អ្នក​លក់​ដូរ​តាម​កញ្ច្រែង​នៅ​ផ្សារ​ដើមគ​ថា​ពួកគាត់​នៅ​តែ​ត្រូវ​បង់​លុយ​ដើម្បី​បាន​លក់​ដូរ

ដោយ ប្រាជ្ញ ចេវ
2016.12.29
អ្នក​លក់​ដូរ​នៅ​ផ្សារ​ដើមគរ ៨៥៥ អ្នក​លក់​ដូរ​បន្លែ​​​នៅ​ផ្សារ​ដើមគ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA

ក្រុម​ពលរដ្ឋ​លក់​ដូរ​បន្លែ​តាម​កញ្ច្រែង​តិចតួច​នៅ​ម្ដុំ​ផ្សារ​ដើមគ រិះគន់​សារាចរ​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​លុបចោល​ការ​យក​ភាស៊ី​ពី​អ្នក​លក់ដូរ​តាម​កញ្ច្រែង​ថា គ្មាន​ប្រសិទ្ធភាព។

ក្រុម​អាជីវករ​ទាំង​នោះ​អះអាង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន មិន​ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​ឡើយ។ ទាក់ទង​ករណី​នេះ អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លើក​ឡើង​ថា ក្រុម​អ្នក​រិះគន់​នោះ​មិន​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ពលរដ្ឋ​ដែល​ទទួល​បាន​ការ​អនុគ្រោះ​តាម​សារាចរ​ស្ដីពី​ការ​លុប​ចោល​ការ​បង់​ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ឡើយ។

បើ​ទោះ​ជា​សារាចរ​ស្ដីពី​ការ​លុប​ការ​បង់​ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី បាន​ចូល​ជា​ធរមាន​ជាង ២០​ថ្ងៃ​ហើយ​ក្ដី ប៉ុន្តែ​ការ​អនុវត្ត​របស់​មន្ត្រី​ថ្នាក់​ក្រោម​នៅ​តែ​រង​ការ​រិះគន់​ពី​ក្រុម​ពលរដ្ឋ​ថា នៅ​តែ​មាន​អ្នក​មក​យក​ថ្លៃ​ភាស៊ី និង​ថ្លៃ​សេវា​ផ្សេងៗ​ដដែល។  ការ​ងាក​មក​គិតគូរ​ដល់​ពលរដ្ឋ​រក​ស៊ី​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​ចិញ្ចឹម​ក្រពះ​ពី​សំណាក់​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ប្រទេស​ជាង ៣០​ឆ្នាំ​មក​ហើយ​នេះ ត្រូវ​អ្នក​វិភាគ​សង្គម​យល់​ថា គឺ​បក្ស​កាន់​អំណាច​ព្យាយាម​ចង់​បាន​ប្រជាប្រិយភាព​របស់​ខ្លួន​ពី​ពលរដ្ឋ​ក្រីក្រ ខណៈ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣ កន្លង​ទៅ គណបក្ស​នេះ​បាត់​កៅអី​អស់ ២២​កៅអី។ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា ការ​ភ្ញាក់​ខ្លួន​នេះ ដូចជា​ចង់​យឺត​ពេល​ទៅ​ហើយ។

អ្នក​លក់​ដូរ​ខ្ទឹម អំបិល ម្ទេស ក្រោម​ឆត្រ​នៅ​ផ្សារ​ដើមគ លោកស្រី ឈឺ ម៉ៅ  និយាយ​ថា លោកស្រី​ដឹង​ថា ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ថា អ្នក​លក់​ដូរ​ដូច​លោកស្រី​មិន​តម្រូវ​បង់​ភាស៊ី​ទេ ប៉ុន្តែ​ដើម្បី​លោកស្រី​អាច​លក់​ដូរ​នៅ​ទី​នេះ​បាន លោកស្រី​ត្រូវ​បង្ខំ​ចិត្ត​បង់​លុយ​ប្រចាំថ្ងៃ​អស់​មួយ​ថ្ងៃ ១​ពាន់​រៀល និង​បង់​លុយ​ប្រចាំ​ខែ​ចំនួន​ពីរ​ម៉ឺន​រៀល​ដូច​មុន​ដដែល៖ «»។

តាម​រយៈ​ការ​សម្ភាស​ក្រុម​ពលរដ្ឋ​ទោះ​តិច ឬ​ច្រើន ពួកគេ​នៅ​តែ​ត្រូវ​បង់​ប្រាក់​ទៅ​សន្តិសុខ​ផ្សារ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​អាច​លក់​ដូរ​នៅ​ទី​នេះ​បាន​សុខ។ ពួកគេ​មាន​តូប ឬ​កន្លែង​លក់ដូរ​ធំ​ដុំ អ្នក​ខ្លះ​លក់​ក្រោម​ឆត្រ និង​អ្នក​ខ្លះ​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ជា​រឿយ​ក្រុម​ពលរដ្ឋ​ត្រូវ​ក្រុម​សន្តិសុខ​ផ្សាយ​បណ្ដេញ​ចេញ ឬ​ចាប់​លើក​បន្លែ​លើ​រទេះ​ក្រោម​ហេតុផល​ថា រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ៖ «»។

អ្នក​លក់​ដូរ​បន្លែ​ម្នាក់​ទៀត​នៅ​ផ្សារ​ដើមគ លោកស្រី  សុខ សារ៉ាន និយាយ​ថា ក្នុង​មួយ​ថ្ងៃៗ​លោកស្រី​ត្រូវ​បង់​ប្រាក់​ទៅ​សន្តិសុខ​ផ្សារ លុយ​ភាស៊ី ថ្លៃ​អនាម័យ។ លោកស្រី​ថា ប្រសិនបើ​លោកស្រី​មិន​បង់​លុយ​ទេ នឹង​ត្រូវ​ក្រុម​ទាំង​នេះ​ចាក់​បន្លែ​គាត់​ចោល៖ «»។

​ក្រុម​ពលរដ្ឋ​និយាយ​ថា មិន​ដែល​មាន​សន្តិសុខ​ផ្សារ ឬ​អ្នក​គ្រប់គ្រង​ផ្សារ​មក​ប្រាប់​ថា មាន​ប្រកាស​ពី​នាយករដ្ឋមន្ត្រី​ឲ្យ​ឈប់​យក​ភាស៊ី​ពី​អ្នក​លក់​ដូរ​តិចតួច​តាម​កញ្ច្រែង ល្អី ឬ​ថ្លែង​សេវា​ផ្សេងៗ​ទៀត​នោះ​ឡើយ ប៉ុន្តែ​ពួកគាត់​គ្រាន់​តែ​ដឹង​ពី​ការ​ប្រកាស​នេះ​តាម​សារព័ត៌មាន​ប៉ុណ្ណោះ។

មិន​ខុស​គ្នា​ពី​អ្នក​លក់​បន្លែ អ្នក​លក់​ពង​ទា​តាម​កង់​ម្នាក់ លោក សុខា ដែល​បណ្ដើរ​កង់​លក់​ជុំវិញ​ផ្សារ​ដើមគ និង​នៅ​តាម​រោងចក្រ​ដែល​នៅ​តែ​បង់​លុយ​ភាស៊ី​រាល់​ថ្ងៃ​ស្នើ​ឲ្យ​ទៅ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ពី​សារាចរ​នៃ​ការ​លុប​ការ​បង់​ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី៖ «»។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គ្រប់គ្រង​ផ្សារ​ដើមគ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ក្រុម​ពលរដ្ឋ ប៉ុន្តែ​គ្មាន​អ្នក​ណា​ចេញ​មុខ​បំភ្លឺ។

ក្រុម​ពលរដ្ឋ​ដែល​លក់​ដូរ​បន្លែ​តិចតួច​នៅ​ផ្សារ​ដើមគ មាន​ការ​ខកចិត្ត និង​អស់​សង្ឃឹម​ចំពោះ​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ថា នឹង​មិន​យក​ថ្លៃ​ភាស៊ី ឬ​ថ្លៃ​សេវា​ផ្សេងៗ​ពី​ពួកគាត់​នោះ ដោយសារ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់​ថា ទោះ​ការ​លក់​ដូរ​នោះ ដាក់​កញ្ច្រែង ឬ​ល្អី​ក្ដី ប៉ុន្តែ​មាន​ទីតាំង​ពិត​ប្រាកដ គឺ​ត្រូវ​បង់លុយ​ភាស៊ី និង​ថ្លៃ​សេវា​ផ្សេងៗ​ដូច​ពេល​មុន​ដដែល។

លោក​បញ្ជាក់​ថា សាលាក្រុង​បាន​ប្រជុំ​ជាមួយ​តំណាង​ផ្សារ​នានា​នៅ​ភ្នំពេញ ចំនួន​ពីរ​ដង​មក​ហើយ ដើម្បី​កំណត់​ថា តើ​អ្នក​លក់​ដូរ​បែប​ណា​ខ្លះ​ដែល​ត្រូវ​រាប់​បញ្ចូល​ក្នុង​សារាចរ​របស់​រដ្ឋាភិបាល​ស្ដីពី​ការ​អនុគ្រោះ​មិន​យក​ភាស៊ី និង​ថ្លៃ​សេវា​ផ្សេងៗ​ទៀត​នោះ ដែល​លទ្ធផល​នឹង​ចេញ​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ៖ «»។

អ្នកនាំពាក្យ​សាលាក្រុង​ដដែល​បញ្ជាក់​ថា  ផ្សារ​នៅ​ភ្នំពេញ ជួប​បញ្ហា​ខ្លះៗ​ដែល​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ថា តើ​អ្នក​លក់​ប្រភេទ​ណា​ត្រូវ​រាប់​បញ្ចូល​ជា​អ្នក​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ដែល​ត្រូវ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ប្រចាំថ្ងៃ ឬ​ភាស៊ី​នេះ៖ «»។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​ថា បើ​អ្នក​មក​យក​ថ្លៃ​ភាស៊ី ឬ​សេវា​ផ្សេងៗ ពី​ក្រុម​​អ្នក​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី  នោះ​គឺ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់។ លោក​បន្ត​ថា ពលរដ្ឋ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​ប្រធាន​ផ្សារ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ៖ «»។

សារាចរ​ស្ដីពី​ការ​លុប​ការ​បង់​ថ្លៃ​ភាស៊ី​ចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ សម្រេច​លុប​ការ​បង់​ភាស៊ី និង​ថ្លៃ​ផ្សេងៗ​ទៀត​ចំពោះ​ការ​លក់​ដូរ​របស់​ប្រជាពលរដ្ឋ​តាម​កញ្ច្រែង ល្អី នៅ​តាម​ផ្សារ​ទូទាំង​ប្រទេស។

សារាចរ​ដដែល​បញ្ជាក់​ន័យ​របស់​ការ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ថា គឺ​សំដៅ​ដល់​ការ​លក់​ដូរ​តិចតួច​នៅ​កន្លែង​លក់​ដូរ និង​នៅ​ទីផ្សារ​ទូទាំង​ប្រទេស។ លក់​កសិផល​ពី​ដំណាំ​ដាំ​ដុះ និង​ផល​ពី​ដំណាំ​ធម្មជាតិ ឬ​កន្លែង​លក់​ដូរ​មាន​លក្ខណៈ​បណ្ដោះអាសន្ន។

​ការ​ផ្ដល់​ការ​អនុគ្រោះ​នេះ សំដៅ​បញ្ឈប់​ការ​បង់​ភាស៊ី និង​រាល់​ការ​បង់​ថ្លៃ​ទាំង​ឡាយ​ណា​ពី​កន្លែង​លក់​ដូរ និង​តាម​ទីផ្សារ​ទាំង​អស់។ ពួកគេ​នៅ​តែ​ទទួល​បាន​ការ​ធានា​សន្តិសុខ សុវត្ថិភាព អនាម័យ និង​បរិស្ថាន​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​អាជ្ញាធរ​មូលដ្ឋាន។ លោក ហ៊ុន សែន ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលា​រាជធានី ខេត្ត និង​អ្នក​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី គាំទ្រ​សារាចរ​ស្ដីពី​ការ​លុប​ការ​បង់​ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី​ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។  ប៉ុន្តែ​លោក​យល់​ថា រឿង​នេះ​ត្រូវ​ធ្វើ​យូរ​មក​ហើយ មិន​មែន​ទើប​តែ​ធ្វើ​ក្នុង​ពេល​នេះ​ទេ។

លោក មាស នី យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ក្រុម​វាយ​តម្លៃ ឬ​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​អនុវត្ត​សារាចរ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ទោះ​បញ្ជា​នេះ​ត្រូវ​បាន​អនុវត្ត​ក្ដី ក៏​ពលរដ្ឋ​ក្រីក្រ​មិន​ទទួល​បាន​ផល​ពី​សារាចរ​នេះ​ដែរ ហើយ​រដ្ឋាភិបាល​ក៏​មិន​ចំណេញ ឬ​ទទួល​បាន​ប្រជាប្រិយភាព​ពី​ការ​អនុគ្រោះ​នេះ​ដែរ៖ «»។

លោក​បណ្ឌិត មាស នី ព្រួយ​បារម្ភ​ចំពោះ​ការ​អនុវត្ត​សារាចរ​ស្ដីពី​ការ​លុប​ការ​បង់​ថ្លៃ​ភាស៊ី​ទៅ​លើ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ថា​អាច​ត្រូវ​បរាជ័យ ជាពិសេស​គឺ​ការ​អនុវត្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​លើក​ឧទាហរណ៍​ថា រដ្ឋាភិបាល​សព្វថ្ងៃ កំណត់​ថ្លៃ​ផ្ញើ​ម៉ូតូ​តម្លៃ ៣០០​រៀល​សម្រាប់​ម៉ូតូ​មួយ​គ្រឿង ប៉ុន្តែ​កន្លែង​ផ្ញើ​ម៉ូតូ​ទាំង​នៅ​ផ្សារ​របស់​រដ្ឋ និង​ផ្សារ​ឯកជន យក​លើស​រហូត​ដល់ ១.០០០​រៀល ឬ​លើស​ពី​នេះ  ហើយ​រដ្ឋាភិបាល​គ្មាន​វិធានការ​បង្ក្រាប ឬ​ទប់ស្កាត់​បញ្ហា​ទាំង​នោះ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។