សហរដ្ឋ​​អាមេរិក​និង​​អូស្ត្រាលី​ជូនពរ​​ពលរដ្ឋ​កម្ពុជា​​ឲ្យ​​មាន​​សុខភាព​​ល្អ សុវត្ថិភាព និង​​ឆាប់​រួច​ផុត​​ពី​​ជំងឺ​​ឆ្លង​កូវីដ-១៩ ដើម្បី​​ដោះស្រាយ​​បញ្ហា​​ប្រឈម​​រួមគ្នា​

ដោយ ខែ សុណង
2021-04-15
Share
សហរដ្ឋ​​អាមេរិក​និង​​អូស្ត្រាលី​ជូនពរ​​ពលរដ្ឋ​កម្ពុជា​​ឲ្យ​​មាន​​សុខភាព​​ល្អ សុវត្ថិភាព និង​​ឆាប់​រួច​ផុត​​ពី​​ជំងឺ​​ឆ្លង​កូវីដ-១៩ ដើម្បី​​ដោះស្រាយ​​បញ្ហា​​ប្រឈម​​រួមគ្នា​ (ឆ្វេង) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​​កម្ពុជា​លោក ប៉ាប្លូ កាង (Pablo Kang) និងរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken)។
រូប៖ RFA

សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ផ្ញើសារ​ជូនពរ​ពលរដ្ឋ​កម្ពុជា​ឲ្យ​មាន​សុខភាព​ល្អ សុវត្ថិភាព និង​ឆាប់​រួច​ផុត​ពី​ជំងឺ​ឆ្លង​កូវីដ-១៩ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken) សរសេរ​សារ​​នៅ​លើ​​គេហទំព័រ​​របស់​​ក្រសួង​ការបរទេស​​អាមេរិក​​នៅ​​ថ្ងៃទី១៤ ខែមេសា​ អបអរសាទរ​​ពិធី​​បុណ្យ​​ចូលឆ្នាំ​ថ្មី។ លោក​ថា ក្នុង​ស្ថានភាព​​ដែល​​សហគមន៍​​នៅ​ជុំវិញ​​ពិភពលោក​​កំពុង​​តែ​រួមគ្នា​​ជម្នះ​បញ្ហា​​ប្រឈម​​ដែល​​មិន​​ធ្លាប់​​មាន​​ពី​មុន​​មក​​នេះ សហរដ្ឋ​​អាមេរិក​​សង្ឃឹម​ថា នឹង​​រក​​មធ្យោបាយ​​ដើម្បី​​ធ្វើឲ្យ​ប្រសើរ​​ឡើង​នូវ​​គោលដៅ​រួម​គ្នា​​ជាមួយ​កម្ពុជា​​នៅ​ក្នុង​ឆ្នាំ​ថ្មី​​នេះ។

រីឯ​​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​​កម្ពុជា​លោក ប៉ាប្លូ កាង (Pablo Kang) បាន​​ផ្ញើសារ​​ជូន​ពរ​​ជា​​វីឌីអូជាង ​២នាទីថា ​ក្នុង​នាម​​ជា​​មិត្ត​និង​អ្នក​ជិតខាង​ អូស្ត្រាលី​​ឈរ​ជា​មួយ​​កម្ពុជា​​ដើម្បី​​ជួយ​​សង្គ្រោះ​ជីវិត និង​ធ្វើការ​​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ស្ដារ​ឡើង​វិញ​​ក្រោយ​​ពី​​វិបត្តិ​នៃ​ការ​​រាតត្បាត​​នៃ​ជំងឺ​កូវីដ-១៩ នេះ។

លោក​បាន​​លើកឡើង​ថា អូស្ត្រាលី​បាន​​ប្ដេជ្ញា​ផ្ដល់​​ថវិកា​ជាង ​២៨លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ការ​​ចាក់​វ៉ាក់សាំង​​ដែល​​មាន​​សុវត្ថិភាព និង​​ប្រសិទ្ធភាព​នៅ​​កម្ពុជា។ ការ​គាំទ្រ​​នេះ គឺ​ធ្វើ​ឡើង​បន្ថែម​​ពី​លើ​​កម្មវិធី​​សហប្រតិបត្តិការ​ទ្វេរភាគី​​ប្រចាំ​ឆ្នាំ​​ដែល​មាន​ទឹកប្រាក់​​ចំនួន ​៥០លាន​ដុល្លារអាមេរិក។

ពី​ប្រទេសអូស្ត្រាលី​​ដែរ នាយករដ្ឋមន្ត្រី​នៃ​​ប្រទេស​​នេះ​លោក ស្កុត ម៉ូរីសុន (Scott Morrison) ក៏​បាន​​ផ្ញើសារ​ជូនពរ​​ប្រជាពលរដ្ឋ​កម្ពុជា​​ទាំងអស់ នៅក្នុង​​ប្រទេស​អូស្ត្រាលី ប្រទេសកម្ពុជា និង​​នៅ​ជុំវិញ​ពិភពលោក​​ឲ្យ​មាន​​សុវត្ថិភាព សុខភាពល្អ និង​រីករាយ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ។

លោក​សង្ឃឹម​​ថា ទោះជា​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​​មាន​ភាព​ខុសប្លែក​​ជា​ថ្មី​ម្តង​ទៀត​​នៅ​ឆ្នាំ​នេះ ​ក៏​ដោយ​​ក៏​ថ្ងៃ​ល្អ​ប្រសើរ​​នឹង​​មក​​ដល់​​នាពេល​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល