និទណ្ឌភាព​នោះ។ ចម្លើយ​ដដែល​មក​ស៊ើបអង្កេត​បន្តៗ​អ៊ីចឹង​ទៅ។ ប៉ុន្តែ​យើង​ចោទ​សួរ​ថា ​ចុះ​ប្រសិនបើ​ការ​ស៊ើប​អង្កេត​ហ្នឹង​រក​ឃើញ​ថា ជា​រឿង​ផ្សេង​ទៅ​វិញ»

លោក ហ្វីល រ៉ូប៊ឺតសុន សម្ដែង​ការ​សោកស្ដាយ​ថា គ្រួសារ​របស់​លោក​បណ្ឌិត កែម ឡី នឹង​មិន​អាច​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ ហើយ​លោក កែម ឡី គ្រាន់​តែ​ស្ថិត​នៅ​ក្នុង​ការ​ចងចាំ​របស់​មហាជន​ថា លោក​ជា​គំរូ​នៃ​ការ​ហ៊ាន​បញ្ចេញ​មតិ និង​ការ​រិះគន់ ហើយ​ការ​ស្លាប់​របស់​លោក​មិន​ត្រូវ​បាន​ដោះស្រាយ មិន​ត្រូវ​បាន​គេ​ស្វែង​រក​ការ​ទទួល​ខុស​ត្រូវ។ លោក​បន្ត​ថា ភរិយា​របស់​លោក​បណ្ឌិត កែម ឡី មាន​តែ​ពន្យល់​កូនៗ​របស់​គាត់​ថា ឪពុក​របស់​ពួកគេ​ត្រូវ​បាន​សម្លាប់​ដោយ​ហេតុផល​នយោបាយ ហើយ​គ្មាន​នរណា​ដឹង​ថា អ្នក​សម្លាប់​ជា​នរណា​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​សង្ស័យ​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។