អ្នករស់នៅតាមបែ និងផ្ទះបណ្ដែតទឹកជាច្រើនដែលបានឡើងគោក បន្តជួលដី និងផ្ទះស្នាក់នៅ ខណៈអ្នកចិញ្ចឹមត្រីខ្នាតធំមួយចំនួនពុំទាន់អាចឡើងគោកបាននៅឡើយ។
ជនជាតិចាម ដែលធ្លាប់រស់នៅលើបែត្រី នៅខណ្ឌឫស្សីកែវលោកស្រី ស្មាន ម៉ៃសំ ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដាថា ពួកគាត់បានឡើងគោកអស់ហើយ ក្រោយអាជ្ញាធរដើរដេញម្ដងទៀត ដោយបង្ខំពួកគាត់ឲ្យឡើងផុតពីច្រាំងទន្លេ។ ឯបែនៅក្នុងទន្លេក៏រុះរើចេញទាំងស្រុងដែរ។ លោកស្រីបន្តថា បច្ចុប្បន្ននៅម្ដុំច្រាំងចំរេះមិនមានបែត្រី ឬផ្ទះបណ្ដែតទឹកឡើយ៖ «គេឡើងមកលើគោកអស់ហើយ។ អ្នកខ្លះជួលផ្ទះនៅ។ អ្នកខ្លះអត់ដីនៅទៅជួលផ្ទះគេនៅ។ អ្នកខ្លះមានដីនៅសាងសង់នៅលើគោកហ្នឹងធ្វើផ្ទះឈើតូចៗល្មមៗតែធ្វើផ្ទះថ្មគេអត់ឲ្យធ្វើអ៊ីចឹងណា។ គេថាគេដេញមួយសារទៀតណា។ តែមីងអ្វីហ្នឹងមកធ្វើផ្ទះឈើនៅលើហ្នឹង ហើយបើគេដេញក៏គិតគូរតទៅទៀតទៅមិនដឹងធ្វើម្ដេច !»។
តែយ៉ាងណាអាជ្ញាធរបានអនុញ្ញាតឲ្យអ្នកដែលមានបែត្រីធំអាចចល័តចេញ និងទៅស្នាក់នៅបណ្ដោះអាសន្នមួយរយៈនៅម្ដុំភូមិគ្រួស ខណ្ឌព្រែកព្នៅ។
ជនជាតិវៀតណាមម្នាក់លោក ផុន អា ដែលបានចល័តបែទៅភូមិគ្រួសឲ្យដឹងថា លោកមិនទាន់មានលទ្ធភាពអាចឡើងគោកបានទេ ដោយសារត្រីមិនទាន់ធំអាចចាប់លក់បាន ហើយលោកក៏មិនទាន់អាចសន្មត់ពេលណាបានដែរ។ លោកបន្តថា បច្ចុប្បន្នមានបែត្រីធំៗរបស់ជនជាតិវៀតណាម និងចាម ប្រហែលពីររយ (២០០) បែរ។
ការស្នាក់នៅទីតាំងថ្មីមានការពិបាកជាងមុន ដោយសារគ្មានអគ្គិសនីប្រើប្រាស់ និងគ្មានទីផ្សារសម្រាប់លក់ត្រីចេញ។ លោក ផុន អា និយាយថា ពួកគាត់បានចល័តបែត្រីឲ្យនៅកៀកគ្នា ហើយបញ្ឆេះម៉ាស៊ីនភ្លើង ដើម្បីបំភ្លឺនៅពេលក្បាលព្រលប់។ ជាងនេះទៅទៀត ត្រីនៅក្នុងបែក៏ងាប់ច្រើនជាងមុនដែរ ព្រោះទឹកទន្លេមានសារជាតិពុល។
ទោះយ៉ាងនេះក្ដី ជនជាតិវៀតណាមរួបនេះគ្មានបំណងចង់វិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ។ លោកអះអាងថា លោកធំនៅកម្ពុជា ដូច្នេះមិនដឹងថា ត្រូវទៅរស់នៅ ឬរកស៊ីអ្វីនៅប្រទេសវៀតណាមវិញនោះទេ។ បន្ថែមពីនេះ លោកចង់ឡើងគោក ហើយប្រកបរបរចិញ្ចឹមត្រីនៅក្នុងស្រះវិញ៖ «បែគេអត់ចិញ្ចឹមត្រីគេអត់ខ្វល់ទេគេទៅធ្វើកម្មករ។ ដូចថាបែគេអត់មានក្ដិតចិញ្ចឹមត្រី។ គេរុះចោលទៅគេទៅជួលផ្ទះទៅ ព្រឹកឡើងគេទៅធ្វើកម្មករទៅ គេបានលុយហើយ។ យើងនៅចិញ្ចឹមត្រីយើងនៅខ្វល់រឿងត្រី។ និយាយទៅបងអើយតាំងពីឥឡូវនេះឲ្យចិញ្ចឹមនៅទន្លេចិត្តក៏អត់ចង់ចិញ្ចឹមដែរ។ ចង់តែឡើងលើគោកយើងរកមុខរបរផ្សេង។ យើងរុះល្អជាង បើទឹកឥឡូវពុលងាកទៅពុលៗ ចិញ្ចឹមត្រីក៏អត់បានចំណេញ ច្រើនតែខាតទៅវិញ»។
លោក ផុន អា ឲ្យដឹងទៀតថា អ្នកដែលមានលទ្ធភាពភាគច្រើន បានឡើងគោកទៅរកជួលដី ឬផ្ទះអ្នកភូមិស្នាក់នៅអស់ហើយ និងបានប្ដូរមុខរបរធ្វើជាកម្មករតាមវិស័យនានា។ ឯអ្នកគ្មានលទ្ធភាពមួយចំនួន កំពុងបណ្ដែតបែត្រីចុះឡើងក្នុងទន្លេដោយគ្មានគោលដៅ ខណៈអ្នកខ្លះទៀត កំពុងសំចតនៅក្អមសំណរ ក្បែរព្រំដែនវៀតណាម។
នៅទីនោះ អាជ្ញាធរវៀតណាមមិនអនុញ្ញាតឲ្យមានការបណ្ដែតផ្ទះឬបែ ចូលទៅខាងវៀតណាមឡើយ។ លោក ផុន អា ប្រាប់ថា ជនជាតិវៀតណាមជាច្រើនបានសំចតនៅទីនោះដោយសារមិនដឹងត្រូវទៅណាបន្តទៀត។
ជុំវិញករណីនេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីសមាគមវៀតណាមនៅកម្ពុជាលោក ស៊ឹម ជឺ និងអភិបាលស្រុកលើកដែកលោក ចាប ច័ន្ទវិទ្យា នៅថ្ងៃទី១២ខែកក្កដា។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធិ ប្រាប់ថា លោករវល់ប្រជុំ ចំណែកអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក កែវ វណ្ណថន មិនទទួលទូរស័ព្ទ។
តំណាងអង្គការការពារសិទ្ធិជនជាតិដើមភាគតិចសាខាខេត្តកំពង់ឆ្នាំងលោក ទត គឹមស្រួយ មានប្រសាសន៍ថា លោកទទួលដំណឹងមកថា អាជ្ញាធរវៀតណាមពិតជាបន្តរារាំងជនជាតិវៀតណាមមិនឲ្យបណ្ដែតបែត្រី និងផ្ទះចូលទៅប្រទេសវៀតណាមមែន។ លោកសោកស្ដាយចំពោះទង្វើរបស់អាជ្ញាធរវៀតណាមក្នុងការទុកឲ្យពលរដ្ឋខ្លួនឯងរស់នៅក្នុងស្ថានភាពលំបាកបែបនេះ។ លោកស្នើសុំឲ្យរដ្ឋាភិបាលជំរុញឲ្យវៀតណាមទទួលយកពលរដ្ឋខ្លួនត្រឡប់ទៅប្រទេសវិញ៖ «ពួកគាត់ហ្នឹងដោយសារពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិ។ បើតាមខ្ញុំដឹងផ្ទះមួយៗវ៉ៃអស់សុទ្ធតែមួយៗ២ម៉ឺនដុល្លារ ៣ម៉ឺន ផ្ទះបណ្ដែតទឹកហ្នឹង ដែលមានបែត្រីមានអ្វីអ៊ីចឹង។ ត្រង់ដែលគាត់ស្ដាយរបស់របរគាត់ហ្នឹងហើយ បានគាត់ខំបណ្ដែតខ្លួន អូសផ្ទះអូសសម្បែងដើម្បីចូលទៅនៅក្នុងប្រទេសរបស់ខ្លួន។ ប្រទេសរបស់ខ្លួន គាត់មិនទទួលអ៊ីចឹង រដ្ឋាភិបាលកម្ពុជាយើងហ្នឹងគួរធ្វើអន្តរាគមន៍យ៉ាងណាដើម្បីឲ្យពួកគាត់ហ្នឹងកុំរស់នៅតែលតោល បានចូលទៅរស់នៅប្រទេសកំណើតរបស់គេវិញផង»។
អាជ្ញាធររាជធានីភ្នំពេញ បានចុះរុះរើបែត្រី ផ្ទះបណ្ដែតទឹក និងសំណង់អនាធិបតេយ្យចេញពីទន្លេកាលពីថ្ងៃទី១២ ខែមិថុនា។ មួយខែមកហើយ អាជ្ញាធរមិនទាន់បង្ហាញរបាយការណ៍នៃការរុះរើនេះទេ។ អ្នកស្នាក់នៅតាមបែត្រី និងផ្ទះបណ្ដែតទឹកនោះទៀតសោត ក៏មិនបានរុះរើឡើងគោកទាំងស្រុងដែរ ដោយអ្នកខ្លះសុខចិត្តបណ្ដែតទៅទីតាំងផ្សេង ហើយភាគច្រើនបណ្ដែតចុះតាមទន្លេមេគង្គក្រោម ទៅចតក្បែរព្រំដែនវៀតណាម។
អាជ្ញាធរមូលដ្ឋានស្រុកលើកដែកធ្លាប់បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា មានផ្ទះបណ្ដែតទឹកនិងបែត្រីជាងមួយរយ (១១៩) និងមានមនុស្សជាងបួនរយ(៤៣៦) នាក់ បានបណ្ដែតមកចតនៅកោះមួយក្នុងស្រុកលើកដែក។ ឯនៅខាងច្រាំងទន្លេខេត្តព្រៃវែងវិញ មានផ្ទះបណ្ដែតទឹក និងបែត្រីប្រមាណពីររយ(ផ្ទះជាប់បែ១៧០ និងបែត្រី៣២) បានចុះចតនៅទន្លេមេគង្គក្រោម ក្នុងស្រុកពាមជរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។