អាជីវករលក់បាយម្ហូប និងបង្អែមទឹកក្រឡុកនៅផ្សារអគ្គៈថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី៣១ សីហា តវ៉ានៅមុខសាលាក្រុង ដើម្បីឲ្យអាជ្ញាធរបញ្ឈប់ថៅកែផ្សារនេះដំឡើងថ្លៃតូបលក់ដូរដល់ពួកគាត់បន្តទៀត។ ការតវ៉ានេះ បន្ទាប់ពីក្រុមអាជីវករស្នើសុំទៅថៅកែផ្សារ ឲ្យយកតម្លៃតូបដូចដើមដដែល ប៉ុន្តែពុំទទួលបានលទ្ធផល។
ក្រុមអាជីវករលក់ដូរនៅផ្សារអគ្គៈថ្មី ក្រុងប៉ោយប៉ែត សម្ដែងការមិនពេញចិត្តនឹងថៅកែផ្សារនេះ ថាជាការដំឡើងថ្លៃតូបខ្ពស់កប់ពពកតាមអំពើចិត្ត ដែលមិនអាចទទួលយកបានឡើយ។
តំណាងក្រុមអ្នកតវ៉ាជាអាជីវករលក់បង្អែម និងទឹកក្រឡុកនៅផ្សារអគ្គៈថ្មី លោកស្រី វួច ស៊ីម ប្រាប់អាស៊ីសេរី តាមទូរស័ព្ទនៅថ្ងៃទី៣១ សីហា ថា ថៅកែផ្សារនេះបានដំឡើងថ្លៃឈ្នួលតូបលក់ដូរមួយតម្លៃ ៤ពាន់បាត ឬប្រមាណ ៤៥ម៉ឺនរៀលក្នុងមួយខែ ដែលខ្ពស់ហួសហេតុខុសពីតម្លៃដើម គឺតូបមួយប្រមាណ ១៨ម៉ឺនរៀលប៉ុណ្ណោះ។ លោកស្រីអះអាងថា តម្លៃឈ្នួលតូបដែលថៅកែផ្សារជាប់ព្រំដែនខ្មែរ-ថៃមួយនេះតម្រូវឲ្យពួកគាត់បង់ប្រាក់ថ្លៃនោះ គឺខ្ពស់កប់ពពក ដែលមិនអាចលក់ដូររកប្រាក់កម្រៃបង់ថ្លៃតូបបានឡើយ៖ « យើងលក់វាមិនបានចំណេញ រត់មិនរួច ណាមួយថ្លៃផ្ទះ និងថ្លៃទឹកភ្លើងផង។ ម្យ៉ាងទៀតខែនេះជារដូវភ្លៀង ហើយយើងលក់បានតែពេលយប់ទេ » ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ថៅកែផ្សារអគ្គៈថ្មី ឈ្មោះ ណាង ថ្លែងថា តម្លៃតូបថ្មីប្រមាណ ៤៥ម៉ឺនរៀលក្នុងមួយតូបនោះ គឺជាតម្លៃមួយសមរម្យដែលអាចទទួលយកបាន។ លោកស្រីអះអាងថា មានក្រុមអ្នកតវ៉ាមួយចំនួនតូចប៉ុណ្ណោះដែលមិនពេលចិត្តនឹងតម្លៃនេះ ចំណែកឯអ្នកលក់ដូរភាគច្រើន គឺជារឿងធម្មតា៖ « ខាងខ្ញុំយកតម្លៃប៉ុណ្ណឹង គឺខាងភ្លើង និងអនាម័យ ខ្ញុំអត់បានយកពីពួកគាត់ គឺគាត់តភ្លើងដាក់ដោយខ្លួនឯង ហើយកន្លែង គឺខ្ញុំធ្វើថ្មីជូនពួកគាត់ គឺមានចាក់សាប និងដាក់ដំបូលថ្មី » ។
អាស៊ីសេរី ពុំអាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត គឺលោក ង៉ោ ម៉េងជ្រួន ដើម្បីសុំការពន្យល់ពីការស្នើសុំរបស់ក្រុមអ្នកតវ៉ាបានទេ នៅថ្ងៃទី៣១ សីហា។
ក្រុមអ្នកតវ៉ាអះអាងថា អាជ្ញាធរក្រុងបានប្រាប់ពួកគាត់ឲ្យលក់ដូរជាធម្មតា ដោយពុំមានបង់ថ្លៃតូបមួយរយៈសិន ហើយអាជ្ញាធរក្រុងនឹងចុះដោះស្រាយប្រមាណមួយសប្ដាហ៍ក្រោយពីការតវ៉ានេះ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ថា ការតវ៉ានេះ គឺជាទុក្ខលំបាករបស់ក្រុមអាជីវករ ដោយសារពួកគាត់មិនអាចរកប្រាក់ចំណូលបង់ថ្លៃតូបគ្រប់ចំនួន ដែលអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងថ្លឹងថ្លែងដោះស្រាយតាមសំណូមពររបស់ពួកគាត់៖ « ទោះបីយ៉ាងណា សូមឲ្យថ្លែងឲ្យបានទូលំទូលាយទៅលើស្ថានភាពជាក់ស្ដែងទៅ ព្រោះរាល់ថ្ងៃនេះមិនប្រាកដថាអាជីវករសុទ្ធតែលក់ដូរបានប្រាក់ចំណេញច្រើនទេ ព្រោះអីចរន្តមនុស្សបានចេញទៅក្រៅប្រទេសក៏វាច្រើនដែរ ហើយមនុស្សនៅក្នុងស្រុកយើងបាត់បង់ខុសពីចំនួនពលរដ្ឋជាក់ស្ដែង » ។
ទោះបីជាយ៉ាងណា ក្រុមអ្នកតវ៉ាបញ្ជាក់ថា ប្រសិនបើអាជ្ញាធរក្រុងមិនបានដោះស្រាយតាមសំណើរបស់ពួកគាត់ទេ នោះពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។