ប៉ូលិស៖ ជន​ជាប់​ចោទ​សម្លាប់​លោក កែម ឡី ជិះ​រថយន្ត​ឈ្នួល​ទៅ​​ភ្នំពេញ​អាច​​នៅ​ថ្ងៃ​ទី​១ កក្កដា

ដោយ ហង្ស សាវយុត
2016.07.15
ជួប សម្លាប់ ២០១៦ ៨៥៥ ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

រយៈពេល ៤​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ទាំង​មន្ត្រី​ប៉ូលិស​មក​ពី​ក្រសួង​មហាផ្ទៃ ទាំង​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ព្រម​ទាំង​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​អង្គរជុំ បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ភូមិ​នគរភាស២ និង​ភូមិ​ទន្លេស ដែល​ជា​កន្លែង​រស់​នៅ​របស់​ប្រពន្ធ និង​ម្ដាយ​នៃ​ជនសង្ស័យ ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ប៉ុន្តែ បើ​ទោះ​បី​ជា​មាន​ការ​ចុះ​ទៅ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​ដូច​នេះ​ក្តី ក៏​មន្ត្រី​ប៉ូលិស​ទាំង​អស់​នៅ​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​យ៉ាង​ណា ឬ​ក៏​បង្ហាញ​ពី​តម្រុយ​របស់​ឃាតក ព្រម​ទាំង​បក្សពួក​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ។

មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គរជុំ អះអាង​ថា បុរស​ដែល​ជា​ជនសង្ស័យ​ក្នុង​ការ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយ​នោះ គឺ​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​របស់​លោក ឈ្មោះ អឿត អាង ពិត​ប្រាកដ មិន​មែន​ឈ្មោះ ជួប សម្លាប់ ហើយ​ក៏​មិន​មែន​ជា​អ្នក​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ទេ។

អធិការ​នគរបាល​ស្រុក​អង្គរជុំ គឺ​លោក ម៉ាន់ សុខាត់។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​កក្កដា ថា តាម​ការ​ស្រាវជ្រាវ​គឺ​បុរស​ឈ្មោះ អឿត អាង ក្រោយ​ពី​សឹក​ពី​បួស ក្នុង​វត្ត​ពើងតាន់ បាន​ចូល​បម្រើ​ការ​ជា​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ប្រចាំ​នៅ​ស្រុក​អង្គរជុំ តាំងតែ​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

​ប៉ូលិស​បាន​រក​ឃើញ​ថា បុរស​ឈ្មោះ អឿត អាង បាន​ចេញ​ពី​ផ្ទះ​ក្នុង​ភូមិ​នគរភាស២ ឃុំ​នគរភាស ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ប្រហែល​ជា​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦ តាម​រថយន្តឈ្នួល ១​គ្រឿង។

ទោះ​ជា​យ៉ាង​ណា លោក​អធិការ​នគរបាល​ដដែល​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ជនសង្ស័យ​នោះ ធ្វើ​ដំណើរ​ទៅ​ជាមួយ​អ្នក​ណា ឬ​ក៏​ទៅ​ស្នាក់នៅ​ភ្នំពេញ ម្ដុំ​ណា​ទេ៖ «ពេល​ដែល​គាត់​ទៅ​ហ្នឹង​គាត់​ប្រាប់​តែ​ប្រពន្ធ​របស់​គាត់​ហើយ គាត់​ឡើង​ឡាន​ឈ្នួល​ទៅ​តែម្នាក់​ឯង»

ទាំង​មន្ត្រី​ប៉ូលិស​មក​ពី​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ប៉ូលិស​ផ្នែក​សន្តិសុខ​ផ្ទៃក្នុង​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​ចុះ​ស៊ើប​អង្កេត​ជា​បន្តបន្ទាប់​ដល់​កន្លែង​ដែល​គ្រួសារ​របស់​ជនសង្ស័យ​រស់​នៅ បន្ទាប់ពី​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​សង្ស័យ​ថា បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​បញ្ហា​សង្គម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា មក។

ទោះ​ជា​យ៉ាង​ណា ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​ការងារ​សន្តិសុខ​ផ្ទៃក្នុង​លោក ហួត សុធី មាន​ប្រសាសន៍​ថា ការ​ដែល​ក្រុម​លោក​ចុះ​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា នោះ មិន​មាន​លទ្ធផល​អ្វី​ទេ។ លោក​ស្នងការ​រង​ដដែល​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ កម្លាំង​របស់​លោក​មិន​ទាន់​ហ៊ាន​ធ្វើ​សកម្មភាព​ស្រាវជ្រាវ​បន្ត​ជុំវិញ​ករណី​ជនសង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់ លោក កែម ឡី យ៉ាង​ណា​ទៀត​ឡើយ គឺ​នៅ​រង់ចាំ​ការ​ឆ្លង​យោបល់​ពី​ថ្នាក់​លើ៖ «ខាង​ប៉ូលិស​មក​ពី​ក្រសួង​មហាផ្ទៃ គេ​អ្នក​ស្រាវជ្រាវ។ ខាង​គេ​កំពុងតែ​ចុះ​ស៊ើបអង្កេត ប៉ុន្តែ​គេ​មិន​ទាន់​បាន​ប្រាប់​អ្វី​មក​យើង​ផង»

អតីត​នាយក​ប្រតិបត្តិ​របស់​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍​ប្រចាំ​ខេត្ត​សៀមរាប លោក មី រដ្ឋា ឱ្យ​ដឹង​ថា លោក​បាន​លា​ឈប់​ពី​អង្គការ​នេះ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។ អង្គការ​នេះ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ភូមិ​ចិនដាំស្ពៃ សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង។

​លោក មី រដ្ឋា បញ្ជាក់​ថា កាល​ពី​លោក​នៅ​ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ សាខា​ខេត្ត​សៀមរាប គឺ​អង្គការ​នេះ​មាន​លើក​ស្លាក​យីហោ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​លាឈប់​មក គឺ​មិន​មាន​កន្លែង​ទីស្នាក់ការ​ទេ នៅ​ខេត្ត​សៀមរាប។

បុរស​ដដែល​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​បុរស​ឈ្មោះ អឿត អាង ដែល​គេ​សង្ស័យ​ថា ជា​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ គឺ​អគ្គនាយក​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ឈ្មោះ ទេព ពេជ្រ ជា​អ្នក​តែងតាំង​ឱ្យ​ចូល​បម្រើ​ការ​នៅ​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ហើយ​រូប​លោក​មិន​ដែល​បាន​ជួប​មុខ​ជន​នោះ​ទេ៖ «អឿត អាង ហ្នឹង កាល​ពី​ខ្ញុំ​នៅ​កាន់​ការងារ​ក្នុង​ខេត្ត​សៀមរាប គឺ​គាត់​ហើយ​និង​ខ្ញុំ​មិន​ដែល​ចេញចូល ហើយ​ក៏​មិន​ដែល​មាន​ទំនាក់ទំនង​ទេ គាត់​ចូល​ធ្វើ​ការ​តាមរយៈ​អគ្គនាយក គឺ​ខ្ញុំ​អត់​ដឹង​រឿង»

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ពី​បុរស​ឈ្មោះ អ៊ុំ អឿង ដែល​ជា​នាយក​ប្រតិបត្តិ​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ប្រចាំ​សាខា​ខេត្ត​សៀមរាប ជំនួស​លោក មី រដ្ឋា នោះ ឱ្យ​ដឹង​ថា ឈ្មោះ អឿត អាង ដែល​ជា​ជនសង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ធ្លាប់​ទូរស័ព្ទ​មក​គាត់​កាល​ពី ៦​ថ្ងៃ​មុន មុន​ពេល​កើតហេតុ ដោយ​ប្រាប់​ថា រូបគេ​បាន​ការងារ​ថ្មី​នៅ​ទីក្រុង​ភ្នំពេញ​ហើយ គឺ​ធ្វើជា​ទាហាន ដោយ​បាន​ប្រាក់​ខែ ៣០០​ដុល្លារ ក្នុង​១​ខែ។

ទោះ​ជា​យ៉ាង​ណា លោក អ៊ុំ អឿង មិន​បាន​ដឹង​ទេ​ថា​តើ អឿត អាង ធ្វើ​ជា​ទាហាន​នៅ​អង្គភាព​ណា ហើយ​តើ​អ្នក​ណា​ជា​អ្នក​ណែនាំ​ការងារ​នោះ​ឡើយ ពីព្រោះ​កំពុង​តែ​សន្ទនា គឺ​ប្រព័ន្ធ​ទូរស័ព្ទ​បាន​ផ្ដាច់ការ​ទាក់ទង។

បើ​ទោះ​បី​ជា មជ្ឈដ្ឋាន​ជា​ច្រើន​នៅ​មាន​ការ​ស្រពិចស្រពិល​ទៅ​លើ​ជនសង្ស័យ​ក្នុង​ការ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ក៏ដោយ ក៏​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​ជន​នោះ ចំនួន ២​ចំណុច គឺ​ទី​១ គឺ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន និង​កាន់​អាវុធ​ខុសច្បាប់ ហើយ​នឹង​ត្រូវ​ជាប់​ទោស​អស់​មួយ​ជីវិត ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ជន​នោះ​មាន​កំហុស។

ចាប់​តាំង​តែ​ពី​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី រហូត​មក​ដល់​ពេល​នេះ អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​យល់​ថា អត្តសញ្ញាណ​របស់​ជន​សង្ស័យ​នៅ​តែ​ច្របូកច្របល់​នៅ​ឡើយ ដោយ​ជន​នោះ​​នៅ​តែ​អះអាង​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ចំណែក​សាក្សី​ជា​ច្រើន​នៅ​ភូមិ​នគរភាស ភូមិ​ទន្លេស ស្រុក​អង្គរជុំ ស្គាល់​ថា ជន​នោះ​ឈ្មោះ អឿត អាង យ៉ាង​ច្បាស់​លាស់​ហើយ​នោះ។

មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ជនសង្ស័យ​នៅ​តែ​អះអាង​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ហើយ​លោក​មិន​ជឿ​ថា សមត្ថកិច្ច​រដ្ឋាភិបាល​អសមត្ថភាព​រហូត​ដល់​រក​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ពិត​ប្រាកដ​មិន​ឃើញ​នោះ​ទេ៖ «ឃើញ​ថា មាន​ភាព​ខុស​គ្នា​រវាង​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ គឺ​មាន​ការ​លាត​ត្រដាង​ភ្លាមៗ ប៉ុន្តែ​ករណី​សម្លាប់​លោក កែម ឡី បើ​ទោះ​បី​ជា​ជនសង្ស័យ ត្រូវ​បាន​ចាប់​ខ្លួន ក៏​មិន​ទាន់​មាន​ការ​លាតត្រដាង​ណា​មួយ​នៅ​ឡើយ»

ទាំង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​រក​ឃាតក​ពិត​ប្រាកដ​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។