មន្ត្រីសិទ្ធិមនុស្សទាមទារឱ្យតុលាការបង្ហាញលទ្ធផលស៊ើបអង្កេតបន្ថែមលើសំណុំរឿងបណ្ឌិត កែម ឡី
2017.12.14
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយវាក៏ជាគម្រប់ខួប ១៧ខែនៃឃាតកម្មលើបណ្ឌិត កែម ឡី ដែលជាអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពផងដែរ។ លោកត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅហាងកាហ្វេក្នុងស្តារម៉ាត កាល់តិច ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។
រយៈពេល ១ឆ្នាំ ៥ខែកន្លងទៅនេះ ពន្លឺយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី និងក្រុមគ្រួសារស្ថិតនៅឆ្ងាយនៅឡើយ ដោយសារមានមនុស្សតែម្នាក់គត់ដែលត្រូវបានតុលាការកាត់ទោសពាក់ព័ន្ធនឹងសំណុំរឿងដ៏រសើបមួយនេះ។ មន្ត្រីសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល ទាមទារយ៉ាងទទូចឱ្យតុលាការពន្លឿនករណីនេះដើម្បីវែកមុខរកអ្នកពាក់ព័ន្ធផ្សេងទៀតមកកាត់ទោសតាមផ្លូវច្បាប់។
ដោយសារតែកម្ដៅនយោបាយកើនឡើងឥតឈប់ឈរ ដូចជាការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមមិនឱ្យថ្នាក់ដឹកនាំគណបក្សនេះធ្វើនយោបាយរយៈពេល ៥ឆ្នាំជាដើមនោះ បានធ្វើឱ្យសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី ហាក់ស្ងប់ស្ងាត់បាត់ឈឹង។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សម្ដែងការសោកស្ដាយនៅពេលដែលសំណុំរឿងនេះត្រូវស្ងប់ស្ងាត់ មិនសូវមានការលើកយកមកជជែកគ្នាផុសផុលដូចកាលពីពេលមុន ហើយតុលាការទៀតសោត ក៏មិនបានបង្ហាញលទ្ធផលស៊ើបអង្កេតបន្ថែមណាមួយចំពោះសំណុំរឿងនេះដែរ តែផ្ទុយទៅវិញ តុលាការបែរជាប្រញាប់ប្រញាល់ចាត់ការបណ្ដឹងប្រឆាំងនឹងគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ជុំវិញរឿងកិបកេងបច្ច័យបុណ្យទៅវិញ។
លោកបន្តថា ឃាតកម្មលើបណ្ឌិត កែម ឡី ដែលជាអ្នកធ្វើកិច្ចការសង្គមដ៏សកម្មនោះ គឺជាករណីដ៏ធំដែលសាធារណជនចង់ដឹងចង់ឮ ដូច្នេះតុលាការគួរតែបង្ហាញការទទួលខុសត្រូវរបស់ខ្លួនក្នុងសំណុំរឿងដ៏កក្រើកមួយនេះ មិនអាចគ្រាន់តែលើកហេតុផលថា កំពុងបន្តនីតិវិធី ហើយមិនបង្ហាញលទ្ធផលបែបនេះឡើយ៖ «យើងមិនចង់ឃើញភាពស្ងប់ស្ងាត់បែបនេះទេ។ យើងចង់ឱ្យអាជ្ញាធរ ជាពិសេស តុលាការត្រូវតែចាត់វិធានការ និងផ្ដល់ព័ត៌មានមកដល់សាធារណជនឱ្យបានដឹងអំពីចំណាត់ការរបស់ខ្លួន។ ស្ថានភាពបែបនេះក៏អាចបណ្ដាលមកពីស្ថានការណ៍នយោបាយបច្ចុប្បន្នដែរ ដែលយើងឃើញហើយថា មានការរឹតត្បិតសេរីភាពផ្សេងៗ និងមានរឿងរ៉ាវជាច្រើនផ្សេងទៀតដែលកំពុងកើតមានឡើង ដែលជាហេតុធ្វើឱ្យអ្នកកំពុងធ្វើកិច្ចការ ឬក៏អ្នកដែលកំពុងតាមដានលើបញ្ហាសង្គមទាំងអស់ មានភាពស្ងប់ស្ងាត់ខុសពីពេលកន្លងទៅ ដែលយើងធ្លាប់ឃើញពួកគាត់សកម្មក្នុងការបញ្ចេញមតិ និងចូលរួមកិច្ចការងារផ្សេងៗ»។
កាលពីចុងខែមីនា កន្លងទៅ តុលាការក្រុងភ្នំពេញ បានសម្រេចកាត់ទោសជនជាប់ចោទ ជួប សម្លាប់ ដែលគេស្គាល់ឈ្មោះពិតថា អឿត អាង ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០០ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ។ តុលាការក៏បានបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោសតាមផ្លូវច្បាប់ ក៏ប៉ុន្តែជាច្រើនខែមកនេះ តុលាការមិនទាន់បើកការជុំនំជម្រះ ឬបង្ហាញលទ្ធផលនៃការស៊ើបអង្កេតលើសំណុំរឿងដែលត្រូវបានបំបែកនោះឡើយ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក លី សុផាណា ជាច្រើនដងតាមមធ្យោបាយទំនាក់ទំនងសង្គម ដូចជា តេឡេក្រាម (Telegram) និង វ៉ាត់ស៍អាប (Whatsapp) ជាដើម ក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបពីអ្នកនាំពាក្យរូបនេះឡើយ។ កាលពីពេលកន្លងទៅ លោក លី សុផាណា តែងឆ្លើយថា តុលាការកំពុងបន្តនីតិវិធីស៊ើបអង្កេតករណីនេះ ហើយតុលាការមិនអាចបញ្ចេញព័ត៌មានណាមួយបានឡើយ ព្រោះអាចនាំឱ្យប៉ះពាល់ដល់ដំណើរការក្តី។
អ្នកគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ការអូសបន្លាយមិនបង្ហាញលទ្ធផលស៊ើបអង្កេតបែបនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋបាត់ជំនឿលើប្រព័ន្ធយុត្តិធម៌ ហើយវាក៏ជះឥទ្ធិពលអាក្រក់ដល់វិស័យសិទ្ធិមនុស្សនៅកម្ពុជា ផងដែរ។ លោកសំណូមពរយ៉ាងទទូចឱ្យតុលាការ និងអាជ្ញាធរពាក់ព័ន្ធពន្លឿនការស៊ើបអង្កេតរឿងក្តីនេះ ដើម្បីផ្ដល់យុត្តិធម៌ជូនសពបណ្ឌិត កែម ឡី និងក្រុមគ្រួសារ។
លោក អំ សំអាត៖ «គួរតែមានការបង្ហាញលទ្ធផលខ្លះក្នុងការស៊ើបអង្កេត ដែលមិនពាក់ព័ន្ធនឹងការស៊ើបអង្កេតតទៅទៀត។ បើយើងអាចបង្ហាញបាន យើងបង្ហាញទៅ ដើម្បីឱ្យសាធារណជន ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់គាត់បានដឹងឮ ហើយពួកគាត់មានទំនុកចិត្តលើកិច្ចការងាររបស់តុលាការ និងអាជ្ញាធរដែលខិតខំប្រឹងប្រែងធ្វើការស៊ើបអង្កេត។ ប្រសិនបើមិនមានការបង្ហាញទេ ប្រជាពលរដ្ឋគិតថា តុលាការ ឬអាជ្ញាធរ មិនបានបន្តស៊ើបអង្កេតរឿងនេះឱ្យបានដិតដល់ឡើយ»។
ការកាត់ទោសទណ្ឌិត អឿត អាង ឱ្យជាប់ពន្ធនាគារអស់មួយជីវិតដោយតុលាការក្រុងភ្នំពេញ ជុំវិញអំពើឃាតកម្មលើបណ្ឌិត កែម ឡី នេះ មិនបានធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិស្ងប់ចិត្តនោះទេ ត្បិតសំណុំរឿងនេះនៅមានភាពមន្ទិល និងភាពមិនស៊ីសង្វាក់គ្នាជាច្រើនចំណុច ជាពិសេសជុំវិញរឿងលុយ ៣ពាន់ដុល្លារ ដែល ជួប សម្លាប់ អះអាងថា បានឱ្យបណ្ឌិត កែម ឡី ខ្ចីនោះ។
អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ បានសារភាពប្រាប់តុលាការថា ដើមហេតុនៃអំពើឃាតកម្មនេះ គឺដោយសារខ្លួនខឹងនឹងបណ្ឌិត កែម ឡី ដែលឆបោកលុយ ៣ពាន់ដុល្លារ និងមិនគោរពតាមពាក្យសន្យាសង់ផ្ទះឱ្យខ្លួននៅតំបន់បឹងត្រកួន ជាប់ព្រំដែនថៃ។ លុយ ៣ពាន់ដុល្លារនោះ អឿត អាង អះអាងថា បានមកពីការលក់ដីមួយកន្លែងនៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក៏ប៉ុន្តែចម្លើយសារភាពនេះត្រូវបានរកឃើញថា មិនមែនជាការពិតឡើយ។ ក្រុមការងារអាស៊ីសេរី ដែលបានចុះទៅសាកសួរ និងជួបសម្ភាសន៍ផ្ទាល់ជាមួយអាជ្ញាធរភូមិចម្ការគ អ្នកធ្លាប់ស្គាល់ ជួប សម្លាប់ និងជាពិសេសក្រុមគ្រួសាររបស់ ជួប សម្លាប់ ផ្ទាល់ បានរកឃើញថា ជននេះមិនមានប្រវត្តិរស់នៅ និងមានដីធ្លីទ្រព្យសម្បត្តិ ឬកេរអាករអ្វីនៅតំបន់ចម្ការគ ជាប់ព្រំដែនថៃ ឡើយ ហើយកាន់តែជាក់ស្ដែងជាងនេះ គឺប្រពន្ធរបស់ អឿត អាង ផ្ទាល់ បានអះអាងថា ប្តីរបស់គាត់ក្រីក្រស្ទើររកបាយហូបគ្មាន និងមិនដែលមានលុយជាប់នឹងខ្លួនផង ដូច្នេះជននេះមិនអាចមានលុយឱ្យបណ្ឌិត កែម ឡី ខ្ចីនោះទេ។
ដូច្នេះមានន័យថា អំពើឃាតកម្មដ៏កក្រើកមួយនេះ អាចមានមូលហេតុផ្សេងនៅពីក្រោយ ដែលមិនមែនជារឿងលុយ ៣ពាន់ដុល្លារនោះទេ។ នៅត្រង់ចំណុចនេះ សំណួរដែលត្រូវបានសាធារណជនចោទឡើងថា តើហេតុអ្វីបានជាមានតែ ជួប សម្លាប់ ម្នាក់គត់ដែលត្រូវបាននាំខ្លួនមកកាត់ទោស? តើការស៊ើបអង្កេតបន្តរបស់តុលាការ នឹងអាចស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដូចជា អ្នកលក់កាំភ្លើងឱ្យ ជួប សម្លាប់ អ្នកទទួលឱ្យ ជួប សម្លាប់ ស្នាក់នៅក្នុងក្រុងភ្នំពេញ ឬអ្នកនៅពីក្រោយខ្នង ជួប សម្លាប់ យកមកផ្ដន្ទាទោសបានដែរ ឬយ៉ាងណា?
ទាំងនេះសុទ្ធសឹងតែជាចម្ងល់របស់សហគមន៍ជាតិ និងអន្តរជាតិ ហើយប្រសិនបើសំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ នៅតែបន្តស្ងប់ស្ងាត់ដូចពេលបច្ចុប្បន្ននេះទៀត នោះតុលាការអាចនឹងរងនូវការរិះគន់ថា អសមត្ថភាព ស្ថិតក្រោមឥទ្ធិពលនយោបាយ និងបណ្ដែតបណ្ដោយឱ្យមានវប្បធម៌និទណ្ឌភាពជាបន្តទៀត៕