ព្រះសង្ឃ ប៊ុត ប៊ុនតិញ កំពុង​ភ័យ​ព្រះ​កាយ​ពី​ការ​គំរាម​របស់​សមត្ថកិច្ច​ខេត្ត​សៀមរាប

ដោយ តាំង សារ៉ាដា
2017-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពេល​ព្រះអង្គ​ដឹក​នាំ​ព្រះសង្ឃ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះរកា ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពេល​ព្រះអង្គ​ដឹក​នាំ​ព្រះសង្ឃ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះរកា ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Chuop Sereyroth

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជំរុញ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​ព្រះ​កាយ​របស់​ព្រះអង្គ ដោយសារ​មាន​មន្ត្រី​នគរបាល​ខេត្ត​ចំនួន ៦​នាក់ បាន​នាំ​គ្នា​ទៅ​គំរាម​អ្នកស្រុក​វ៉ារិន និង​អ្នក​ស្រុក​អង្គរធំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា។

ព្រះអង្គ​មាន​ថេរដីកា​ថា ក្រុម​ប៉ូលិស​ទាំង​នោះ​បាន​ហាម​មិន​អោយ​ពលរដ្ឋ ឬ​ព្រះសង្ឃ​ដទៃ​ទៀត​ចូលរួម​ស្ដាប់​ការ​ថ្លែង​របស់​ព្រះអង្គ​ទាក់ទិន​នឹង​បញ្ហា​ព្រៃឈើ បញ្ហា​បោះឆ្នោត និង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត​នោះ​ឡើយ។

ព្រះតេជព្រះគុណ​អះអាង​ថា សមត្ថកិច្ច​ព្រមាន បើ​មិន​ស្ដាប់​តាម​ពួកគេ​ទេ អាច​នឹង​មាន​គ្រោះ​ថ្នក់​ទាំង​អស់​គ្នា៖ «ប៉ូលិស​តាម ៦​នាក់ ឲ្យ​អាត្មា​ទៅ​ម្សិលមិញ​ ល្ងាច​ម៉ោង​ប្រហែល ៥ ហ្នឹង ពេល​អាត្មា​ចេញ​ផុត​ពី​ព្រៃ ពេល​នោះ​ប៉ូលិស​បាន​ចូល​ទៅ​គំរាម​នៅ​តំបន់​ហ្នឹង ហើយ​ប្រទាក់​ក្រឡា​គ្នា ព្រឹក​ឡើង​គេ​ឡើង​ទៅ​មើល​ម្ដង​ទៀត។ គេ​ទៅ​តាម​មើល​ដល់​ស្រុក​កំណើត​របស់​អាត្មា​ដែរ គឺ​ក្រុម​ប៉ូលិស​ឃុំ​ហ្នឹង។ គេ​ទៅ​គំរាម​ចំ​ឈ្មោះ​អាត្មា​ហើយ គេ​ហាម ប្រសិនបើ​អ្នក​នៅ​នឹង​ព្រៃ​ហ្នឹង ហ៊ាន​ចូលរួម​ទៀត នោះ​នឹង​មាន​គ្រោះថ្នាក់​ហើយ»

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជា​ព្រះសង្ឃ​ដែល​តែង​រិះគន់​ធ្ងន់ៗ​ដល់​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ព្រះអង្គ​ក៏​ជា​សកម្មជន​ការពារ​បរិស្ថាន​ដ៏​សកម្ម​មួយ​អង្គ​ដែល​ជា​រឿយៗ តែង​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​ក្នុង​ករណី​ឃ្លាំមើល​ការ​បំផ្លាញ​ព្រៃឈើ និង​ការ​ពន្យល់​អំពី​បញ្ហា​បោះ​ឆ្នោត និង​បញ្ហា​នយោបាយ​របស់​ប្រទេស។

​ជាង​នេះ​ទៅ​ទៀត ព្រះអង្គ​ក៏​ធ្លាប់​ជា​មនុស្ស​ដែល​ស្និទ្ធស្នាល​ជាមួយ​នឹង​លោក​បណ្ឌិត កែម ឡី មុន​ពេល​លោក​បណ្ឌិត​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​បដិសេធ​ទទួល​យក​មេដាយ​កិត្តិយស​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ព្រះអង្គ​ក៏​ធ្លាប់​បាន​ចេញ​មុខ​ជំរុញ​អោយ​អាជ្ញាធរ​ចាប់​ខ្លួន​មន្ត្រី​អាជ្ញាធរ​អប្សរា​ពីរ​រូប ពី​បទ​កាប់​ឈើ​គ្រញូង​ដែល​មាន​អាយុកាល​ជាង ២០០​ឆ្នាំ ខុស​ច្បាប់​ក្នុង​បរិវេណ​អង្គរ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល