រូបថតលោក កែម ឡី ភ្ជាប់សារ៥ម៉ឺនសន្លឹកនឹងត្រូវបោះពុម្ពចែកចាយដើម្បីទាមទារយុត្តិធម៌
2016.11.26
សំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី បានកប់បាត់ស្រមោលជាង ៤ខែមកហើយគិតមកដល់ពេលនេះ។ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ បានអះអាងថា ចៅក្រមស៊ើបសួរ លោក សេង លាង នៅតែបន្តការនីតិវិធីនេះនៅឡើយ។ គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី បញ្ជាក់ជំហរថា នៅមុនការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជាតិខាងមុខនេះ គេនឹងបោះពុម្ពរូបថតលោកបណ្ឌិត កែម ឡី ភ្ជាប់សារជាមួយផង ដើម្បីចែកចាយជាសាធារណៈ។
រូបថតលោកបណ្ឌិត កែម ឡី ចំនួន ៥ម៉ឺនសន្លឹកដែលភ្ជាប់សារដាក់ថា "ស្វែងរកយុត្តិធម៌" នឹងត្រូវចែកចាយឲ្យពលរដ្ឋនៅមុនយុទ្ធនាការបោះឆ្នោតទាំងពីរលើក គឺជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតសាកលឆ្នាំ២០១៨ ខាងមុខនេះ។
ការបញ្ជាក់ដូចនេះ របស់ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្វើឡើងក្នុងពេលដែលយុត្តិធម៌ចំពោះឃាតកម្មប្រឆាំងអ្នកវិភាគសង្គម និងនយោបាយដ៏ល្បីឈ្មោះរូបនេះ ស្ទើរកប់បាត់ស្រមោលអស់ពេលជាង ៤ខែមកហើយ។ ព្រះអង្គបន្តថា រូបថតលោកបណ្ឌិត កែម ឡី ប្រមាណ ៥ម៉ឺនសន្លឹកនេះ នឹងត្រូវចែកចាយដល់ដៃពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងជាការរំលឹកឡើងវិញផងអំពីឃាតកម្មដែលមកដល់ពេលនេះ នៅពុំទាន់ដឹងពីពន្លឺយុត្តិធម៌ថែមទៀតផង៖ «យើងនឹងបោះពុម្ពរូប កែម ឡី ដែលយើងធ្លាប់ចែកពីថ្ងៃបុណ្យនោះចំនួន ៥ម៉ឺនសន្លឹកតទៅទៀត ហើយក្នុង ៥ម៉ឺនសន្លឹកហ្នឹង គឺយើងសរសេរសារភ្ជាប់នៅក្នុងហ្នឹង ហើយគូរកន្លែងធិក (Tick) បួនជ្រុងសម្រាប់ចុចគូស សម្រាប់ប្រាប់អ្នក កែម ឡី និយមទាំងអស់ឲ្យទៅចុះឈ្មោះបោះឆ្នោត។ យើងត្រូវទៅចុះឈ្មោះបោះឆ្នោតរួមគ្នាដែលសរសេរថា សូមប្រជាពលរដ្ឋគ្រប់រូបមេត្តាទៅបោះឆ្នោតហ្នឹងរឿងមួយ។ បោះឆ្នោតដើម្បីយុត្តិធម៌ ហើយយើងដាក់សញ្ញាគ្រីសហ្នឹងនៅនឹងមុខដែលលោក កែម ឡី គាត់ញញឹមទៅរកហ្នឹង»។
យុទ្ធការចែកចាយរូបថតលោកបណ្ឌិត កែម ឡី ដែលភ្ជាប់នឹងសារដាក់ថា "ទាមទារយុត្តិធម៌" នេះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា នៅមិនទាន់ប្រាកដថាអាចផ្ដល់នៅក្នុងទីក្រុង ឬជនបទប៉ុន្មានសន្លឹកនៅឡើយទេ។
មកដល់ពេលនេះ សំណុំរឿងនៃបទឧក្រិដ្ឋនេះ បានចូលដល់ដៃចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក សេង លាង ហើយ។ គិតពីថ្ងៃឃាតកបាញ់ប្រហារលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា និងពីថ្ងៃដែលនគរបាលអះអាងថា បានប្រគល់ភស្តុតាងឲ្យតុលាការនោះ គឺមានរយៈពេល ៤ខែកន្លះមកហើយ ប៉ុន្តែភាគីខាងតុលាការបានត្រឹមបញ្ជាក់ថា កំពុងបន្តនីតិវិធីស៊ើបអង្កេត។
មានសំណុំរឿងជាច្រើនដែលធ្លាក់ទៅលើសកម្មជនការពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងមេដឹកនាំសហជីព ទាំងសមត្ថកិច្ច និងតុលាការបានបានត្រឹមអះអាងថា នៅតែបន្តការស្រាវជ្រាវ ហើយសំណុំរឿងគឺមិនទាន់បិទទៀតផង។ បើទោះជាសំណុំរឿងទាំងនោះមិនទាន់បញ្ចប់ ប៉ុន្តែគេនៅតែពុំឃើញតុលាការអាចរកឃាតកពិត និងអ្នកបញ្ជានៅពីក្រោយមកផ្ដន្ទាទោសបាននៅឡើយ ជាអាទិករណី លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ជាដើម។
ទាក់ទិនសំណុំរឿងលោកបណ្ឌិត កែម ឡី នេះវិញ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក ទី រិន ធ្លាប់បញ្ជាក់ថា ចៅក្រមស៊ើបលោក សេង លាង នៅតែបន្តនីតិវិធីនៅឡើយទេ។ ប៉ុន្តែលោកពុំបានស៊ីជម្រៅថា តើលោក សេង លាង បន្តដល់ដំណាក់កាលណាទៅហើយទេ។
ជុំវិញរឿងនេះ អាស៊ីសេរី ពុំអាចសុំការបញ្ជាក់ពីចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក សេង លាង បានទេ នៅថ្ងៃទី២៦ ខែវិច្ឆិកា។
ដោយឡែក ការរៀបចំចេតិយ និងទីតាំងតម្កល់រូបសំណាក់លោកបណ្ឌិត កែម ឡី នៅស្រុកកំណត់ក្នុងខេត្តតាកែវ វិញ លោកបណ្ឌិត មាស នី ឲ្យដឹងថា គម្រោងប្លង់នេះអាចនឹងព្រាងរួចរាល់ក្នុងរយៈពេល ៣សប្ដាហ៍ខាងមុខទៀតនេះ។ លោកបន្តថា ក្នុងដំណាក់កាលនេះក្រុមបច្ចេកទេសកំពុងសិក្សាពីទីតាំងតម្កល់រូបសំណាកដោយរបៀបណា និងរចនាបថនៃចេតិយ។ ជាងនេះទៀត ថវិកាដែលនឹងត្រូវចំណាយសាងសង់អាចក្នុងទំហំទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ៖ «កំពុងធ្វើការសស្រោកសស្រាំជាមួយក្រុមស្ថាបត្យករដើម្បីឲ្យគេជួយគូសប្លង់ផង ហើយគណៈកម្មការនឹងជជែកជាមួយក្រុមដទៃទៀត ទៅលើការសម្រេចចិត្តថា តើនៅក្នុងរឿងហ្នឹងស្ថាបត្យកម្មណាមួយដែលល្អ ដែលយើងពេញចិត្ត ហើយសម្រេចយកអាហ្នឹង»។
ក្នុងដំណាក់កាលនៃការរង់ចាំយុត្តិធម៌ជាង ៤ខែមកនេះ គឺមានតែជនសង្ស័យម្នាក់នៅឡើយដែលសមត្ថកិច្ចចាប់បានភ្លាមៗ ក្រោយថ្ងៃកើតហេតុ គឺឈ្មោះ ជួប សម្លាប់ ដែលគេស្គាល់ថា មានឈ្មោះពិត អឿត អាង។ អង្គការសង្គមស៊ីវិលរិះគន់ចំណាត់ការរបស់សមត្ថកិច្ច និងតុលាការក្នុងរឿងក្ដីនេះថា នៅតែមានភាពយឺតយ៉ាវបើធៀបទៅនឹងរឿងក្ដីដទៃទៀត និងហាក់មានភាពលាក់លៀមក្នុងសំណុំរឿងដ៏ឧក្រិដ្ឋមួយនេះ៕