មូលនិធិ កែម ឡី នៅមិនទាន់អាចប្រសូតចេញជារូបរាងនៅឡើយ
2017.06.17
គិតមកដល់ខែមិថុនា ឆ្នាំ២០០៧ នេះ គឺមានរយៈពេលជិត ១ឆ្នាំមកហើយ នៅក្រោយករណីឃាតកម្មលើបណ្ឌិត កែម ឡី។ ភ្លាមៗ ក្រោយឃាតកម្មបានកើតឡើង ក៏មានគណៈកម្មការមួយត្រូវបង្កើតឡើងដើម្បីទទួលបន្ទុករៀបចំមូលនិធិ កែម ឡី។ អ្នកគ្រប់គ្រងមូលនិធិនេះ បានត្អូញត្អែរពីការប្រឈម និងភាពស្មុគស្មាញនានា ក្នុងការរៀបចំមូលនិធិ កែម ឡី នេះ។
អ្នកទទួលបន្ទុកមូលនិធិ កែម ឡី ឲ្យដឹងថា មូលនិធិនេះ ថ្វីត្បិតបានរៀបចំគម្រោងទៅតាមផែនការមេ តាំងពីថ្ងៃលោក កែម ឡី ត្រូវឃាតកបាញ់ប្រហារហើយក៏ដោយចុះ ក៏ស្ថានភាពនយោបាយដែលប្រែប្រួលមិនទៀងទាត់ ធ្វើឲ្យមូលនិធិនេះត្រូវកប់បាត់ស្រមោលនៅឡើយមកដល់សព្វថ្ងៃ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកទទួលបន្ទុករឿងមូលនិធិនេះបញ្ជាក់ថា មូលនិធិនេះគឺមិនទាន់បានចេញជារូបរាងនៅឡើយទេ។ លោកបន្តថា ឧបសគ្គដែលមិនអាចដំណើរការបាននៃមូលនិធិ កែម ឡី ទៅតាមការគ្រោងទុកនេះ ដោយសារបរិយាកាសនយោបាយមិនអំណោយផល ម្យ៉ាងគម្រោងនេះ កំពុងដាក់ឲ្យស្ថិតក្នុងកិច្ចពិគ្រោះយោបល់នៅឡើយ៖ «មកដល់ពេលនេះយើងអត់បានចុះឈ្មោះទេ ដោយសារថា ស្ថានការណ៍នយោបាយចេះតែផ្អៀងផ្អងៗទៅ យើងក៏មិនសម្រេចចិត្ត ព្រោះអីយើងគិតថា ករណីនេះជាមូលនិធិក៏ដោយ ប៉ុន្តែអ្នកនយោបាយមើលមកក្នុងផ្លូវផ្សេងវិញ។ ដូច្នេះស្ថិតក្នុងលក្ខខណ្ឌដែលយើងមិនទាន់បានចុះឈ្មោះនេះ គឺយើងអត់ទាន់បានទៅធ្វើអីក្នុងពេលដែលយើងមិនទាន់មានការអនុញ្ញាតច្បាប់ត្រឹមត្រូវទេ»។
គិតមកដល់ពេលនេះ អ្នកគ្រប់គ្រងមូលនិធិ កែម ឡី ដែលមានតែស្រមោលនៅឡើយនេះ គឺមានលុយប្រមាណជា ៦ពាន់ដុល្លារក្នុងដៃនៅឡើយប៉ុណ្ណោះ ចាប់តាំងពីផ្ដួចផ្ដើមគំនិតថា ឲ្យមានមូលនិធិ កែម ឡី នេះឡើង។ ប៉ុន្តែលុយដែលមានស្រាប់ហើយនេះ បានផ្ទេរបន្តទៅគណៈកម្មការរៀបចំសាងសង់ចេតិយសម្រាប់តម្កល់សពលោកបណ្ឌិត កែម ឡី រួចទៅហើយ។
កាលពីថ្ងៃទី៨ ខែមីនា គណៈកម្មការរៀបចំចេតិយ បានបុកគ្រឹះរួចរាល់ហើយនៅត្រង់បរិវេណផ្នូរលោកបណ្ឌិត កែម ឡី តែម្ដង។ តាមគម្រោង ចេតិយនេះនឹងចាប់ផ្ដើមសាងសង់នៅចំថ្ងៃបុណ្យខួប ១ឆ្នាំ នៃឃាតកម្មបាញ់ប្រហារលោកបណ្ឌិត កែម ឡី។
លោក សៅ កុសល សមាជិកគណៈកម្មការរៀបចំចេតិយតម្កល់សពលោកបណ្ឌិតអះអាងកាលពីថ្ងៃទី១០ មិថុនា ថា ថ្វីត្បិតមកដល់ពេលនេះ ថវិកាដែលគ្រោងចំណាយធ្វើចេតិយមិនទាន់គ្រប់គ្រាន់ ប៉ុន្តែគម្រោងសាងសង់នេះ នឹងចាប់ផ្ដើមចេញរូបរាងហើយ៖ «យើងរៀបចំធ្វើកម្មវិធីខួប ១ឆ្នាំ និងពិធីបើកការដ្ឋានចេតិយផង។ ឥឡូវនេះចេតិយយើងចាប់ផ្ដើមបុកគ្រឹះហើយ គ្រាន់តែថា បើកជាផ្លូវការយើងអត់ទាន់ចាំថ្ងៃខួបហ្នឹងតែម្ដង»។
តាមគម្រោងចំណាយសម្រាប់ស្ថាបនាចេតិយនេះ គឺត្រូវការលុយប្រមាណ ២លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែជាក់ស្ដែងនៅពេលនេះគឺមានលុយនៅក្នុងដៃជាង ៦ពាន់ដុល្លារនៅឡើយ។ លោកបណ្ឌិត មាស នី ជាអ្នករ៉ាប់រងមូលនិធិ កែម ឡី ឲ្យដឹងថា ដោយសារមូលនិធិនេះ មិនទាន់ត្រូវបានស្នើសុំចុះបញ្ជិកាតាមច្បាប់ និងកំណត់ទិសដៅសម្រាប់ប្រតិបត្តិការ ហេតុនេះមូលនិធិនេះក៏ពុំទាន់រៃអង្គាសថវិកា ហើយអ្នកគាំទ្រលោកបណ្ឌិត កែម ឡី ក៏ពុំទាន់ចាប់អារម្មណ៍នៅឡើយដែរ។
ក្រៅពីនេះ ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ឲ្យដឹងថា នៅថ្ងៃខួបគម្រប់ ១ឆ្នាំនៃការបាញ់ប្រហារលើអ្នកវិភាគសង្គម និងនយោបាយដ៏មានប្រជាប្រិយ ចាប់ពីថ្ងៃទី៩ និងថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ពិធីបុណ្យដ៏ធំនឹងរៀបចំនៅស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ។ទន្ទឹមនឹងនេះ ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ក៏បានអំពាវនាវចំពោះអ្នកគាំទ្រលោកបណ្ឌិតឲ្យចូលរួមពិធីបុណ្យនេះឲ្យបានច្រើនកុះករ៕