ក្រសួង​អប់រំ និង​សង្គម​ស៊ីវិល​ថា យុវវ័យ​មាន​ការ​យល់​ដឹង​ពី​ថ្ងៃ១៤ កុម្ភៈ ល្អ​ប្រសើរ​ជាង​មុន

ដោយ សន ចាន់រដ្ឋា
2019-02-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្កា​កូឡាប​ដែល​ត្រូវ​បាន​ពលរដ្ឋ​ដាក់​លក់​នៅ​តាម​ផ្លូវ​មួយ នា​រាជធានី​ភ្នំពេញ ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ​២០១៧។ Photo provided
ផ្កា​កូឡាប​ដែល​ត្រូវ​បាន​ពលរដ្ឋ​ដាក់​លក់​នៅ​តាម​ផ្លូវ​មួយ នា​រាជធានី​ភ្នំពេញ ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ​២០១៧។ Photo provided
Photo provided

ក្រសួង​អប់រំ​អះអាង​ថា សិស្ស និង​យុវវ័យ បច្ចុប្បន្ន​មានការ​យល់ដឹង​ល្អ​ជាង​មុន ចំពោះ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់ ១៤ កុម្ភៈ ឬ​វ៉ាលែនថាញដេ (Valentine's day) បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុន​។ សមាគម​គ្រូបង្រៀន ថា បើ​ទោះ​ជា​អាច​ថយ​ចុះ សកម្មភាព​រួមភេទ​ក្នុង​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ប៉ុន្តែ​សិស្ស​ខ្លះ នៅតែ​ជ្រួលជ្រើម ទិញ​ផ្កា កាដូ ឱ្យ​គ្នា ដើម្បី​បង្ហាញ​ក្ដី​ស្រលាញ់​។ ឯ​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្លះ នៅតែ​បង្កប់​សារ ក្នុង​អត្ថន័យ ការ​រួម​ភេទ សម្រាប់​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ប្រាប់​អាស៊ីសេរី ថា សិស្ស នៅ​តាម​សាលារៀន ជាច្រើន បាន​យល់ដឹង​ច្រើន ចំពោះ​ទិវា​ក្ដី​ស្រលាញ់ ដោយ​មិន​នាំគ្នា​ប្រព្រឹត្តិ​អំពើ​ខុសឆ្គង​ដូច​មុន​។ លោក រស់ សុវាចា អះអាង​ថា ពេញ​មួយ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំនេះ សិស្សានុសិស្ស និង​សាស្ត្រាចារ្យ​ភាគច្រើន បាន​ចូលរួម​គោរព​កាតព្វកិច្ច​ល្អ របស់​ពួកគេ​បាន​ល្អ ហើយ​មានការ​ថយ​ចុះ ករណី​យល់​ច្រឡំ ចំពោះ​ថ្ងៃ​១៤ កុម្ភៈ៖ «ជា​រួម​យោង​ទៅលើ​ស្មារតី​លិខិត​សេចក្ដីប្រកាស​ប្រចាំ​ឆ្នាំ​ហ្នឹង គឺ​យើង​ឃើញ​ថា មានការ​ចូលរួម​ច្រើន​។ នៅ​ក្នុង​ថ្ងៃនេះ​ផ្ទាល់ យើង​សង្កេត​ឃើញ​ថា ទិដ្ឋភាព​រួម មានការ​ចូលរួម​រឹត​តែ​ច្រើន ដោយសារ​ប្អូនៗ សិស្សានុសិស្ស ក៏ដូចជា យុវជន ហើយ​និង លោកគ្រូ អ្នកគ្រូ មាតាបិតា ក៏ដូចជា សហគមន៍​ទូទៅ​ដែរ គឺ​គាត់​មានការ​ថយ​ចុះ​នូវ​ភាព​យល់​ច្រឡំ លើ​ថ្ងៃ​១៤ កុម្ភៈ ហើយ​គាត់​បាន​បំពេញ​តួនាទី​របស់​គាត់​រៀងៗ​ខ្លួន»

ទិវា​ក្ដី​ស្រលាញ់ ថ្ងៃ​ទី​១៤ កុម្ភៈ ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា ពិសេស​យុវវ័យ យល់​ច្រឡំ ជា​ថ្ងៃបុណ្យ​សង្សារ សម្រាប់​ការ​រួម​ភេទ ជាមួយ​ដៃគូ ​ឬសង្សារ ជា​យុវវ័យ ឬ​សិស្សសាលា​។ មុន​ថ្ងៃ​ទី​១៤ កុម្ភៈ ជា​រៀងរាល់​ឆ្នាំ អាជ្ញាធរ ក្រសួង​អប់រំ និង​សង្គម​ស៊ីវិល តែង​បង្កើន​សារ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ ការ​យល់​ច្រឡំ​ចំពោះ​ថ្ងៃ​ទី​១៤ កុម្ភៈ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សារ​ផ្សព្វផ្សាយ​នៅមុន​ថ្ងៃ​ទី​១៤ កុម្ភៈ ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ (Valentine’s Day) របស់​ប្រទេស​លោក​ខាងលិច កាន់​តែ​មាន​ឥទ្ធិពល​អវិជ្ជមាន​ធំ​ឡើងៗ ធ្វើ​ឱ្យ​សិស្សានុសិស្ស និង​យុវវ័យ​មួយ​ចំនួន ជ្រួលជ្រើម​ខ្លាំង ភ្លេច​គិត​ការ​រៀន​សូត្រ បណ្ដាល​ឱ្យ​បាត់បង់​សេចក្ដីថ្លៃថ្នូរ របស់​ខ្លួន និង​ក្រុម​គ្រួសារ រួម​ទាំង​ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ​ទៀត​ផង។ ថ្ងៃ នៃ​ក្ដី​ស្រឡាញ់​នេះ បង្កើត​ឡើង​សម្រាប់ ជា​ថ្ងៃ​បង្ហាញ​ពី ការ​ស្រឡាញ់​គ្នា​រវាង​ឪពុក និង​កូន ឬ​អ្នកមាន​ទំនាក់ទំនង​រាប់អាន​គ្នា គឺ​មិនមែន​សំដៅ​ជា​ថ្ងៃ​បង្ហាញ​ការ​ស្រឡាញ់​គ្នា​ដោយ​ចំណង់​ផ្លូវ​ភេទ​នោះ​ទេ។

ចំណែក​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខេត្ត​ខ្លះ ក៏បាន​អំពាវនាវ និង​ប្រកាស​រឹត​បន្តឹង តាម​ទីតាំង ផ្ទះសំណាក់ សណ្ឋាគារ ដើម្បី​បញ្ចៀស​សកម្មភាព​ការ​កើនឡើង​នៃ​សិស្សសាលា នាំគ្នា​រួមភេទ​ក្នុង​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ១៤ កុម្ភៈ​។ អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ការ​យល់​ដឹង​របស់​យុវជន​នៃ​អត្ថន័យ​ពិត​របស់ ទិវា​នៃ​ក្អី​ស្រឡាញ់​នៅ​តែ​មាន​បញ្ហា។

ប្រធាន​សមាគម​គ្រួ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយា​វី សង្កេត​ឃើញ​ថា សិស្សានុសិស្ស​នៅ​តាម​សាលា​ខ្លះ នៅ​ជាយ​រាជធានី​ភ្នំពេញ ហាក់​នៅតែ​ជ្រួលជ្រើម ក្នុង​ការទិញ​ផ្កា ឬ​កាដូ ជូន​ដៃគូ​សង្សារ នៅ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់​។ តែ​ទោះយ៉ាង​ណា សង្គម​ស៊ីវិល​រូប​នេះ សង្កេតឃើញ ស្រដៀង​ក្រសួង​អប់រំ​ដែរ គឺ​ចំនួន​នៃ​សិស្សានុសិស្ស យល់​ច្រឡំ ចំពោះ​ថ្ងៃ​១៤ កុម្ភៈ បាន​ថយ​ចុះ​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​មុនៗ៖ «ទោះបីជា​ក្រសួង​អប់រំ ចេញ​សេចក្ដីថ្លែងការណ៍ មិន​ឱ្យ​ប្អូនៗ ជ្រួលជ្រើម​នៅ​ក្នុង​ថ្ងៃ​នៃ​បុណ្យ​ក្ដី​ស្រលាញ់​មែន តែ​ទោះ​យ៉ាងណា ក៏​សិស្សានុសិស្ស​យើង​បង្ហាញ​ពី​ក្ដី​ស្រលាញ់»

នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ កញ្ញា សេង រាសី សង្កេត​ឃើញ​ថា សកម្មភាព​ចូលរួម​ទិញ​ផ្កា របស់​សិស្សសាលា ហាក់​មិនសូវ​អ៊ូអរ ដូច​ឆ្នាំ​កន្លង​ទេ​។ កញ្ញា សេង រាសី យល់ថា ទាំង​យុវវ័យ និង​ពលរដ្ឋ​បាន​យល់ដឹង​ច្រើនជាង​មុន​។ ប៉ុន្តែ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​វិញ សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ទោះជា សារ​ជាច្រើន បង្ហាញ​ពី​ទិវា​ក្ដី​ស្រលាញ់ ចំពោះ​អ្នក​ទូទៅ តែ​នៅតែ​មានការ​បង្កប់​អត្ថន័យ​នៃ​ការ​រួម​ភេទ៖ «ខ្ញុំ​គិត​ថា តាមរយៈ​ការ​ជជែក និង​ការ​ផ្សព្វផ្សាយ​ច្រើន​។ ការ​ជជែក និង​ការ​ផ្សព្វផ្សាយ​ច្រើន ដើម្បី​បង្ហាញ​ពី​អត្ថន័យ ហើយ​នឹង​ប្រវត្តិ​ឱ្យ​បាន​ច្បាស់ អ្វី​ពី​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ហ្នឹង​។ ខ្ញុំ​ឧទាហរណ៍​ថា (​អង្គការ) សីល​ការ ក៏​ធ្លាប់​ចេញ​វីដេអូ ឬមួយ​ក៏​អ្វី​ផ្សេងៗ​ដែរ បញ្ជាក់​អត្ថន័យ​ឱ្យ​មនុស្ស​យល់ថា បុណ្យ​នៃ​ក្ដី​ស្រលាញ់ មិនមែន​ជា​បុណ្យ​អ្វី​ទេ​។ ខ្ញុំ​គិត​ថា តាម​អ្វី​ដែល​បញ្ជាក់ និង​ផ្សព្វផ្សាយ ជា​អ្វី​ដែល​យុវវ័យ​បាន​យល់»

អ្នកស្រាវជ្រាវ​សុខភាព​សាធារណៈ លោក តុង សុប្រាជ្ញ បង្ហាញ​របាយការណ៍​រក​ឃើញ​ថា ភាគរយ​យុវវ័យ គិត​ថា ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់ ជា​ថ្ងៃ​សម្រាប់​រួមភេទ នៅ​ឆ្នាំ​២០១៩​នេះ បាន​ថយ​ចុះ​ជាង​ពាក់កណ្ដាល បើ​ប្រៀបធៀប កាលពី​១០​ឆ្នាំមុន​។ លោក តុង សុប្រាជ្ញ ស្ទង់​មតិ​រក​ឃើញ​ថា កាលពី​១០​ឆ្នាំមុន គឺ​ឆ្នាំ​២០០៩ អត្រា​ភាគរយ សម្រាប់​យុវវ័យ គិត​ថា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ១៤ កុម្ភៈ ជា​ថ្ងៃ​សម្រាប់​រួមភេទ មាន​ចំនួន ១២,៤ ភាគរយ ចំណែក​ឆ្នាំ​២០១៩ គឺ​ថយ​ចុះ​ត្រឹម ៥,៤​ភាគរយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល